មនុស្ស​ជិត​កន្លះ​លាន​នាក់​ស្លាប់​ដោយសារ​ខ្យល់​កខ្វក់​នៅ​អឺរ៉ុប​ជា​រៀងរាល់​ឆ្នាំ​…

នៅ​អឺរ៉ុប​ ខ្យល់ដកដង្ហើម​អាច​ធ្វើ​ឱ្យ​យើង​ស្លាប់​បាន​ ព្រោះ​ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​ជាង​ 400,000នាក់​ត្រូវ​បាន​គេ​រក​ឃើញថា​ បាន​ស្លាប់​ដោយសារតែ​ការ​ពុល​បរិយាកាស​។ ចំនួន​ដ៏​ច្រើន​នេះ​ក៏បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាងច្រើន​ផង​ដែរ​ដល់​ការ​ចំណាយ​របស់​សង្គម​ គឺ​ដល់ទៅ​រាប់​រយ​ពាន់​លាន​អឺ​រ៉ូ​ឯណោះ​នៅ​អឺរ៉ុប​។

គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​មហាសេដ្ឋី​ផ្នែក​សេដ្ឋ​កិ​ច្ច​ធំៗ​នៅ​អឺរ៉ុប​ទាំងអស់​នេះ​ បាន​បង្កប់​ដោយ​ហានិភ័យ​ខាង​សុខភាព​ជាច្រើន​ ដោយ​ក្នុង​នោះ​បញ្ហា​កើតឡើង​ពី​ប្រភព​ចម្រុះ​នៃ​វិស័យ​ឧស្សាហកម្ម​ រួម​ទាំង​សកម្មភាព​នៃ​ការរស់នៅ​របស់​មនុស្ស​ដែល​បាន​បង្កើត​ជា​ឧស្ម័ន​ពុល​ដោយ​ផ្ទាល់​ និង​ដោយប្រយោល​។ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ច្រើនជ្រុល​ក៏​ជា​ប្រភព​ដ៏​មិនល្អ​មួយ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​ចំពោះ​បរិយាកាស​ និង​បរិស្ថាន​ដែរ​។

ផែនការ​កំណត់​កម្រិត​ស្តង់ដារ​នៃ​គុណភាព​បរិយាកាស​នៅ​អឺរ៉ុប​ ត្រូវ​បាន​អនុវត្ត​តាំងពី​ជាង​ 20ឆ្នាំមុន​ម៉្លេះ​ តែ​ទោះបីជា​មាន​រយៈពេល​វែង​បែបនេះ​ក៏ដោយ​ ក៏​នៅ​អឺរ៉ុប​មិនទាន់​អាច​ធ្វើ​បាន​នូវ​ប្រព័ន្ធ​ស្តង់​ដា​មួយ​សម្រាប់​ប្រទេស​នានា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្យល់អាកាស​នេះ​នៅឡើយ​។ ប្រទេស​នី​មួយ​ៗបាន​កំណត់​យក​ស្តង់​ដា​នៃ​ភាព​ស្អាត​ក្នុង​បរិយាកាស​ផ្សេង​ៗពីគ្នា​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ ជាឧទាហរណ៍​ស្តង់​ដា​ដែលគេ​គិតថា​ ខ្យល់អាកាស​ស្អាត​នៅក្នុង​ទីក្រុង​ Krakow​(ប្រទេស​ Poland​) បែរជា​មិន​អាច​ទទួលយក​បាន​សម្រាប់​ទីក្រុង​ Brussels​(ប្រទេស​ Belgium​)នោះ​ទេ​។

