សមាធិរឮកដឹងសតិ​​ជា​វិធីសាស្ត្រ​អប់រំ​ដ៏​សំខាន់​ក្នុង​ការ​ ​អភិវឌ្ឍ​ការសិក្សា​ ​និង​ស្មារតី​របស់​កុមារ​ និងយុវជន

សមាធិ​ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ដែល​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​​ដើម្បី​ជួយ​ឱ្យ​សិស្ស​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ​ទាំង​ចំណេះដឹង​ ​និង​អា​រម្ម​ណ៍​ព្រោះ​បច្ចុប្បន្ន​នេះ​ក្រៅពី​ការអប់រំ​ឱ្យ​មនុស្ស​មានចំណេះ​ជំនាញ​ច្បាស់លាស់​ហើយ​ ពិភព​​លោក​ក៏​រក​ឃើញ​ផង​ដែរ​ថា​ ​មនុស្ស​ត្រូវការ​សុភមង្គល ​និង​ភាព​ស្ងប់​សុខ​ទើប​អាច​រស់នៅ​បាន​កាន់តែ​ប្រសើរ​។​

​លោក​ តែ​ ឡាយ​ប្រធាន​នាយក​​ដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប ​បាន​លើកឡើង​ថា ​យើង​ដឹង​ហើយ​ថាក្នុង​ការ​អភិវឌ្ឍ​បុគ្គល​ម្នា​ក់ៗ​ឱ្យ​ក្លាយជា​មនុស្ស​ពេញលេញ​យើង​ត្រូវការ​កម្មវិធី​សិក្សា​ល្អ​ៗ​​ដែល​ក្នុង​នោះ​បើ​តាម​ក្រ​​សួង​អប់រំ​របស់​យើង​ ​គឺ​ផ្តោត​សំខាន់​លើ​វិជ្ជា​សម្បទា​បំណិន​សម្បទា​ ​និង​ចរិត​សម្បទា​។​ ​ហេតុនេះ​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ផ្លូវចិត្ត​ ​(Mindfulness​ ​In​ ​School​ ​Program​-​MISP​) ​ដែល​យើង​ដាក់បញ្ចូល​ទៅ​ក្នុង​ការសិក្សា​ ​គឺ​ស្រប​ទៅ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​បំណិន​សម្បទា​​ដើម្បី​អភិវឌ្ឍ​កុមារ​ឱ្យ​ក្លាយជា​មនុស្ស​ដែល​មាន​សុខភាព​ផ្នែក​ផ្លូវចិត្ត​ល្អ​។​ ​ជាក់ស្តែង​ដូច​យើង​បានឃើញ​ហើយ​ថា ​យុវជន​សម័យ​បច្ចុប្បន្ន​នេះ​បាន​រីក​លូតលាស់​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​បច្ចេកវិទ្យា​​ដែល​ពេលខ្លះ​គាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។​ ​កម្មវិធី​ដែល​យើង​រៀបចំឡើង​នេះ​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ជួយ​សិស្សានុសិស្ស​ឱ្យ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​មានការ​ផ្ចង់​អារម្មណ៍ (​focus) ​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​កាន់តែ​ប្រសើរ​តាមរយៈ​ការ​ធ្វើស​មា​ធិ​។​

​លោក​ ​តែ​ ​ឡាយ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ ​កម្មវិធី​អប់រំ​ផ្លូវចិត្ត​នេះ​​នឹង​ធ្វើ​ឱ្យ​បញ្ញា​ស្មារតី​របស់​សិស្ស​អាច​អភិវឌ្ឍ​បាន​កាន់តែ​ល្អ​ ហើយ​នៅពេល​សុខភាព​ផ្លូវចិត្ត​ ​ឬ​បញ្ញា​ស្មារតី​ល្អ​នោះ​ពួកគេ​ក៏អាច​ទទួលយក​ការអប់រំ​បាន​ល្អ​ផង​ដែរ​។​ ​ម្យ៉ាង​វិញ​កម្មវិធី​នេះ​ក៏អាច​ជួយ​ដល់​ការ​បង្រៀន​ ​និង​អាណាព្យាបាល​ផង​ដែរ​ ​ព្រោះ​នៅពេល​សិស្ស​មានការ​ផ្តោត​អារម្មណ៍​ ​និង​មាន​វិន័យ​ល្អ​ ​លោក​គ្រូ​អ្នកគ្រូ​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្រៀន​​ចំ​ណែ​ក​ឯ​អាណាព្យាបាល​ក៏​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង​កូន​ទៅតាម​នោះ​ដែរ​”​។​

