ការអប់រំ​កុមា​រតូចៗ​ជា​វិធី​ដ៏​សំខាន់​ដើម្បីអនាគត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ និង​សក្តា​នុ​ពល​

ការអប់រំ​កុមា​រតូចៗ​ មិនថា​នៅផ្ទះ​ ឬនៅ​សាលារៀន​ទេ​ គឺជា​រឿង​សំខាន់ណាស់​ដែល​អាណាព្យាបាល​គួរ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ពួកគេ​កំពុង​ស្ថិត​ក្នុង​វ័យ​ដែល​មាន​ថាមពល​ខួរក្បាល​ដ៏​អស្ចារ្យ​ និង​គ្មាន​ដែន​កំណត់​…គ្រាន់តែ​ថា​ ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍន៍​សមត្ថភាព​កុមារ​នេះ​ វា​ទាមទារ​ឱ្យ​អាណាព្យាបាល​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ លះបង់​ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​ទាំង​ក្នុង​ការ​ស្វែងយល់​ពី​ពួកគេ​។ ថ្ងៃនេះ​ កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​បាន​ធ្វើ​បទ​សម្ភាស​មួយ​ជាមួយ​លោកស្រី​ ម៉ក់​ វាសនា​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ “តារា​រះ​អាស៊ី​អាគ្នេយ៍​” ដែល​ផ្គត់ផ្គង់​សម្ភារ​សិក្សា​កុមារ​បែប​ថ្មី​ អំពី​ចំណុច​សំ​ខាន់​ៗមួយ​ចំនួន​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សមត្ថភាព​របស់​កុមារ​តូច​។

1. តើ​មូលហេតុ​អ្វី​ទើប​អាណាព្យាបាល​គួរ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បណ្តុះបណ្តាល​កុមារ​តាំងពី​វ័យ​តូច​?
ការ​បណ្តុះបណ្តាល​ និង​ការអប់រំ​កុមារ​ គួរ​ចាប់ផ្តើម​កាន់តែ​ឆាប់​ កាន់តែ​ល្អ​។ ជាពិសេស​ ក្មេង​តូច​ៗវ័យ​ក្រោម​3ឆ្នាំ​ ដោយសារ​មូលហេតុ​សំខាន់​ 2យ៉ាង​៖
មូលហេតុ​ទី1​ គឺ​សរសៃប្រសាទ​ខួរក្បាល​ក្មេង​តូច​ៗបន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​បន្ទាប់ពី​បាន​ប្រសូត​ពី​ផ្ទៃ​ម្តាយ​ សរសៃប្រសាទ​ទាំងនេះ​នឹង​តភ្ជាប់​គ្នា​តាមរយៈ​បទ​ពិសោធ​(ពាក្យសម្ដី​ សកម្មភាព​ រូបភាព​ ។ល) ដែល​មាតាបិតា​ និង​បុគ្គល​ជុំវិញ​ផ្តល់​ឱ្យ​។ ការ​តភ្ជាប់​គ្នា​នៃ​សរសៃប្រសាទ​ទាំងនេះ​នឹង​បង្កើន​សមត្ថភាព​ចងចាំ​និង​ភាព​ឆ្លាត​វាងវៃ​របស់​កុមារ​លើស​ពី​ការស្មាន​។ សូម​មាតាបិតា​ធ្វើការ​សង្កេតមើល​បុ​ត្រ​តូច​ៗរបស់​ខ្លួន​ ហើយ​ជឿជាក់​ចុះ​ថា​ ពួកគេ​ពិតជា​អាច​យល់​ និង​ចាប់​យក​បាន​នូវ​ភាសា​ សំឡេង​ និង​រូបភាព​ មិនថា​ទាំងអស់​នោះ​ជា​រឿង​សាមញ្ញ​ ឬស្មុគស្មាញ​នោះ​ទេ​។ ពិត​ណាស់​!កុមា​រតូចៗ​មិនទាន់​អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​បា​នភ្លាមៗ​តាម​ការ​ចង់បាន​របស់​មាតាបិតា​នោះ​ទេ​ក៏ប៉ុន្តែ​ពួកគេ​អាច​ទទួលយក​បទ​ពិសោធ​ និង​សមត្ថភាព​របស់​ពួកគេ​មក​បង្ហាញ​ ក៏ដូចជា​ប្រើប្រាស់​ក្នុង​ស្ថានភាព​ណាមួយ​នា​ពេល​អនាគត​បាន​។ សរសៃ​ប្រសាទ​ថ្មី​ៗទាំងនេះ​នឹង​កាត់បន្ថយ​បន្តិច​ម្តង​ៗនៅពេល​កុមារ​មាន​វ័យ​ធំឡើង​។

