ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​កម្ពុជា​…

June 12, 2019​ ម៉ោង 2:24 pm

ការ​បណ្តុះបណ្តាល​បច្ចេកទេស​និង​ជំនាញ​វិជ្ជាជីវៈ​ កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​ការរៀបចំ​ធនធានមនុស្ស​នៅ​កម្ពុជា​ ព្រោះ​យើង​កំពុង​ខ្វះ​ធនធាន​ផ្នែក​បច្ចេកទេស​ជាច្រើន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​នៃ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។

នៅ​ថ្ងៃទី15​-16​ ខែមិថុនា​ខាង​មុខ​នេះ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គ្រោង​នឹង​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​ day​) លើក​ទី2​នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​ ដោយ​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ 3ម៉ឺន​នាក់​ក្រោម​ប្រធានបទ​ “TVET​ អាច​ធ្វើ​បាន​”។

ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋ​លេខា​-ធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​កម្មវិធី​ TVET​ Day​ នេះ​ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ដែល​ក្រសួង​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​ និង​រំពឹង​ទុក​ថា​អាច​ផ្តល់​ផលប្រយោជន៍​ជា​វិជ្ជមាន​ដល់​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ សិស្ស​-និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​យុវជន​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​សិក្សា​នៅ​កម្ពុជា​។ កម្មវិធី​នេះ​នឹង​បើក​ឱ្យ​ចូលរួម​ដោយ​ឥតគិតថ្លៃ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​បាន​ចូលរួម​ និង​ស្វែងយល់​ពី​ការ​ជ្រើសរើស​អាជីព​វិជ្ជាជីវៈ​ និង​បច្ចេកទេស​។

ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “សាធារណជន​ និង​សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​កម្មវិធី​ TVET​ Day​ នឹង​ទទួល​បាន​ព័ត៌មាន​សំ​ខាន់​ៗស្តី​ពី​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ព្រម​ទាំង​ទទួល​បាន​ព័ត៌មាន​ពី​អាហារូបករណ៍​នៅ​តាម​គ្រឹះស្ថាន​នានា​ទូទាំង​ប្រទេស​។ លើស​ពីនេះ​ទៅទៀត​ ក៏​នឹង​ទទួល​បាន​ព័ត៌មាន​ស្តី​ពីទី​ផ្សារ​ការងារ​ក្នុង​វិស័យ​នេះ​យ៉ាងច្រើន​ផង​ដែរ​”។

ឯកឧត្ដម​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ កម្ពុជា​កំពុង​ព្យាយាម​យ៉ាង​យកចិត្ត​ទុកដាក់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រជាជន​ខ្មែរ​ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ខ្លាំង​ពីសា​រៈសំ​ខាន់​នៃ​ជំនាញ​បច្ចេកទេស​ជាច្រើន​ដែល​កម្ពុជា​កំពុង​ត្រូវការ​។ លក្ខណៈ​ពិសេស​របស់​កម្ពុជា​ គឺ​យើង​មាន​ធនធានមនុស្ស​វ័យក្មេង​ច្រើនតែ​យើង​នៅ​មានក​ត្តា​ប្រឈម​មួយចំនួន​គឺ​បញ្ហា​ជំនាញ​របស់​ពួកគេ​។ ហេតុនេះ​ប្រសិនបើ​យើង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​យើង​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ នោះ​យើង​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​វិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

យោង​តាម​ការ​បញ្ជាក់​ពី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា​ កម្មវិធី​ TVET​ Day​ នៅ​ឆ្នាំនេះ​ នឹង​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ តាមរយៈ​កាត់បន្ថយ​ភាព​ក្រីក្រ​ដោយ​ការប្រើ​ប្រាស់​ជំនាញ​វិជ្ជាជីវៈ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ដល់​ប្រជាជន​ ព្រោះ​បើ​ប្រៀបធៀប​អ្នក​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ ហើយ​មាន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ច្បាស់លាស់​ ពួកគេ​មាន​ប្រាក់ឈ្នួល​ខ្ពស់​ជាង​អ្នកជំនាញ​។ ក្រៅពី​នេះ​ កម្មវិធី​នេះ​ក៏អាច​លើកស្ទួយ​គោលនយោបាយ​ និង​ចក្ខុវិស័យ​ជាតិ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​ ព្រោះ​ការ​អភិវឌ្ឍ​ និង​ការ​ផ្សព្វផ្សាយ​វិស័យ​ TVET​ ជា​ឧបករណ៍​សំខាន់​ក្នុង​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​កម្ពុជា​ ដែល​បាន​កំណត់​ទិសដៅ​ថា​ នៅ​ឆ្នាំ2030​ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ និង​នៅ​ឆ្នាំ2050​ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។ ម្យ៉ាង​វិញ​ទៀត​វិស័យ​ TVET​ ក៏​ចូលរួម​ក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​ គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុង​ទម្រង់​ជា​អតិពលកម្ម​ទៅជា​កម្លាំង​ដែល​មាន​ជំនាញ​។

កត្តា​សំខាន់​មួយផ្សេងទៀត​គឺ​ ដោយសារតែ​បច្ចុប្បន្ន​នេះ​បដិវត្តន៍​ឧស្សាហកម្ម​ទី4បាន​ចូល​មក​ដល់​ហេតុនេះ​ វិស័យ​ TVET​ ជាផ្នែក​យ៉ាង​សំខាន់​ដែល​ជួយ​កម្ពុជា​ឱ្យ​វិវឌ្ឍ​ខ្លួន​ឱ្យ​ទាន់​បដិវត្តន៍​សកល​ថ្មីនេះ​។ វិស័យ​នេះ​នឹង​ចូលរួម​ចំណែក​តាមរយៈ​ការជំរុញ​ឱ្យ​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​ប្រើ​បញ្ញា​សិប្បនិម្មិត​ (AI​ Technology​) មនុស្សយន្ត​ (Tobot​) និង​សម្ភារ​បរិក្ខារ​ដ៏​ទៃ​ផ្សេងទៀត​ដែល​កម្ពុជា​ត្រូវការ​។ ប្រសិន​បើ​មិន​ពង្រឹង​វិស័យ​ TVET​ ទេ​ កម្លាំង​ពលកម្ម​កម្ពុជា​ប្រមាណ​ជាង​ 50​% នឹង​ត្រូវ​ជួប​បញ្ហា​បាត់បង់​ការងារ​ក្នុង​រយៈពេល​ 20ឆ្នាំខាងមុខ​នេះ​៕