អ្វីខ្លះ​ជា​ឱកាស និង​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ថ្មី​?…

May 17, 2019​ ម៉ោង 4:24 pm

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ដែល​កំពុង​យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ឌីជីថល​ និង​ផ្នែក​សំ​ខាន់​ៗជាច្រើន​ទៀត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​។ កម្ពុជា​មាន​ចំណុច​ជាច្រើន​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឆ្លើយតប​នឹង​បម្រែបម្រួល​យ៉ាង​ឆាប់រហ័ស​នេះ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​មានក​ត្តា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត​ដើម្បី​ដោះស្រាយ​។

1. ឱកាស​របស់​កម្ពុជា​
ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ណាត​ ប៊ុនរឿន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ប្រទេស​កម្ពុជា​មាន​ទាំង​កត្តា​កាលានុវត្ត​ភាព​ និង​កត្តា​ប្រឈម​ជាច្រើន​ក្នុង​វិស័យ​ធនធានមនុស្ស​ដែល​យើង​បានដឹង​ច្បាស់​ និង​ត្រៀមខ្លួន​កែប្រែ​កត្តា​ប្រឈម​ទាំងអស់​នោះ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។ បើ​និយាយ​ពី​កាលានុវត្ត​ភាព​ យើង​ឃើញថា​ កម្ពុជា​បាន​ភ្ជាប់​ឱកាស​របស់​ខ្លួន​ជា​ 3កម្រិត​ គឺ​កម្រិត​សកល​ កម្រិត​ជាតិ​ និង​កម្រិត​ក្រសួង​អប់រំ​។ កម្រិត​សកល​ គឺ​យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ល្អ​ និង​អនុវត្ត​ទៅតាម​ចលនា​សំ​ខាន់​ៗទាំង​ថ្នាក់​ពិភពលោក​ និង​ថ្នាក់​តំបន់​។ នៅ​ឆ្នាំ1990​ កម្ពុជា​បាន​ចាប់ផ្តើម​ក្នុង​ចលនា​សកល​មួយ​ស្តី​ពី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ហើយ​នៅ​ឆ្នាំ​ 2015​ មាន​ចលនា​ថ្មី​មួយទៀត​គឺ​គោលដៅ​អភិវឌ្ឍន៍​សហ​សវ​ត្សរ៍​ 2015​។ បន្ទាប់មក​ទៀត​នា​ពេល​ថ្មី​ៗនេះ​ជា​អន្តរជាតិ​មាន​ចលនា​ថ្មី​មួយទៀត​ហៅថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព2030​ ហេតុនេះ​កម្ពុជា​បាន​ចូលរួម​ និង​តាមទាន់​គ្រប់​ចលនា​សំ​ខាន់​ៗរបស់សកល​លោក​ ដែល​នេះ​ជា​ឱកាស​មួយ​ផង​ដែរ​។

ឯកឧត្តម​ ណាត​ ប៊ុនរឿន​ មានប្រសាសន៍​ថា​៖ “បើ​មើលតាម​ចរន្ត​ទាំងអស់​នេះ​យើង​ឃើញថា​ កម្ពុជា​នៅ​មិន​ឆ្ងាយ​ពី​ពិភពលោក​ទេ​ ដែល​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការចូលរួម​ និង​ខិតខំ​ប្រឹងប្រែង​ត្រៀមខ្លួន​អភិវឌ្ឍ​ទៅតាម​ចរន្ត​សកល​”។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើកឡើង​ផង​ដែរ​ថា​ ចំណុច​មួយផ្សេងទៀត​ដែល​ជា​ចំណុច​សំខាន់​របស់​កម្ពុជា​ គឺ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព2030​ គឺ​ស្រប​ទៅ​នឹង​គោលដៅ​របស់​កម្ពុជា​ដែល​ចង់​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ ហើយ​ស្រប​ជាមួយគ្នា​នេះ​កម្ពុជា​ក៏​មាន​គោលដៅ​អភិវឌ្ឍន៍​សំ​ខាន់​ៗរបស់​ខ្លួន​ផង​ដែរ​ដោយ​ផ្តោត​លើ​សមធម៌​ បរិ​យា​ប័ន្ន គុណភាព​អប់រំ​ សិក្សា​ពេញ​មួយ​ជីវិត​ និង​សម្រាប់​ទាំងអស់គ្នា​។ ហេតុនេះ​ចាប់ពី​ថ្ងៃនេះ​ទៅ​ បើ​និយាយ​ពី​ប្រព័ន្ធ​អប់រំ​ គឺ​គេ​ចាប់ផ្តើម​ផ្តោត​លើ​គុណភាព​ជាចម្បង​។

