ពិភពលោក​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្លាស្ទិក​ដើម្បី​កាត់បន្ថយ​ហានិភ័យ​…

June 12, 2019​ ម៉ោង 3:13 pm

បញ្ហា​ប្លាស្ទិក​ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ដែល​ប្រទេស​នី​មួយ​ៗកំពុង​ប្រកាស​អាសន្ន​ ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​អប់រំ​ប្រជាជន​ឱ្យ​ចូលរួម​ដោះស្រាយ​ ព្រោះ​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ធនធាន​ជីវៈ​ចម្រុះ​ជាច្រើន​នៅក្នុង​មហាសមុទ្រ​ជាច្រើន​បាន​បាត់បង់​ដោយសារ​កាកសំណល់​ប្លាស្ទិក​។ ក្រៅពី​នេះ​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ក៏​មាន​ធាតុផ្សំ​មួយ​សំខាន់​ផង​ដែរ​មក​ពី​ភាព​ខ្ជះខ្ជាយ​នៃ​កាកសំណល់​ប្លាស្ទិក​ ដែល​ត្រូវ​ចំណាយពេល​រាប់​រយ​ឆ្នាំ​ដើម្បី​រលាយ​នៅក្នុង​ដី​។

ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​ប្លាស្ទិក​ ប្រទេស​ណ័​រវេ​យ៍​ (Norway​) រួម​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​បាន​ចាប់ផ្តើម​ផ្តល់​រង្វាន់​ដល់​ប្រជាជន​ដែល​បាន​យក​ដប​ប្លាស្ទិក​ទៅ​ប្រើប្រាស់​ឡើងវិញ​ ឬយក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ឆ្លាតវៃ​ដើម្បី​ទទួល​បាន​ពិន្ទុ​ហើយ​ប្តូរ​បាន​ជា​សាច់ប្រាក់​ សម្រាប់​ការ​ប្រមូល​ទៅ​កែច្នៃ​ឡើងវិញ​។ ប្រទេស​នេះ​ បាន​ដំឡើងថ្លៃ​ពន្ធ​ក្នុង​ការនាំចូល​ប្លាស្ទិក​ទៅ​ក្នុង​ទីផ្សារ​ ដើម្បី​យក​ប្រាក់​ទាំងអស់​នេះ​ មក​ឱ្យ​ប្រជាជន​ដែល​បាន​ត្រឡប់​របស់របរ​ប្រើប្រាស់​ប្លាស្ទិក​ទាំងអស់​នោះ​មកកាន់​កន្លែង​កែច្នៃ​វិញ​។ការអនុវត្ត​សកម្មភាព​បែបនេះ​ បាន​ចាប់ផ្តើម​ធ្វើ​ឱ្យ​ប្រជាជន​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ និង​កាន់តែ​រីករាយ​ក្នុង​ការប្រើ​ប្រាស់​ប្លាស្ទិក​ ឬគ្រប់គ្រង​សំណល់​ប្លាស្ទិក​ដែល​បាន​ប្រើប្រាស់​រួច​ឱ្យ​មាន​របៀបរៀបរយ​។

ជា​លទ្ធផល​សំខាន់​នៃ​សកម្មភាព​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ផ្តល់​ប្លាស្ទិក​សម្រាប់​ប្រើប្រាស់​ឡើង​វិញ​នេះ​ ប្រទេស​ ណ័​រវេ​យ៍​ ទទួល​បាន​ដប​ប្លាស្ទិក​ 97​% ដើម្បី​យក​ទៅ​កែច្នៃ​ឡើងវិញ​ ហើយ​កាត់បន្ថយ​បាន​នូវ​បញ្ហា​ដែល​កើតឡើង​ពី​ការ​ខ្ជះខ្ជាយ​ និង​សំរាម​បាន​យ៉ាងច្រើន​ហួសពី​ការស្មាន​។ គំរូ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ប្រទេស​មួយចំនួន​ផ្សេងទៀត​យក​គំរូ​តាម​ផង​ដែរ​។ នៅ​កម្ពុជា​ យើង​ក៏​មាន​ក្រុម​យុវជន​បង្កើត​ធុងសំរាម​ឆ្លាតវៃ​ផង​ដែរ​ ដើម្បី​ដាក់​ឱ្យ​ប្រជាជន​ប្រើប្រាស់​ និង​ទទួល​បាន​រង្វាន់​ពី​ការបែងចែក​ប្រភេទ​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយ​ទទួល​បាន​ពិន្ទុ​សម្រាប់​បញ្ចុះតម្លៃ​ក្នុង​ហាង​ដៃគូ​ជាច្រើន​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត​ នៅ​តាម​ផ្សារ​ទំនើប​ក៏​មាន​សកម្មភាព​ជា​វិជ្ជមាន​មួយផ្សេងទៀត​ផង​ដែរ​ គឺ​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ ក្រសួងបរិស្ថាន​បាន​តម្រូវ​ឱ្យ​ផ្សារ​ទាំងអស់​នោះ​គិតថ្លៃ​បន្ថែម​ 0.1​$ លើ​ថ្លៃ​ថង់​ដែល​បាន​ប្រើប្រាស់​ និង​ជំនួស​មកវិញ​នូវ​ការ​លក់​ស្បោង​ក្រណាត់​ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​ដង​ផង​ដែរ​។

