ពិភពលោក​ចាប់អារម្មណ៍​ និង​លើក​ទឹកចិត្ត​ឱ្យ​ប្រើ​រថយន្ត​អគ្គិសនី​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​

បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​កិច្ចប្រជុំ​សំ​ខាន់​ៗរបស់​មេដឹកនាំ​លើ​ពិភពលោក​ និង​សម្រាប់​ប្រទេស​ធំៗ​ដែល​សម្បូរទៅដោយ​ឧស្សាហកម្ម​ធំៗ​អាច​ប៉ះពាល់​ដល់​បរិស្ថាន​។ ទន្ទឹម​នឹង​នេះ​ ប្រទេស​នានា​ក៏បាន​ចំណាយ​កញ្ចប់​ថវិកា​យ៉ាងច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​ការ​ឡើង​កម្តៅ​ផែនដី​ និង​ការ​បំពុល​បរិយាកាស​ជាដើម​ដែរ​។

ក្នុងចំណោម​បញ្ហា​ធំៗ​ដែល​នាំ​ឱ្យ​មានក​ត្តា​ប្រឈម​លើ​ពិភពលោក​ ការប្រើ​ប្រាស់​យានយន្ត​ និង​ការ​រីកចម្រើន​នៃ​ទីក្រុង​ជាផ្នែក​សំខាន់​មួយ​នៃ​ផល​ប៉ះពាល់​ចំពោះ​ជីវិត​។ ជា​រៀងរាល់​ឆ្នាំ​ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ពុល​ខ្យល់អាកាស​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ ទន្ទឹម​នឹង​នេះ​វា​ក៏បាន​ប៉ះពាល់​ដល់​ជនរងគ្រោះ​ជាច្រើន​ផ្សេងទៀត​ ដូចជា​កុមារ​ និង​ស្ត្រី​មានផ្ទៃពោះ​ជាដើម​។ ហេតុនេះ​ហើយ​ទើប​ប្រទេស​ខ្លះ​ព្យាយាម​កាត់បន្ថយ​ការប្រើ​ប្រាស់​យានយន្ត​ផ្ទាល់ខ្លួន​មក​ផ្តល់​សេវា​ដឹកជញ្ជូន​សារ​ធា​រណៈ​រួមគ្នា​វិញ​ ដើម្បី​កាត់បន្ថយ​ផ្សែង​ក្នុង​ទីក្រុង​។ រថភ្លើង​ និង​រថយន្តក្រុង​ក្នុង​តម្លៃ​រាប់​ម៉ឺន​រាប់​លាន​ដុល្លារ​ត្រូវ​បាន​គេដាក់​ឱ្យ​ដំណើរការ​កាន់តែ​ច្រើន​ឡើង​ៗ ទាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក្នុង​គោលបំណង​ប្រមូល​ប្រជាជន​ឱ្យ​កាត់បន្ថយ​ការប្រើ​ប្រាស់​រថយន្ត​។

ទន្ទឹម​នឹង​នេះ​ ពិភពលោក​បាន​ឈាន​មួយ​ជំហាន​ទៀត​គឺ​ ជំរុញ​ឱ្យ​ប្រជាជន​ប្រើប្រាស់​យានយន្ត​គ្មាន​ផ្សែង​នោះ​គឺ​រថយន្ត​អគ្គិសនី​។ រថយន្ត​ប្រភេទ​នេះ​ថ្វី​ដ្បិតតែ​មិន​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំងស្រុង​លើ​ពិភពលោក​បាន​ក៏ដោយ​ តែ​ក៏អាច​កាត់បន្ថយ​បាន​ច្រើន​ដែរ​ ព្រោះ​វា​គ្មាន​ផ្សែង​ ហើយ​ត្រូវការ​ថាមពល​អគ្គិសនី​មិន​ច្រើនពេក​នោះ​ទេ​ដើម្បី​ដំណើរការ​វា​។

