វិស្វករ​កម្ពុជា​នឹង​មានឱកាស​ខ្ពស់​ក្នុង​ការ​ទៅ​បំពេញវិជ្ជា​ជីវៈ​នៅ​បរទេស​ ក្រោយ​ពេលចុះ​​បញ្ជី​ត្រឹមត្រូវ​

វិស្វកម្ម​ ជា​ជំនាញ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​ ក្នុង​ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ត្រូវការ​ធនធាន​ជំនាញ​ដើម្បី​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ៗសម្ភារ​បរិក្ខារ​ទំនើប​ៗ និង​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម​បម្រើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។

នៅ​កម្ពុជា​បច្ចុប្បន្ន​ ដើម្បី​គាំពារ​អាជីព​ដ៏​មាន​សារៈសំខាន់​នេះ​ រដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​គណៈ​វិស្វករ​កម្ពុជា​ ដែល​មាន​តួនាទី​ប្រមូល​ផ្តុំ​ធនធាន​បញ្ញវន្ត​វិស្វករ​ជាតិ​ និង​ចូលរួម​បណ្តុះបណ្តាល​បន្ត​តាមកម្ម​វិធី​គោលនយោបាយ​ជាតិ​។ ក្នុង​នោះ​វិស្វករ​ជាតិ​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​ច្បាស់លាស់​ដើម្បី​ក្លាយជា​សមាជិក​ ពេញ​សិទ្ធិ​នៃ​គណៈ​វិស្វករ​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ក្នុងនាម​ជា​វិស្វករ​នៅ​កម្ពុជា​។

ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ វិស្វករ​ដែល​កំពុង​បម្រើការ​ងារ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​ និង​ឯកជន​ គួរ​មក​ចុះបញ្ជី​វិស្វករ​នៅ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បី​ទទួល​បាន​សិទ្ធិ​ជា​វិស្វករ​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​របស់​រដ្ឋ​ និង​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។ ក្រោយពេល​ចុះបញ្ជី​រួច​ គណៈ​វិស្វករ​កម្ពុជា​ នឹង​ចុះទៅ​វាយតម្លៃ​វិស័យ​ឯកជន​ ដែល​ជា​វិស្វករ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ ដែល​អាច​ឈាន​ទៅដល់​ការ​ផ្តល់​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ​ វិស្វករ​អាស៊ាន​ និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​ ជាដើម​។ ហេតុនេះ​ប្រសិនបើ​វិស្វករ​ជាតិ​ មិនបាន​មក​ចុះបញ្ជី​វិស្វករ​នៅ​គណៈ​វិស្វករ​កម្ពុជា​ទេ​នោះ​ វិស្វករ​នឹង​បាត់បង់​ឱកា​សល្អៗ​ជាច្រើន​ ជាពិសេស​មិន​មានឱកាស​បំផ្លាស់​ទី​ការងារ​ដើម្បី​ប្រកួតប្រជែង​ស្នាដៃ​នៅក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ និង​ពិភពលោក​បាន​ឡើយ​។

ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “គណៈ​វិស្វករ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ ដែល​យើង​តែងតែ​បញ្ជូន​បេក្ខភាព​វិស្វករ​ជាតិ​ ក្រោយពី​គណៈកម្មាធិការ​វាយតម្លៃ​សម្បទា​វិជ្ជាជីវៈ​វិស្វកម្ម​ ពិនិត្យ​ និង​សម្រេច​រួច​ដើម្បី​សុំ​ឱ្យ​គេ​ធ្វើការ​វាយតម្លៃ​ទទួលស្គាល់​ជា​វិស្វករ​អាស៊ាន​ និង​វិស្វករ​ឆ្នើម​អាស៊ាន​ ដើម្បី​ប្រកួតប្រជែង​ការងារ​វិស្វកម្ម​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​អាស៊ាន​ ដែល​កំពុង​បើកចំហ​ឱ្យ​មាន​លំហូរ​ការងារ​ជំនាញ​ទៅវិញទៅមក​”។

ឯកឧត្តម​រដ្ឋលេខាធិការ​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ភារកិច្ច​ចម្បង​របស់​គណៈ​វិស្វករ​កម្ពុជា​ គឺ​ប្រមូល​ផ្តុំ​វិស្វករ​គ្រប់មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម​ ដែល​បាន​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​ ដើម្បី​ឱ្យ​មាន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ប្រកបដោយ​បទ​ពិសោធ​ខ្ពស់​ រក្សា​បាន​នូវ​ភាព​ថ្លៃថ្នូរ​រួមចំណែក​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​ចូលរួម​ និង​អភិវឌ្ឍ​សង្គម​ និង​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ​ការងារ​ពលកម្ម​វិស្វកម្ម​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ទាំង​ក្នុង​ប្រទេស​ ក្នុង​តំបន់​ និង​លើស​កល​លោក​។

លោក​សាស្ត្រា​ចារ្យ​ សុខ​ ខុម​ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម​ និង​ស្ថាបត្យកម្ម​នៃ​សាកល​វិទ្យាល័យ​បៀ​លប្រាយ​ បាន​លើកឡើង​ថា​ ថ្វី​ដ្បិតតែ​ធនធានមនុស្ស​របស់​យើង​នៅ​មានកម្រិត​ និង​មានក​ត្តា​ប្រឈម​មួយចំនួន​លើ​ការ​បណ្តុះបណ្តាល​ផ្នែក​វិ​ស្វ​-កម្ម​ក៏ដោយសារតែ​វិស្វករ​យើង​មិន​តិច​ទេ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​នៅ​តំបន់​អាស៊ាន​ ព្រោះ​បច្ចុប្បន្ន​នេះ​ មាន​អ្នកជំនាញ​វិស្វករ​ ក៏ដូចជា​ស្ថាបត្យករ​ខ្មែរ​មិន​តិច​ទេ​ដែល​ទទួល​បានការ​ងារ​ធ្វើ​នៅក្នុង​ក្រុម​ហ៊ុន​ធំៗ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​នានា​ ទាំង​នៅក្នុង​អាស៊ី​ និង​នៅ​អឺរ៉ុប​ថែមទៀត​ផង​។

លោក​សាស្ត្រា​ចារ្យ​ សុខ​ ខុម​ បាន​និយាយ​ថា​៖“បើ​គិត​ពី​សមត្ថភាព​ ឥឡូវនេះ​អគារ​ធំ​ខ្ពស់​ៗកម្រិត​ណា​ ក៏​វិស្វករ​ខ្មែរយើង​អាច​ធ្វើ​បាន​ដែរ​ ហើយ​នៅ​កម្ពុជា​យើង​ក៏​មាន​អគារ​ធំៗ​មួយចំនួន​សាងសង់​ឡើង​ដោយ​អ្នកជំនាញ​របស់​ខ្មែរយើង​ដែរ​”។

អ្នកជំនាញ​ផ្នែក​វិស្វកម្ម​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ហេតុនេះ​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ គួរ​ចេះ​ចាប់​យក​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ ហើយ​ហ៊ាន​បង្ហាញ​ស្នាដៃ​ និង​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ ព្រោះថា​ បច្ចុប្បន្ន​នេះ​ក៏​ធ្លាប់​មាន​គេ​សរសើរ​ស្នាដៃ​របស់​អ្នកជំនាញ​ខ្មែរយើង​ ដែល​អាច​ធ្វើ​បាន​ល្អ​ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ និង​មានគុណ​ភាពល្អ​ផង​ដែរ​៕

Advertisement