មូលហេតុ​ទី2​ គឺ​កុមា​រតូចៗ​ត្រូវ​បាន​គ្រប​ដណ្តប់​ ឬក៏​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ខួរក្បាល​ផ្នែក​ខាងស្តាំ​ (ផ្តោត​លើ​រូបភាព​ អារម្មណ៍​) ច្រើនលើស​លប់​ជាង​ខួរក្បាល​ផ្នែក​ខាងឆ្វេង​ (ភាសា​ ការពិចារណា​ តក្កវិជ្ជា​) ដូច្នេះ​ហើយ​បាន​ជាពួក​គេ​មិនទាន់​យល់​ពី​ហេតុផល​ ការទទួលខុសត្រូវ​ ឬការ​បកស្រាយ​អ្វី​ច្រើនជាង​ការ​ទាមទារ​ចំណាប់​អារម្មណ៍​ ការ​ថ្នាក់ថ្នម​ និង​បំពេញ​តែ​ចិត្ត​ពួកគេ​ខ្លួនឯង​នោះ​ទេ​ ប៉ុន្តែ​ដោយសារតែ​ហេតុផល​នេះ​ហើយ​ទើប​ការ​បង្វឹក​ហាត់​ការ​ចងចាំ​ និង​សមត្ថភាព​ពិសេស​របស់​ពួកគេ​ តាមរយៈ​រូបភាព​ ការស្រមើស្រមៃ​ការ​ច្នៃប្រឌិត​ មាន​ភាព​ងាយស្រួល​ខ្លាំង​ពេល​នៅជា​កុមារភាព​។

ហេតុ​ដូចនេះ​ ការ​ចាប់​ផ្តល់​បទ​ពិ​សោ​ធល្អ​ៗឱ្យ​កុមា​រតូចៗ​ គឺជា​ទម្លាប់​សំខាន់​មួយ​ក្នុង​ការចូលរួម​បង្កើន​សមត្ថភាព​ និង​សក្តា​នុ​ពល​របស់​ពួកគេ​។

2. ចុះ​អ្វីទៅ​ជា​បទ​ពិសោធ​ដែល​មាតាបិតា​គួរ​ផ្តល់​ឱ្យ​កុមារ​តូច​? តើ​លោកស្រី​អាច​ផ្តល់​ជា​ឧទាហរណ៍​ខ្លះ​ៗបានទេ​?
ក្រៅពី​ការ​បរិភោគ​ម្ហូបអាហារ​ដែល​មានប្រយោជន៍​ដល់​សុខភាព​ហើយ​ ការ​គេង​គ្រប់គ្រាន់​ ការ​លម្ហែ​កម្សាន្ត​សប្បាយ​ ការ​ធ្វើលំ​ហាត់ប្រាណ​ និង​បទ​ពិ​សោ​ធល្អ​ៗ គឺ​ជា​រឿង​ដែល​មាតាបិតា​គួរ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ផ្តល់​ឱ្យ​កុមា​រតូចៗ​ រួម​ទាំង​ការ​ប្រស្រ័យ​ទាក់ទង​រវាង​មាតាបិតា​ និង​បុ​ត្រ​ធិ​តា​ ការ​បណ្តុះបណ្តាល​នៅ​សាលារៀន​ការប្រៀនប្រដៅ​ និង​អប់រំ​បន្ថែម​នៅផ្ទះ​ទៀតផង​។

