កំណត់​អាទិភាព​សម្រាប់​ការងារ​ ជា​រឿង​សំខាន់​ក្នុង​ការគ្រប់គ្រង​ពេលវេលា​ និង​ប្រសិទ្ធភាព​ការងារ​

មនុស្ស​ម្នា​ក់ៗ​ថ្វី​ដ្បិតតែ​ទទួល​បានការ​អប់រំ​ជាមួយគ្នា​ រស់នៅ​ក្នុង​បរិស្ថាន​ស្រដៀងគ្នា​ និង​ក្នុង​ប្រទេស​តែមួយ​ជាមួយគ្នា​ តែ​មិន​ប្រាកដ​ថា​ នឹង​ទទួល​បាន​លទ្ធផល​ក្នុង​ជីវិត​ដូចគ្នា​នោះ​ទេ​។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​មនុស្ស​ម្នា​ក់ៗ​មានទម្លាប់​ក្នុង​ការ​គិត​ និង​របៀបរបប​នៃ​ការអនុវត្ត​ខុសគ្នា​ទាំង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​ការងារ​ និង​ក្នុង​អាជីវកម្ម​ជាដើម​។

ការគ្រប់គ្រង​ខ្លួនឯង​ និង​កំណត់​ការងារ​ជាអាទិភាព​ជា​រឿង​សំខាន់​មួយ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មានប្រសិទ្ធភាព​ការងារ​ខ្ពស់​ ព្រោះ​វា​អាច​ជួយ​ឱ្យ​មនុស្ស​ផ្តោត​លើ​ភាព​សំខាន់​នៃ​ការងារ​បាន​ល្អ​។ លោក​ នឹម​ ឈុ​ន្នី​ ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ Anakot​ Asia​ Academy​ បាន​លើកឡើង​ថា​ ការរៀបចំ​ និង​កំណត់​អាទិភាព​ការងារ​ពី​រឿង​សំខាន់​ទៅ​រឿង​មិនសូវ​សំខាន់​អាច​ជួយ​ដល់​ការរស់នៅ​ច្រើនណាស់​ ជាពិសេស​សម្រាប់​អ្នកធ្វើការ​ងារ​ ព្រោះ​យើង​ម្នា​ក់ៗ​មានការ​ងារ​ច្រើនណាស់​ដែល​ត្រូវ​បំពេញ​ក្នុង​មួយ​ថ្ងៃ​ៗ ហេតុនេះ​ប្រសិនបើ​គ្មាន​ផែនការ​ច្បាស់លាស់​ យើង​អាច​មានការ​លំបាក​ ហើយ​មិនដឹង​ថាត្រូវ​ចាប់ផ្តើម​មួយ​ណា​មុន​។ ការ​ធ្វើបែប​នេះ​ក៏​ជា​ការកំណត់​ពី​គោលដៅ​សំខាន់​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ​ឱ្យ​មានប្រសិទ្ធភាព​ផង​ដែរ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​មិន​អាច​ធ្វើ​រឿង​ច្រើនពេក​ក្នុង​មួយថ្ងៃ​នោះ​ទេ​។ ប្រសិនបើ​ចង់ឱ្យ​ការងារ​នោះ​ធ្វើ​ទៅ​បាន​ល្អ​ លុះត្រាតែ​ការងារ​នោះ​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​របៀបរៀបរយ​ ហើយ​មានការ​ផ្តោត​អារម្មណ៍​ទៅលើ​វា​។

លោក​ នឹម​ ឈុ​ន្នី​ បាន​និយាយ​ថា​៖ “វិធី​សាស្រ្ត​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​ការងារ​ឱ្យ​មានប្រសិទ្ធភាព​ គឺ​គួរ​រៀបចំ​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ដឹង​ឱ្យ​ច្បាស់​មុន​ពេល​ចាប់ផ្តើម​ការងារ​ថា​ ថ្ងៃនេះ​យើង​មានការ​ងារ​អ្វីខ្លះ​ដែល​ត្រូវ​បំពេញ​ឱ្យ​ចប់​ ឬជា​ការងារ​អាទិភាព​ ហើយ​ការងារ​ណាខ្លះ​ដែល​ត្រូវ​ធ្វើ​មុន​ និង​ការងារ​ត្រូវ​ធ្វើជា​បន្ទាប់​”។

