ផុត​ខែ​ក្តៅ​ភ្លាម​ ​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ត្រៀម​ទប់ទល់​បញ្ហា​ទឹកជំនន់​

​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ​ស្តី​ពី​ការ​ត្រៀម​ ​និង​ទប់ទល់​នៅពេល​មាន​គ្រោះ​ទឹកជំនន់​ ​ដើម្បី​ឱ្យ​មន្ត្រី​របស់​ខ្លួន​ត្រៀមលក្ខណៈ​ទុកជាមុន​ចំពោះ​គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​កើតឡើង​ដោយសារ​ទឹកជំនន់​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារតែ​បញ្ហា​អាកាសធាតុ​ប្រែប្រួល​ ​កម្ពុជា​បាន​ទទួលរង​នូវ​បញ្ហា​អាកាសធាតុ​មិនល្អ​ជាច្រើន​ ​ដោយ​ឆ្នាំមុន​ ​នៅ​រដូវវស្សា​មាន​បញ្ហា​ទឹកជំនន់​នៅក្នុង​តំបន់​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​ ​និង​ការ​ធ្វើ​កសិកម្ម​ទៀតផង​។​ ​សម្រាប់​ឆ្នាំនេះ​ ​ដោយសារតែ​ឥទ្ធិពល​អាកាសធាតុ​ ​El​ ​Nino​ ​នារ​ដូវ​ប្រាំង​ថ្មី​ៗ​នេះ​ ​បាន​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ​ខ្លាំង​ដែល​នាំ​ឱ្យ​មានផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ ​ហើយ​ចូល​មកដល់​ដើមរដូវ​វស្សា​នេះ​ប្រជាជន​ ​និង​អាជ្ញាធរ​កំពុង​ព្រួយបារម្ភ​ ​និង​យកចិត្ត​ទុកដាក់​ត្រៀម​ជាមុន​សម្រាប់​គ្រោះ​ទឹកជំនន់​ដែល​អាច​នឹង​កើតឡើង​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ការប្រែប្រួល​អាកាសធាតុ​ ​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​រដូវ​កាល​ ​និង​បង្ក​ឱ្យ​កើតមាន​ជា​ញឹកញាប់​នូវ​គ្រោះ​ធម្មជាតិ​ ​រលក​កម្តៅ​ ​ផ្គរ​រន្ទះ​ ​ខ្យល់​កន្ត្រាក់​ ​និង​គ្រោះ​រាំងស្ងួត​ ​ដែល​គ្រោះមហន្តរាយ​ទាំងនេះ​បង្ក​នូវ​ផល​ប៉ះពាល់​ ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទ្រព្យសម្បត្តិ​ ​លំនៅឋាន​ ​ប៉ះពាល់​សុខភាព​ ​និង​ស្លាប់​បាត់បង់​អាយុជីវិត​ប្រជាជន​។​ ​ដូច្នេះ​ដើម្បី​កាត់បន្ថយ​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​ ​អាយុជីវិត​ជនរងគ្រោះ​ ​និង​មូលដ្ឋាន​សុខាភិបាល​ពី​គ្រោះ​ធម្មជាតិ​ ​ពិសេស​គ្រោះ​ទឹកជំនន់​ដែល​អាច​កើតមាន​នា​ពេល​ខាងមុខ​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​តាម​សេចក្តី​ណែនាំ​សំ​ខាន់​ៗ​មួយចំនួន​។​ ​

​នៅក្នុង​សេចក្តី​ណែនាំ​នោះ​ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ប្រជាជន​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​ ​ត្រៀម​ទីទួល​សុវត្ថិភាព​ ​និង​ស្បៀងអាហារ​ឱ្យ​បាន​ល្អ​មុន​ពេល​ទឹកជំនន់​មកដល់​។​ ​ម្យ៉ាងវិញទៀត​គួរ​ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ​ ​ឬ​កន្លែង​ដែល​មាន​ទឹកជ្រៅ​ ​ត្រូវ​ថែរក្សា​បរិស្ថាន​ឱ្យ​ស្អាត​ ​និង​សាងសង់​បង្គន់​ឱ្យ​ប្រសើរ​ ​បើ​ទាប​ត្រូវ​ធ្វើ​ឱ្យ​ខ្ពស់​ការពារ​ទឹកជំនន់​។​ ​
​នៅពេល​មាន​ទឹកជំនន់​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ដែល​កើតឡើង​ពី​ការប្រើ​ប្រាស់​អគ្គិសនី​ ​បញ្ហា​អគារ​ស្នាក់នៅ​ ​និង​បញ្ហា​សុខភាព​ជាដើម​។​ ​ក្រៅពី​នេះ​ ​ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​ពិស​ ​រួម​ទាំង​បញ្ហា​របប​អាហារ​បង្ការ​កុំឱ្យ​មាន​បញ្ហា​សុខភាព​កើតឡើង​៕​ ​


Advertisement