ចំពោះ​ឱកាស​នៅ​ថ្នាក់​តំបន់​វិញ​ ឯកឧត្តម​បាន​លើកឡើង​ថា​ ក្រៅពី​ការប្រជុំ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ យើង​ក៏​មានការ​ប្រជុំ​ជា​ទៀងទាត់​រវាង​រដ្ឋមន្ត្រី​អប់រំ​នៅ​អាស៊ាន​ផង​ដែរ​ ដើម្បី​ជជែកគ្នា​ ពិភាក្សា​ និង​ដឹង​ថា​ តើ​យើង​ស្ថិតនៅ​កម្រិត​ណា​? ហើយ​ខ្វះខាត​អ្វីខ្លះ​? និង​ត្រូវ​បន្ត​អភិវឌ្ឍ​អ្វីខ្លះ​បន្ថែម​ទៀត​?។ ចំណែក​ឯកម្រិត​ជាតិ​វិញ​ គឺ​កម្ពុជា​មាន​ចក្ខុវិស័យ2030​ និង2050​ ដែល​ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​ឌីជីថល​ ដែល​ក្នុង​នោះ​អ្វី​ដែល​ចាំបាច់​សម្រាប់​យើង​ដើម្បី​សម្រេច​គោលដៅ​គឺ​ការអប់រំ​។ ក្រៅពី​នេះ​ទៀត​កម្ពុជា​ក៏​មាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015​-2025​ ដែល​យើង​អាច​នឹង​ឈាន​ទៅ​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ចំនួន​ 7%។ ឱកាស​មួយផ្សេងទៀត​គឺ​ចំនួន​ប្រជាជន​បច្ចុប្បន្ន​ ប្រមាណ​ជា​ 15លាន​នាក់​ ឬអាច​កើន​ដល់16លាន​នាក់​ បន្ទាប់ពី​ធ្វើ​ជំរឿន​គេ​បាន​រក​ឃើញថា​ ប្រជាជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ មាន​រហូតដល់​ទៅ​ 117​% ដោយឡែក​អ្នកប្រើ​ប្រាស់​អុីន​ធើ​ណិ​តមាន​ 68​% ដែល​ចំណុច​នេះ​បាន​បង្ហាញថា​ ប្រជាជន​យើង​បាន​សម្រប​ខ្លួន​រួចជាស្រេច​ជាមួយនឹង​បច្ចេកវិទ្យា​។ ចំពោះ​កម្លាំង​ពលកម្ម​វិញ​ យើង​ឃើញថា​ប្រជាជន​កម្ពុជា​ចន្លោះ​ពី​ 15ឆ្នាំ​ ដល់​ 64ឆ្នាំ​ មានដល់​ទៅ​ 8លាន​នាក់​ ក្នុងចំណោម​ប្រជាជន​ចំនួន​ 15លាន​នាក់​ជាង​ ដែល​នេះ​ជា​ចំណុច​អំណោយផល​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​។

ចំពោះ​ឱកាស​ក្នុង​លក្ខខណ្ឌ​ក្រសួង​វិញ​គឺ​ យើង​មាន​ចក្ខុវិស័យ​អប់រំ​របស់​ខ្លួន​ មាន​រចនាសម្ព័ន្ធ​អប់រំ​មានខ្លឹមសារ​អប់រំ​ និង​មាន​លទ្ធផល​អប់រំ​ដែល​ថ្មី​ៗនេះ​បន្ទាប់ពី​បាន​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ ជាពិសេស​ការ​ប្រឡង​បាក់ឌុប​ យើង​មើលឃើញ​ថា​ ប្រជាជន​ និង​សាធារណជន​ និង​អន្តរជាតិ​មានការ​ទទួលស្គាល់​ជា​វិជ្ជមាន​។ លើស​ពីនេះ​ទៅទៀត​ក្រសួង​ក៏បាន​រៀបចំ​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ មានការ​រៀបចំ​ការគ្រប់គ្រង​តាម​សាលារៀន​បែប​ថ្មី​ មាន​រៀបចំ​កម្មវិធី​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) រួម​ទាំង​កម្មវិធី​អប់រំ​បច្ចេកទេស​ និង​ប្រឹក្សា​អាជីព​ជាដើម​។ លើស​ពីនេះ​ទៅទៀត​បច្ចុប្បន្ន​នេះ​សាលា​ចំណេះដឹង​ទូទៅ​នៅ​កម្ពុជា​មាន​សិស្ស​ប្រមាណ​ជាង​ 3លាន​នាក់​ និង​មាន​គ្រូ​រហូតដល់​ទៅ​ 9,2817នាក់​ ស្រប​ពេល​ដែល​យើង​ក៏​មានដៃ​គូ​អភិវឌ្ឍន៍​ជាច្រើន​គាំទ្រ​ និង​ជួយ​ដល់​ក្រសួង​។

