ថៃ​ផ្តល់​សេវា​អប់រំ​ដល់​កូន​ពលករ​ខ្មែរ​ ឱ្យ​សិក្សា​រហូតដល់​អាយុ15ឆ្នាំ​ដោយ​ឥតគិតថ្លៃ​…

ស្រប​ពេល​សង្គម​កំពុង​ត្រូវការ​ការ​អភិវឌ្ឍ​ និង​ប្រកួតប្រជែង​ផ្នែក​ទីផ្សារ​ការងារ​ ការអប់រំ​ជាផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​ តែ​កន្លងមក​កុមារ​កម្ពុជា​ជាច្រើន​ដែល​ជា​កូន​របស់​ពលករ​ទៅ​ធ្វើការងារ​នៅ​បរទេស​ បាន​ប្រឈម​នឹង​បញ្ហា​ការសិក្សា​រៀនសូត្រ​ ប្រសិនបើ​ពួកគេ​ទៅតាម​ម្តាយ​ឪពុក​ដែល​ធ្វើ​ចំណាកស្រុក​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ភាគី​កម្ពុជា​ និង​ថៃ​ បាន​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​កម្ពុជា​ ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ដែល​ជា​ពលករ​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​ទទួល​បាន​សេវា​អប់រំ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​កសាង​អនាគត​ឱ្យ​បាន​ល្អ​ប្រសើរ​។

លោកជំទាវ​ ជូ​ ប៊ុ​នអេង​ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​លើកឡើង​ថា​ រដ្ឋាភិបាល​ថៃ​ នឹង​ផ្តល់​ការសិក្សា​ដល់​កុមារ​កម្ពុជា​រយៈពេល​ 15ឆ្នាំ​ពេញ​ ដើម្បី​សិក្សា​នៅ​ប្រទេស​ថៃ​ដោយ​ឥតគិតថ្លៃ​។ ជា​លក្ខខណ្ឌ​ កុមារ​ដែល​អាច​ទទួល​បាន​សេវា​អប់រំ​នេះ​ ចាំបាច់​ត្រូវតែ​ជា​កុមារ​ដែល​មាន​អាណាព្យាបាល​ជាទេ​សន្ត​រប្រ​វេស​ន៍​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ ចំពោះ​អ្នក​ចំណាកស្រុក​ខុសច្បាប់​មិន​អាច​ទទួល​បានការ​ឧបត្ថម្ភ​នេះ​ទេ​។

លោកជំទាវ ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

លោកជំទាវ​ ជូ​ ប៊ុ​នអេង​ មានប្រសាសន៍​ថា​៖ “បច្ចុប្បន្ន​នេះ​ពលករ​ខ្មែរ​ប្រមាណ​ 1លាន​នាក់​កំពុង​ស្នាក់នៅ​ជាទេ​សន្ត​រប្រ​វេស​ន៍​នៅ​ប្រទេស​ថៃ​ ដោយ​ក្នុង​នោះ​កុមារ​ដែល​កើត​ និង​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​ 6% ទៅ10​% នៅ​ប្រទេស​ថ”។

លោកជំទាវ​បាន​បន្ថែម​ទៀត​ថា​ កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ទាំងអស់​នោះ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​បច្ចុប្បន្ន​ និង​អនាគត​របស់​គេ​។ កុមារ​ទាំងអស់​នោះ​ភាគច្រើន​មិន​ចេះអក្សរ​ ហើយ​ថែមទាំង​មិន​ចេះនិយាយ​ភាសា​កំណើត​ទៀតផង​ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​បញ្ហា​ប្រឈម​មួយ​បន្ថែម​ទៀត​ គឺ​មិន​មាន​សញ្ជាតិ​ច្បាស់លាស់​។ លោកជំទាវ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ស្ថានភាព​ពលករ​កម្ពុជា​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​ បច្ចុប្បន្ន​មាន​ទាំង​ស្របច្បាប់​ និង​មិន​ស្របច្បាប់​ ហើយ​ចំពោះ​ការ​ឆ្លងដែន​មិន​ស្របច្បាប់​ គឺ​កាន់តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ព្រោះ​ពួកគេ​មាន​ជីវភាព​ខ្វះខាត​ ហើយ​ធ្វើការងារ​ឆ្លង​ដែន​ផ្សងព្រេង​ទាំង​ប្រថុយ​គ្រោះថ្នាក់​ដើម្បី​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​។ ប្រជាជន​ចំណាកស្រុក​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​គិត​ត្រឹម​ឆ្នាំ​ 2014កន្លងទៅ​ មាន​ចំនួន​1,830,000នាក់​ ហើយ​ចាប់ពី​ឆ្នាំ​ 2017​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ មាន​កំណើន​ប្រមាណ​ជាង​ 1លាន​នាក់​ ដោយ​ក្នុង​នោះ​អ្នក​ចូល​ទៅ​ធ្វើការងារ​មិន​ស្របច្បាប់​ក៏​មាន​ចំនួន​ច្រើន​ដែរ​។

ស្ថាបនិក​ និង​នាយក​មូលនិធិ​បណ្តាញ​ជំរុញ​សិទ្ធិ​ការងារ​របស់​ប្រទេស​ថៃ​ លោក​ Sopong​ Sravaen​បាន​លើកឡើង​ថា​ ការ​ផ្តល់​ឱកាស​ដល់​កុមារ​កម្ពុជា​ឱ្យ​ទទួល​បានការ​សិក្សា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោយពេល​រដ្ឋាភិបាល​ថៃ​មើលឃើញ​ថា​ កុមារ​កម្ពុជា​ជាច្រើន​មិន​ទាន់​ទទួល​បានការ​សិក្សា​ ហើយ​មិន​ចេះ​ទាំង​ភាសា​កំណើត​របស់​ខ្លួន​ទៅទៀត​ ដែល​កត្តា​ទាំងនេះ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​ធំឡើង​ក្នុង​ស្ថានភាព​គ្មាន​ជំនាញ​។ ក្រៅ​ពីនេះ​ពួកគេ​ក៏អាច​ប្រឈម​ច្រើន​ផង​ដែរ​ពី​ការ​ចាញ់​បោក​ក្រុម​ជួញដូរ​មនុស្ស​ទៀតផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ភាគី​កម្ពុជា​ និង​ភាគី​ថៃ​ កំពុង​ព្យាយាម​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​លើ​ការទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​ការ​គាំពារ​សិទ្ធិ​អ្នក​ចំណាកស្រុក​ដោយធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​ និង​ផ្តល់​ការអប់រំ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​វិជ្ជាជីវៈ​សម្រាប់​យក​ធ្វើជា​អាជីព​ដើម្បី​ចិញ្ចឹមជីវិត​នៅ​ថ្ងៃ​ខាងមុខ​។\

កិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ កម្ពុជា ថៃ ដើម្បីពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

សម្រាប់​កម្មវិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ស្តី​ពី​គម្រោង​ផ្តល់​ការអប់រំ​រយៈពេល​ 15ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ ភាគី​ទាំង2​ បាន​រៀបចំ​គម្រោង​រួចរាល់​ហើយ​ តែ​មិនទាន់​បាន​កំណត់​ថ្ងៃ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាក់លាក់​នៅឡើយ​ទេ​៕

Advertisement