ជិតដល់​ពេល​ប្រឡង​បាក់ឌុប​ សិស្ស​គួរតែ​ចាប់​ផ្តើម​កាត់បន្ថយ​ទម្លាប់​មិនល្អ​ ដើម្បី​ត្រៀមខ្លួន​

មិនយូរ​ប៉ុន្មានទៀត​ទេ​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ចូល​មក​ដល់​ ដែល​ចាប់ពី​ពេលនេះ​តទៅ​ សិស្សានុសិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ទាំងអស់​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​ចាប់​យក​ឱកាស​ប្រកបដោយ​ភាព​សំខាន់​នេះ​សម្រាប់​ចាប់ផ្តើម​ដំណើរ​ជីវិត​ទៅមុខ​ទៀត​ឱ្យ​បាន​។

លោក​ គីម​ ដារ៉ា​ ស្ថាបនិក​នៃ​ស្ថា​ប័ន​បណ្តុះបណ្តាល​ Start​ Up​ Community​ បាន​លើកឡើង​ថា​ ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ពី​សិស្ស​ខ្សោយ​ និង​ចង់​រំដោះខ្លួន​ពី​សិស្ស​មិនល្អ​មក​ជាប់​និទ្ទេស​ល្អ​ សិស្សានុសិស្ស​គួរ​ចាប់ផ្តើម​ព្យាយាម​សិក្សា​ពី​កំហុសឆ្គង​ និង​ទម្លាប់​អា​ក្រ​ក់ៗ​របស់​ខ្លួន​មួយចំនួន​ចេញ​ដើម្បី​ទុកជា​ចំណុច​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ដែល​អាច​នាំ​ដំណើរ​ជីវិត​ឱ្យ​ឆ្ពោះទៅ​រក​ចំណុច​វិជ្ជមាន​វិញ​បាន​។ ក្រៅពី​នេះ​សិស្ស​ដែល​ធ្លាប់​ទទួលបរាជ័យ​ ឬមាន​លក្ខខណ្ឌ​សិក្សា​មិនសូវ​ល្អ​ក៏​គួរតែ​ផ្លាស់​ប្តូរ​ការសេពគប់​មិត្តភក្តិ​មិនល្អ​ ហើយ​ងាក​មក​ចំណាយពេល​វេលា​ជាមួយ​មិត្តភក្តិ​ដែល​ចូលចិត្ត​រៀន​វិញ​ ព្រោះ​ទោះបីជា​យើង​ខ្សោយ​ តែបើ​យើង​ស្ថិត​នៅក្នុងចំណោម​អ្នករៀន​ យ៉ាងហោចណាស់​ក៏​យើង​អាច​ទទួល​ព័ត៌មាន​ពី​គេ​បាន​ច្រើន​ដែរ​។

លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “កត្តា​សំខាន់​មួយផ្សេងទៀត​ដែល​អាច​ស្តារ​ស្ថានការណ៍​បាន​នា​ពេលនេះ​ គឺ​ចាប់ផ្តើម​ស្វែងរក​កន្លែង​រៀន​ដែល​មាន​វិន័យ​ល្អ​ ប្រព័ន្ធ​អប់រំ​ល្អ​ និង​គ្រូ​ល្អ​ដែល​ចេះ​លើកទឹកចិត្ត​ និង​ហ៊ាន​ស្តី​បន្ទោស​បន្ថែម​ ដើម្បី​ជំរុញ​ទឹកចិត្ត​យើង​ឱ្យ​កាន់តែ​ចង់​រៀន​ឱ្យ​បាន​ខ្លាំង​ឡើង​ទៀត​”។