នៅ​ប្រទេស​ន័រវែស​ បច្ចុប្បន្ន​នេះ​ អ្នក​ដែល​ប្រើ​រថយន្ត​អគ្គិសនី​មិន​ចាំបាច់​បង់ពន្ធ​ផ្លូវ​ទេ​ ហើយ​ពន្ធ​នាំចូល​ក៏​មិនបាច់​បង់​ដែរ​ រួម​ទាំង​ការ​អនុគ្រោះ​ដទៃផ្សេង​ទៀត​ ដូចជា​ទទួល​បាន​ចំណត​ដោយ​ឥតគិតថ្លៃ​ និង​បញ្ចុះតម្លៃ​ 50​% សម្រាប់​រាល់​ការ​ឆ្លង​ស្រឡាង​ជាដើម​។ការ​ធ្វើបែប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ ការផលិត​ និង​ការ​នាំចូល​រថ​យន្ត​ថ្មី​ៗដែល​ជា​ប្រភេទ​រថយន្ត​អេឡិចត្រូនិក​ នឹង​មានការ​កើនឡើង​ ហើយ​ប្រជាជន​អាច​នឹង​ផ្លាស់​ប្តូរ​រថយន្ត​ដែល​ប្រើប្រាស់​ឥន្ធនៈ​មក​ប្រើប្រាស់​រថយន្ត​អេឡិចត្រូនិក​ដើម្បី​ទទួល​បានផល​ចំណេញ​ទាំង​សម្រាប់​ខ្លួនឯង​ និង​បរិស្ថាន​វិញ​ម្ដង​មិនខាន​។

ងាក​ទៅ​អូស្ត្រាលី​វិញ​ ក៏​កំពុង​មាន​ក្តី​បារម្ភ​ផង​ដែរ​ចំពោះ​បញ្ហា​គុណភាព​ខ្យល់​នៅក្នុង​ទីក្រុង​ដែល​កើត​ចេញពី​យានយន្ត​។ ពួកគេ​ក៏​កំពុង​ព្យាយាម​ក្នុង​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ប្រេងឥន្ធនៈ​ដើម្បី​ជួយ​សម្អាត​ខ្យល់​យល់​ និង​ប្រើប្រាស់​វិធី​ជាច្រើន​ផ្សេងទៀត​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​ល្អ​ប្រសើរ​ឡើង​។ ពួកគេ​កំណត់​ឱ្យ​រថយន្ត​ដែល​ប្រើប្រាស់​ប្រេងសាំង​បើក​ត្រឹមតែ​ 100kmចុះ​ក្រោម​ប៉ុណ្ណោះ​ក្នុង​ 1ម៉ោង​នៅ​លើ​ផ្លូវ​មួយចំនួន​ តែ​អនុញ្ញាត​ឱ្យ​រថយន្ត​ប្រើប្រាស់​អគ្គិសនី​អាច​បើកបរ​បាន​រហូតដល់​ទៅ​ 130km​/h។

ចំណែក​ឯប្រទេស​បារាំង​វិញ​ បាន​ផ្តល់​លុយ​ចំនួន​ 6,000អឺ​រ៉ូ​ចំពោះ​អ្នកទិញ​រថយន្ត​អគ្គិសនី​ថ្មី​ ហើយ​ផ្តល់​លុយ​ 4,000អឺ​រ៉ូប​ន្ថែ​មទៀ​តប្រសិនបើ​ប្រជាជន​ចង់​ផ្លាស់​ប្តូរ​រថយន្ត​ដែល​ប្រើ​សាំង​ទៅ​ប្រើ​រថយន្ត​អគ្គិសនី​វិញ​។ ការ​ធ្វើបែប​នេះ​អាច​ជួយ​ឱ្យ​ប្រជាជន​ចំណាយ​កាន់តែ​តិច​ដើម្បី​ទិញ​រថយន្ត​អេឡិចត្រូនិក​ ដែល​នាំ​ឱ្យ​ពិភពលោក​មាន​ចំនួន​រថយន្ត​ដែល​អាច​ជួយ​ដល់​បរិស្ថាន​នេះ​កើនឡើង​យ៉ាង​ឆាប់រហ័ស​៕

Advertisement