យុវជន​គួរ​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​

យុវជន​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការចូលរួម​លើ​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សង្គម​ ដូចជា​បញ្ហា​អប់រំ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ ការ​សម្អាត​បរិស្ថាន​សង្គម​ វប្បធម៌​ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ទៅតាម​ជំនាញ​ និង​ទេពកោសល្យ​របស់​ពួកគេ​។ រឿង​ដែល​ពេញនិយម​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ជុំវិញ​ខ្លួន​របស់​ពួកគេ​ គឺ​ការបង្កើត​ក្រុម​ ហើយ​នាំគ្នា​អប់រំ​ប្រជាជន​ ឬបង្កើត​សកម្ម​ភា​ពប្លែ​កៗ​ដើម្បី​ឱ្យ​មនុស្សជា​ច្រើន​បាន​មើលឃើញ​ និង​បន្តសកម្មភាព​វិជ្ជមាន​ទាំងអស់​នោះ​។ ការ​ធ្វើសកម្មភាព​ទាំងអស់​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​រឿង​គំរូ​ និង​ជា​ចរន្ត​វិជ្ជមាន​សម្រាប់​សង្គម​ តែ​នៅក្នុង​យុគសម័យ​ថ្មីនេះ​ យុវជន​មាន​វិធី​សំខាន់​មួយផ្សេងទៀត​ដែល​ចំណាយ​ប្រាក់​តិច​ សន្សំ​ពេលវេលា​ និង​ដោះស្រាយ​បញ្ហា​បាន​ច្រើន​ គឺ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​។

កញ្ញា​ សៀក​ ឡេង​ អ្នកសម្របសម្រួល​កម្មវិធី​ Techno​ Innovation​ Challenge​ បាន​លើកឡើង​ ថា​ យុវជន​កម្ពុជា​គួរ​ព្យាយាម​សិក្សា​ស្វែងយល់​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម​ព្រោះ​វា​ជា​វិធី​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ ឆាប់រហ័ស​ ចំណាយធនធាន​តិច​ និង​មានប្រសិទ្ធភាព​ខ្ពស់​។ បច្ចុប្បន្ន​នេះ​មាន​បញ្ហា​ជាច្រើន​ដែល​យុវជន​អាច​ចូលរួម​ប្រើប្រាស់​បច្ចេកវិទ្យា​ដោះស្រាយ​ បាន​ ដូចជា​បញ្ហា​បរិស្ថាន​ បញ្ហា​កសិកម្ម​បញ្ហា​ចំណីអាហារ​ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​មិនទាន់​ត្រូវ​បាន​គេ​ដោះស្រាយ​ប្រកបដោយ​និរន្តរភាព​នៅឡើយ​។

កញ្ញា​ សៀក​ ឡេង​ បាន​និយាយ​ថា​៖ “តាមពិត​យុវជន​យើង​ជាច្រើន​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ ដូចជា​ការបង្កើត​ Apps​ ឬប្រមូល​ផ្តុំគ្នា​បង្កើត​គម្រោង​ឆ្លាតវៃ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ ព្រោះ​ការអប់រំ​បច្ចុប្បន្ន​នេះ​មាន​ភាព​ទូលំទូលាយ​ ហើយ​វត្តមាន​នៃ​អុីន​ធើ​ណិ​តអាច​ធ្វើ​ឱ្យ​សិស្ស​-និស្សិត​សិក្សា​ពី​ចម្ងាយ​ក៏បាន​ដែរ​”។

កញ្ញា​ សៀក​ ឡេង​ បាន​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​មិនថា​យើង​នៅ​ទីណា​នោះ​ទេ​ យើង​សុទ្ធតែ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ទាញ​យក​ប្រភព​ព័ត៌មាន​ជាច្រើន​នៅក្នុង​ពិភពលោក​ ឬអាច​ទាញ​យក​មេរៀន​ជាច្រើន​ដើម្បី​សិក្សា​ដោយខ្លួនឯង​ ហើយ​ច្នៃ​បច្ចេកទេស​ទាំងអស់​នោះ​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​សង្គម​។ ក្រៅពី​នេះ​ យុវជន​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ផ្នែក​បច្ចេកវិទ្យា​ខ្លះ​ហើយ​ ក៏អាច​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួនឯង​បាន​ផង​ដែរ​ តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នានា​ ដែល​ក្នុង​នោះ​មាន​អ្នកជំនាញ​ជាច្រើន​ចាំ​ជួយ​ផ្តល់​ជំនួយ​ដល់​ពួកគាត់​ ដូចជា​កម្មវិធី​ Techno​ Innovation​ ជាដើម​ ដែល​យើង​ផ្តល់​ឱកាស​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រកួតប្រជែង​ តែ​ក៏​ផ្តល់​អ្នកជំនាញ​ដើម្បី​ណែនាំ​ពួកគាត់​ដែល​អនុញ្ញាត​ឱ្យ​គាត់​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការបង្កើត​នវានុវត្តន៍​ផង​ដែរ​។ ក្រោយពេល​ពួកគាត់​បាន​ទទួលការ​ណែនាំ​ និង​បណ្តុះបណ្តាល​ហើយ​ គាត់​ក៏អាច​យក​គំរូ​នៃ​គម្រោង​ទាំងអស់​នោះ​ទៅ​បង្កើត​ជា​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ថែមទៀត​ផង​ ព្រោះ​គំនិត​ច្នៃប្រឌិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទាំងអស់​នោះ​សុទ្ធតែ​ផ្តល់​ភាព​ងាយស្រួល​ និង​ជា​ជម្រើស​ឆ្លាតវៃ​សម្រាប់​មនុស្ស​ទូទៅ​។