អ្នកអប់រំ​ខាងលើ​បាន​បន្ថែម​ផង​ដែរ​ថា​ ក្រៅពី​កត្តា​ទាំងប៉ុន្មាន​ខាងលើ​នេះ​ ការបង្កើត​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ក៏អាច​ជា​កម្លាំង​រុញច្រាន​ទឹកចិត្ត​សិស្ស​ដែល​មិនទាន់​ខ្លាំង​ឱ្យ​ចាប់ផ្តើម​ខិតខំ​បាន​ដែរ​។ ហេតុនេះ​គួរ​ចាប់ផ្តើម​សិក្សា​ពី​ចំ​ណុ​ចតូចៗ​ និង​ងាយ​ៗមក​មុន​ ដើម្បី​បង្កើត​ទម្លាប់​សិក្សា​ និង​បង្កើន​ទំនុកចិត្ត​ឱ្យ​បាន​ល្អ​ មុន​ពេល​ឈាន​ទៅ​រក​ចំណុច​កាន់តែ​សាំញ៉ាំ​សម្រាប់​ត្រៀមប្រឡង​។ ម្យ៉ាងវិញទៀត​ បើ​មិន​ចង់ឱ្យ​មានការ​រំខាន​ សិស្ស​គួរ​បិទ​ទូរស័ព្ទ​នៅពេល​ធ្វើលំ​ហាត់​ ហើយ​អាន​មេរៀន​ជា​រៀងរាល់ថ្ងៃ​ ព្រមទាំង​កាត់បន្ថយ​ពេល​កម្សាន្ត​មិន​មានប្រយោជន៍​ មក​ជួប​មិត្តភក្តិ​ដើម្បី​ពិភាក្សា​គ្នា​ពី​មេរៀន​សំ​ខាន់​ៗ ព្រោះ​ការ​ធ្វើបែប​នេះ​វា​អាច​ធ្វើ​ឱ្យ​យើង​ងាយ​ចងចាំ​។ បន្ថែម​ពីលើ​នេះ​ក៏​គួរ​កាត់បន្ថយ​ការ​លេង​ហ្គេម​ ហើយ​ស្វែងរក​ពេលវេលា​សមរម្យ​ដើម្បី​រំឭក​មេរៀន​ឱ្យ​បាន​ទៀងទាត់​ដើម្បី​បង្កើត​ជា​ទម្លាប់​ល្អ​ ហើយ​ធ្វើ​ឱ្យ​យើង​ចូលចិត្ត​រៀន​កាន់តែ​ខ្លាំង​។ បន្ថែម​ពី​លើ​នេះ​កត្តា​ជំរុញ​សំខាន់​មួយទៀត​ដែល​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ជំរុញ​ឱ្យ​ចង់​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ គឺ​ចេះ​បង្កើត​ក្តី​ស្រមៃ​ឱ្យ​ធំ​សម្រាប់​ខ្លួនឯង​ ព្រោះ​កាលណា​យើង​មើលឃើញ​ពីអ​នាគ​តល្អ​ យើង​នឹង​ខំប្រឹង​ប្រែង​ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះមុខ​នេះ​បាន​យ៉ាង​ល្អ​។

ជាមួយគ្នា​នេះ​ដែរ​ លោក​ គង់​ វិ​ចិ​ត្រា​ សហ​ស្ថាបនិក​ស្ថាប័ន​អប់រំ​ Asia​ Leading​ Academy​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​សិស្ស​ស្ទើរគ្រប់​គ្នា​សុទ្ធតែ​មាន​ឧបករណ៍​អេឡិចត្រូនិក​ដែល​ភ្ជាប់​ជាមួយនឹង​បច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ប្រើប្រាស់​។ កត្តា​នេះ​អាច​ធ្វើ​ឱ្យ​សិស្ស​ដែល​ចេះ​ទាញ​ប្រយោជន៍​កាន់តែ​ខ្លាំង​ ព្រោះ​ពួកគេ​អាច​ទទួល​បាន​លំហាត់​ និង​មេរៀន​សម្បូរ​បែប​ តែ​សម្រាប់​សិស្ស​ជាច្រើន​ផ្សេងទៀត​ ពួកគេ​បែរជា​ចំណាយពេល​វេលា​ខ្ជះខ្ជាយ​ច្រើនជ្រុល​ជាមួយ​បច្ចេកវិទ្យា​កម្សាន្ត​រហូត​ប៉ះពាល់​ដល់​លទ្ធផល​សិក្សា​ថែមទៀត​ផង​។ ហេតុនេះ​ប្រសិនបើ​ចង់​ប្រឡងជាប់​ សិស្ស​គួរ​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​បន្តិច​ពី​បច្ចេកវិទ្យា​ ប្រសិនបើ​យើង​គ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ​ ដើម្បី​អនុញ្ញាត​ឱ្យ​ខួរក្បាល​របស់​យើង​នៅសល់​ចន្លោះ​សម្រាប់​ដាក់​មេរៀន​ត្រៀមប្រឡង​។ ម្យ៉ាងវិញទៀត​ បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា​ នៅ​តាម​ហាង​កាហ្វេ​ ឬកន្លែង​មាន​អុីន​ធើ​ណិ​តមួយចំនួន​ សម្បូរទៅដោយ​យុវជន​ដែល​ប្រជុំ​គ្នា​លេង​ហ្គេម​អន​ឡាញ​ ដែល​បញ្ហា​នេះ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ផង​ដែរ​ចំពោះ​ការ​ត្រៀមប្រឡង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សិស្ស​គួរ​ចាប់ផ្តើម​កាត់បន្ថយ​បន្តិច​ម្តង​ៗ ហើយ​ងាក​មក​ពិចារណា​ពី​ការគ្រប់គ្រង​ពេលវេលា​ឱ្យ​បាន​ល្អ​ពាក់ព័ន្ធ​នឹង​ពេល​កម្សាន្ត​ និង​ពេល​រៀន​។

