សម័យ​ឌីជីថល​ គ្រូ​ឈប់​ឱ្យ​សិស្ស​ទន្ទេញ​ចាំមាត់​ហើយ​ តែ​ឱ្យ​ព្យាយាម​យល់​ឱ្យ​ស៊ីជម្រៅ​ដើម្បី​អភិវឌ្ឍ​កាន់តែ​ខ្លាំង​

ដោយសារតែ​របត់​នៃ​ការរស់នៅ​ និង​ការ​ធ្វើការងារ​នៅក្នុង​ពិភពលោក​នា​សម័យ​បច្ចុប្បន្ន​មាន​ភាព​ប្រែប្រួល​ខ្លាំង​ ការអប់រំ​ក៏​ចាំបាច់​ត្រូវតែ​កែទម្រង់​ដើម្បី​ធានា​ថា​ មនុស្ស​នឹង​មានគុណ​ភាព​កាន់តែ​ខ្ពស់​ ដើម្បី​ឆ្លើយតបទៅនឹង​អ្វី​ដែល​មនុស្ស​ត្រូវការ​ក្នុង​ការរស់នៅ​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ បាន​លើកឡើង​ថា​ យើង​ចង់ឱ្យ​សិស្ស​កាន់តែ​មានការ​គិតពិចារណា​ វិភាគ​និង​មានគំនិត​ច្នៃប្រឌិត​ច្រើនជាង​ការ​-ទន្ទេញ​តែ​តាម​ក្បួន​ ឬសៀវភៅ​គ្រប់យ៉ាង​។ចំណេះដឹង​ពី​ការ​ទន្ទេញ​ មិន​អាច​ធ្វើ​ឱ្យ​យើង​បង្កើត​ឡើង​នូវ​ស្នា​ ដៃ​ថ្មី​ ឬសមិទ្ធផល​ច្នៃប្រឌិត​បាន​នោះ​ទេ​ ព្រោះ​សៀវភៅ​មិន​ប្រាកដ​ថាត្រូវ​គ្រប់​ទាំងអស់​នោះ​ទេ​ ហើយ​បើ​យើង​ទន្ទេញ​ចាំ​ តែ​មិន​យល់​ នោះ​យើង​នឹង​មិន​អាចយ​កមេរៀន​នោះ​ទៅ​ធ្វើអ្វី​កើត​បាន​ឡើយ​។ ជាជាង​ ការ​ទន្ទេញ​ យើង​ចង់ឱ្យ​សិស្ស​ព្យាយាម​ស្វែងយល់​ពី​ឫសគល់​នៃ​មេរៀន​ និង​មូលហេតុ​សំ​ខាន់​ៗដែល​ឆ្លើយតប​ជាមួយនឹង​ការរស់នៅ​ជាក់ស្តែង​ ដើម្បី​ពួកគេ​រក​ឃើញ​បញ្ហា​នានា​ដែល​ស៊ី​គ្នា​ជាមួយ​មេរៀន​ ហើយ​ប្រើប្រាស់​វា​ទៅ​បំបែក​ឱ្យ​កើត​ចេញ​ជា​ដំណោះ​ស្រាយ​ថ្មី​ៗសម្រាប់​ការរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “ប្រសិនបើ​យើង​ចេះ​វិភាគ​ ចេះ​ពិចារណា​ និង​បំបែក​មេរៀន​ទាំងអស់​នោះ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ នោះ​យើង​នឹង​រក​ឃើញ​វិធី​ជាច្រើន​ដើម្បី​បង្កើត​សមិទ្ធ​ផល​ថ្មី​ៗ ជាពិសេស​ក្នុង​សម័យ​ឌីជីថល​នេះ​ យុវជន​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​”។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​យើង​មានគំនិត​ ចេះ​វិភាគ​ នោះ​យើង​នឹងអាច​ធ្វើ​រឿង​ធំៗ​បាន​ជាច្រើន​។ គំនិត​ខ្លះ​ យើង​ឃើញ​ថា​ មនុស្ស​កាលពី​បួនដប់​ឆ្នាំមុន​គ្រាន់តែ​ស្រមើស្រមៃ​ប៉ុណ្ណោះ​ តែ​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ វា​បាន​ក្លាយជា​ការពិត​ព្រោះ​មនុស្ស​ព្យាយាម​សិក្សា​ស្វែងយល់​ និង​រក​វិធីសាស្ត្រ​ដើម្បី​ធ្វើ​វា​ឱ្យ​បាន​។ ហេតុនេះ​នៅ​កម្ពុជា​ យើង​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​រៀបចំ​វិធីសាស្ត្រ​រៀន​ និង​បង្រៀន​ដើម្បី​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​កាន់តែ​ខ្លាំង​ និង​ស៊ីជម្រៅ​ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ជាក់ស្តែង​។