ចំណុច​ទី1​ គឺ​ការ​ប្រស្រ័យ​ទាក់ទង​រវាង​មាតាបិតា​ និង​បុ​ត្រ​ធិ​តា​៖ ពាក្យពេចន៍​ផ្អែមល្ហែម​ ការ​និយាយលើក​ទឹកចិត្ត​ ការ​ថ្នាក់ថ្នម​ បបោសអង្អែល​ ដែល​មាតាបិតា​និយាយ​ និង​ធ្វើ​ដាក់​បុ​ត្រ​ធិ​តា​របស់​ខ្លួន​សុទ្ធតែ​អាច​ជួយ​រំញោច​ និង​តភ្ជាប់​ប្រព័ន្ធ​សរសៃប្រសាទ​ទាំង​ចាស់​ និង​ថ្មី​របស់​ពូក​គេ​ឱ្យ​ប្រសើរ​ទ្បើង​ទាំងអស់​។ ការ​ចំណាយ​ពេលវេលា​ស្តាប់​ និង​ឆ្លើយតប​នឹង​សំនួរ​ ឬការ​ហៅ​របស់​ពួកគេ​ អាច​ជួយ​បង្កើន​ទំនុកចិត្ត​ និង​ជំរុញ​ឱ្យ​ពួកគេ​ក្លាហាន​ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។សូម​មាតាបិតា​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​លើ​ការ​សួរ​ឬការ​ហៅ​របស់​បុ​ត្រ​ធិ​តា​របស់​ខ្លួន​ មិនថា​ពួកគេ​នៅ​តូច​ប៉ុនណា​ក៏ដោយ​ ព្រោះ​បើ​ខ្វះខាត​ទង្វើ​ទាំងនេះ​ វា​អាច​នឹង​ធ្វើ​ឱ្យ​ពួកគាត់​បាក់ទឹកចិត្ត​ ខ្វះ​ជំនឿ​ចិត្ត​ និង​យល់​ខុសពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ក្នុង​គ្រួសារ​ និង​សង្គម​។ បន្ថែម​លើ​នេះ​ទៀត​ ការ​ចេះ​បង្ហាញ​ពី​ការ​មាន​អធ្យាស្រ័យ​ ចេះ​យោគយល់​ និង​ធ្វើជា​គំរូ​ល្អ​ឱ្យ​ពួកគេ​ឃើញ​ពី​ទំនាក់ទំនង​ដែល​មាតាបិតា​មាន​ ឬបាន​ធ្វើ​ជាមួយ​ពួកគេ​ ក៏ដូចជា​អ្នកដទៃ​ដែរ​នោះ​ គឺជា​ការ​ផ្តល់​នូវ​រូប​ភា​ពល្អៗ​នៃ​ទំនាក់ទំនង​រវាង​សមាជិក​គ្រួសារ​ និង​រវាង​អ្នក​នៅ​ជុំវិញ​ខ្លួន​។

ចំណុច​ទី2​ គឺ​ការ​បណ្តុះបណ្តាល​នៅ​សាលារៀន​៖ការអប់រំ​នៅ​សាលារៀន​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ និង​ការសម្រប​សម្រួល​ខ្លួន​ជាមួយនឹង​បរិស្ថាន​ថ្មី​ដែល​ខុសពី​នៅផ្ទះ​របស់​ខ្លួន​ ដើម្បី​ត្រៀមខ្លួន​ជា​បណ្តើរ​ៗក្នុង​ការរស់នៅ​ដោយ​ឯករាជ្យ​ជាមួយនឹង​ជំនឿ​ចិត្ត​ខ្ពស់​។ ហេតុនេះ​ហើយ​ ការ​ស្វែងយល់​អំពី​សាលារៀន​គឺជា​បញ្ហា​សំខាន់ណាស់​ មុននឹង​មាតាបិតា​សម្រេចចិត្ត​បញ្ជូន​បុ​ត្រ​ធិ​តា​ឱ្យទៅ​សិក្សា​នៅ​សាលា​ណាមួយ​។ ក្នុង​ន័យ​នេះ​កត្តា​មួយចំនួន​ដែល​អាណាព្យាបាល​គួរ​យក​មក​ធ្វើជា​ធាតុផ្សំ​ក្នុង​ការសម្រេច​ចិត្ត​ក្នុង​រឿង​នេះ​មាន​ដូចជា​ បរិយាកាស​ សុ​វត្តិភាព​នៃ​បរិវេណ​ ឬឧបករណ៍​របស់​សាលា​ អនាម័យ​ម្ហូបអាហារ​សម្រាប់​ក្មេង​ដែល​សម្រាក​នៅ​សាលា​ ប្រវត្តិ​របស់​សាលា​ វិន័យ​របស់​សាលា​ គុណភាព​របស់​សាលា​ដែល​រួមបញ្ចូល​ទាំង​កម្មវិធី​សិក្សា​ ឧបករណ៍​ជំនួយ​សមត្ថភាព​ និង​បទ​ពិសោធ​របស់​គ្រូបង្រៀន​ និង​តម្លៃ​សិក្សា​ទៅតាម​លទ្ធភាព​នៃ​គ្រួសារ​នីមួយ​។ ទាំងអស់​នេះ​ គឺ​ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ថា​ បុ​ត្រ​ធិ​តា​របស់​លោកអ្នក​ពិតជា​បាន​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ប្រាកដ​មែន​។

