កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​ជួយ​បន្ត​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​សម័យថ្មី​

ប្រព័ន្ធ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​-ជីវៈ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ចាប់ផ្តើម​មាន​សម្ទុះ​វិជ្ជមាន​គួរ​ឱ្យ​គាត់​សម្គាល់​បន្ទាប់​ពី​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ ដំណាលគ្នា​ដែល​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​អនុវត្ត​នូវ​គោលនយោបាយ​សំ​ខាន់​ៗដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ប្រសើរ​។

ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ កម្ពុជា​បាន​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)អស់​រយៈពេល​ជាង​ 50ឆ្នាំ​មក​ហើយ​ ដោយ​ក្នុង​នោះ​យើង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​លើ​ការ​អភិវឌ្ឍ​ការងារ​។ទោះជា​យ៉ាងនេះ​ក្តី​ក៏​កម្ពុជា​នៅតែ​ត្រូវការ​ការ​ជួយ​ជ្រោមជ្រែង​ទាំង​បច្ចេកទេស​ និង​ថវិកា​ជាច្រើន​បន្ថែម​ទៀត​ពី​ដៃគូ​អភិវឌ្ឍ​សំ​ខាន់​ៗ។

នៅក្នុង​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​ នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​ស្នើ​ដល់ដៃ​គូ​អភិវឌ្ឍន៍​នានា​ ពិសេស​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)ឱ្យ​បន្ត​ជួយ​អភិវឌ្ឍ​ដើម្បី​ឆ្លើយតប​នឹង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ (Industry​ Revolution​ 4.0​)។ ក្នុង​នោះ​ឯកឧត្តម​បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​ប្រភេទ​ការងារ​មួយចំនួន​បាន​ និង​កំពុង​មានការ​ផ្លាស់​ប្តូរ​នៅក្នុង​ដំណើរការ​វិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ និង​បដិវត្តន៍​ឧស្សាហកម្ម​4.0​ កម្ពុជា​ជឿជាក់​ថា​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ចូលរួម​ជាមួយ​កម្ពុជា​ ដើម្បី​ដាក់ចេញ​ជា​វិធានការ​ និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុង​ទីផ្សារ​កម្ពុជា​ និង​ការងារ​នា​ពេល​អនាគត​។|

ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “ដើម្បី​សម្រេច​គោលដៅ​ប្រកបដោយ​ចីរភាព​ ជាពិសេស​គោលដៅ​ទី8​ ដែល​និយាយ​ពី​ការងារ​សមរម្យ​ នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ប្រទេស​ជាស​មា​ជិ​ក ILO​ ចាំបាច់​ត្រូវ​ធានា​ឱ្យ​បាន​ថា​ កម្មករ​និយោជិត​ និង​យុវជន​ទទួល​បាន​ចំណេះដឹង​ទូទៅ​ និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ និង​ឱកាស​ទទួល​បានការ​សិក្សា​ពេញ​មួយ​ជីវិត​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ដែល​អាច​ឆ្លើយតប​ជាមួយ​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​ការងារ​”។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ក្នុង​ន័យ​នេះ​ប្រទេស​ជាស​មា​ជិ​កអង្គការ​អន្តរជាតិ​ខាង​ការងារ​គប្បី​បផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ សមត្ថភាព​ដល់​កម្លាំង​ពលកម្ម​ ដើម្បី​បង្កើន​ផលិតភាព​ និង​បង្រួម​គម្លាត​នៃ​ជំនាញ​ឱ្យ​បាន​កាន់តែ​ច្រើន​។ ក្រៅពី​នេះ​យើង​ក៏​ត្រូវ​ពង្រឹង​សេវា​នៃ​ការ​ផ្តល់​ព័ត៌មាន​ពីទី​ផ្សារ​ការងារ​ និង​សេវា​ស្វែងរក​ការងារ​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ ស្រប​ពេល​ដែល​យើង​បង្កើន​គុណភាព​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន​។ ចំណុច​ចម្បង​មួយផ្សេងទៀត​គឺ​ យើង​ចាំបាច់​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​ពិភព​ការងារ​ និង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជំនាញ​។ កម្ពុជា​សង្ឃឹមថា​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅតែ​បន្ត​មាន​តួនាទី​សំខាន់​ និង​ជា​ស្ថាប័ន​ត្រីភាគី​មួយ​ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​នៅក្នុង​បដិ​វដ្ត​ឧស្សា​កម្ម​ ទៅជា​ឱកាស​សម្រាប់​ប្រជាជន​គ្រប់រូប​។

ជា​ចំណុច​វិជ្ជមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ ILO​-BFC​ ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ​ ផលិតភាព​ ការ​បញ្ជាទិញ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​មក​កម្ពុជា​។

លោក​ Dan​ Rees​ នាយក​គម្រោងការ​ងារ​ល្អ​ប្រសើរ​ជាស​កល​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ILO​បាន​លើកឡើង​ថា​ អង្គការ​ ILO​ នឹង​បន្ត​កិច្ចសហការ​ជា​មួយ​កម្ពុជា​បន្ត​ទៀត​ ដើម្បី​បង្ហាញ​សាធារណជន​ឱ្យ​បានដឹង​ពី​ភាព​វិជ្ជមាន​នៃ​កិច្ចសហការ​ប្រកបដោយ​និរន្តរភាព​។ លោក​ក៏បាន​វាយតម្លៃ​ជា​វិជ្ជមាន​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សុខ​ដុ​មនី​យក​ម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

គួរ​បញ្ជាក់​ថា​ ថ្មី​ៗនេះ​កម្ពុជា​ក៏​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​ផង​ដែរ​លើ​ការ​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ ព្រោះ​យើង​កំពុង​ត្រូវការ​ធនធាន​ជាច្រើន​ដើម្បី​បំពេញ​តម្រូវការ​ការងារ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​បរទេស​។ ម្យ៉ាងវិញទៀត​ ការរៀបចំ​ជំរុញ​ការ​បណ្តុះបណ្តាល​នេះ​ ក៏​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ និង​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ 2030​៕

Advertisement