លោក​ ឈុ​ន្នី​ បាន​បន្ថែម​ទៀត​ថា​ ការ​ធ្វើបែប​នេះ​អាច​ធ្វើ​ឱ្យ​យើង​គ្រប់គ្រង​ពេលវេលា​បាន​ល្អ​ ព្រោះ​ការងារ​ធ្វើ​ចំ​គោលដៅ​ ហើយ​អាច​សល់​ពេល​សម្រាប់​ធ្វើ​រឿង​ជាច្រើន​ផ្សេងទៀត​ផង​។ នៅ​តាម​ស្ថាប័ន​ខ្លះ​គេ​ព្យាយាម​ជំរុញ​ និង​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​កំណត់​ការងារ​ឱ្យ​មាន​របៀបរៀបរយ​ ដោយ​ការកំណត់​ផែនការ​សកម្មភាព​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ជា​រៀងរាល់ថ្ងៃ​ ឬជា​រៀងរាល់​សប្តាហ៍​។ នៅពេល​ដែល​បុគ្គលិក​ដឹង​ច្បាស់​ពី​ការងារ​អាទិភាព​ដែល​ត្រូវ​ធ្វើ​ហើយ​ ការងារ​ក៏​ចាប់ផ្តើម​មានប្រសិទ្ធភាព​ខ្ពស់​នៅ​គ្រប់​ផ្នែក​ទាំងអស់​ ដោយ​ចំណាយពេល​វេលា​តិច​ តែ​បាន​លទ្ធផល​ការងារ​ច្រើន​។ ក្រៅពី​នេះ​ សម្រាប់​ការរស់នៅ​របស់​យើង​ម្នា​ក់ៗ​ក៏​ដូចគ្នា​ដែរ​ ប្រសិនបើ​យើង​ចេះ​ថ្លឹងថ្លែង​ និង​បែងចែក​ការងារ​ឱ្យ​មាន​របៀប​យើង​នឹងអាច​រស់នៅ​ដោយ​តុល្យភាព​ ហើយ​ធ្វើ​បាន​ល្អ​ទាំងអស់​ ទាំង​ការងារ​នៅក្នុង​ស្ថាប័ន​ និង​តួនាទី​នៅក្នុង​គ្រួសារ​។ ការ​ចេះ​គ្រប់គ្រង​ខ្លួនឯង​បែបនេះ​ អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ភាពល្អ​ប្រសើរ​ទាំង​ក្នុង​ជីវិត​ការងារ​ និង​ក្នុង​គ្រួសារ​។

លោក​ សយ​ សា​វុធ​ គ្រូ​បណ្តុះបណ្តាល​ ភាពជា​អ្នកដឹកនាំ​ បាន​លើកឡើង​ថា​ ជីវិត​ជា​ជម្រើស​របស់​យើង​ម្នា​ក់ៗ​ ហេតុនេះ​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​គ្រប់​ដំណាក់កាល​ និង​សកម្មភាព​ដែល​នឹង​ធ្វើ​នៅ​គ្រប់ពេលវេលា​។ ប្រសិនបើ​យើង​មិនបាន​កំណត់​ទិសដៅ​ និង​អាទិភាព​ការងារ​របស់​យើង​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ​ យើង​នឹង​ក្លាយជា​មនុស្ស​ដែល​វង្វេងវង្វាន់​ ហើយ​ធ្វើការងារ​មិន​ច្បាស់លាស់​ ដែល​ជា​ប្រភព​នៃ​ភាព​បរាជ័យ​។ ក្រៅពី​នេះ​ ការគ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ​នឹង​ធ្វើ​ឱ្យ​យើង​ខ្ជះខ្ជាយ​ថាមពល​ ព្រោះ​រវល់​តែ​រេចុះរេឡើង​ទៅតាម​ស្ថានការណ៍​ និង​អារម្មណ៍​ដែល​ចំណុច​ទាំងអស់​នេះ​បាន​ផ្តល់​ភាព​អវិជ្ជមាន​ដល់​ខ្លួនឯង​។

