យុវតី​មួយ​រូប​បង្ហាញ​គន្លឹះ​យកឈ្នះ​ឧបសគ្គ​ដើម្បី​ចាប់​យក​ឱកាស​អាហារូបករណ៍​ទៅ​ជប៉ុន​

ការ​ប្រឡងជាប់​អាហារូបករណ៍​ទៅក្រៅ​ប្រទេស​ គឺជា​ឱកាស​ប្រកប​ដោយសក្តានុពល​ និង​មោទនភាព​មួយ​សម្រាប់​ជីវិត​សិស្ស​និស្សិត​។ ជាទូទៅ​អាហារូបករណ៍​នៅ​កម្ពុជា​ភាគច្រើន​ផ្តល់​ឱកាស​ដល់​និស្សិត​កម្រិត​មហាវិទ្យាល័យ​ តែ​នៅ​ថ្ងៃ​ នេះ​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ សូម​ទាញ​ចំណាប់​អារម្មណ៍​មក​ឈ្វេង​យល់​ពី​ការ​ប្រឡង​អាហារូបករណ៍​កម្រិត​វិទ្យាល័យ​វិញ​ម្តង​។ ដើម្បី​បង្ហាញ​ពី​បទ​ពិសោធ​ និង​ចំណុច​សំ​ខាន់​ៗដើម្បី​ជោគជ័យ​ក្នុង​ការ​ចាប់​យក​ឱកាស​អាហារូបករណ៍​ទៅ​ប្រទេស​ជប៉ុន​ក្នុង​កម្រិត​វិទ្យាល័យ​ កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ បាន​ជួប​សម្ភាស​ជាមួយ​យុវតី​ សុខ​ សូ​វី​នាថ​ ជា​សិស្ស​ថ្នាក់​ទី11​ នៃ​សាលារៀន​ វ៉េស​ឡាញ​ ដែល​បាន​ជាប់​អាហារូបករណ៍​ ASIA​ KAKEHASHI​ Scholarship​ 2019​ ទៅ​ប្រទេស​ជប៉ុន​។

1. តើ​មូលហេតុ​អ្វី​បាន​ជា​ប្អូន​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​ ASIA​ KAKEHASHI​ Scholarship​ នេះ​?
មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​នេះ​ ដោយសារតែ​កន្លងមក​ខ្ញុំ​ឃើញ​ឱកាស​ច្រើន​សម្រាប់​និស្សិត​មហាវិទ្យាល័យ​ ហើយ​មិន​សូវ​មាន​អាហារូបករណ៍​ក្រៅប្រទេស​សម្រាប់​វិទ្យាល័យ​នោះ​ទេ​ ហេតុនេះ​វា​ជា​ឱកាស​ដ៏​កម្រ​មួយ​ដែល​ខ្ញុំ​ត្រូវតែ​ចាប់​យក​។ ក្រៅពី​នេះ​ខ្ញុំ​ធ្លាប់​ស្រមៃ​ថា​ចង់​ប្រឡង​អាហារូបករណ៍​ទៅក្រៅ​ប្រទេស​តាំងពី​នៅ​ក្មេង​ៗ ព្រោះ​ជីវិត​ជា​អ្នករៀន​មិនមែន​រៀន​តែមួយ​កន្លែង​ចប់​នោះ​ទេ​ តែ​យើង​ត្រូវការ​សិក្សា​បន្ត​រហូត​។

ម្យ៉ាងវិញទៀត​ខ្ញុំ​ធ្លាប់​ឃើ​ញប៉ា​របស់ខ្ញុំ​ក៏​ធ្លាប់ទៅ​ធ្វើការងារ​នៅ​ជប៉ុន​ដែរ​ ហេតុនេះ​គាត់​បាន​យក​បទ​ពិសោធ​ពីជ​ប៉ុន​នោះ​មក​ប្រាប់​ខ្ញុំ​ តែ​ពីមុន​ខ្ញុំ​គិតថា​ប្រហែលជា​ទាល់តែ​ចប់​ថ្នាក់​ទី12សិន​ទើប​អាច​ទៅ​បាន​ តែ​ពេលនេះ​ឱកាស​គឺ​បាន​មកដល់​មុន​ការ​រំពឹង​ទុក​ ហេតុនេះ​ខ្ញុំ​ត្រូវតែ​ចាប់​យក​។