ចំណុច​ទី3​ ការអប់រំ​បន្ថែម​នៅផ្ទះ​៖ មាតាបិតា​ជា​អ្នកបង្រៀន​កូន​ឱ្យ​ចេះនិយាយ​ ដើរ​ រត់​ គោរព​ចាស់ទុំ​ទៅ​តាម​វិវឌ្ឍនាការ​នៃ​វ័យ​របស់​បុ​ត្រ​ធិ​តា​របស់​ខ្លួន​។ ទាំង​នាងខ្ញុំ​ទាំង​គេ​មានចិត្ត​រំភើប​ណាស់​នៅពេល​ឮកូន​តូច​ៗរបស់​ខ្លួន​ចេះនិយាយ​ ជាពិសេស​ គឹ​ពាក្យ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ​។ ហើយក៏​សប្បាយចិត្ត​នៅពេល​ឃើញ​ពួកគេ​លូតលាស់​ទាំង​រូបរាងកាយ​ និង​បញ្ញា​និង​ទទួល​បានការ​អប់រំ​ល្អ​ត្រឹមត្រូវ​នៅ​ឯសាលា​រៀន​។ក៏ប៉ុន្តែ​ មាតាបិតា​អាច​នឹង​មិន​ត្រឹមតែ​សប្បាយចិត្ត​នោះ​ទេ​ ថែមទាំង​មាន​មោទនភាព​ចំពោះ​បុ​ត្រ​ធិ​តា​របស់​ខ្លួន​ដែល​ប្រកប​ដោយសក្តានុពល​ខ្ពស់​ទៀតផង​ ប្រសិនបើ​មាតាបិតា​អាច​ប្រឹងប្រែង​ធ្វើការ​អប់រំ​បន្ថែម​នៅ​ផ្ទះ​ទៅ​ឱ្យ​ពួកគេ​ ជាពិសេស​បុ​ត្រ​ធិ​តា​តូច​ៗ ពីព្រោះ​ការអប់រំ​បន្ថែម​នៅផ្ទះ​អាច​ជួយ​ពង្រឹង​សមត្ថភាព​ផ្នែក​បញ្ញា​និង​ស្មារតី​ (តាមរយៈ​ការ​បញ្ជ្រាប​ការអប់រំ​អំពី​គុណ​តម្លៃ​ក្នុង​ការរស់នៅ​) បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​មាតា​បិតា​ និង​បុ​ត្រ​ធិ​តា​ ដែល​អាច​ឱ្យ​មាតាបិតា​ក្លាយជា​មិត្ត​ជាទី​ទុកចិត្ត​របស់​បុ​ត្រ​ធិ​តា​ខ្លួន​ក្នុង​ការពិភាក្សា​បញ្ហា​តូច​ ឬធំ​ដែល​ពួកគេ​ជួបប្រទះ​។ គុណប្រយោជន៍​នៃ​ការ​បើកចំហ​ការពិភាក្សា​នេះ​នឹង​នាំ​ឱ្យ​មាតាបិតា​ស្គាល់​និង​យល់​ពី​បុ​ត្រ​ធិ​តា​របស់​ខ្លួន​បាន​ច្រើន​ និង​អាច​ជួយ​ផ្តល់​ជាម​តិ​យោ​បល់​ល្អ​ៗក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​។

