កម្មវិធី​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ប្រឹក្សា​យោបល់​អាជីព​សម្រាប់​សិស្ស​មធ្យមសិក្សា​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​

June 4, 2019​ ម៉ោង 10:21 am

​ ​នៅ​កម្ពុជា​បញ្ហា​កង្វះ​ការ​ប្រឹក្សា​អាជីព​ ​ជា​បញ្ហា​ចម្បង​មួយ​ដែល​នាំ​ឱ្យ​មាន​ភាព​មិនស៊ីគ្នា​រវាង​ទីផ្សារ​ការងារ​ ​និង​ចំនួន​ធនធានមនុស្ស​ដែល​ចេញពី​គ្រឹះស្ថានសិក្សា​ ​ព្រោះ​សិស្ស​និស្សិត​ជាច្រើន​ចាប់​យក​អាជីព​តាម​គ្នា​ ​តាម​សង្គម​ ​តាម​អាណាព្យាបាល​ ​ឬ​តាម​អារម្មណ៍​មិន​ច្បាស់លាស់​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រមូល​ផ្តុំគ្នា​តែ​លើ​អាជីព​មួយចំនួន​តូច​។​

​ ​ថ្មី​ៗ​នេះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​សហការ​ជាមួយ​ទីភ្នាក់ងារ​ផ្ដល់​សេវា​ការងារ​សាធារណៈ​នៃ​ប្រទេស​ស៊ុយ​អែដ​ ​អង្គការ​ជំនួយ​ព្រះវិហារ​នៃ​ប្រទេស​ហ្វាំងឡង់​ ​និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​នៃ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​បាន​រៀបចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​គម្រោង​ ​”​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ផ្ដល់​ប្រឹក្សា​សម្រាប់​មធ្យមសិក្សា​-​ស្ពាន​ចម្លង​ឆ្ពោះទៅ​កាន់​ពិភព​ការងារ​”​ ​ដើម្បី​ជួយ​សិស្ស​មធ្យមសិក្សា​នៅ​កម្ពុជា​ឱ្យ​ទទួល​បាន​មូលដ្ឋាន​គ្រឹះ​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ការ​ជ្រើសរើស​អាជីព​ប្រចាំជីវិត​។​ ​

​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​មាន​រយៈពេល​ ​3ឆ្នាំ​ ​ចាប់ពី​ឆ្នាំ2019​ ​ដល់​ឆ្នាំ2022​ ​ដែល​ក្នុង​នោះ​គម្រោង​នេះ​នឹង​ជួយ​ដល់​សង្គម​តាមរយៈ​ការពង្រីក​កម្មវិធី​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ផ្តល់​ប្រឹក្សា​នៅ​សាលា​មធ្យមសិក្សា​គោលដៅ​។​ ​ក្រៅពី​នេះ​គម្រោង​នេះ​នឹង​ជួយ​ឱ្យ​មានការ​រៀបចំ​បង្កើត​គោលនយោបាយ​អាជីព​ ​ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ផ្តល់​ប្រឹក្សា​ឱ្យ​ទទួល​បាន​ជោគជ័យ​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​។​ ​

​ចំណុច​សំខាន់​មួយផ្សេងទៀត​គឺ​ ​កម្មវិធី​នេះ​នឹង​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន2​ ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​សេវា​ការងារ​ ​និង​ព័ត៌មាន​ទីផ្សារ​ការងារ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​ ​ទៅដល់​សាលា​មធ្យមសិក្សា​គោលដៅ​ ​ដែល​ជាផ្នែក​ជួយ​ឱ្យ​សិស្សានុសិស្ស​អាច​ទទួល​បាន​ព័ត៌មាន​អំពី​អាជីព​បាន​កាន់តែ​ទូលំទូលាយ​ ​ងាយស្រួល​ក្នុង​ការសម្រេច​ចិត្ត​ចាប់​យក​អាជីព​មួយ​ជាក់លាក់​ក្នុង​ជីវិត​នា​ពេល​អនាគត​៕​ ​