2. តើ​កម្មវិធី​នេះ​ត្រូវ​បាន​គេ​រៀបចំ​យ៉ាងដូច​ម្តេច​? ហើយ​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​ប៉ុន្មាន​វគ្គ​?
កម្មវិធី​នេះ​ គឺ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ រវាង​យុវជន​មក​ពី​ទូទាំង​ពិភពលោក​ជាមួយនឹង​ប្រជាជន​នៅ​ប្រទេស​ជប៉ុន​។ នៅ​ទីនោះ​យើង​អាច​មាន2​ ជម្រើស​គឺ​អាច​ស្នាក់នៅ​ជាមួយ​គ្រួសារ​របស់​ជនជាតិ​ជប៉ុន​ ឬស្នាក់នៅ​អន្តេវាសិក​ដ្ឋាន​ក្នុង​សាលា​ ក្នុងរយៈពេល​មួយ​ដើម្បី​ផ្លាស់​ប្តូរ​ និង​ស្វែងយល់​ពី​វប្បធម៌​ ការរស់នៅ​ របៀបរបប​អប់រំ​ និង​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​។ ក្រៅពី​នេះ​ យើង​ក៏​ត្រូវ​ចែករំលែក​ពី​វប្បធម៌​ និង​បទ​ពិសោធ​ផ្សេង​ៗពី​កម្ពុជា​ដល់​ពួកគេ​ផង​ដែរ​។ កម្មវិធី​នេះ​ផ្តល់​នូវ​ផល​វិជ្ជមាន​ជាច្រើន​ ព្រោះ​មិន​ត្រឹមតែ​ឱ្យ​យើង​អាច​ស្វែងយល់​ពីគ្នា​ទេ​ តែ​វា​ក៏​ជា​ពេល​ដ៏​ល្អ​ក្នុង​ការបង្កើត​ទំនាក់ទំនង​យូរអង្វែង​ ព្រោះ​ពួក​យើង​ជា​សិស្ស​វិទ្យាល័យ​ ហេតុនេះ​យើង​មាន​ពេល​យូរ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ល្អ​។

ចំពោះ​លក្ខខណ្ឌ​វិញ​ គឺ​បេក្ខជន​ត្រូវតែ​ជា​អ្នក​កើត​នៅចន្លោះ​ឆ្នាំ​ 2001​ ដល់​ឆ្នាំ​ 2003​ ហើយ​ការ​ជម្រុះ​វិញ​គឺ​ ដំបូង​ឡើយ​ត្រូវ​ដាក់ពាក្យ​តាម​អន​ឡាញ​ ហើយ​ក្រោយ​ពេល​ដឹង​លទ្ធផល​គេ​នឹង​ទាក់ទង​ឱ្យទៅ​សម្ភាស​។ ក្រោយពី​សម្ភាស​ជាប់​ យើង​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ផ្សេងទៀត​គឺ​ត្រូវ​បង្ហាញ​ពី​ពិន្ទុ​ល្អ​ក្នុង​សាលា​ និង​ព័ត៌មាន​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​អត្តចរិត​ ឬជំនាញ​ដែលគេ​ត្រូវការ​ មុននឹង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ជាប់​អាហារូបករណ៍​នេះ​។

