យុវជន​អាមេរិក​ចំណាយពេល​ជួប​មុខ​មិត្តភក្តិ​ដោយផ្ទាល់​កាន់តែ​តិច​ទៅ ដែល​បង្ហាញ​ពីស​ញ្ញាណ​គួរឱ្យ​ព្រួយបារម្ភ

យុវជន​បច្ចុប្បន្ន​ប្រសិនបើ​ចង់​ទំនាក់ទំនង​គ្នា​ប្រហែលជា​មិនមែន​ជួប​មុខ​គ្នា​ដោយផ្ទាល់​នោះទេ តែគេ​នឹង​ចាប់ស្មា​ត​ហ្វូ​ន​មុនគេ​បំផុត។ ការចាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ មិន​ប្រាកដថា​ពួកគេ​ទូរស័ព្ទ​ទៅ​និយាយជាមួយគ្នា​ដោយផ្ទាល់​ទេ តែ​អាចជា​ការផ្ញើ​សារ ឬ​ការទាក់ទង​តាម​បណ្តាញ​សង្គម​ជាដើម។

យុវជន​នៅ​អាម​រិ​ក​បច្ចុប្បន្ននេះ ត្រូវបាន​គេ​រកឃើញថា ​បាន​ចំណាយពេល​ទំនាក់ទំនង​តាមរយៈ​បណ្តាញ​សង្គម និង​នៅមុខ​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ច្រើន​បំផុត​ដែលជា​មធ្យម​ប្រមាណ 9ម៉ោង ក្នុង​មួយថ្ងៃ។ បញ្ហា​ទាំងអស់នេះ​បាន​ប៉ះពាល់​ដល់​ការទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស ហើយ​ធ្វើឱ្យ​មនុស្ស​កាន់តែ​មាន​អារម្មណ៍​ថា​នឿយហត់ និង​ឯ​ការ។

វេទិកា​សេដ្ឋកិច្ចពិភពលោកបាន​បញ្ចាក់​ថា ​ចរន្ត​នៃ​យុវជន​លើ​ពិភពលោក​នៅ​ឆ្នាំ​ទសវត្សរ៍ឆ្នាំ1970 មាន​ភាពប្រែប្រួល​យ៉ាងច្រើន​ខុសពី​ពេលបច្ចុប្បន្ន។ តាមពិត​បញ្ហា​ទំនាក់ទំនង​របស់​យុវជន​ទល់មុខ​គ្នា​ដោយផ្ទាល់​បាន​ធ្លាក់ចុះ​តាំងពី​ទសវត្សរ៍ឆ្នាំ1970 រហូតមក តែ​វា​ធ្លាក់ចុះ​ខ្លាំង​ចាប់ពី​ឆ្នាំ2010 រហូតមកដល់​បច្ចុប្បន្ន ស្រប​ពេលដែល​កំណើន​យុវជន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ត្រូវបាន​គេ​រកឃើញថា​កំពុង​កើនឡើង​យ៉ាងខ្លាំង។

បើ​ប្រៀបធៀប​គ្នា​ពី​ចំណូលចិត្ត​របស់​យុវជន​កាលពី​ប៉ុន្មាន​ទសវត្សរ៍មុន អ្វីដែល​ពួកគេ​ចូលចិត្ត​ជាងគេ​គឺ​ការជួបគ្នា​ជប់លៀង ចេញទៅ​ក្រៅ​ជជែក​គ្នា ជិះឡាន​កម្សាន្ត ដើរ​ផ្សារ ឬ​មើល​កុន​ជុំគ្នា​ជាដើម តែ​សម័យ​បច្ចុប្បន្ន​ដោយសារតែ​យុវវ័យ​មាន​ការងារ​ខាងក្រៅ​ច្រើន ហើយ​ទន្ទឹមនឹង​បច្ចេកវិទ្យា​កាន់តែ​ទូលំទូលាយ​ទៀត​នោះ យុវវ័យ​ហាក់​នៅក្នុង​ពិភព​តែម្នាក់ឯង​ច្រើនជាង​ជួបជុំគ្នា។