នៅ​ប្រទេស​ឥណ្ឌា​វិញ​ គេ​ចាប់ផ្តើម​ប្រើប្រាស់​ប្លាស្ទិក​ដែលគេ​បោះចោល​ជាច្រើន​ពី​គំនរសំរាម​ ដើម្បី​ច្នៃ​ចេញ​ជា​វត្ថុ​ប្រើ​ប្រាស់​ថ្មី​ៗ ដូចជា​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ច្នៃ​សំណល់​ប្លាស្ទិក​ឱ្យទៅ​ជា​កៅស៊ូ​ចាក់​លើ​ផ្លូវ​ ដែល​រហូត​មក​ដល់​ថ្មី​ៗនេះ​តាម​របាយការណ៍​ដែល​ផ្សាយ​ចេញពី​កាសែត​ The​ Gardian​ បានឱ្យ​ដឹង​ថា​ ឥណ្ឌា​បាន​ធ្វើ​ផ្លូវ​ 33,700គីឡូម៉ែត្រ​ ពី​សំណល់​ប្លាស្ទិក​។ តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ក្នុង​ចម្ងាយ​1គីឡូម៉ែត្រ​ ឥណ្ឌា​ប្រើប្រាស់​ថង់​ប្លាស្ទិក​ប្រមាណ​ 1លាន​ថង់​ ហេតុនេះ​ផ្លូវ​មួយ​ខ្សែ​ៗគឺ​អាច​កាត់បន្ថយ​សំណល់​ខ្ជះខ្ជាយ​ពី​ប្លាស្ទិក​រាប់​ពាន​លាន​ថង់​។ ចំពោះ​តម្លៃ​វិញ​ បើ​ប្រៀបធៀប​ជាមួយនឹង​ផ្លូវ​កៅស៊ូ​ គឺ​ចំណេញ​ថវិកា​ចំនួន​ 8% ហើយ​គុណភាព​ គឺ​ទទួលយក​បាន​។

ងាក​មក​ទីក្រុង​ London​ វិញ​ អាជ្ញាធរ​បាន​លើក​ទឹកចិត្ត​ប្រជាជន​ឱ្យ​ប្រើ​ដប​ទឹកតែ​មួយ​ ឬសន្សំ​ដប​ទឹក​ ដោយ​ដាក់​ធុងទឹក​ស្អាត​ ឬទឹកបរិសុទ្ធ​នៅ​ទី​សាធារណៈ​ ដើម្បី​ឱ្យ​ប្រជាជន​យក​ដប​របស់​ខ្លួន​ទៅ​ប្រើ​ហើយ​មិនបាច់​ចំណាយ​លុយ​ទិញ​ទឹក​សុទ្ធ​ដែល​នាំ​ឱ្យ​ចំណាយ​ដប​ប្លាស្ទិក​ច្រើន​។ ការ​ធ្វើបែប​នេះ​គឺ​ដោយសារតែ​គេ​សង្កេតឃើញ​ថា​ដប​ទឹក​ រួម​ទាំង​សំណល់​ប្លាស្ទិក​ប្រមាណ​ 8លាន​តោន​បាន​ហូរ​ចូល​ទៅ​មហាសមុទ្រ​ជា​រៀងរាល់​ឆ្នាំ​ ព្រោះ​បើ​តាម​ការស្មាន​ជា​រៀងរាល់​ឆ្នាំ​ដប​ប្លាស្ទិក​ត្រូវ​បាន​គេ​ផលិត​ប្រមាណ​ 2ទ្រី​លាន​ដប​ ហេតុនេះ​ប្រសិនបើ​គ្រប់គ្រង​មិនល្អ​វា​នឹង​ហូរ​ចូល​ទៅ​ក្នុងទឹក​។ បញ្ហា​នេះ​អាច​បណ្តាល​ឱ្យ​ខូច​គុណភាព​ទឹក​ ហើយ​ប្រភេទ​សត្វ​ក្នុងទឹក​ចាប់ផ្តើម​ពុល​ឬងាប់​ដោយសារ​ស៊ី​ប្លាស្ទិក​ទាំងអស់​នោះ​។

ការចូលរួម​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ បាន​ក្លាយជា​រឿង​ដ៏​សំខាន់​ និង​អាច​ឱ្យ​មនុស្ស​ម្នា​ក់ៗ​ក្លាយជា​វីរបុរស​ (Hero​) សង្គ្រោះ​ពិភពលោក​ ព្រោះ​មិន​ត្រឹមតែ​សត្វ​ទេ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត​ តែ​មនុស្ស​រាប់​លាន​នាក់​ក៏​កំពុង​ជួបប្រទះ​ដោយ​ផ្ទាល់​ និង​ប្រយោល​ពី​បញ្ហា​ប្លាស្ទិក​នេះ​ដែរ​៕