3. តើ​កន្លងមក​ប្អូន​ធ្លាប់​ដាក់ពាក្យ​ទៅ​ប្រឡង​អាហារូបករណ៍​ទៅក្រៅ​ប្រទេស​ដែរ​ឬទេ​?
កន្លងមក​ខ្ញុំ​ធ្លាប់​ដាក់ពាក្យ​ប្រឡង​អាហា​រូប​ករណ៍​ខ្លះ​ៗដែរ​ ហើយ​ឆ្នាំមុន​នេះ​ផ្ទាល់​ខ្ញុំ​ក៏​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​ ASIA​ KAKEHASHI​ Scholarship​ នេះ​ដែរ​តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ​។ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ សោក​ស្តាយ​ខ្លាំង​ ព្រោះ​ខ្ញុំ​ធ្លាក់​នៅ​ជុំ​ចុងក្រោយ​។ ពេលនោះ​គឺ​បាន​ឡើង​ដល់កន្លែង​ខ្ពស់​ដែរ​ ហេតុនេះ​ពេល​ធ្លាក់ចុះ​គឺ​វា​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លាំង​ដែរ​ តែ​ខ្ញុំ​នៅតែ​គិត​ត្រឡប់មកវិញ​ថា​ ខ្ញុំ​មាន​បទ​ពិសោធ​ជា​មូលដ្ឋាន​ហើយ​ទើប​អាច​ឈាន​ដល់​ដំណាក់កាល​នេះ​ ហើយ​ខ្ញុំ​ក៏បាន​ខិតខំ​ប្រឹងប្រែង​រហូតដល់​ដំណាក់កាល​ស្ទើរតែ​ជោគជ័យ​ហើយ​ ហេតុនេះ​គ្មាន​ហេតុផល​អ្វី​ដែល​ខ្ញុំ​ត្រូវ​បោះបង់​នោះ​ទេ​។ ដោយ​មូលហេតុ​នេះ​ទើប​នៅ​ឆ្នាំនេះ​ខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​ជាថ្មី​ និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូច​ថ្ងៃនេះ​។

4. ផ្តើម​ចេញពី​បទ​ពិសោធ​នេះ​ តើ​ប្អូន​មានការ​យល់ឃើញ​ ឬគំនិត​អ្វីខ្លះ​ដើម្បី​ចែករំលែក​ដល់​សិស្ស​ដទៃទៀត​ដែល​មិនទាន់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​?
សម្រាប់​អ្នកដាក់ពាក្យ​ប្រកួតប្រជែង​យក​អាហារូបករណ៍​ គឺ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពីសា​រៈសំ​ខាន់​នៃ​កម្មវិធី​ដែល​យើង​ដាក់​នេះ​ថា​ តើ​វា​មាន​សារៈសំខាន់​ប៉ុនណា​សម្រាប់​ជីវិត​យើង​។ ប្រសិនបើ​វា​សំខាន់​ខ្លាំង​ យើង​មិន​គួរ​បោះបង់​វា​ដោយ​ងាយស្រួល​នោះ​ទេ​។ ប្រសិនបើ​យើង​ធ្លាក់​ ហើយ​យើង​បិទ​ឱកាស​ខ្លួនឯង​មិន​ឱ្យ​ប្រឹងប្រែង​បន្ត​ នោះ​ការ​ខិតខំ​ប្រឹងប្រែង​កន្លងមក​របស់​យើង​នឹង​ក្លាយជា​អាសាបង់​ ព្រោះ​យើង​ឈានជើង​បាន​ច្រើន​ជំហាន​ហើយ​បែរជា​ឈប់​ទៅវិញ​។

ម្យ៉ាងវិញទៀត​ ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​ការ​ដាក់​អាហារូបករណ៍​នោះ​ខ្លាំង​ យើង​នឹង​នៅតែ​មាន​ទឹកចិត្ត​រហូត​ដើម្បី​បន្ត​ខិតខំ​។ ប្រសិនបើ​យើង​បោះបង់​មានន័យថា​យើង​អាច​មិន​ស្រឡាញ់​វា​ពិតប្រាកដ​នោះ​ទេ​ ហើយ​យើង​ក៏​មិន​អាច​បំពេញ​ចន្លោះប្រហោង​ដើម្បី​សម្រេច​វា​បាន​ជា​រៀង​រហូត​។

