បច្ចុប្បន្ន​នេះ​និស្សិត​កម្ពុជា​អាច​ទទួល​សញ្ញាបត្រ​បច្ចេកវិទ្យា​ថ្នាក់​អន្តរជាតិ​ពីជ​ប៉ុន​តែ​មិន​ចាំបាច់​ទៅ​ជប៉ុន​ទេ​…

បច្ចុប្បន្ន​នេះ​ ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ផ្នែកការ​អប់រំ​ ជា​ពិសេស​លើ​ជំនាញ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជាដើម​។ ស្រប​ជាមួយនឹង​ភាព​ល្បីល្បាញ​នេះ​ ជប៉ុន​ក៏​មាន​គម្រោង​ពង្រីក​ការ​បណ្តុះបណ្តាល​ដល់​បណ្តា​ប្រទេស​នានា​ដែល​ខ្លួន​បាន​ដាក់​ទុន​វិនិយោគ​ ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​នា​យុគសម័យ​ថ្មីនេះ​។

កម្ពុជា​ជា​ប្រទេស​មួយ​ផង​ដែរ​ ដែល​មាន​កិច្ចសហការ​ល្អជា​មួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​។ ហេតុនេះ​ហើយ​ទើប​ជានិច្ចកាល​ជប៉ុន​បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន​លើ​ផ្នែក​អប់រំ​ និង​បណ្តុះបណ្តាល​។ នៅពេល​ថ្មី​ៗនេះ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT​) បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​អង្គការ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​ (CIESF​) របស់​ជប៉ុន​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ថ្មី​មួយ​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ក្រោម​ការ​គាំទ្រ​ភាពជា​ដៃគូ​ពីទី​ភ្នាក់ងារ​ JICA​។ វគ្គ​បណ្តុះបណ្តាល​នេះ​មានឈ្មោះ​ថា​ IT​ Passport​ ដែល​វា​ជា​កម្មវិធី​កម្រិត​ដំបូង​ក្នុងចំណោម​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ទៀត​ដើម្បី​ត្រៀមប្រឡង​យក​សញ្ញាបត្រ​វិស្វករ​បច្ចេកវិទ្យា​ព័ត៌មាន​ (Information​ Technology​ Engineers​ Examination​ – ITEE​) ដែល​ជា​កម្មវិធី​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ប្រទេស​ជប៉ុន​។ សញ្ញាបត្រ​នេះ​នឹង​ធ្វើ​ឱ្យ​និស្សិត​ទទួល​បានការ​ទុកចិត្ត​ និង​ទទួលស្គាល់​ពី​ក្រុមហ៊ុន​ឯកជន​ជាច្រើន​របស់​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ព្រោះ​ជំនាញ​ ITEE​ នេះ​ជា​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​។

តាម​ការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT​) បានឱ្យ​ដឹង​ថា​ ITEE​ ជា​ការ​ប្រឡង​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ដែល​គ្រប់គ្រង​ដោយ​ IPA​ របស់​ជប៉ុន​។ វា​ជា​ការ​ប្រឡង​ថ្នាក់​ជាតិ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ជប៉ុន​ ដែល​ជា​រៀងរាល់​ឆ្នាំ​មាន​អ្នកចូលរួម​ប្រមាណ​ 600,000​នាក់​។ ការ​ប្រឡង​នេះ​ត្រូវ​ធ្វើឡើង​កងតា​មកា​លប​រិច្ឆេទ​និង​សំណួរ​ដូចគ្នា​ជាមួយ​បណ្តា​ប្រទេស​ដែល​ជាស​មា​ជិ​កនៃ​វិទ្យាស្ថាន​ ITPEC​ (Information​ Technology​ Professionals​ Examination​ Council​) ដែល​ការ​ប្រឡង​នេះ​នឹង​ត្រូវ​ធ្វើឡើង2ដង​ក្នុង1ឆ្នាំ​ គឺ​ក្នុង​ខែ​ មេសា​និង​ខែតុលា​។