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ឌីជីថល​ ក្រសួង​អប់​រំ​ យុវជន​ និងកីឡា​ ក៏បាន​រៀបចំ​កម្មវិធី​អន្តរជាតិ​ចំនួន​ 3ដើម្បី​ដាក់​ឱ្យ​និស្សិត​កម្ពុជា​សិក្សា​គឺទី1​ បង្កើត​ឱ្យ​មាន​បរិញ្ញាបត្រ​សេដ្ឋកិច្ច​ឌីជីថល​ ទី2​ ផ្នែក​វិស្វកម្ម​ទីក្រុង​ឆ្លាត​ (smart​ city​) និង​ទី3គឺ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

2. កត្តា​ប្រឈម​ក្នុង​បរិបទ​បច្ចេកវិទ្យា​ចំពោះ​កត្តា​ប្រឈម​វិញ​
ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ណាត​ ប៊ុនរឿន​ បាន​បញ្ជាក់​ថា​ ការកែទម្រង់​ ឬអភិវឌ្ឍន៍​វិស័យ​អប់រំ​មិន​អាច​ធ្វើ​បាន​ក្នុងរយៈពេល​មួយ​យប់​នោះ​ទេ​ ហើយក៏​មិន​អាច​ធ្វើ​យូរ​អូស​បន្លាយ​ដូច​រឿង​មួយ​ពាន់​មួយ​យប់​ដែរ​ ហេតុនេះ​យើង​ត្រូវការ​ពេលវេលា​ និង​ដោះស្រាយ​ឧបសគ្គ​ជាច្រើន​។ ការរៀបចំ​ប្រព័ន្ធ​អប់រំ​ត្រូវតែ​ប្រុងប្រយ័ត្ន​ មិន​អាចយ​កមនុស្ស​មួយ​ជំនាន់​ទៅ​សាកល្បង​បានទេ​ ព្រោះ​មនុស្សជា​កុមារ​ ជា​យុវជន​មិនមែន​ជា​សត្វ​កណ្តុរ​ដែល​ត្រូវ​ពិសោធ​នោះ​ទេ​។ ការ​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធ​អប់រំ​គឺ​ត្រូវ​ចាប់ផ្តើម​ធ្វើជា​ជំ​ហាន​ៗដោយ​ប្រុងប្រយ័ត្ន​បំផុត​ ចាប់ផ្តើម​ពីតូច​បំផុត​តែ​ត្រូវ​កំណត់​ពី​គុណភាព​។

ឯកឧត្តម​បញ្ជាក់​ផង​ដែរ​ថា​ ដូច​យើង​បាន​មើលឃើញ​ហើយ​ថា​ ឱកាសល្អ​របស់​យើង​ គឺ​យើង​មាន​គ្រឹះស្ថានសិក្សា​រហូតដល់​ទៅ​ 125គ្រឹះស្ថាន​ ទាំង​រដ្ឋ​ និង​ឯកជន​ តែ​ចំនួន​និស្សិត​ដែល​ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​តែ​ 1%ប៉ុណ្ណោះ​ដែល​រៀន​ផ្នែក​វិស្វកម្ម​ និង​បច្ចេកវិទ្យា​ និង​និស្សិត​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​តែ​ 2% ប៉ុណ្ណោះ​។ ហើយ​លើស​ពីនេះ​ទៅទៀត​និស្សិត​ដែល​បញ្ចប់​ថ្នាក់​បណ្ឌិ​តថ្មី​ៗនេះ​ 100​% ជា​អ្នករៀន​វិទ្យាសាស្ត្រ​ពិត​ ដែល​នេះ​ជា​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

