ប្រជាជន​គ្មាន​ជំនាញ​ គួរ​ងាក​មក​ចាប់​ជំនាញ​ឱ្យ​បាន1យ៉ាងតិច​ដើម្បី​កែប្រែ​វាសនា​ផ្ទាល់ខ្លួន​ និង​សង្គម​

បញ្ហា​ធនធានមនុស្ស​នៅ​កម្ពុជា​ ជា​រឿង​ដ៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​កំពុង​ត្រូវការ​អ្នកជំនាញ​ដើម្បី​បម្រើការ​ងារ​លើ​គ្រប់​វិស័យ​ទាំងអស់​មិនថា​ កសិកម្ម​ ឧស្ស​ហក​ម្ម​ ឬទេសចរណ៍​នោះ​ទេ​។ វា​ជា​ចំណុច​វិជ្ជមាន​ កម្ពុជា​មាន​យុវជន​ច្រើន​ តែ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​គឺ​ធនធានមនុស្ស​របស់​យើង​ភាគច្រើន​មិនសូវ​មាន​ជំនាញ​ដែល​ធ្វើ​ឱ្យ​យើង​លំបាក​ក្នុង​ការ​អភិវឌ្ឍ​។

ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​តម្រូវការ​ផ្នែក​កម្លាំង​ពលកម្ម​ក្នុង​ឧស្សាហកម្ម​ការងារ​មាន​ភាព​ប្រែប្រួល​ ព្រោះ​ពីមុន​គេ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​លើ​វិស័យ​កសិកម្ម​ដូចជា​ដក​ស្ទូង​ ឬច្រូតកាត់​ជាដើម​ តែ​បច្ចុប្បន្ន​នេះ​គឺ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ជំនួស​កម្លាំង​មនុស្ស​ ហេតុនេះ​មនុស្ស​ត្រូវតែ​ចេះ​គ្រប់គ្រង​ និង​ជួសជុល​។ ប្រសិនបើ​ប្រជាជន​មិនព្រម​ចាប់​យក​ជំនាញ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​ទេ​ ពួកគាត់​អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​ការងារ​។ ផ្ទុយទៅវិញ​ប្រសិនបើ​យុវជន​ ដែល​មិនទាន់​មាន​ជំនាញ​ចាប់ផ្តើម​ចូល​សាលា​បណ្តុះបណ្តាល​ ហើយ​មាន​ជំនាញ​ច្បាស់លាស់​ នោះ​យើង​នឹងអាច​ចាប់​យក​ឱកាស​ជាច្រើន​ដែល​អាច​រក​ប្រាក់ចំណូល​ច្រើន​ និង​មាន​ភាព​ងាយស្រួល​ជាង​មុន​។

ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “ប្រជាជន​ដែល​ធ្លាប់​ជា​កម្មករ​គ្មាន​ជំនាញ​កាលពី​មុន​ អាច​ងាក​មក​រៀន​ជំនាញ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​នៅពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​ឥឡូវ​យើង​មាន​សាលា​បណ្តុះបណ្តាល​ច្រើន​ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​អាច​ចូល​មក​សិក្សា​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បាន​”។

ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​ជំរុញ​ផង​ដែរ​ដល់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់​គួរ​ព្យាយាម​ប្រឹងប្រែង​បណ្តុះ​ជំនាញ​ និង​សមត្ថភាព​ឱ្យ​គ្រប់គ្រាន់​ទាំង​បរិមាណ​ និង​គុណភាព​ ដើម្បី​បង្កើត​ភាព​ប្រកួតប្រជែង​ហើយ​អាច​ឆ្លើយតប​បាន​ជាមួយ​តម្រូវការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុម​-ហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​បាន​និយាយ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យក្មេង​ច្រើន​ តែ​អ្វី​ដែល​ជា​កត្តា​ប្រឈម​សម្រាប់​ប្រទេស​យើង​គឺ​យើង​សម្បូរ​ដោយ​ធនធានមនុស្ស​គ្មាន​ជំនាញ​ ឬមាន​ជំនាញ​តិចតួច​។ ហេតុនេះ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ និង​សម្រាប់​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។ ក្រៅពី​នេះ​ យើង​ក៏​ត្រូវ​ព្យាយាម​អភិវឌ្ឍ​ទាំង​ផ្នែក​រឹង​ និង​ផ្នែក​ទន់​ មានន័យថា​ត្រូវ​អភិវឌ្ឍ​ទាំង​ជំនាញ​វិជ្ជាជីវៈ​ និង​ជំនាញ​ទន់​ដើម្បី​ធានា​ថា​ពួកគេ​អាច​ធ្វើការងារ​ជាមួយគ្នា​បាន​ល្អ​ ជាពិសេស​ការ​ធ្វើការងារ​ជា​ក្រុម​ជាដើម​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​ចំណុច​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​កម្ពុជា​។ កន្លងមក​អ្នក​វិនិយោគ​តែងតែ​លើកឡើង​ស្រដៀងគ្នា​ពី​កង្វះខាត​ជំនាញ​ និង​បញ្ហា​គុណភាព​ធនធានមនុស្ស​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​បន្ថែម​ក្នុង​ការ​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​”។

អ្នកគ្រប់គ្រង​គ្រឹះស្ថាន​អប់រំ​ខាងលើ​ បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​ធនធានមនុស្ស​ក្នុងចំណោម​ប្រជាជន​វ័យក្មេង​ដ៏​ច្រើនលើស​លប់​របស់​យើង​មាន​សមត្ថភាព​វិជ្ជាជីវៈ​កាន់តែ​ច្រើន​ នោះ​សង្គម​របស់​យើង​នឹង​អាច​ទាក់ទាញ​ការ​វិ​នយោ​គបាន​កាន់តែ​ល្អ​ផង​ដែរ​។ ក្រៅពី​នេះ​វា​ក៏​ជា​ការ​ចាប់ផ្តើម​ក្នុង​ការ​ឈាន​ម្តង​មួយ​ជំ​ហាន​ៗ ទៅកាន់​ការប្រកួត​ប្រជែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ​ដែរ​ គឺ​ឈាន​ពី​មិន​មាន​ជំនាញ​ ទៅ​មាន​ជំនាញ​ និង​ឈាន​ពី​មាន​ជំនាញ​បច្ចេកទេស​ ទៅជា​អ្នក​យល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ និង​ជំនាញ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ទៀត​ដែល​អាច​ផ្លាស់​ប្តូរ​ទាំង​វាសនា​ផ្ទាល់​ខ្លួន​ និង​អនាគត​របស់​សង្គម​របស់​យើង​៕

Advertisement