នៅ​ទសវត្សរ៍​ឆ្នាំ 1970 មាន​យុវជន​ប្រមាណ 52ភាគរយ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី12 ឧស្សាហ៍​ចេញទៅ​ខាងក្រៅ​ដើម្បី​ជួបជុំ​មិត្តភក្តិ​ជា​រៀងរាល់ថ្ងៃ តែ​នៅ​ឆ្នាំ2017 មាន​យុវជន​ត្រឹមតែ 28ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ដូច្នេះ។ ទិន្នន័យ​នេះ​ត្រូវបាន​គេ​រកឃើញថា ​វា​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​នៅក្នុង​រយៈពេល 7ឆ្នាំ​ចុង​ក្រោយនេះ។

តាម​ការស្រាវជ្រាវ​បញ្ជាក់ថា ​ទោះបី​ជាមាន​បច្ចេកវិទ្យា​ប្រើប្រាស់ ហើយ​មនុស្សម្នាក់ៗហាក់​នៅក្នុង​ពិភព​ធំ​ទូលាយ តែ​តាមពិតទៅ​ពួកគេ​មាន​អារម្មណ៍​ឯ​ការ​ច្រើនជាង​មុន ព្រោះ​អារម្មណ៍​របស់​ពួកគេ​ស្ថិត​នៅតែ​ក្នុង​ពិភព​ស្រមើស្រមៃ និង​ពិភព​ឌីជីថល​តែប៉ុណ្ណោះ។ ក្រៅពីនេះ​ស្ថានភាព​ផ្លូវ​អារម្មណ៍​ក៏​កាន់​តែមាន​ភាព​អា​ក្រ​ក់ឡើ​ង ព្រោះ​ពួកគេ​ចំណាយ​ពេលវេលា​ច្រើន​ជ្រុល​ជាមួយ​ការ​សំកុក​នៅតែ​ម្នាក់ឯង ហើយ​មិន​ចូលចិត្ត​បើកចំហ​ជីវិត​ខ្លួនឯង​នៅក្នុង​ពិភព​ជាក់ស្តែង។

បញ្ហា​មួយ​ផ្សេងទៀត​ដែល​កំពុង​ប្រឈម​ជាមួយនឹង​យុវជន​បច្ចុប្បន្ន​ផងដែរ​គឺ បើទោះបីជា​ពួកគេ​ជួបជុំគ្នា​ក៏ដោយ ​ក៏​ពួកគេ​នៅតែ​សកម្ម​ជាមួយ​បច្ចេកវិទ្យា​ដែរ។ យុវវ័យ​ភាគច្រើន​ចេញទៅ​ក្រៅ​ជាមួយគ្នា តែ​គណនី Instagram របស់​ពួកគេ​នៅតែ Active មានន័យថា ​ទោះបីជា​ជួបជុំ​ផ្ទាល់​មុខ​ក៏ត្រូវ​ចែកពេល​ជាមួយ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែរ ដែល​ធ្វើឱ្យ​គុណភាព​នៃ​ការជួបជុំ​នេះ​ត្រូវ​កាត់បន្ថយ។

តាមរយ:​លទ្ធផល​នេះ​គេ​រកឃើញ​ថា ចាប់ពី​ឆ្នាំ2012 មក​ចំនួន​យុវជន​ដែលមាន​បញ្ហា​ធុញថប់​អារម្មណ៍ (depression) និង​ខ្វះ​សុភមង្គល (unhappiness) កើនឡើង​ខ្លាំង។ បញ្ហា​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា ​មកពី​ពួកគេ​នៅ​ជាមួយ​កញ្ចក់​ឧបករណ៍​អេឡិចត្រូនិក​ច្រើនជាង​ជួប​មនុស្ស​ជាក់ស្តែង ដែល​ធ្វើឱ្យ​ផ្លូវចិត្ត​ចាប់ផ្តើម​ទន់ខ្សោយ និង​អស់សង្ឃឹម។ ហេតុនេះ​ដំណោះស្រាយ​សំខាន់​គឺ យុវវ័យ​គួរ​ចាប់ផ្តើម​កាត់បន្ថយ​ពេលវេលា​លង់់​ខ្លាំង​ជ្រុល​នៅក្នុង​បណ្តាញ​សង្គម ហើយ​ចេញទៅ​ខាងក្រៅ​ដើម្បី​ជួប​មនុស្ស និងចែករំលែក​ភាព​រីករាយ និង​ចំណេះដឹង​ជាមួយគ្នា​ដើម្បីឱ្យ​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង៕

Advertisement