ក្រសួង​អប់រំ​ជ្រើសរើស​យុវជន​ ​និង​អ្នកដឹកនាំ​ ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ ​និង​ជប៉ុន​ជាថ្មី​ម្តង​ទៀតហើយ​

កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ ​និង​ជប៉ុន​ ​ជា​កម្មវិធី​ដែល​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ជប៉ុន​ចាប់តាំងពី​ឆ្នាំ1974​ ​រហូតមកដល់​បច្ចុប្បន្ន​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ចំណង​សាមគ្គី​ ​មិត្តភាព​ ​និង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ក្នុង​ស្រទាប់​យុវជន​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ជប៉ុន​។​ ​ថ្មី​ៗ​នេះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​បាន​ប្រកាស​ដើម្បី​ជ្រើសរើស​យុវជន​ចំនួន​ ​28រូប​ ​និង​អ្នកដឹកនាំ​ ​1រូប​ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​។​ ​

​នេះ​ជា​ឱកាសល្អ​ដែល​យុវជន​អាច​ចូលរួម​ជាមួយនឹង​យុវជន​ចម្រុះ​ជាតិសាសន៍​ ​និង​ចែករំលែក​បទ​ពិសោធ​គ្នា​ទៅវិញទៅមក​នៅ​លើ​នាវា​ ​ដែល​នឹង​ចាប់ផ្តើម​ជួបជុំគ្នា​ក្នុង​ប្រទេស​ជប៉ុន​ ​ហើយ​បន្តដំណើរ​មកកាន់​ប្រទេស​វៀតណាម​ ​ប្រទេស​សិង្ហបុរី​ ​ប្រទេស​មីយ៉ាន់ម៉ា​ ​និង​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី24​ ​ខែតុលា​ ​ដល់​ថ្ងៃទី13​ ​ខែធ្នូ​ ​ឆ្នាំ2019​។​
​ដើម្បី​ជាប់​ជា​យុវជន​ដែល​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ ​អ្នកដាក់ពាក្យ​ត្រូវតែ​ជា​និស្សិត​ដែល​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ទាំង​រដ្ឋ​ ​និង​ឯកជន​ ​ឬ​បញ្ចប់​ការសិក្សា​ដែល​មាន​អាយុ​ចាប់ពី18​ ​ដល់​ ​30ឆ្នាំ​។​ ​មាន​ភាព​ក្លាហាន​ ​រហ័សរហួន​ ​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​បញ្ចេញមតិ​ ​និង​អាច​ធ្វើការងារ​ជា​ក្រុម​ ​រួម​ទាំង​មាន​ទំនាក់ទំនង​ល្អ​ផង​ដែរ​។​ ​យុវជន​គួរ​យល់ដឹង​ពី​កម្មវិធី​ ​ហើយ​អាច​ប្រើប្រាស់​ភាសាអង់គ្លេស​ក្នុង​ការ​និយាយ​ ​ការ​ស្តាប់​ ​ការ​សរសេរ​ ​និង​ការពិភាក្សា​បាន​ល្អ​ ​និង​អាច​ធ្វើ​បទ​បង្ហាញ​បាន​ច្បាស់លាស់​។​ ​ក្រៅពី​នេះ​ត្រូវ​មានចំណេះ​ដឹង​កម្រិត​ឧត្តម​សិក្សា​ ​មានលទ្ធភាព​ ​និង​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ហ្វឹកហាត់​បណ្តុះបណ្តាល​មុន​ចេញដំណើរ​ប្រហែល​ ​2ខែ​ ​ទៅតាម​ការកំណត់​របស់ក្រ​សួង​អប់រំ​។​ ​

​ចំពោះ​នីតិវិធី​ ​គឺ​ក្រសួង​នឹង​ធ្វើការ​សម្រាំង​បេក្ខជន​ ​(​shortlist​)​ ​បន្ទាប់មក​ប្រឡង​វិញ្ញាសា​ភាសាអង់គ្លេស​ ​និង​វប្បធម៌​ទូទៅ​ជា​ភាសាអង់គ្លេស​មុននឹង​សម្ភាស​ផ្ទាល់មាត់​។​ ​បេក្ខជន​ដែល​ចាប់អារម្មណ៍​អាច​ដាក់ពាក្យសុំ​ចូលរួម​ធ្វើតេស្ត​ ​និង​ទទួល​ព័ត៌មាន​បន្ថែម​នៅ​នាយកដ្ឋាន​យុវជន​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​៕​ ​

Advertisement