5. តើ​កន្លងមក​ប្អូន​ធ្លាប់​មានរឿង​ដែល​វាយប្រហារ​ខ្លាំង​ រហូតដល់​អស់សង្ឃឹម​ក្នុង​ការ​ប្រឡង​អាហារូបករណ៍​ដែរ​ទេ​? ពេលនោះ​ប្អូន​ដោះស្រាយ​បែប​ណា​?
តាមពិត​ទៅ​ខ្ញុំ​ធ្លាប់​ទទួលការ​វាយប្រហារ​ខ្លាំង​ដែរ​ នោះ​គឺ​ការសិក្សា​។ ដោយសារតែ​ថ្នាក់​កាន់តែ​ធំ​ មេរៀន​កាន់តែ​ស្មុគស្មាញ​ ហើយ​កិច្ចការ​ផ្ទះ​កាន់តែ​ច្រើន​ ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ថា​ ស្ត្រេស​ខ្លាំង​ ហើយ​ធ្លាប់​គិត​ចង់​បោះបង់​។ កាលនោះ​ខ្ញុំ​គិតថា​ប្រហែលជា​ត្រូវ​ចាប់​មួយ​មុ​ខៗ​ឱ្យ​ជាប់​ គឺ​ប្រឹងរៀន​នៅក្នុង​សាលា​ឱ្យ​ខ្លាំង​សិន​ទៅ​ ចាំ​ចប់​ថ្នាក់​ទី12​ ចាំ​ប្រឹងប្រែង​យក​អាហារូបករណ៍​ តែ​ក្រោយមក​ខ្ញុំ​ចាប់ផ្តើម​គិតជា​ថ្មី​ថា​ បើ​ខ្ញុំ​ឈប់​ គឺ​ប្រៀប​បីដូច​ជា​បិទ​ឱកាស​ខ្លួនឯង​ដូច្នោះ​ដែរ​។ ហេតុនេះ​ខ្ញុំ​សម្រេចចិត្ត​ប្រាប់​ខ្លួនឯង​ថា​ បើ​ហត់​គួរ​សម្រាក​ខ្លះ​ ហើយ​ពេល​មាន​កម្លាំង​គ្រប់គ្រាន់​ ចាំបន្ត​ការ​ខិតខំ​ប្រឹង​-ប្រែង​បន្ត​ទៀត​ ព្រោះ​បើ​យើង​មិនឈប់​ យើង​នឹង​តែ​អាច​ទៅមុខ​បាន​ជានិច្ច​ គ្រាន់តែ​យឺត​ ឬលឿន​តែប៉ុណ្ណោះ​។

6. តើ​ប្អូន​អាច​បញ្ជាក់​បានទេ​ថា​ សម្រាប់​សិស្ស​វិទ្យាល័យ​ ដើម្បី​ជាប់​អាហារូបករណ៍​ គួរ​ត្រៀមខ្លួន​អ្វីខ្លះ​?
សម្រាប់​សិស្ស​វិទ្យាល័យ​ដូច​ខ្ញុំ​ ទី1​ គឺ​ត្រូវ​ប្រឹងប្រែង​រៀន​ឱ្យ​បាន​ពិន្ទុ​ល្អ​នៅក្នុង​ថ្នាក់រៀន​ ព្រោះ​អ្នក​ផ្តល់​អាហារូបករណ៍​ភាគច្រើន​គេ​ចង់​ផ្តល់​ឱ្យ​អ្នកមាន​សមត្ថភាព​។ ក្រៅពី​នេះ​ក៏​ត្រូវ​ចេះ​ភាសាអង់គ្លេស​ផង​ដែរ​ ព្រោះ​កម្មវិធី​នេះ​ គឺ​ចម្រុះ​ជាតិសាសន៍​ ប្រសិនបើ​យើង​មិន​ចេះ​ភាសា​ទេ​ យើង​នឹង​លំបាក​ទំនាក់ទំនង​ជាក់ជា​មិនខាន​។ លើស​ពីនេះ​ទៅទៀត​ យើង​គួរ​ចេះ​ជំនាញ​បន្ទាប់បន្សំ​មួយចំនួន​ ដូចជា​ជំនាញ​ទំនាក់ទំនង​ ដូចជា​អ្នកខ្លះ​គាត់​ចូលចិត្ត​និយាយ​ ឬចូលចិត្ត​ចែករំលែក​ ក៏​រាប់​ថា​ជា​ជំនាញ​ល្អ​មួយ​ផង​ដែរ​ដែលគេ​ត្រូវការ​ ព្រោះ​គេ​ចង់​ឱ្យ​យើង​ឆាប់​ចុះសម្រុង​ជាមួយនឹង​អ្នកដទៃ​ផ្សេងទៀត​។