ក្រោយ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ មិន​ត្រឹមតែ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​តែមួយមុខ​គត់​នោះ​ទេ​ តែ​ក្រសួង​ក៏បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ផង​ដែរ​ដើម្បី​ឱ្យ​សិស្ស​កាន់តែ​មានគុណ​ភាព​ ទាំង​សម្រាប់​ការ​ប្រឡង​ និង​សម្រាប់​ការរស់នៅ​នា​ថ្ងៃ​អនាគត​។ ដើម្បី​ឱ្យ​សិស្ស​កាន់តែ​មាន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ​ វិស្វកម្ម​ និង​គណិតវិទ្យា​ ក្រសួង​អប់រំ​បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ STEM​ ធំៗ​នៅក្នុង​ពិព័រណ៍​ប្រចាំឆ្នាំ​ និង​ជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​នេះ​កាន់តែ​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត​នានា​។ ក្រៅពី​នេះ​ ក្រសួង​អប់រំ​ក៏បាន​រៀបចំ​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ ដើម្បី​បណ្តុះបណ្តាល​សិស្ស​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ​ បំណិន​ជីវិត​ និង​ជំនាញ​ចាំបាច់​នានា​សម្រាប់​សតវត្សរ៍​ទី21ផង​ដែរ​។

ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ការសិក្សា​របស់​សិស្ស​បច្ចុប្បន្ន​នេះ​ ចាំបាច់​ត្រូវតែ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ព្រោះ​ឥឡូវនេះ​ពេលខ្លះ​មនុស្ស​លែង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ហើយ​ តែ​មនុស្ស​ទំនាក់ទំនង​ជាមួយ​ម៉ាស៊ីន​ (internet​ of​ thing​)។ សិស្សានុសិស្ស​ចាំបាច់​ត្រូវ​សិក្សា​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ គឺ​រៀន​ដើម្បី​ចេះ​រស់នៅ​ និង​រៀន​ដើម្បី​ចេះ​រៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ហេតុនេះ​ការសិក្សា​ចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បច្ចុប្បន្ន​នេះ​ ប្រភព​ព័ត៌មាន​ និង​ចំណេះដឹង​មាន​គ្រប់​ទីកន្លែង​ បើ​មិន​ច្បាស់​យើង​គ្រាន់តែ​ប្រើ​ស្មា​តហ្វូ​ននៅ​ក្នុង​ទូរស័ព្ទ​ដែ​របស់​យើង​ក៏អាច​ស្រាយ​ចម្ងល់​ទាំងអស់​នោះ​បាន​ដែរ​។

ឯកឧត្តម​ រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ យកល្អ​ សិស្ស​និស្សិត​គួរ​ព្យាយាម​ស្វែងរក​ឱកាស​អនុវត្ត​ឱ្យ​បាន​ច្រើន​ ស្រប​ពេល​ដែល​យើង​សិក្សា​ពី​សៀវភៅ​ ឬពីសា​លា​។ នៅពេល​យើង​ធ្វើការងារ​ យើង​នឹង​មើលឃើញ​បញ្ហា​ជាច្រើន​ដែល​យើង​មិនទាន់​យល់​ច្បាស់​ពី​អ្វី​ដែល​យើង​ធ្លាប់​រៀន​ ពេលនោះ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការស្រាវជ្រាវ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​ ហើយក៏​អាច​ឱ្យ​យើង​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​សម្រាប់​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាន​ នៅពេល​ដែល​យើង​បញ្ចប់​ការសិក្សា​៕

Advertisement