សាលា​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ CIESF​ កំពុង​បង្ហាត់​កុមារ​កម្ពុជា​ឱ្យ​មានលទ្ធភាព​ខ្ពស់​

ប្រជាជន​ខ្មែរ​ជាច្រើន​សុទ្ធតែ​ធ្លាប់​ដឹង​ហើយ​ថា​ កម្ពុជា​និង​ជប៉ុន​ គឺជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​លើ​វិស័យ​ជាច្រើន​ ដូចជា​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ វិស័យ​ពាណិជ្ជកម្ម​ និង​អប់រំ​ជាដើម​។ជា​រៀងរាល់​ឆ្នាំ​ រដ្ឋាភិបាល​ជប៉ុន​ និង​មូល​និ​ធិ​ធំៗ​របស់​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជាច្រើន​ដល់​កម្ពុជា​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ធនធានមនុស្ស​នៅ​កម្ពុជា​បាន​បន្ត​ការសិក្សា​ ផ្លាស់​ប្តូរ​វប្បធម៌​ និង​អភិវឌ្ឍ​សមត្ថភាព​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​យកចំណេះ​ដឹង​ទាំងអស់​នោះ​មក​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​។

ថ្មី​ៗនេះ​តាមរយៈ​មូលនិធិ​គាំទ្រ​ការអប់រំ​កម្ពុជា​អន្តរជាតិ​ (CIEFS​-Cambodia​ International​ Education​ Support​ Foundation​)របស់​ជប៉ុន​ បាន​បង្កើត​ជា​សាលារៀន​ស្តង់​ដា​ជប៉ុន​ថ្មី​មួយ​នៅ​កម្ពុជា​ ដែល​មានឈ្មោះ​ថា​ សាលា​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ CIESF​ (CIEFS​-Leaders​ Academy​ Kindergarten​) ដើម្បី​បណ្តុះបណ្តាល​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ នៅក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។

ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​សាលា​ភាពជា​អ្នកដឹកនាំ​ CIESF​ កាលពីដើម​ខែមិថុនា​នេះ​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួងអប់រំយុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ គោលបំណង​នៃ​ការបង្កើត​សាលា​នេះ​ គឺ​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ ជាពិសេស​កុមារ​កម្ពុជា​តាមរយៈ​កម្មវិធី​ជប៉ុន​ ដើម្បី​ឱ្យ​ពួកគេ​បាន​រៀនសូត្រ​ទាំង​ភាសាខ្មែរ​ និង​ភាសា​ជប៉ុន​។ សាលា​នេះ​ក៏​ធ្វើការ​អប់រំ​កុមារ​កម្ពុជា​ពីក្មេង​ ឱ្យ​ស្គាល់​ពី​វប្បធម៌​របស់​ជប៉ុន​ ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​បាន​យល់ដឹង​ និង​មានទម្លាប់​ល្អ​ ក្នុង​ការ​ទំនាក់ទំនង​ ហើយ​អាច​ចូល​ធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន​ជប៉ុន​បាន​។