យោង​តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការសុខភាព​ពិភពលោក​ (WHO​) បានឱ្យ​ដឹង​ថា​ មាន​មនុស្ស​ប្រមាណ2លាន​នាក់​បាន​ស្លាប់​ជុំវិញ​ពិភពលោក​ដោយសារតែ​ការ​ពុល​បរិយាកាស​ ហើយ​ស្ថាប័ន​ដ៏​សំខាន់​នេះ​ក៏បាន​ចេញ​សេចក្តី​ណែនាំ​ដែល​អាច​ទទួលយក​បាន​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ​ តែ​បញ្ហា​ប្រឈម​នៅតែ​កើតមាន​សម្រាប់​ពិភពលោក​ដែល​កំពុង​មាន​កំណើនប្រជាជន​ និង​តម្រូវការ​យ៉ាងច្រើន​។

លោក​ Janusz​ Wojciechowski​ សវនករ​ដែល​ដឹកនាំ​ការស្រាវជ្រាវ​ពី​បញ្ហា​បំពុល​បរិយាកាស​ បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​ការ​បំពុល​បរិយាកាស​ជា​ហានិភ័យ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​សុខភាព​សាធារណៈ​របស់​អឺរ៉ុប​។ បើ​គិតទៅ​ មាន​មនុស្ស​ច្រើនជាង​ 1,000នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ទ្វីបអឺរ៉ុប​ទាំងមូល​ ចំនួន​នេះ​គឺ​ខ្ពស់​ជាង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​ដល់ទៅ​ 10ដង​ឯណោះ​។

លោក​ Janusz​ Wojciechowski​ បាន​បញ្ជាក់​ផង​ដែរ​ថា​ សហភាព​អឺរ៉ុប​បាន​ចំណាយ​ថវិកា​ប្រមាណ​ 3.4ពាន់​លាន​អឺ​រ៉ូ​លើ​ការប្រើ​ប្រាស់​ថាមពល​ដែល​មានការ​បំពុល​ខ្លាំង​ ច្រើនជាង​ចំនួន​សម្រាប់​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​ដែល​មានត្រឹមតែ​ 1.8ពាន់​លាន​អឺ​រ៉ូប៉ុ​ណ្ណោះ​។ យើង​សង្ឃឹមថា​ ការ​បំពុល​បរិយាកាស​នឹង​ក្លាយជា​ចំណុច​អាទិភាព​មួយ​សម្រាប់​អឺរ៉ុប​ក្នុង​ការ​ដោះស្រាយ​។

តាម​ការស្រាវជ្រាវ​ គុណភាព​ខ្យល់​នៅ​ទី​ក្រុង​ឡុងដ៍​កាលពី​ចុងខែ​មករា​បានឱ្យ​ដឹង​ថា​ មាន​ករណី​លើស​ពី​កម្រិត​ហាមឃាត់​លើ​ការ​បំពុល​បរិយាកាស​ដែល​បាន​កំណត់ទុក​កាលពី​ឆ្នាំ2018​ ចំណែក​ឯនៅ​ជុំវិញ​ទ្វីបអឺរ៉ុប​វិញ​ប្រទេស​នានា​ចាប់ផ្តើម​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​រៀបចំផែនការ​សកម្មភាព​ដោះស្រាយ​បញ្ហា​នេះ​។ នៅ​ទីក្រុង​ Berkeley​ (សហរដ្ឋអាមេរិក​)ដែល​ជា​តំបន់​មួយ​ត្រូវ​បាន​គេ​រាប់បញ្ចូល​ថា​ មានការ​បំពុល​ខ្យល់​ដែរ​នោះ​ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ពុល​បរិយាកាស​នេះ​អាជ្ញាធរ​នៅ​ទីនោះ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យ​ជក់បារី​លើស​ពី​ 7ដើមឡើយ​ក្នុង​ 1ថ្ងៃ​។ ចំពោះ​នៅ​ទីក្រុង​ Brussels​ វិញ​បាន​គ្រោង​រៀបចំ​ព្រឹត្តិ​ការណ៍​ “ថ្ងៃ​ដែល​គ្មាន​រថយន្ត​”ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បំពុល​បរិយាកាស​នេះ​ដែរ​៕

Advertisement