លោក​ សយ​ សា​វុធ​ បាន​និយាយ​ថា​៖ “នៅពេល​ដែល​មនុស្ស​ម្នា​ក់ៗ​មានការ​ត្រៀមខ្លួន​បាន​ល្អ​ ស្គាល់​ខ្លួនឯង​ច្បាស់​ និង​ដឹងពី​ភាព​សំខាន់​នៃ​ការងារ​បាន​ល្អ​ នៅពេល​នោះ​ភាព​រីកចម្រើន​នឹង​ចូល​មករ​កគាត់​បន្តិច​ម្តង​ៗ ដែល​ធ្វើ​ឱ្យ​គាត់​កាន់តែ​មាន​សមត្ថភាព​អាច​ធ្វើ​រឿង​ធំៗ​ជាង​មុន​បាន​”។

ផ្ទុយ​មកវិញ​ លោក​ សា​វុធ​ បាន​លើកឡើង​ថា​ ប្រសិនបើ​យើង​ជា​មនុស្ស​ដែល​មិនបាន​ត្រៀមខ្លួន​ឱ្យ​ល្អ​ និង​ធ្វើការងារ​តាមតែ​អារម្មណ៍​ និង​ភាព​ភ័យខ្លាច​ យើង​នឹង​ជួប​តែ​រឿង​អវិជ្ជមាន​ក្នុង​ដំណើរ​ជីវិត​ ដែល​នឹង​ធ្វើ​ឱ្យ​យើង​លំបាក​អភិវឌ្ឍ​ខ្លួន​។ មាន​មនុស្ស​ខ្លះមក​ដល់ពេល​នេះ​ហើយ​នៅតែ​មិនទាន់​ច្បាស់​ចំពោះខ្លួន​ឯង​ ហើយ​ពេល​ទៅ​ធ្វើការងារ​ក៏​មិនដឹង​ថា​ ខ្លួនឯង​ត្រូវ​ធ្វើអ្វី​ខ្លះ​ គ្មាន​ការ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ ហើយ​បណ្តែតបណ្តោយ​ឱ្យ​ចប់តែ​មួយ​ថ្ងៃ​ៗតែប៉ុណ្ណោះ​។ សម្រាប់​ជីវិត​មនុស្ស​គ្មាន​ទេពាក្យ​ថា​ ហួសពេល​ ហេតុនេះ​គួរ​ចាប់ផ្តើម​ស្វែងរក​ពេលវេលា​ល្អ​ណាមួយ​ ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ខ្លួនឯង​ និង​ដើម្បី​កំណត់​ឱ្យ​ដឹង​ថា​ យើង​ចង់បាន​អ្វី​ពិតប្រាកដ​ ហើយ​ភាព​រីកចម្រើន​បែប​ណា​ដែល​យើង​ចង់ឱ្យ​វា​ក្លាយជា​ការពិត​សម្រាប់​ជីវិត​ ហើយ​រៀបចំ​សកម្មភាព​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​សម្រេច​ឱ្យ​បាន​។ ពេលវេលា​ចេះតែ​ទៅមុខ​ ហេតុនេះ​មនុស្ស​ចាំបាច់​ត្រូវតែ​មានការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​ ហើយ​ការ​អភិវឌ្ឍ​នោះ​ទៀតសោត​ ត្រូវ​កើត​ចេញពី​យើង​ខ្លួនឯង​ផ្ទាល់​៕

Advertisement