​បើ​តាម​អ្នកជំនាញ​ផ្នែក​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ​ជា​ធម្មតា​កូនក្មេង​មិនសូវ​ផ្ចង់​អារម្មណ៍​បាន​យូរ​
​ទេ​ ​គេ​តែងតែមាន​អារម្មណ៍​រវើរវាយ​ ​គិត​ច្រើន​រឿង​ក្នុង​ពេល​តែមួយ​​ដែល​ពេលខ្លះ​ធ្វើ​ឱ្យ​ភ្លេចបាត់​នូវ​អ្វី​ដែល​គ្រូ​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់​ទៀតផង​ ​ហេតុនេះ​ហើយ​ទើប​យើង​ផ្តល់​កម្មវិធី​សមាធិ​ដល់​ពួកគាត់​មុន​ពេល​ចាប់ផ្តើម​រៀន​ដើម្បី​ឱ្យ​គាត់​ប្រមូល​អារម្មណ៍​បាន​ល្អ​។​ ​ចំពោះ​មនុស្ស​ធំ​ក៏​ដូចគ្នា​ដែរ​ពេលខ្លះ​ក៏​មានការ​លំបាក​ក្នុង​ការ​ប្រមូល​អារម្មណ៍​ផង​ដែរ​។​ ​ជាឧទាហរណ៍​ថ្ងៃសៅរ៍​ ​អាទិត្យ​គាត់​មានការ​ជួបជុំ​សប្បាយ ​ហេតុនេះ​មកដល់​ថ្ងៃ​ចន្ទ​វិញ​ ​អារម្មណ៍​របស់​គាត់​នៅតែ​ចងចាំ​ការ​សប្បាយ​នោះ​ខ្លាំងពេក​​ក៏អាច​ប៉ះពាល់​ដល់​ការងារ​ ​ឬ​ការសិក្សា​ដែរ ​ហេតុនេះ​ការ​ធ្វើស​មា​ធិ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​ស្ងប់​ល្អ​​ហើយ​ងាក​មក​ផ្តោត​អារម្មណ៍​ធ្វើ​រឿង​ថ្មី​បាន​យ៉ាង​ប្រសើរ​។​


​អ្នកស្រី​ ​អ៊ុ​ក​ ​សូ​នី​តា ​នាយិកា​រង​នាយកដ្ឋាន​អប់រំ​​ទទួ​លប​ន្ទុ​កម្មវិធី​មត្តេយ្យ ​និង​ភាសាអង់គ្លេស​សម្រាប់​កុមារ​របស់​ក្រុមហ៊ុន​ វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប ​បើ​និយាយ​ពី​សុខភាព​ផ្លូវចិត្ត​ថា​​សាលា​របស់​យើង​មានកម្ម​វិធី​មួយ​រួច​ទៅ​ហើយ​លើស​កម្ម​ភាព​ប្រឹក្សា​ផ្លូវចិត្ត​នេះ​ ​យើង​មាន​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវចិត្ត​សម្រាប់​ប្រឹក្សា​ជាមួយ​សិស្ស​ពាក់ព័ន្ធ​នឹង​ការសិក្សា​និង​ការ​ប្រឈម​នានា​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ ​យើង​ក៏បាន​ដាក់បញ្ចូល​ផង​ដែរ​នូវ​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​កម្ម​វី​ធី​សមា​ធិរ​ឮ​ក​ដឹង​សតិ​(​Mindful​ ​In​ ​School​ ​Program​) ​នេះ​ឡើង​ ​ដោយ​យើង​បាន​ស្រាវជ្រាវ​ឃើញថា​ ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ជំរុញ​ឱ្យ​សិស្ស​មាន​អា​​រម្ម​ណ៍​ស្ងប់​ល្អ​ជាង​មុន​ ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ទៃ ​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​ល្អ​ជាង​មុន​។​ ​ដូច​យើង​ដឹង​ហើយ​ថា​​កុមារ​គាត់​មិនដឹង​ទេ​ថា​ អ្វីទៅ​ជា​ភាព​​តានតឹង ​អ្វី​ជា​អារម្មណ៍​ធុញថប់​ ​ឬ​ការ​ធ្លាក់ទឹក​ចិត្ត​ (​depression​) ​តែ​គាត់​អាច​បញ្ចេញ​មក​បាន​តាមរយៈ​ការ​គំហក​ ​ការ​ស្រែក​ ​ឬ​ការ​វាយតប់​​ជាដើម​។​ ​ហេតុនេះ​ការ​ឱ្យ​គាត់​ធ្វើស​មា​ធិ ​គឺជា​វិធី​ល្អ​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្លូវចិត្ត​ទាំងអស់​នេះ​សម្រាប់​គ្រប់​វ័យ​។​
​លោកស្រី​ ​អ៊ុ​ក​ ​សូ​នី​តា​ ​បាន​និយាយ​ថា​៖​ ​“​កម្ម​វី​ធី​នេះ​យើង​ដាក់បញ្ចូល​សម្រាប់​កុមារ​គ្រប់​វ័យ​គឺ​ចាប់ពី​អាយុ​ ​3ឆ្នាំ​រហូតដល់​ ​18ឆ្នាំ​ ​ដោយ​ក្នុង​នោះ​យើង​ផ្តល់​នូវ​តិច​​និក​ ​ឬ​សកម្មភាព​ជាច្រើន​ដើម្បី​បណ្តុះបណ្តាល​ពួក​គាត់​ ​ដូចជា​ការ​ឱ្យ​គាត់​អង្គុយ​តាំង​សមាធិ​ ​ហើយ​តាមដាន​ដង្ហើមចេញ​ចូល​ ​ការ​បង្រៀន​ពី​វិធី​ធ្វើស​មា​ធិ​ដើរ​ ​ការ​បង្រៀន​ធ្វើស​មា​ធិ​ដោយ​ការ​ប៉ះ​រាងកាយ​ ​ដោយ​ការ​ដាក់ដៃ​ខ្វែងគ្នា​ធ្វើជា​សកម្មភាព​មេអំបៅ​ហើ​រតិ​ចៗ​ដើម្បី​សមាធិ ​ការ​ទះ​ដៃ​តិច​ៗ​សម្រាប់​ការ​ធ្វើស​មា​​ធិ​ ​និង​ការ​បង្រៀន​ពី​ការ​ធ្វើស​មា​ធិ​ដោយ​ការសម្រាក​រាងកាយ​។​ ​សកម្មភាព​នេះ​យើង​ឱ្យ​គាត់​នៅក្នុង​បន្ទប់​មួយ​ដែល​មាន​ពន្លឺ​មិន​ភ្លឺ​ខ្លាំងពេក​ ​ហើយ​ឱ្យ​គាត់​សម្រាក​ពិចារណា​ពី​រឿង​ល្អ​ៗ​ ​និង​រីករាយ​​ដើម្បី​ឱ្យ​គាត់​មាន​សមាធិ​ ​និង​សម្រាក​បាន​ស្រួល​”​។​

