អ្នកបង្រៀន​ ចាំបាច់​ត្រូវ​ដឹងពី​ចរន្ត​តម្រូវការ​នា​ថ្ងៃ​អនាគត​ បើមិនដូច្នោះទេ​ ស្មើនឹង​យើង​បង្រៀន​សិស្ស​ថយក្រោយ​

ការអប់រំ​ជា​កូនសោ​គន្លឹះ​នៅក្នុង​សង្គម​សម្រាប់​គ្រប់​សម័យកាល​ទាំងអស់​លើ​ពិភពលោក​ មិនថា​ប្រទេស​អ្នកមាន​ ឬប្រទេស​អ្នកក្រ​ទេ​ តែ​ការអប់រំ​នៅតែ​ជា​ចំណុច​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​។ បច្ចុប្បន្ន​ ពិភពលោក​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ ហេតុនេះ​ការអប់រំ​ក៏​ចាំបាច់​ត្រូវតែ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ផង​ដែរ​ ព្រោះ​ប្រសិនបើ​យើង​នៅ​ស្ងៀម​មួយ​កន្លែង​ ក៏​វា​នៅតែ​ផ្លាស់​ប្តូរ​ដែរ​ គឺ​ប្តូរ​ទៅ​រក​ចរន្ត​អវិជ្ជមាន​ ដោយសារតែ​ដើរ​មិនទាន់​គេ​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​ថ្លែង​ថា​ពិភពលោក​បច្ចុប្បន្ន​នេះ​មានការ​ប្រែប្រួល​យ៉ាង​លឿន​ខណៈ​ការអប់រំ​ខ្លះ​មាន​អាយុកាល​តាំងពី​ច្រើន​ឆ្នាំមុន​ហេតុនេះ​យើង​ត្រូវការ​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការអប់រំ​ដើម្បី​ដើរ​ឱ្យ​ទាន់​របត់​ និង​តម្រូវការ​ជាក់ស្តែង​របស់​ពិភពលោក​ទាំង​បច្ចុប្បន្ន​ និង​អនាគត​។ នៅ​សតវត្សរ៍​ទី21នេះ​ យើង​ត្រូវតែ​ដើរ​ឱ្យ​លឿន​ ហើយ​អ្នក​បណ្តុះបណ្តាល​ត្រូវតែ​សម្លឹង​ឱ្យ​ឆ្ងាយ​ ឬត្រូវ​មើល​ពី​និន្នាការ​ចាប់ពី​ 10ឆ្នាំ​ ទៅ20ឆ្នាំ​ទៀត​ ទើប​អាច​ធានា​បាន​ថា​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​យើង​អាច​ក្លាយជា​អ្នកមាន​សមត្ថភាព​ឆ្លើយតប​នឹង​ស្ថានភាព​ពិតប្រាកដ​ក្នុង​ទីផ្សារ​ការងារ​។ ប្រសិនបើ​យើង​មិន​មើល​ឱ្យ​ឆ្ងាយ​ ហើយ​ដើរ​ឱ្យ​លឿន​ទេ​ មានន័យថា​ យើង​នឹង​បង្រៀន​សិស្ស​ថយក្រោយ​ហើយ​ ព្រោះ​ប្រសិនបើ​យើង​មិនទៅ​មុខ​ ប្រទេស​ក្នុង​តំបន់​គេ​នឹង​បង្រៀន​សិស្សរបស់​គេ​ទៅមុខ​ហេតុនេះ​ស្មើនឹង​យើង​យឺត​ជាងគេ​ដដែល​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់ឱ្យ​លោកគ្រូ​-អ្នកគ្រូ​ យល់​ពី​ចរន្ត​នៃ​តម្រូវការ​ការងារ​ទៅ​ថ្ងៃ​អនាគត​ ដើម្បី​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ទាន់​តម្រូវការ​ និង​ស្របតាម​អ្វី​ដែល​ពិភពលោក​ត្រូវការ​នៅ​ថ្ងៃ​អនាគត​។ ប្រសិនបើ​យើង​មិនដឹង​ វា​ស្មើនឹង​យើង​ខំប្រឹង​ដោយ​ឥតន័យ​ ព្រោះ​គោលបំណង​សំខាន់​របស់​យើង​គឺ​បង្រៀន​ក្មេង​ឱ្យ​ក្លាយជា​មនុស្ស​ពូកែ​ មានការ​ងារ​ល្អ​ធ្វើ​ ហើយ​ប្រសិនបើ​យើង​អប់រំ​មិន​ស្រប​នឹង​អ្វី​ដែល​ជា​លក្ខខណ្ឌ​ជាក់ស្តែង​នៅ​ថ្ងៃខាងមុខ​ នោះ​ពួកគេ​អាច​នឹង​មានឱកាស​តិច​បំផុត​ដើម្បី​ទទួលជោគជ័យ​ក្នុង​ជីវិត​នៅ​ថ្ងៃក្រោយ​”។

ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ សូម​លោកគ្រូ​-អ្នកគ្រូ​ និង​អ្នកអប់រំ​ទាំងអស់​គិតថា​ យើង​មិនមែន​បង្រៀន​តែ​សិស្ស​អាយុ​ 10ឆ្នាំ​ ឬ10ឆ្នាំ​ជាង​នោះ​ទេ​ តែ​សូម​គិតថា​ យើង​កំពុង​បង្រៀន​អនាគត​អ្នកដឹកនាំ​សហគ្រាស​ និង​ស្ថាប័ន​សំ​ខាន់​ៗនៅ​ថ្ងៃ​អនាគត​។ បច្ចុប្បន្ន​នេះ​ គាត់​មាន​វ័យ​ជាង​ 10ឆ្នាំ​ មិនយូរ​ប៉ុន្មានទៀត​ ត្រឹមតែ​ពេល​ជាង​ 10ឆ្នាំខាងមុខ​ពួកគេ​អាច​នឹង​ក្លាយជា​ម្ចាស់​សហគ្រាស​ ប្រធាន​ក្រុមហ៊ុន​ ឬអ្នកគ្រប់គ្រង​ស្ថាប័ន​សំ​ខាន់​ៗ ហេតុនេះ​ជំនាញ​សម្រាប់​គាត់​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្មេង​ៗជំនាន់​ក្រោយ​ និង​សង្គម​។ បេសកកម្ម​របស់​យើង​ គឺ​បណ្តុះបណ្តាល​អ្នកដឹកនាំ​ទាំងអស់​នោះ​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​បង្រៀន​សិស្ស​។ ប្រសិនបើ​សមត្ថភាព​ពួកគេ​នៅ​មានកម្រិត​ ឬខ្វះខាត​ច្រើន​ វា​នឹង​ជះ​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន​សម្រាប់​សង្គម​ផង​ដែរ​។

នៅ​កម្ពុជា​ បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ផលិតភាព​ការងារ​បានឱ្យ​ដឹង​ថា​ យើង​នៅ​មាន​បញ្ហា​ច្រើន​ពី​គម្លាត​ជំនាញ​ និង​តួនាទី​នៅក្នុង​ស្ថាប័ន​។ យោង​តាម​ទិន្នន័យ​របស់​អង្គការ​អន្តរជាតិ​ផ្នែកការ​ងារ​ ILO​ បាន​បញ្ជាក់​ថា​ កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ដែល​មាន​តំណែង​ជា​អ្នកគ្រប់គ្រង​ មាន​ប្រមាណ​ជា​ 36​% មាន​សមត្ថភាព​មិនដល់​តួនាទី​។ មានន័យថា​ គាត់​មាន​តួនាទី​ខ្ពស់​ ជា​អ្នកគ្រប់គ្រង​ តែ​សមត្ថភាព​របស់​គាត់​មិនទាន់​សម​ល្មម​គ្រប់គ្រាន់​សម្រាប់​ក្លាយជា​អ្នកគ្រប់គ្រង​ស្ថាប័ន​នៅឡើយ​ទេ​។ ចំពោះ​បុគ្គលិក​អាជីព​ (professional​) វិញ​ មាន​ប្រមាណ​ជាង​ 55​% មានការ​ងារ​ធ្វើ​ តែ​សមត្ថភាព​មិនទាន់​ឆ្លើយតប​ជាមួយនឹង​តំណែង​របស់​ពួកគេ​នៅឡើយ​។ ហេតុនេះ​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​ប្រជាជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ជា​រឿង​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នោះ​ ព្រោះ​ប្រសិនបើ​យើង​ក្មេង​ៗបច្ចុប្បន្ន​អាច​ទទួល​បាន​សមត្ថភាព​ខ្លាំង​ និង​គ្រប់គ្រាន់​តាំងពី​នៅក្មេង​ ពួកគេ​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ថ្ងៃ​អនាគត​ហើយ​ប្រសិទ្ធភាព​ការងារ​ក៏អាច​ខ្ពស់​តាម​នោះ​ដែរ​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​លើកឡើង​ផង​ដែរ​ថា​បច្ចុប្បន្ន​នេះ​ តាម​ការ​បញ្ជាក់​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញថា​ នៅ​ឆ្នាំ2020​ តម្រូវការ​ជំនាញ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ ព្រោះ​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​ខ្លាំង​ហើយ​ប្រសិទ្ធភាព​ការងារ​ក៏​កាន់តែ​ទាមទារ​ខ្ពស់​ឡើង​ហេតុនេះ​ត្រឹម​ជំនាញ​រឹង​ដែល​យើង​បាន​រៀន​នៅ​សាលា​ មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​។ ជំនាញ​ដែលគេ​ត្រូវការ​ គឺ​ជំនាញ​ច្នៃប្រឌិត​ ការ​ដោះស្រាយ​បញ្ហា​ ការ​ធ្វើការងារ​ជា​ក្រុម​ និង​បំណិន​ជីវិត​ជាដើម​ ហេតុនេះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​ដើម្បី​ទទួល​ឱ្យ​បាន​នូវ​ការប្រកួត​ប្រជែង​ ព្រោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិនសូវ​មាន​រោង​ចក្រ​ធំៗ​ទេ​ហេតុនេះ​គេ​ត្រូវការ​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ខាងក្នុង​ឱ្យ​ខ្លាំង​។ លោក​បាន​លើកឡើង​ផង​ដែរ​ថា​ ឆ្នាំ2020​ មិនមែន​ជា​ពេលវេលា​វែងឆ្ងាយ​ខ្លាំង​ទៀត​ទេ​ វា​នឹង​មកដល់​ក្នុង​ពេល​ឆាប់​ៗនេះ​ហេតុនេះ​យើង​ត្រូវតែ​ដើរ​ឱ្យ​ទាន់​ ហើយ​ឆ្លើយតប​ឱ្យ​បាន​។ ហេតុនេះ​ហើយ​ទើប​ការអប់រំ​នៅ​កម្ពុជា​ ជាពិសេស​ក្រសួង​អប់រំ​ លោក​បាន​ព្យាយាម​យ៉ាងច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​ការអប់រំ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​នា​ថ្ងៃ​អនាគត​។