7. អ្វី​ជា​សារ​ដែល​ប្អូន​ចង់​បង្ហាញ​ដល់​សិស្ស​វិទ្យាល័យ​ជា​ដទៃទៀត​?
ខ្ញុំ​ចង់ឱ្យ​សិស្ស​ទាំងអស់គ្នា​ ជឿជាក់​លើ​ខ្លួនឯង​ ហើយ​តស៊ូ​លើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ​។ ការ​បរាជ័យ​ម្តង​ មិនមែន​មានន័យថា​ បរាជ័យ​រហូត​នោះ​ទេ​តែ​វា​អាច​ជា​មេរៀន​ដ៏​ល្អ​ដែល​ធ្វើ​ឱ្យ​យើង​សម្រេច​គោលដៅ​។ សម្រាប់​មនុស្ស​ជោគជ័យ​ គេ​គិតថា​ បរាជ័យ​គឺជា​ឱកាស​ តែ​សម្រាប់​មនុស្ស​បរាជ័យ​ គេ​គិតថា​ បរាជ័យ​គឺជា​កំហុស​ ហេតុនេះ​យើង​គួរ​ចេះ​ចាប់​យក​ឱកាស​ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​កាន់តែ​ខ្លាំង​ដើម្បី​សម្រេចជោគជ័យ​។

សម្រាប់​សិស្ស​ស្រី​វិញ​ គួរ​គិតថា​ សម័យនេះ​យើង​មាន​សិទ្ធិ​ស្មើ​បុរស​ ហើយ​គ្រាន់តែ​ពូកែ​ក្នុង​សាលា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​។ មានរឿង​ច្រើន​ណាស់​ដែល​យើង​អាច​ធ្វើ​បាន​ ហើយ​ពេលខ្លះ​ធ្វើ​បាន​ច្រើនជាង​បុរស​ថែមទៀត​ផង​ ហេតុនេះ​ប្រសិនបើ​យើង​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ចេញទៅ​ខាងក្រៅ​ ហើយ​អភិវឌ្ឍ​សមត្ថភាព​របស់​យើង​បាន​ល្អ​ នោះ​យើង​នឹង​អាច​ធ្វើ​ឱ្យ​យើង​កាន់តែ​ចៀស​ផុត​ពី​គ្រោះថ្នាក់​។ ជាក់ស្តែង​នៅក្នុង​ការរស់នៅ​មាន​បញ្ហា​ជាច្រើន​ ហេតុនេះ​ប្រសិនបើ​យើង​ហ៊ាន​ចេញពី​សាលា​ដោយ​ភាព​វិជ្ជមាន​ ហើយ​ស្គាល់​បញ្ហា​ទាំងអស់​នោះ​ឱ្យ​ច្បាស់​ យើង​នឹងអាច​ការពារ​ខ្លួន​បាន​កាន់តែ​ល្អ​។ ហេតុនេះ​សូមកុំ​បារម្ភ​ ហើយ​កុំ​បិទផ្លូវ​ខ្លួនឯង​ឱ្យ​សោះ​៕

Advertisement