លោក​ អ៊ុន​ មាស​សម្បត្តិ​ សហ​ស្ថាបនិក​នៃ​គម្រោង​អាជីវកម្ម​ដែល​មានឈ្មោះ​ថា​ WeChoul​ ​;បាន​លើកឡើង​ថា​ នៅក្នុង​សង្គម​មាន​បញ្ហា​ជាច្រើន​កើតឡើង​ ដោយ​ក្នុង​នោះ​មាន​បញ្ហា​ខ្លះ​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ​ គ្រាន់តែ​យើង​មិនទាន់​មាន​វិធីសាស្ត្រ​សម្រួល​ ឬដោះស្រាយ​ឱ្យ​បាន​ងាយស្រួល​ប៉ុណ្ណោះ​។ នៅពេល​បញ្ហា​តូច​ៗទាំងអស់​នោះ​កើត​ឡើង​ដដែល​ៗយូរ​ទៅ​ វា​នឹង​ក្លាយជា​បញ្ហា​រ៉ាំរ៉ៃ​ ហើយ​ប្រសិនបើ​អ្នកណា​អាច​ដោះស្រាយ​វា​បាន​ នោះ​យើង​នឹង​ក្លាយជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ការ​ចងចាំ​ ឬក្លាយជា​អ្នក​ដោះស្រាយ​បញ្ហា​ដែល​មនុស្ស​គ្រប់គ្នា​ទទួលស្គាល់​។ ក្នុងចំណោម​សកម្មភាព​នានា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​វិធីសាស្ត្រ​ល្អ​ និង​មាន​ភាព​ងាយស្រួល​ជាងគេ​។

លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ “សូមកុំ​ខ្លាច​បញ្ហា​ ឬគិតថា​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ជា​រឿង​លំបាក​ខ្លាំងពេក​ដែល​យើង​ធ្វើ​មិនបាន​។ ឱ្យ​តែ​យើង​មើលឃើញ​ពី​បញ្ហា​ ហើយ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ដោះស្រាយ​ នោះ​យើង​នឹង​មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើ​វា​ឱ្យ​បាន​មិនខាន​”។

អ្នកបង្កើត​សេវាកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដំបូង​ឡើយ​ក្រុម​របស់​លោក​ក៏​មិនសូវ​មាន​អ្នក​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ដែរ​តែ​លោក​បាន​មើលឃើញ​បញ្ហា​រួម​មួយ​របស់​ប្រជាជន​ខ្មែរ​ ឬភ្ញៀវ​ទេសចរណ៍​ដែល​កំពុង​ខ្វះខាត​ផ្នែក​ជួល​យានជំនិះ​នៅ​តំបន់​កម្សាន្ត​។ បន្ទាប់ពី​កំណត់​បញ្ហា​ហើយ​ លោក​ចាប់ផ្តើម​ស្វែងរក​ជំនួយ​នានា​ និង​ស្រាវជ្រាវ​បន្ថែម​រហូតដល់​បង្កើត​បាន​ជា​សេវាកម្ម​ថ្មី​មួយ​សម្រាប់​ជួល​ម៉ូតូ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។ លោក​បាន​បន្ថែម​ផង​ដែរ​ថា​ មូលហេតុ​សំខាន់​ដែល​លោក​ប្រើប្រាស់​បច្ចេកវិទ្យា​ ព្រោះ​ក្រុម​របស់​លោក​មាន​គ្នា​តិច​មិន​អាច​ជួយ​ភ្ញៀវ​ទេសចរណ៍​ម្តង​ម្នា​ក់ៗ​ឱ្យ​ទទួល​បាន​សេវាកម្ម​ជួល​ម៉ូតូ​បាន​គ្រប់​ៗគ្នា​នោះ​ទេ​ ហើយក៏​មិន​អាច​ជួយ​អាជីវករ​ដែល​ដាក់​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវ​បាន​គ្រប់គ្នា​ដោយ​ការទាក់ទង​ដោយ​ផ្ទាល់​បាន​ដែរ​។ ហេតុនេះ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ជា​ជម្រើស​ឆ្លាតវៃ​ ដែល​អាច​ធ្វើ​ឱ្យ​គ្រប់​ភាគី​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​បាន​ល្អ​ ចំណេញពេលវេលា​ និង​ថវិកា​តិច​៕

Advertisement