ទោះ​ជាប់​និទ្ទេស​ណាក៏ដោយ​ ជន​ពិការ​នឹង​ទទួល​បាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​…

ការ​គាំពារ​ជន​ពិការ​ក្នុង​វិស័យ​អប់រំ​ ជា​ការ​លើកទឹកចិត្ត​ឱ្យ​មាន​សមភាព​ក្នុង​វិស័យ​ធនធានមនុស្ស​សម្រាប់​សង្គម​ ព្រោះ​ជន​ពិការ​ក៏​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ផង​ដែរ​ក្នុងចំណោម​យុវជន​រាប់​លាន​នាក់​នៅ​កម្ពុជា​។ ដើម្បី​ជំរុញ​ឱ្យ​យុវជន​ពិការ​ទទួល​បានការ​អប់រំ​ និង​ឱកាស​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ផ្តល់​អាហារូបករណ៍​ដល់​គ្រប់​សិស្ស​ដែល​មាន​ពិការភាព​ទាំងអស់​នៅ​កម្រិត​ឧត្តម​សិក្សា​។

ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ សិស្ស​ដែល​បាន​ប្រឡងជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​ នឹងអាច​ទទួល​បាន​អាហារូបករណ៍​សម្រាប់​សាកល​វិទ្យាល័យ​ បើ​ទោះបីជា​សិស្ស​នោះ​ជាប់​និទ្ទេស​អ្វីក៏ដោយ​។ ការអនុវត្ត​បែបនេះ​គឺ​ស្រប​ទៅ​នឹង​គោលនយោបាយ​អប់រំ​ប្រកប​ដោយ​បរិ​យា​ប័ន្ន ដើម្បី​លើកទឹកចិត្ត​ និង​ផ្តល់​ឱកាស​ឱ្យ​យុវជន​ពិការ​អាច​ទទួល​បានការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ដូច​យុវជន​មិន​ពិការ​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ឯកឧត្តម​ រស់​ សុ​វាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ការ​ផ្តល់​អាហារូបករណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅពេល​ដែល​ក្រសួង​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ហើយ​សិស្ស​ពិការ​មិន​ចាំបាច់​ទាល់តែ​និទ្ទេស​ល្អ​នោះ​ទេ​ គ្រប់គ្នា​ឱ្យ​តែ​ប្រឡងជាប់​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​ទទួល​បាន​អាហារូបករណ៍​ទាំងអស់​។ ឯកឧត្តម​បញ្ជាក់​ថា​ ក្រសួង​នឹង​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ ដើម្បី​ឱ្យ​សិស្ស​ពិការ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​បានដឹង​ ហើយ​ចាប់​យក​ឱកាស​ក្នុង​ការ​បន្ត​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ដើម្បី​ទទួល​បាន​ជំនាញ​ច្បាស់លាស់​មួយ​នៅ​ថ្ងៃ​អនាគត​។

ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​ពិការ​ លោក​ គង់​ វិ​ចិ​ត្រា​ បាន​លើកឡើង​ថា​ ការ​ផ្តល់​ឱកាស​អាហារូបករណ៍​ 100​% ដោយ​ស្វ័យប្រវត្តិ​នេះ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើនណាស់​ដល់​យុវជន​ពិការ​ ព្រោះ​ស្ថានភាព​ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ ពួកគាត់​ទទួល​អាហារូបករណ៍​ និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ឬអង្គការ​មួយចំនួន​ដើម្បី​បាន​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ តែ​ការ​ជួយ​នោះ​នៅ​មានកម្រិត​នៅឡើយ​ ព្រោះ​យើង​មិន​អាច​ជួយ​បាន​គ្រប់គ្នា​នោះ​ទេ​។ ហេតុនេះ​ការ​ផ្តល់​ឱកាស​ជា​ផ្លូវការ​ពី​ស្ថាប័នរដ្ឋ​បែបនេះ​ គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ជន​ពិការ​ ព្រោះ​ការសិក្សា​រៀនសូត្រ​ជា​រឿង​សំខាន់​ និង​ជា​យាន​ដើម្បី​ឱ្យ​យើង​មានឱកាស​រកស៊ី​ ឬធ្វើការងារ​ មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​គាត់​។ ប្រសិនបើ​គាត់​ទទួល​បានការ​អប់រំ​ល្អ​នោះ​តម្លៃ​របស់​គាត់​នឹង​កើនឡើង​ ហើយ​ធ្វើ​ឱ្យ​ស្ថានភាព​របស់​ជន​ពិការ​នឹងអាច​ល្អ​ប្រសើរ​ឡើង​។

លោក​ គង់​ វិ​ចិ​ត្រា​ បាន​និយាយ​ថា​៖ “ក្រៅពី​ការ​ផ្តល់​ឱកាស​សម្រាប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ដោយ​ឥត​បង់ថ្លៃ​ ជន​ពិការ​ទាំងអស់​ក៏​ត្រូវការ​ផង​ដែរ​នូវ​ការ​បណ្តុះបណ្តាល​ពី​គន្លឹះ​សំ​ខាន់​ៗក្នុង​ការស្វែងរក​ការងារ​ធ្វើ​ មាន​រៀបចំខ្លួន​ឱ្យ​ក្លាយជា​បុគ្គលិក​សកម្ម​ក្នុង​គ្រឹះស្ថាន​នានា​មាន​ ភាពជា​អ្នកដឹកនាំ​ និង​សហគ្រិនភាព​ជាដើម​ដើម្បី​ឱ្យ​គាត់​អាច​ធានា​ពី​គុណភាព​ដើម្បី​ចូលក្នុង​ទីផ្សារ​ការងារ​បាន​ល្អ​ក្រោយ​បញ្ចប់​ការសិក្សា​”។

ស្ថាបនិក​អង្គការ​ធ្វើការងារ​លើ​ការ​គាំពារ​ជន​ពិការ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ រដ្ឋាភិបាល​គួរ​ព្យាយាម​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ដែល​មាន​យុវជន​ពិការ​ចូលរួម​ និង​លុបបំបាត់​ការរើសអើង​ចំពោះ​ជន​ពិការ​នៅ​គ្រប់​ស្ថាប័ន​ទាំងអស់​ ទាំង​រដ្ឋ​ និង​ឯកជន​។ នៅពេល​ជន​ពិការ​បាន​ចូលរួម​គ្រប់​សកម្មភាព​ទាំងអស់​ដូច​ជន​មិន​ពិការ​ នោះ​គាត់​នឹងអាច​ទទួល​បាន​ឱកាស​ជាច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ ហើយ​មាន​ភាពស្មើគ្នា​ក្នុង​ការប្រកួត​ប្រជែង​យ៉ាង​ទូលំទូលាយ​ដែល​អាច​ធ្វើ​ឱ្យ​សង្គម​សម្បូរទៅដោយ​ធនធានមនុស្ស​ខ្លាំង​។ ម្យ៉ាងវិញទៀត​ ជន​ពិការ​ក៏​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ផង​ដែរ​ក្នុង​ការ​បន្ត​គិតគូរ​ពី​ពិការភាព​ក្នុង​សង្គម​ ព្រោះ​នៅពេល​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​រីកចម្រើន​ទាំង​ក្នុង​វិស័យ​ការងារ​ ឬមុខ​ជំនួញ​ គាត់​នឹង​នឹកឃើញ​មុនគេ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ពិការភាព​ក្នុង​សង្គម​៕

Advertisement