សម្រាប់​កម្រិត​នៃ​ការ​ប្រឡង​ ITEE​ នេះ​វិញ​ត្រូវ​បាន​វិទ្យាស្ថាន​ ITPEC​ រៀបចំ​ជា4កម្រិត​គឺ​ ទី1​ ការ​ប្រឡង​កម្រិត​ IP​ (IT​ Passport​ Exam​) ដែល​ការ​ប្រឡង​នេះ​សម្រាប់​បេក្ខជន​ទូទៅ​ដែល​បាន​បញ្ចប់​ការសិក្សា​ ហើយ​ចង់បាន​វិញ្ញាបនបត្រ​ ITEE​ ថែមទៀត​ដើម្បី​បញ្ជាក់​ពី​កម្រិត​ជំនាញ​វិជ្ជាជីវៈ​មូលដ្ឋាន​ផ្នែក​ព័ត៌មាន​វិទ្យា​។ កម្រិត​ទី2​ គឺ​ការ​ប្រឡង​វិស្វករ​ព័ត៌មាន​វិទ្យា​មូលដ្ឋាន​ FE​ (Fundamental​ Information​ Technology​ Engineer​ Examination​) សម្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​និស្សិត​បញ្ចប់​ការសិក្សា​ ឬនិស្សិត​ពាក់​ព័ន្ទនឹង​ផ្នែក​បច្ចេកវិទ្យា​។ កម្រិត​ទី3​ គឺ​ការ​ប្រឡង​វិស្វករ​ព័ត៌មាន​វិទ្យា​ AP​ (Applied​ Information​ Technology​ Engineer​ Examination​) សម្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ និង​អ្នកមាន​បទ​ពិសោធ​ការងារ​ស្រាប់​។ ចុងក្រោយ​កម្រិត​ទី4​ គឺ​ការ​ប្រឡង​កម្រិតខ្ពស់​ AE​ (Advance​ Examination​) សម្រាប់​អ្នកជំនាញ​ដែល​មាន​បទ​ពិសោធ​ជាក់លាក់​។

ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រឡង​នេះ​ត្រូវ​បាន​គេ​ទទួល​ស្កាល់​ថា​ជា​ការ​ប្រឡង​វាស់​ចំណេះដឹង​ នៃ​និស្សិត​បញ្ចប់​ការសិក្សា​បច្ចេកវិទ្យា​ និង​ដើម្បី​លើកកម្ពស់​ឱកាស​ការងារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ព្រោះ​សញ្ញាបត្រ​នេះ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​មួយចំនួន​ដូចជា​ ចិន​ កោះ​តៃវ៉ាន់​ ជប៉ុន​ ឥណ្ឌា​ កូរ៉េ​ សិង្ហបុរី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ម៉ុងហ្គោល​ មីយ៉ាន់ម៉ា​ ថៃ​ វៀតណាម​ និង​បង់​ក្លា​ដែស​។ សម្រាប់​កម្ពុជា​យើង​កំពុង​ដំណើរការ​ដំបូង​ក្នុង​ការរៀបចំ​ទទួលស្គាល់​ផង​ដែរ​ ព្រោះ​កម្ពុជា​មិនទាន់​មាន​មជ្ឈមណ្ឌល​ប្រឡង​លើ​កម្រិត​ទាំងអស់​នេះ​ ហេតុនេះ​បេក្ខជន​ដែល​មាន​ពិន្ទុ​ល្អ​ពីសា​លា​ ហើយ​មានបំណង​ចង់​ប្រឡង​យក​សញ្ញាបត្រ​កម្រិតខ្ពស់​នេះ​ នឹង​ទទួល​បាន​ការ​ស្នាក់នៅ​ និង​ប្រឡង​នៅ​ប្រទេស​វៀតណាម​។

និស្សិត​ដែល​ចង់​សិក្សា​វគ្គ​ IT​ Passport​ អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយនឹង​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​(NIPTICT​) ដោយ​ការ​បណ្តុះបណ្តាល​មាន​រយៈពេល3​សប្តាហ៍​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​ 15​ ខែកក្កដា​ រហូតដល់​ថ្ងៃទី2​ ខែសីហា​ ឆ្នាំ2019​ ខាងមុខនេះ​។ ទីតាំង​បណ្តុះបណ្តាល​ស្ថិតនៅ​ក្នុង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​៕

Advertisement