លោក​ គង់​ វិ​ចិ​ត្រា​ បាន​និយាយ​ថា​៖ “ភាគច្រើន​ សិស្ស​យើង​មិនសូវ​រៀបចំ​ការគ្រប់គ្រង​ពេលវេលា​បាន​ល្អ​ទេ​ ដោយសារ​ពួកគេ​មិន​មាន​គោលដៅ​ជីវិត​ ឬមិន​ទាន់​ទទួល​បាន​ព័ត៌មាន​ល្អ​ពី​ការរៀបចំ​ដំណើរ​ជីវិត​។ នៅពេល​ដែល​ពួកគេ​មិន​យល់​ពីសា​រៈសំ​ខាន់​នៃ​ការ​ប្រឡង​ ដែល​ជា​ជំហាន​សំខាន់​ដើម្បី​បន្ត​អាជីព​នៅ​ថ្ងៃ​អនាគត​ គេ​អាច​នឹង​បណ្តោយ​ខ្លួនឯង​ឱ្យ​ការ​សប្បាយ​អូសទាញ​បាន​គ្រប់ពេល​”។

លោក​វិ​ចិ​ត្រា​ បាន​បន្ថែម​ទៀត​ថា​ សិស្ស​គួរ​ចាប់ផ្តើម​យក​អនាគត​មក​ពិចារណា​ ថា​តើ​ថ្ងៃក្រោយ​យើង​ចង់​ក្លាយជា​អ្វី​?។ ហើយ​ជីវិត​របស់​យើង​ 4-5ឆ្នាំ​ទៀត​នឹង​ទៅជា​យ៉ាងណា​ប្រសិនបើ​យើង​ប្រឡងជាប់​ ហើយ​ករណី​ប្រឡង​មិន​ជាប់​យើង​អាច​នឹង​បាត់បង់​អ្វីខ្លះ​? ក្រោយពេល​ពិចារណា​ហើយ​ សូមកុំ​ស្លន់ស្លោ​ ឬភ័យ​ព្រួយ​ខ្លាំងពេក​ តែ​គួរ​ចាប់ផ្តើម​ទាញ​មេរៀន​មក​រៀប​ចំពី​ផ្នែក​សំខាន់​មក​មិនសូវ​សំខាន់​ដើម្បី​រំឭក​ឱ្យ​បាន​ល្អ​ ព្រោះ​ចាប់ពី​ថ្ងៃនេះ​ទៅ​ ថ្វី​ដ្បិតតែ​យឺត​ជាងគេ​បន្តិច​ក្ដី​ តែ​មិនទាន់​ហួសពេល​ទេ​។ ហេតុនេះ​ សូមកុំ​បណ្តោយ​ឱ្យ​អនាគត​ដែល​អាច​គ្រប់គ្រង​បាន​នេះ​ ត្រូវ​ជួបនឹង​រឿង​សោក​ស្តាយ​ដោយសារតែ​ការ​ធ្វេសប្រហែស​ឱ្យ​សោះ​៕

Advertisement