ស៊ី​ប៉ា​ ចាប់ផ្តើម​រៀបចំ​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​ដើម្បី​អប់រំ​ និង​ស្តារ​នីតិសម្បទា​ទណ្ឌិត​…

អង្គការ​ស៊ី​ប៉ា​ ដែល​ជា​អង្គការ​ធ្វើការងារ​លើ​គម្រោង​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​អាន​ បាន​ប្រកាស​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​របស់​ខ្លួន​ដើម្បី​ជួយ​អប់រំ​ដល់​អ្នក​ជាប់ទោស​ ឬទណ្ឌិត​នៅក្នុង​ពន្ធនាគារ​ឱ្យ​មានឱកាស​សិក្សា​ស្វែងយល់​ពី​ការរស់នៅ​ល្អ​ និង​កែប្រែ​សម្បទា​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ក្រោយពេល​ចេញពី​ពន្ធនាគារ​។ គម្រោង​របស់​អង្គ​កា​រសុី​ប៉ានេះ​មាន​ឈ្មោះថា​ “គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​” ដែល​មាន​រយៈពេល​ 3ឆ្នាំ​ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ 53ម៉ឺន​ដុល្លារ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​មូលនិធិ​ Pierre​ Bellon​ និង​ថវិកា​ផ្ទាល់​របស់​អង្គការ​ស៊ី​ប៉ា​។

នាយក​អង្គការ​ស៊ី​ប៉ា​ លោក​ ហុក​ សិទ្ធិ​ បាន​លើក​ឡើង​ថា​ នេះ​ជា​ដំណាក់កាល​ទី3​ នៃ​គម្រោង​បណ្ណាល័យ​សម្រាប់​ពន្ធនាគារ​ដែល​បាន​សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ចាប់តាំងពី​ឆ្នាំ2012​ មក​ម្ល៉េះ​ដើម្បី​រៀបចំ​ជា​បណ្ណាល័យ​ និង​ផ្ដល់​សៀវភៅ​ដល់​ទណ្ឌិត​ប្រមាណ​ 30,000នាក់​ ដើម្បី​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មុន​ពេល​ពួកគេ​ចេញពី​ពន្ធនាគារ​។ តាមរយៈ​គម្រោង​នេះ​អ្នកជាប់ឃុំ​នឹង​ទទួល​បាន​សេវា​អប់រំ​កាន់តែ​ប្រសើរ​ ហើយ​យើង​ក៏​នឹង​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​ដែល​បម្រើការ​ងារ​ក្នុង​ពន្ធ​ធនាគារ​លើ​ការគ្រប់គ្រង​បណ្ណាល័យ​ និង​ជំនាញ​សំ​ខាន់​ៗមួយ​ចំនួន​ផ្សេងទៀត​។

ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ1​ លោក​ ព្រុំ​ ចាន់​នី​ ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ​ និង​ស្តារ​នីតិសម្បទា​ បាន​បញ្ជាក់​ថា​ គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​គាំទ្រ​បណ្តាញ​បណ្ណាល័យ​ថ្នាក់​ជាតិ​ដើម្បី​អប់រំ​ និង​កម្មវិធី​សមាហរណកម្ម​ជន​ជាប់ឃុំ​ទៅ​ក្នុង​សង្គម​វិញ​។ គម្រោង​បណ្ណាល័យ​ជំហាន​ថ្មីនេះ​នឹង​ត្រូវ​បញ្ចប់​ក្នុងរយៈពេល​ 3ឆ្នាំ​ គឺ​នៅដើម​ឆ្នាំ​ 2022​ ដែល​ខាង​ស៊ី​ប៉ានឹ​ងបញ្ចប់​គម្រោង​ទាំងស្រុង​របស់​ខ្លួន​។

លោក​ ព្រុំ​ ចាន់​នី​ បាន​និយាយ​ថា​៖ “អង្គការ​ស៊ី​ប៉ា​ បាន​ខិតខំ​សម្រាំង​នាំមក​នូវ​សៀវភៅ​ល្អ​ៗសម្រាប់​ឱ្យ​ទណ្ឌិត​ឃុំ​បាន​អាន​ និង​ខ្ចី​យក​ទៅ​អាន​ក្នុង​បន្ទប់​ ដើម្បី​សិក្សា​ស្រាវជ្រាវ​បង្កើន​ចំណេះដឹង​ផ្ទាល់ខ្លួន​ និង​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​ល្អ​ដើម្បី​កាត់បន្ថយ​ការប្រព្រឹត្ត​បទល្មើស​ជាថ្មី​”។

លោក​ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ​ និង​ស្តារ​នីតិសម្បទា​បាន​បន្ថែម​ទៀត​ថា​ តាមរយៈ​គម្រោង​នេះ​យើង​អាច​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​មួយរយៈពេល​ខ្លី​ និង​ធ្វើ​ឱ្យ​បរិយាកាស​ និង​ការ​លម្ហែ​កាយ​ខាងក្រៅ​បន្ទប់​ឃុំឃាំង​បាន​មួយរយៈពេល​ខ្លី​ផង​ដែរ​។ ក្រៅពី​នេះ​វា​ក៏អាច​កាត់បន្ថយ​បាន​នូវ​ការ​ឡូឡា​ ឈ្លោះប្រកែក​គ្នា​រវាង​ទណ្ឌិត​នៅក្នុង​បន្ទប់​ជាមួយគ្នា​ កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ​ ការ​នឹកដល់​ក្រុម​គ្រួសារ​ និង​កាត់បន្ថយ​ការ​គិត​ពី​ល្បិច​លួច​ចេញ​ពី​ពន្ធនាគារ​ផង​ដែរ​។

បន្ថែម​ពីលើ​នេះ​ តាមរយៈ​ការ​អាន​ ទណ្ឌិត​ក៏អាច​កាត់បន្ថយ​បាន​នូវ​បញ្ហា​ជំងឺ​បាក់ទឹកចិត្ត​របស់​ពួកគេ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អារម្មណ៍​ធូរស្រាល​ និង​ប្រសើរ​ជាង​មុន​ច្រើន​ដែល​អាច​ជួយ​ដល់​ស្មារតី​របស់​ពួកគេ​។ វា​ក៏​អាច​ជួយ​ឱ្យ​អ្នកជាប់ឃុំ​ទាំងអស់​បង្កើន​សមត្ថភាព​សរសេរ​បាន​ល្អ​ ទទួល​បាន​ចំណេះដឹង​ប្រសើរ​ជាង​មុន​ ព្រោះ​អាចយ​កចំណេះដឹង​ពី​សៀវភៅ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​នៅក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​បាន​។ជា​លទ្ធផល​រំពឹង​ទុក​ នៅ​ដំណាក់កាល​ថ្មី​នៃ​គម្រោង​នេះ​ អ្នកជាប់ឃុំ​ប្រមាណ​ 35​% ឬស្មើនឹង​ចំនួន​30,000នាក់​នឹង​ទទួល​បាន​សេវា​អប់រំ​ល្អជា​មុន​ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ស្ថានភាព​ក្នុង​ពន្ធនាគារ​កាន់តែ​ប្រសើរ​ និង​ធ្វើ​ឱ្យ​ពួកគេ​អាច​ធ្វើស​មា​ហរ​ណកម្ម​បាន​យ៉ាង​ល្អ​នៅពេល​ត្រឡប់​ចូល​ទៅ​ក្នុង​សង្គមជាតិ​ពេល​ដែល​ពួកគេ​មាន​សេរីភាព​វិញ​៕

Advertisement