ឯកឧត្តម​ ហង់​ ជួន​ ណា​រ៉ុន​ មានប្រសាសន៍​ថា​៖ “គោលដៅ​របស់​យើង​ គឺ​ធ្វើ​យ៉ាងម៉េច​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ដើម្បី​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ ធ្លាប់​បាន​លើកឡើង​ផង​ដែរ​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​ធនធានមនុស្ស​នៅ​កម្ពុជា​ ដែល​អ្នក​វិនិយោគ​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​។ បញ្ហា​របស់​ប្រជាជន​យើង​អាច​សិក្សា​បាន​លើ​ជំនាញ​រឹង​ ក៏ដូចជា​ជំនាញ​សម្រាប់​អាជីព​បាន​ដោយ​មិន​មាន​បញ្ហា​ តែ​ពួកគេ​មិនសូវ​មាន​ជំនាញ​ទន់​ ដូចជា​ជំនាញ​ភាពជា​អ្នកដឹកនាំ​ ការ​ដោះស្រាយ​បញ្ហា​ របៀប​ធ្វើការងារ​ជា​ក្រុម​ របៀប​ធ្វើការងារ​ជាមួយនឹង​ជនបរទេស​ដែល​មាន​វប្បធម៌​ និង​ការយល់ឃើញ​ខុសគ្នា​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​បង្កើត​គំនិត​ច្នៃប្រឌិត​ជាដើម​។ ជា​ដំណោះស្រាយ​ក្រសួង​អប់រំ​ ក៏បាន​រៀបចំ​បង្កើត​កម្មវិធី​ជាច្រើន​ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ទាំង​ធនធាន​គ្រូបង្រៀន​ និង​ទាំង​សិស្ស​-និស្សិត​ឱ្យ​មាន​ជំនាញ​ទន់​កាន់តែ​ច្រើន​ដើម្បី​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ជាក់ស្តែង​របស់​អ្នក​វិនិយោគ​។ ការបង្កើត​សាលា​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​នេះ​ អាច​ជា​មធ្យោបាយ​យ៉ាង​សំខាន់​ផង​ដែរ​ ដើម្បី​បណ្តុះបណ្តាល​កុមារ​កម្ពុជា​ទាំង​ចំណេះ​ជំនាញ​ និង​ឥរិយាបថ​ល្អ​សម្រាប់​ការរស់នៅ​។

សាលា​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ CIESF​ មាន​ទីតាំងនៅ​ក្នុង​ភូមិ​កោះក្របី​ សង្កាត់​ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដោយសា​លា​នោះ​បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​2016​ មក​ម្ល៉េះ​។ សិស្ស​ដែល​អាច​ចូលរៀន​ គឺជា​កុមារ​ដែល​មាន​អាយុ​ចាប់ពី​ 2ឆ្នាំ​ឡើង​ទៅ​ ដោយ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ​ តែ​អាណាព្យាបាល​ត្រូវ​បង់​ជា​ប្រាក់​វិភាគទាន​លើ​ថ្លៃ​សម្ភារ​សិក្សា​ ថ្លៃ​ឯកសណ្ឋាន​សិស្ស​ ថ្លៃ​ឯកសណ្ឋាន​កីឡា​ មួក​សិស្ស​ កន្សែង​ជូត​ដៃ​ អាហារ​សម្រន់​ ថ្លៃ​ដំណើរ​កម្សាន្ត​សិស្ស​ 2ដង​ក្នុង1ឆ្នាំ​ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ 420ដុល្លារ​ក្នុង​ 1ឆ្នាំ​ ឬ 35ដុល្លារ​ក្នុង​ 1ខែ​។ ដើម្បី​បាន​ចូលរៀន​សាលា​នេះ​បាន​អាណាព្យាបាល​ត្រូវ​ឆ្លងកាត់​ការ​សម្ភាស​ និង​បំពេញ​លក្ខខណ្ឌ​ដែល​សាលា​បាន​ផ្តល់​ជូន​ជាមុន​សិន​ទើប​អាច​ត្រូវ​បាន​សាលា​ជ្រើសរើស​ឱ្យ​ចូលរៀន​បាន​។

ប្រធាន​មូលនិធិ​ CIESF​ លោក​ Okubo​ Hideo​ បាន​លើកឡើង​ថា​ សាលា​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ CIESF​ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បណ្តុះបណ្តាល​ការអប់រំ​ដែល​គិត​ពី​ផលប្រយោជន៍​ផែនដី​ ប្រកាន់​ខ្ជាប់​នូវ​ទឹកចិត្ត​ល្អ​ចំពោះ​អ្នកដទៃ​ និង​ផ្តល់​ឱកាស​ឱ្យ​កុមារ​បាន​រៀនសូត្រ​ដោយខ្លួនឯង​ ហើយ​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន​ដើម្បី​បើកផ្លូវ​ទៅកាន់​អនាគត​ខ្លួនឯង​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ និង​ពិភពលោក​។ សាលា​នេះ​នឹង​ប្រគល់​ជូន​ដល់​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ នៅ​ថ្ងៃ​អនាគត​ដើម្បី​ធ្វើជា​សាលា​គំរូ​សម្រាប់​ការអប់រំ​៕

Advertisement