ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​បំណិន​ជីវិត​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ប្រឹងប្រែង​បណ្តុះបណ្តាល​ចំណេះដឹង​ស្តី​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ចាប់តាំងពី​វ័យ​កុមារ​រហូតដល់​ធំ​ ដើម្បី​ឱ្យ​ពួកគេ​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​សង្គម​មានការ​រីកចម្រើន​។

លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​ថា​ ការអប់រំ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ជាពិសេស​កុមារ​ និង​ស្ត្រី​។ ចំពោះ​កុមារ​យើង​នឹង​ធ្វើការ​បណ្តុះបណ្តាល​ពួកគាត់​ឱ្យ​គាត់​មាន​ទម្លាប់​សន្សំ​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ពីក្មេង​ឱ្យ​ហើយ​ នៅពេល​ពួកគាត់​ធំឡើង​ គាត់​នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​អាច​ចៀស​ផុត​ពី​បញ្ហា​បំណុល​ ឬបញ្ហា​ជាច្រើន​ចំពោះ​ជីវភាព​។ ការអប់រំ​កុមារ​ចាប់ពី​វ័យក្មេង​ មានប្រសិទ្ធភាព​ និង​ពេលវេលា​យូរ​ជាង​មនុស្ស​នៅ​វ័យ​ផ្សេង​ៗទៀត​។ ចំណែក​ឯស្ត្រី​វិញ​ រឹតតែ​សំខាន់​ទៅទៀត​ចំពោះ​ការសិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ព្រោះ​តាមរយៈ​ការសិក្សា​ជាច្រើន​បញ្ជាក់​ថា​ ស្ត្រីជា​អ្នក​ត្រូវការ​ចំណាយ​ច្រើន​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​ ហេតុនេះ​ប្រសិនបើ​ស្ត្រី​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ គាត់​នឹងអាច​ជួយ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់​គា​ត់​ឪ្យ​រឹងមាំ​បាន​ ដោយសារ​គាត់​អាច​បែងចែក​ចំណាយ​ និង​ចំណូល​បាន​ល្អ​។

លោកជំទាវ​ ជា​ សិរី​ មានប្រសាសន៍​ថា​៖ “នៅ​ពេលនេះ​យើង​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី1​ រហូតដល់​ថ្នាក់​ទី12​ ហើយ​យើង​ក៏​សហការ​ជាមួយ​ក្រសួងកិច្ចការនារី​ផង​ដែរ​ ដោយសារ​យើង​គិតថា​បច្ចុប្បន្ន​នេះ​សហគ្រិន​ជា​ស្រ្តី​អាច​មាន​ឧបសគ្គ​មួយចំនួន​ក្នុង​ការ​ទទួល​បាន​សេ​វា​ហិញ្ញវត្ថុ​”។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ 23​ ខែមេសា​ ឆ្នាំ​ 2019​ ធនាគារជាតិនៃកម្ពុជា​ បាន​ប្រារព្ធ​កម្មវិធី​ចុះហត្ថលេខា​លើ​អនុ​ស្ស​ណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​ យុវជន​និងកីឡា​ និង​ក្រសួងកិច្ចការនារី​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ឱ្យ​ដឹង​ថាតាម​ រយៈ​កិច្ច​ព្រមព្រៀង​នេះ​ក្រសួង​អប់រំ​ នឹង​រៀបចំផែនការ​ដាក់បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា​ គេហ​សេដ្ឋកិច្ច​វិទ្យា​ បំណិន​ជីវិត​តាម​មូលដ្ឋាន​ និង​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា​ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បង្កើត​ទម្លាប់​សន្សំ​ឱ្យ​បាន​ល្អ​ដល់​សិស្សានុសិស្ស​។

ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​៖ “ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សិស្សានុសិស្ស​ យើង​នឹង​រៀបចំ​ឱ្យ​មាន​លំហាត់​ ចំណោទ​ពី​ការ​គិតលុយ​ ឬនិយាយ​ពី​លុយ​នៅក្នុង​នោះ​។ក្រៅពី​នេះ​នៅក្នុង​អត្ថបទ​អំណាន​ក៏​យើង​នឹង​បង្ហាញ​ឱ្យ​សិស្ស​យល់​ពី​មេរៀន​ និង​ផល​ប៉ះពាល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​លុយ​ ឬខ្ចី​លុយ​គេ​មិន​មាន​ផែនការ​ដែល​នាំ​ឱ្យ​មាន​វិបត្តិ​បំណុល​វណ្ឌ​កផង​ដែរ​។ ជា​រួម​យើង​នឹង​ធ្វើការ​រៀបចំ​កម្មវិធី​អប់រំ​ ដោយ​បង្កប់​អត្ថន័យ​អប់រំ​នៅក្នុង​នោះ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ចេះ​រៀបចំផែនការ​ហិរញ្ញវត្ថុ​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​”។

ឯកឧត្តម​ អុឹម​ កុច​ បាន​លើកឡើង​ផង​ដែរ​ថា​ក្រសួង​អប់រំ​នឹង​រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បណ្តុះបណ្តាល​ពី​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ច្នៃប្រឌិត​សម្រាប់​កុមា​រតូចៗ​ឱ្យ​ចូលចិត្ត​រៀន​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ ម្យ៉ាងវិញទៀត​ នៅពេល​ពួកគេ​ធំឡើង​ គេ​ក៏អាច​នឹង​បង្កើត​ទម្លាប់​ល្អ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មនុស្សជា​ច្រើន​ និង​បន្ត​បន្តា​ប់​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​។ នៅពេល​ប្រជាជន​ម្នា​ក់ៗ​មាន​ជីវភាព​ប្រសើរ​ឡើង​ នោះ​សេដ្ឋកិច្ច​សង្គម​ ក៏​នឹង​ល្អ​ទៅតាម​នោះ​ដែរ​។

លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី​បាន​លើកឡើង​ថា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​ ព្រោះ​បើ​ទោះបី​វា​មិនមែន​ជា​មធ្យោបាយ​តែមួយគត់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​ និង​ជីវភាពរស់នៅ​របស់​ស្ត្រី​ក៏ដោយ​ តែ​ជា​ចំណែក​សំខាន់​ ឬជា​ចំណុច​ចម្បង​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ទាំង​ផ្នែក​អាជីវកម្ម​ និង​ការរស់នៅ​ប្រចាំថ្ងៃ​។

លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ បាន​មានប្រសាសន៍​ថា​៖ “ការ​ដាក់បញ្ចូល​កម្មវិធី​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ និង​សហគ្រិន​ស្ត្រី​នេះ​ នឹងអាច​ធ្វើ​ឱ្យ​ស្ត្រី​នៅ​តាម​សហគមន៍​ និង​បណ្តាញ​ស្ត្រី​របស់ក្រ​សួង​កិច្ចការ​នារី​មានការ​យល់ដឹង​កាន់តែ​ច្រើន​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​មាន​មធ្យោបាយ​ល្អ​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការប្រើ​ប្រាស់​ឥណទាន​ត្រឹមត្រូវ​”។

លោកជំទាវ​រដ្ឋលេខាធិការ​បាន​លើកឡើង​ផង​ដែរ​ថា​ តាមរយៈ​គម្រោង​នេះ​ស្ត្រី​កម្ពុជា​នឹង​ទទួល​បានការ​ផ្តល់​តម្លៃ​កាន់តែ​ខ្លាំង​ព្រោះ​នៅពេល​ដែល​ស្ត្រី​មាន​លទ្ធភាព​ និង​សមត្ថភាព​កាន់​ខ្លាំង​ គាត់​នឹង​កាន់តែ​មាន​ភាព​សកម្ម​ក្នុង​តួនាទី​រក​ប្រាក់ចំណូល​ដែល​នាំ​ឱ្យ​មាន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ ដែល​នាំ​ឱ្យ​គាត់​មាន​ឥទ្ធិពល​កាន់តែ​ច្រើន​ក្នុង​ការចូលរួម​ចំណែក​ឱ្យ​សុខុមាលភាព​របស់​ពួកគេ​ និង​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​៕

Advertisement