លោក​ ប៉ូ​ឡែន​ បាន​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​យើង​នៅ​មាន​ចន្លោះប្រហោង​ខ្លះ​ក្នុង​ការអប់រំ​ គឺ​ការ​ផ្តោត​តែ​លើ​ពិន្ទុ​ ឬលទ្ធផល​នៃ​ការ​ប្រឡង​ក្នុង​សាលា​លើ​វិញ្ញាសា​រួម​។ មនុស្ស​ម្នា​ក់ៗ​មានចំណេះ​ដឹង​ ជំនាញ​ និង​ទេព​កោ​សល្យ​ខុស​ៗពីគ្នា​ ហេតុនេះ​មាន​សិស្ស​ខ្លះ​ពូកែ​ប្រវត្តិសាស្ត្រ​ ពូកែ​ភាសា​ តែ​មិន​ពូកែ​រូបវិទ្យា​នោះ​ទេ​ហេតុនេះ​ការដែល​គាត់​ប្រឡង​រូបវិទ្យា​មិនបាន​ពិន្ទុ​ល្អ​ យើង​មិន​អាច​វាយតម្លៃ​ថា​ គាត់​អន់​នោះ​ទេ​ ហើយ​សិស្ស​ខ្លះ​ពូកែ​គណិតវិទ្យា​ ក៏​មិន​ប្រាកដ​ថា​ គាត់​ពូកែ​ភាសាខ្មែរ​ដែរ​ ហេតុនេះ​ប្រសិនបើ​គាត់​ប្រឡង​ខ្មែរ​មិន​ជាប់​ ក៏​មិន​អាច​ថា​ គាត់​អន់​ដែរ​។ សិស្ស​ម្នា​ក់ៗ​មាន​ចំណុច​ពិ​សេ​សរៀងៗ​ខ្លួន​ ហេតុនេះ​ការអប់រំ​ក៏​គួរតែ​សម្រួច​ និង​តម្រង់​ទិស​ឱ្យ​បាន​ល្អ​ទៅតាម​ស្ថានភាព​ បំណិន​ និង​លក្ខខណ្ឌ​ដែល​សិស្ស​មាន​។ ម្យ៉ាងវិញទៀត​ អនាគត​ទៅ​គ្រប់​សហគ្រាស​ទាំងអស់​គេ​ត្រូវការ​បំណិន​ និង​សមត្ថភាព​ជាក់ស្តែង​ច្រើនជាង​ពិន្ទុ​ក្នុង​សាលា​ ដែល​វា​បញ្ច្រាស់​គ្នា​នឹង​ស្ថានភាព​ដែល​គិត​ពី​លទ្ធផល​ជាចម្បង​។ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ អ្នក​បណ្តុះបណ្តាល​គួរតែ​ចាប់ផ្តើម​បន្ថែម​នូវ​អ្វី​ដែល​ជា​ចំណុច​សំ​ខាន់​ៗពាក់ព័ន្ធ​នឹង​អ្វី​ដែល​សិស្ស​ត្រូវការ​ដើម្បី​ធ្វើការងារ​ជាក់ស្តែង​នៅ​ថ្ងៃ​អនាគត​បន្ថែម​ពីលើ​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើកន្លង​មក​ ដូចជា​ការ​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ៗក្នុង​ផ្នត់គំនិត​ វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ជាដើម​៕

Advertisement