ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ អង់គ្លេស​គ្រោង​ដាំ​ដើមឈើ​ 1លាន​ដើម​ដល់​ឆ្នាំ2022​

បញ្ហា​ផល​ប៉ះពាល់​បរិស្ថាន​ និង​ការ​បំពុល​បរិយាកាស​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​សម្រាប់​ពិភពលោក​។ ថ្មី​ៗនេះ​ប្រទេស​ធំៗ​ បាន​ប្រជុំ​គ្នា​ក្នុង​ការ​ធ្វើ​យ៉ាងណា​ទម្លាក់​ខ្ទង់ចំណាយ​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​សកល​ ស្រប​ពេល​ដែល​ប្រទេស​នី​មួយ​ៗក៏​កំពុង​ចាប់ផ្តើម​រៀបចំ​ទីក្រុង​ និង​តំបន់​របស់​ខ្លួន​ឱ្យ​ប្រសើរ​ឡើង​តាមរយៈ​យន្តការ​នៃ​ការ​ស្តារ​ឡើងវិញ​ឬប្រើប្រាស់​វិធី​ឆ្លាតវៃ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ អង់គ្លេស​គ្រោង​នឹង​ដាំ​ដើមឈើ​ឱ្យ​បាន​ 1លាន​ដើម​ នៅ​តាម​តំបន់​សំ​ខាន់​ៗរហូតដល់​ឆ្នាំ2022​ នេះ​បើ​តាម​ការ​ដកស្រង់​ការ​ចេញ​ផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។ យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​ ការ​ដាំ​ដើមឈើ​នៅក្នុង​ទីក្រុង​ និង​តំបន់​ប្រជុំជន​ អាច​ជួយ​ទប់ស្កាត់​បញ្ហា​បម្រែ​ប្រួល​អាកាសធាតុ​បាន​យ៉ាង​ល្អ​ ព្រោះ​វា​អាច​ទប់ស្កាត់​ផល​ប៉ះពាល់​ និង​កាត់បន្ថយ​ជាតិ​ពុល​ចេញពី​យានយន្ត​ និង​រោងចក្រ​ឧស្សាហកម្ម​ជាដើម​។ ក្រៅពី​នេះ​ដើមឈើ​ទាំងអស់​នេះ​ក៏អាច​បង្កើត​ភាព​ស្រស់បំព្រង​ដល់​ការរស់នៅ​របស់​ប្រជាជន​នៅ​តាម​តំបន់​ទាំងអស់​នោះ​ផង​ដែរ​។

បញ្ហា​សំខាន់​មួយផ្សេងទៀត​ដែល​ដើមឈើ​អាច​ដោះស្រាយ​បាន​ គឺ​ការ​បន្ថយ​កម្តៅ​នៅក្នុង​ទីក្រុង​ ព្រោះ​បច្ចុប្បន្ន​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ ដែល​ធ្វើ​ឱ្យ​ទីក្រុង​ឡើង​កម្តៅ​។ ថ្វី​ដ្បិតតែ​មនុស្ស​ត្រូវ​ធ្វើការងារ​នៅ​ក្នុង​អគារ​មាន​ម៉ាស៊ីន​ត្រជាក់​ក៏ដោយ​ក្តី​ តែ​មនុស្ស​ក៏​មិន​អាច​ថា​មិន​ចេញក្រៅ​បាន​នោះ​ដែរ​។ ហេតុនេះ​ការ​ដាំ​ដើមឈើ​អាច​កាត់បន្ថយ​កម្តៅ​ និង​ការ​ចំណាយ​មិន​ចាំបាច់​នានា​ជុំវិញ​បញ្ហា​កម្តៅ​នៅក្នុង​ទីក្រុង​បាន​។

ស្រប​ជាមួយគ្នា​នេះ​ដែរ​ ការ​ធ្វើបែប​នេះ​ ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​មនុស្សជា​មួយ​ធម្មជាតិ​បាន​ល្អ​ផង​ដែរ​ ខណៈ​ទីក្រុង​ជាច្រើន​លើ​ពិភពលោក​កំពុងតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្កើត​ភាព​បៃតង​ហើយ​ធ្វើ​ឱ្យ​មនុស្ស​អាច​រីករាយ​បាន​ជាមួយនឹង​ធម្មជាតិ​ ជាពិសេស​នៅ​តាម​សួន​សាធារណៈ​។

សកម្មភាព​បែបនេះ​មិនមែន​ធ្វើ​តែ​នៅ​អង់គ្លេស​ប៉ុណ្ណោះទេ​ តែបើ​តាម​របាយការណ៍​បាន​បង្ហាញថា​ ទីក្រុង​សេអ៊ូល​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​កំពុងតែ​ដាំ​ដើម​ឈើ​បន្ថែម​ប្រមាណ​ 2,000ដើម​ផង​ដែរ​នៅក្នុង​ទីក្រុង​។ ចំណែក​ឯនៅ​ទីក្រុង​ Melbourne​ នៃ​ប្រទេស​អូស្ត្រាលី​វិញ​ ក៏​មាន​គម្រោង​បង្កើន​ចំនួន​ដើមឈើ​ឱ្យ​បាន​ទ្វេដង​នៅក្នុង​ឆ្នាំ2040ផង​ដែរ​។

គម្រោង​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន1លាន​ដើម​នៅក្នុង​ប្រទេស​អង់គ្លេស​នេះ​ ត្រូវ​បាន​គេ​ជឿជាក់​ថា​អាច​នឹង​សម្រេច​គោលដៅ​កាត់បន្ថយ​កាបូន​អាក្រក់​ឱ្យ​អស់ពី​ប្រទេស​អង់គ្លេស​នៅក្នុង​ឆ្នាំ2050​ ដែល​អាច​ជួយ​ទាំង​ពិភពលោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ និង​ជួយ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ឱ្យ​រួចផុត​ពី​ការ​គំរាមកំហែង​បាន​យ៉ាង​ល្អ​ផង​ដែរ​៕

Advertisement