​លោកស្រី​ ​សូ​នី​តា​ បាន​បន្ថែម​ទៀត​ថា ​តាម​ការ​ស្រាវជ្រាវ​ ​និង​សង្កេតមើល​ជាក់ស្តែង​យើង​ឃើញថា​កុមារ​ដែល​ទទួល​បានការ​ធ្វើស​មា​ធិ​ល្អ​ ​ឬ​អប់រំ​ផ្លូវចិត្ត​ល្អ​​ភាគច្រើន​គាត់​មាន​ភាព​អត់ធ្មត់​និង​ចាស់ទុំ​ជាង​ក្មេង​ធម្មតា​។ ​ចំណែក​ឯ​ការ​ផ្ចង់​អារម្មណ៍​ ​និង​ការ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​មិត្តភក្តិ និង​អាណាព្យាបាល​ក៏​ល្អ​ជាង​មុន​ដែរ​​ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជា​មួ​យកូនៗ​ខ្លាំង​ជាង​មុន​។ ​លោកស្រី​បាន​ផ្តល់​ក្តី​រំពឹង​ថា ​ស្ថាប័ន​ទាំងអស់ ​ទាំង​រដ្ឋ​ ​និង​ឯកជន​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​កាន់តែ​ខ្លាំង​លើ​ការអប់រំ​សុខ​ភាព​ផ្លូវចិត្ត​ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​មានគុណ​​ភាព​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ​ ​និង​លើកកម្ពស់​ភាព​​ស្ងប់​សុខ​ក្នុង​សង្គម​។​ ​ដូច​យើង​បានឃើញ​ហើយ​ថា​ ​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​សង្គម​ជាច្រើន​បាន​កើតឡើង​ដោយ​ក្នុង​នោះ​យើង​ឃើញថា​បញ្ហា​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។​ ​ពេល​មាន​បញ្ហា​ចរាចរ​ណ៍​ម្តង​ៗ​យើង​ឃើញថា​មាន​មនុស្ស​ស្រែក​ដាក់គ្នា​ ​ផ្ទុះ​កំ​​ហឹង​ខ្លាំង​ៗ​ ​ហើយ​ពេលខ្លះ​ស្ទើរតែ​ស្រែក​ជេរ​គ្នា​ពី​ក្នុង​យានយន្ត​ទៀតផង​​ដែល​បញ្ហា​នេះ​កើតឡើង​មក​ពី​ការ​​គ្រប់គ្រង​ផ្លូវចិត្ត​មិនបាន​ល្អ​ ហេតុនេះ​ប្រសិនបើ​កុមារ​ ​ឬធន​ធាន​មនុស្ស​របស់​យើង​បាន​ទទួលការ​អប់រំ​ផ្លូវចិត្ត​ល្អ​ ​អនាគត​ទៅ​​សង្គម​នឹងអាច​មាន​ភាពល្អ​ប្រសើរ​ទៅតាម​នោះ​ដែរ​៕​


Advertisement