3. ថ្មី​ៗនេះ​លោកស្រី​បាន​ផ្សព្វផ្សាយ​អំពី​សម្ភារ​សិក្សា​ភាសាអង់គ្លេស​បែប​ថ្មី​ដែល​នាំចូល​ពី​បរទេស​តើ​សម្ភារ​ទាំងនោះ​អាច​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​កុមារ​យ៉ាងដូច​ម្តេច​ដែរ​?
ដើម្បី​ឆ្លើយតបទៅនឹង​បញ្ហា​កង្វះខាត​ពេលវេលា​ និង​សម្ភារ​សិក្សា​ដែល​មាន​លក្ខណៈ​អប់រំ​ជា​ប្រព័ន្ធ​ សម្រាប់​កុមា​រតូចៗ​ ក្រុមហ៊ុន​នាងខ្ញុំ​បាន​នាំចូល​សម្ភារ​សិក្សា​ភាសា​បែប​ថ្មី​សម្រាប់​ជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើ​សផ្សេង​ៗទៀត​ដើម្បី​ជា​ជំនួយ​ដល់​មាតាបិតា​ក្នុង​ការអប់រំ​កុមា​រតូចៗ​អាយុ​ពី​ 3 ទៅ​ 8ឆ្នាំ​បន្ថែម​នៅផ្ទះ​។ វា​ជា​ប្រភេទ​សៀវភៅ​អង់គ្លេស​ដែល​អាច​ប្រើប្រាស់​ជាមួយ​ប៊ិច​អាន​ (Walter​ 3) ដោយ​អាច​ប្តូរ​ភាសា​អង់គ្លេស​ និង​ចិន​។ វា​ត្រូវ​បាន​គេ​រៀបរៀង​ទ្បើង​ដោយ​យកចិត្ត​ទុកដាក់​ដោយ​អ្នកជំនាញ​អប់រំ​ដែល​មាន​បទ​ពិសោធ​យូរឆ្នាំ​។ ដៃគូ​របស់​យើង​ឈ្មោះ​ ETL​ Learning​ ជា​បុត្រ​សម្ព័ន្ធ​របស់​ Time​ Publishing​ Group​ ដែល​ជា​ក្រុមហ៊ុន​បោះពុម្ព​ផ្សាយ​ដ៏​ល្បី​មួយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ ETL​ Learning​ កំពុង​មានដៃ​គូ​ប្រហែល​20ប្រទេស​ទូទាំង​ពិភពលោក​។ សម្ភារ​សិក្សា​ទាំងនេះ​មាន​ 5ឈុត​ ដែល​មាតាបិតា​អាច​ជ្រើសរើស​យក​ឈុត​ណាមួយ​ក៏បាន​ ដែល​សុទ្ធតែ​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ពួកគាត់​ទាំងអស់​។

ឈុតទី1​៖ A Child’s​ First​ Library​ of​ Learning​៖វា​ជា​បណ្ណាល័យ​ដំបូង​គេ​សម្រាប់​កុមារ​ដែល​គ្រប​ដណ្តប់​លើ​ប្រធានបទ​ធំ4​ គឺ​ជីវិត​ វិទ្យាសាស្ត្រ​ ធម្មជាតិ​ និង​ពិភពលោក​យើង​។ វា​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ទូទៅ​ តាមរយៈ​សំណួរ​ និង​ចម្លើយ​ ដែល​បង្ហាញ​តាមរយៈ​រូបភាព​ចម្រុះ​ពណ៌​ ប្លែក​ៗ ដែល​អាច​ទាក់​ទា​ញក្មេងៗ​ឱ្យ​ចូលចិត្ត​មើល​ និង​រៀន​ ជាមួយ​ប៊ិច​អាន​ (talking​ pen​) ដែល​អាច​បន្លឺ​សំឡេង​អាន​របស់​អ្នកជា​ភាសា​ដើម​បាន​យ៉ាង​ច្បាស់​។ វា​ក៏​ជួយ​បង្កើត​នូវ​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ និង​ស្រឡាញ់​ការសិក្សា​ ផ្តល់​នូវ​វាក្យស័ព្ទ​សម្បូរ​បែប​ និង​អាច​បង្រៀន​ឱ្យ​កុមារ​ចេះ​ស្វែងរក​ព័ត៌មាន​ និង​ចេះ​ផ្ចង់​អារម្មណ៍​។

ឈុតទី2​៖ English​ Time​៖ ឈុត​នេះ​ជា​បណ្តុំ​សៀវភៅ​ដែល​បង្រៀន​អំពី​ជំនាញ​ភាសាអង់គ្លេស​បាន​យ៉ាង​ច្បាស់លាស់​។ វា​អាច​ជួយ​ឱ្យ​កុមា​រតូចៗ​សប្បាយរីករាយ​ផង​ និង​ទទួល​បាន​ចំណេះដឹង​ខាង​ផ្នែក​ភាសា​ផង​ទាំង​អក្សរ​ លេខ​ សញ្ញាណ​គណិតវិទ្យា​ គ្រួសារ​ សម្លៀកបំពាក់​ រដូវ​កាល​ ទីកន្លែង​ (ផ្ទះ​ សាលា​រៀន​ ផ្សារ​ ទីកម្សាន្ត​ សួនសត្វ​ រោងភាពយន្ត​ និង​ទីក្រុង​-ល-) មធ្យោបាយ​ធ្វើដំណើរ​ និង​ពណ៌​។ល។