ចំពោះ​បញ្ហា​គ្រូបង្រៀន​វិញ​ យើង​ឃើញថា​ យើង​មាន​គ្រូ​ 92,817នាក់​ តែ​ក្នុង​នោះ​មាន​ជាង​ 70,000នាក់​មានគុណ​វុឌ្ឍិ​ទាប​ជាង​បរិញ្ញាបត្រ​។ ចំណែក​ឯសិស្ស​ដែល​សិក្សា​ថ្នាក់​មធ្យមសិក្សា​ចំណេះ​ទូទៅ​វិញ​ មានតែ​ 22​%ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​ការសិក្សា​។ ដោយឡែក​ការ​បារម្ភ​របស់​យើង​មួយទៀត​ គឺ​គ្រូ​ឧត្តម​សិក្សា​ដែល​កំពុង​បង្រៀន​ទាំង​ 125គ្រឹះស្ថាន​ មានកម្រិត​គុណវុឌ្ឍិ​បណ្ឌិត​តែ​ 8.10​%តែ​ប៉ុ​ណោះ​ ក្រៅពីនោះ​គឺ​បញ្ចប់​ត្រឹម​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់​បរិញ្ញាបត្រ​។

បើ​មើល​ទៅ​លើ់​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ពលកម្ម​វិញ​ យើង​ឃើញ​ហើយ​ថា​ កម្លាំង​ពលកម្ម​ដែល​មាន​អាយុ​ចាប់ពី​ 15​-64ឆ្នាំ​ មានដល់​ទៅ​ 8លាន​នាក់​លើ​ 15លាន​នាក់​ តែ​ក្នុង​នោះ​នៅពេល​វិភាគ​ដល់កម្រិត​អប់រំ​វិញ​យើង​ឃើញថា​ ក្នុងចំណោម​ 8លាន​នាក់​នោះ​ មាន​អ្នក​មិនបាន​ចូលរៀន​ ឬចូលរៀន​បាន​តិចតួច​មានត្រឹមតែ​ 13.5​% ដែល​បញ្ហា​នេះ​ប៉ះពាល់​ដល់​ផលិតភាព​ការងារ​ផង​ដែរ​ ព្រោះ​ពួកគាត់​ប្រើ​កម្លាំង​សុទ្ធសាធ​ ឬប្រើ​បញ្ញា​តិចតួច​បំផុត​។ ក្រៅពី​នេះ​ អ្នក​ដែល​បាន​ចប់​បឋមសិក្សា​មាន​ចំនួន​ 27​% ហើយ​អ្នក​ដែល​ចប់​អនុវិទ្យាល័យ​មាន​ចំនួន​ 14​% ស្រប​ពេល​ដែល​អ្នក​បញ្ចប់​វិទ្យាល័យ​មានតែ​ 6%ប៉ុណ្ណោះ​។ ក្នុងចំណោម​នោះ​ អ្នក​ដែល​បាន​បញ្ចប់​មហាវិទ្យាល័យ​មាន​ចំនួន​តិច​ជាងគេ​ គឺ​ 5% ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ពាក់ព័ន្ធ​នឹង​ផលិតភាព​ការងារ​។

បញ្ហា​ប្រឈម​មួយ​ថ្មីទៀត​ គឺ​រឿង​គុណ​តម្លៃ​ប្រពៃណី​ និង​គុណ​តម្លៃសង្គម​ទំនើប​ មានន័យថា​ យើង​មាន​បញ្ហា​គម្លាត​រវាង​មនុស្សចាស់​ និង​ចំណេះដឹង​ថ្មី​។ បច្ចុប្បន្ន​នេះ​ជាស​ម័យ​បច្ចេកវិទ្យា​ ដែល​មនុស្ស​អាច​ផ្តល់​សេវា​ ទទួល​សេវា​ និង​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ តែ​មនុស្សចាស់​នៅ​មិនទាន់​អាច​ប្រើប្រាស់​បាន​នៅឡើយ​ ដែល​នេះ​ជា​បញ្ហា​ប្រឈម​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​យើង​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ​ចំពោះ​មនុស្ស​ថ្មី​ និង​ចំណេះដឹង​ចាស់​វិញ​ មានន័យថា​ នៅពេល​ដែល​បច្ចេកវិទ្យា​ទំនើប​ពេក​ មនុស្ស​ជំនាន់​ថ្មី​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្លាំង​ជ្រុល​ ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ការ​ទំនាក់ទំនង​ លែង​ចេះ​សំពះ​គ្នា​ជាដើម​ ឬគម្លាត​រវាង​គ្រួសារ​កាន់តែ​ឆ្ងាយ​ពីគ្នា​ដែល​នាំ​ឱ្យ​មាន​បញ្ហា​៕