ការ​ជ្រើសរើស​អាជីព​នឹង​កាន់តែ​ប្រសើរ​ឡើងជា​មួយ​វីដេអូ​ប្រឹក្សា​ការងារ​ ដែល​ផលិត​ដោយ​ក្រសួងការងារ​ និង UNDP​

ការ​ជ្រើសរើស​អាជីព​ការងារ​ ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ព្រោះ​វា​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ចំពោះ​ដំណើរ​ជីវិត​បុគ្គល​ និង​មាន​ឥទ្ធិពល​ជាច្រើន​ផង​ដែរ​ដល់​ការ​អភិវឌ្ឍ​សង្គម​ទាំងមូល​។ ដើម្បី​ជំរុញ​ឱ្យ​ការ​ជ្រើសរើស​អាជីព​កាន់តែ​មានប្រសិទ្ធភាព​ និង​កាន់តែ​ប្រសើរ​ឡើង​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រួម​ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP​) បាន​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា​ “Dr​. Job​” ដើម្បី​ចាក់​ផ្សាយ​ និង​ផ្តល់​ចំណេះដឹង​ជាច្រើន​ដល់​សិស្ស​និស្សិត​ក្នុង​ការ​ជ្រើសរើស​អាជីព​ការងារ​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ការ​ដាក់ចេញ​នូវ​គម្រោង​នេះ​ ពិតជា​មាន​សារៈសំខាន់​ និង​ទាន់ពេល​វេលា​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ជំរុញ​ឱ្យ​ដំណើរការ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​កាន់តែ​មានប្រសិទ្ធភាព​ តាមរយៈ​ការ​ត្រៀម​រៀបចំ​កម្លាំង​ពលកម្ម​ប្រកបដោយ​សក្តា​នុ​ពល​ ការ​កសាង​មាគ៌ា​អាជីព​ច្បាស់លាស់​ក្នុង​ជីវិត​ ការ​ជ្រើសរើស​មុខជំនាញ​សិក្សា​ស្របតាម​តម្រូវការ​ទីផ្សារ​ការងារ​ ការស្វែងរក​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ពិសេស​ការ​ត្រៀមលក្ខណៈ​ចូលក្នុង​ទីផ្សារ​ការងារ​ រួម​ទាំង​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បានការ​ងារ​កាន់តែ​ងាយស្រួល​។ ក្រៅពី​នេះ​ ការរៀបចំ​ផែនការ​អាជីព​ល្អ​ គឺជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​ផ្សារភ្ជាប់​សមត្ថភាព​របស់​សិស្ស​ និស្សិត​ និង​កម្មករ​និយោជិត​ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “មូលហេតុ​ដែល​យុវជន​ចាំបាច់​ត្រូវ​រៀបចំ​ និង​កសាង​ផែនការ​អាជីព​ឱ្យ​បាន​ល្អ​ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​គម្លាត​បន្ទាប់​ពី​ក្មួយ​ៗបញ្ចប់​ការសិក្សា​រួច​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​សំដៅ​ទទួល​បានការ​ងារ​កាន់តែ​ឆាប់រហ័ស​ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​កម្ពុជា​កំពុង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ឱ្យ​សិស្ស​និស្សិត​កាន់តែ​មាន​ប្រភព​ព័ត៌មាន​សំ​ខាន់​ៗសម្រាប់​អភិវឌ្ឍ​សមត្ថភាព​ សម្រាប់​ឆ្លើយតប​ជាមួយ​របត់​ថ្មី​នៃ​បច្ចេកវិទ្យា​ និង​ត្រៀមខ្លួន​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​តំបន់​។ ហេតុនេះ​ការ​ជ្រើសរើស​ជំនាញ​ត្រឹមត្រូវ​ជាផ្នែក​មួយ​ក្នុង​ការជំរុញ​ឱ្យ​ធនធានមនុស្ស​របស់​យើង​ក្លាយជា​កម្លាំង​ចលករ​កាន់តែ​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ និង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​វីដេអូ​ស្តី​ពី​អាជីព​នេះ​បាន​ទទួលការ​គាំទ្រ​ពីទី​ភ្នាក់​ងា​រស្វ៊ី​សស​ម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ (SDC​) តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​(UNDP​) និង​ទទួល​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ (NEA​)។

ប្រធាន​ UNDP​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​Nick​ Beresford​ បាន​លើកឡើង​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​វីដេអូ​ “Dr.Job​” នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កិច្ច​សហ​ការ​ល្អ​រវាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហប្រជាជាតិ​ (UNDP​) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​របស់​កម្ពុជា​។ ខ្សែវីដេអូ​នេះ​មាន​ចំនួន​ 7វគ្គ​ ដែល​វា​នឹងអាច​ចូលរួម​ដោះស្រាយ​បញ្ហា​គម្លាត​ជំនាញ​ក្នុងចំណោម​យុវជន​កម្ពុជា​ ដែល​រារាំង​ក្នុង​ការ​ទទួល​បានការ​ងារ​សមរម្យ​នៅក្នុង​ទីផ្សារ​កម្ពុជា​។ វា​ជាផ្នែក​មួយ​ក្នុង​ការជំរុញ​ឱ្យ​យុវជន​ចេះ​រៀបចំផែនការ​អាជីព​ ការងារ​ និង​ត្រៀម​លក្ខណ​សម្បត្តិ​ឱ្យ​បាន​ល្អ​ដើម្បី​ចូល​ទី​ក្នុង​ទីផ្សារ​ការងារ​ដោយ​ប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ​ និង​ជំនាញ​ទន់​។

កន្លងមក​បញ្ហា​គម្លាត​អាជីព​នេះ​ បាន​ក្លាយជា​បញ្ហា​មួយ​ដែល​គ្រប់​ភាគី​ទាំងអស់​កំពុង​យកចិត្ត​ទុកដាក់​ ខណៈ​ជំនាញ​ដែល​មាន​ទីផ្សារ​ខ្ពស់​ជាច្រើន​ត្រូវ​យុវជន​បោះបង់​មិន​ជ្រើសរើស​ ហើយ​ជ្រើសរើស​តែ​ជំនាញ​ណា​ដែល​មាន​មនុស្ស​សិក្សា​ច្រើន​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​ការងារ​មាន​ភាព​ចង្អៀត​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ការងារ​ផ្នែក​ខ្លះ​សល់​មនុស្ស​ច្រើន​ តែ​ទីផ្សារ​ការងារ​ខ្លះ​បែរជា​ខ្វះ​អ្នកជំនាញ​ទៅ​ធ្វើការ​ទៅវិញ​ ដែល​ពេលខ្លះ​ធ្វើ​ឱ្យ​អ្នក​មិនទាន់​មានការ​ងារ​ធ្វើ​ត្រូវ​បង្ខំចិត្ត​ធ្វើការងារ​ខុស​ជំនាញ​ជាដើម​។ ហេតុនេះ​ការ​ដោះស្រាយ​ និង​ការជំរុញ​ការអប់រំ​ពី​ការ​ជ្រើសរើស​ជំនាញ​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​៕

Advertisement