ឈុតទី3​៖ Early​ Learning​ Program​៖ ផ្នែក​នេះ​ជាផ្នែក​ដែល​បណ្តុះ​ជំនាញ​ជា​មូលដ្ឋាន​សម្រាប់​កុមារ​។ តាមពិត​ទៅ​ក្មេង​ៗគួរតែ​ទទួល​បានការ​បង្ហាត់​បង្ហាញ​ពី​ជំនាញ​មូលដ្ឋាន​ដំ​បូងៗ​ច្រើនណាស់​ដែល​យើង​មិនបាន​ចាប់អារម្មណ៍​។ ក្នុង​នោះ​រួមមាន​តាំងពី​ជំនាញ​លេខ​ អក្សរ​ ពណ៌​ ពេលវេលា​ ជំនាញ​ក្នុង​ការបង្កើត​អ្វី​ដែល​ថ្មី​ៗ ការស្រមើស្រមៃ​ ការ​ដោះស្រាយ​បញ្ហា​ ការ​គិត​បែប​ស៊ីជម្រៅ​ (critical​ thinking​) និង​ social​ &​;emotional​ skills​ ជាដើម​។

ឈុតទី4​៖ Learning​ Math​ with​ Albert​៖ ឈុត​នេះ​បង្រៀន​អំពី​គណិតវិទ្យា​តាមវិធី​សាស្ត្រ​ប្រទេស​សិង្ហបុរី​ ជា​ក្បួន​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ មានប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ក្មេង​ឆាប់​យល់ដឹង​ ចេះ​ និង​ចូលចិត្ត​គណិតវិទ្យា​។

ឈុតទី5​៖ A Child’s​ First​ Library​ of​ Values​៖ នៅក្នុង​ផ្នែក​នេះ​មាន​សៀវភៅរឿង​និទាន​ 15ក្បាល​ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ខាង​គុណ​តម្លៃ​នៃ​ការរស់នៅ​ ដើម្បី​ឱ្យ​ក្មេង​បានដឹង​ និង​យល់​ពី​តម្លៃ​នៃ​ការ​បើក​ចិត្ត​ឱ្យ​ទូលាយ​ ចេះ​ចែករំលែក​ ទទួលស្គាល់​ពី​ភាព​ខុសគ្នា​ រួម​ទាំង​ផ្នែក​សំ​ខាន់​ៗជាច្រើន​ដែល​បណ្តុះ​ផ្នត់គំនិត​ និង​សីលធម៌​របស់​កុមារ​តូច​។

4. ​ជាចុងក្រោយ​តើ​លោកស្រី​មាន​មតិ​ ឬយោបល់​យ៉ាងណា​ខ្លះ​សម្រាប់​អាណាព្យាបាល​ ឬឪពុក​ម្តាយ​ទាំងឡាយ​?
នាងខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អាណាព្យាបាល​ទាំងអស់​ចំណាយពេល​វេលា​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ជា​មួ​យកូនៗ​ ជាពិសេស​គឺ​កូន​តូច​ៗ ព្រោះ​ការ​ផ្តល់​ភាព​កក់ក្តៅ​ ការបង្កើត​ភាព​ស្និទ្ធស្នាល​ និង​ការ​អភិវឌ្ឍ​ពួកគេ​តាមរយៈ​ការអប់រំ​បន្ថែម​នៅផ្ទះ​ គឺ​អាច​ជួយ​បង្កើន​សក្តា​នុ​ពល​ជោគជ័យ​ ទាំង​ផ្នែកការ​សិក្សា​ ការងារ​ ទំនាក់ទំនង​ល្អ​ក្នុង​គ្រួសារ​ និង​មនុស្ស​ជុំវិញ​ខ្លួន​ និង​សុខភាព​ខាង​ស្មារតី​ដោយ​ផ្ទាល់​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​បង្កើន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ខ្ពស់​សម្រាប់​ប្រទេសជាតិ​ដោយប្រយោល​ទៀតផង​៕

Advertisement