តើ​ឪពុកម្តាយ​ត្រូវធ្វើ​ដូចម្តេច ទើប​កូន​មាន​ទឹកចិត្ត​ក្លាហាន?

ឪពុក​ម្តាយ​គ្រប់រូប​តែងតែ​ចង់ឱ្យ​កូន​ជាទីស្រឡាញ់​ក្លាយជា​មនុស្ស​ក្លាហាន​អង់អាច​ តែ​មាន​ទឹកចិត្ត​ស្លូតបូត​ កាន់​ធម៌សុចរិត​នៅក្នុង​ខ្លួន​ ហើយនិង​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​កាន់តែ​សប្បាយចិត្ត​ខ្លាំង​ទៅទៀត​នោះ​ គឺ​ពេល​បានឃើញ​កូន​របស់​យើង​ហ៊ាន​ ប្រឈមមុខ​ និង​ដោះស្រាយ​បាន​នូវ​រាល់​បញ្ហា​ដែល​គេ​ជួបប្រទះ​ និង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ទៀត​ផង​។ ដូច្នេះ​លោកឪពុក​អ្នកម្តាយ​ទាំងអស់​គួរតែ​អប់រំ​បុត្រធីតា​របស់​ខ្លួន​ឱ្យ​មាន​ភាព​ក្លាហាន​ ហើយ​ចំណុច​ដែល​គួរ​អប់រំ​ និង​បង្ហាត់បង្រៀន​ដល់​កូន​នោះ​ មាន​ដូចជា​ ៖

1 . បណ្តុះ​ផ្នត់គំនិត​ឱ្យ​កូន​មាន​ភាព​ក្លាហាន​ : យើង​អាចប​ង្កើត​នូវ​មោទនភាព​ក្នុង​គ្រួសារ​ ដោយ​បង្ហាញ​ពី​ពូជ​អម្បូរ​ ឬជាតិសាសន៍​របស់​ខ្លួន​ថា​ មាន​ភាព​ក្លាហាន​ជាងគេ​ នោះ​គឺ​យើង​បាន​បង្រៀន​ឱ្យ​កូន​មាន​ភាព​ក្លាហាន​ ក្នុង​ការ​ធ្វើអ្វី​មួយ​ឬដោះស្រាយ​បញ្ហា​អ្វីមួយ​រួចស្រេច​ទៅ​ហើយ​។ ការ​បង្រៀន​កូន​ឱ្យ​យល់ដឹង​ពី​ប្រវត្ដិសាស្ដ្រ​នៃ​ពូជ​អម្បូរ​ ឬជាតិសាសន៍​បែបនេះ​ វា​អាច​ជា​ការ​ជួយ​ជំរុញ​ឱ្យ​កូន​កាន់តែ​មាន​ទឹក​ចិត្ដ​អង់អាច​ក្លាហាន​ឡើង​ថែមទៀត​ដែរ​។

2 . ត្រូវ​កោតសរសើរ​កូន​នៅពេល​ណា​ដែល​គេ​ក្លាហាន​ ហ៊ាន​ប្រឈមមុខ​ និង​ហ៊ាន​ដោះស្រាយ​បញ្ហា​ : លោកឪពុក​អ្នកម្ដាយ​ អាច​បង្ហាត់បង្រៀន​ឱ្យ​កូន​ក្លាហាន​ហ៊ាន​ប្រឈមមុខនឹង​បញ្ហា​នានា​ជាប្រចាំ​ ដូចជា​ ការ​ឡើង​និយាយ​នៅ​ចំពោះ​មុខ​សិស្ស​ដូចគ្នា​នៅក្នុង​ថ្នាក់រៀន​ ចេះ​ហ៊ាន​សម្រេច​ចិត្ត​ក្នុង​ការ​ជួយសង្គ្រោះ​មិត្តភក្តិ​ ឬក៏​លេង​កីឡា​ជាដើម​។ នៅពេល​កូន​របស់​លោកអ្នក​ក្លាហាន​ហ៊ាន​ធ្វើការងារ​ទាំងនោះ​បាន​ លោកឪពុក​អ្នកម្តាយ​ត្រូវ​តែ​ចេះ​សរសើរ​ លើក​ទឹក​ចិត្ដ​ និង​ផ្ដល់​កម្លាំង​ចិត្ដ​ដល់​កូន​។ ទាំងអស់​នេះ​ គឺជា​ការ​បង្រៀន​ឱ្យ​កូន​លោកអ្នក​ កាន់តែ​មាន​ទឹកចិត្ត​ល្អ​ និង​មាន​ភាព​ក្លាហាន​ឡើង​ផង​ដែរ​។

3 . ត្រូវលើ​កពី​បុគ្គល​ដែល​មាន​ភាព​ក្លាហាន​ពិ​តៗ​ក្នុង​សង្គម​មក​ប្រាប់​កូន​ : នៅពេល​គិត​ដល់​អ្នក​ដែល​មាន​សេចក្ដីក្លាហាន​ គឺ​យើង​តែង​នឹក​ទៅដល់​កងទ័ព​ ពួក​អ្នក​ស្ម័គ្រចិត្ត​ ពួក​អ្នកជួយ​សង្គ្រោះ​ ឬអ្នក​ពន្លត់​អគ្គិភ័យ​ជាដើម​។ ពួកគេ​ទាំង​នោះ​ អាច​ផ្ដល់​គំរូ​នៃ​ភាព​ក្លាហាន​ដល់​កូន​របស់​លោកអ្នក​បាន​។ ក្រៅពី​នេះ​ អ្នក​ក៏អាច​សរសេរជា​សុភាសិត​ បិទ​ជាប់នឹង​ជញ្ជាំង​ ឬសរសេរ​ពាក្យស្លោក​លើ​ក្ដារខៀន​ ដែល​បណ្តុះ​ទឹក​ចិត្ដ​កូន​របស់​លោកអ្នក​ឱ្យ​មាន​ភាព​ក្លាហាន​ ដូចជា​ “ភាព​ក្លាហាន​នឹង​ធ្វើ​ឱ្យ​មនុស្ស​ទទួលជោគជ័យ​” ជាដើម​។

4 . ត្រូវ​បង្កើត​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​កូន​ជាប្រចាំ​ : ជជែក​លេង​ជាមួយ​កូន​របស់​អ្នក​ជាប្រចាំ​ និង​ដោយចំហ​ រៀបរាប់​ប្រាប់​គេ​នូវ​អ្វី​ដែល​បាន​កើតឡើង​ចំពោះខ្លួន​អ្នក​ ពេល​ដែល​អ្នក​នៅ​មាន​វ័យ​ប៉ុន​គេ​ និង​ប្រាប់​ពី​វិធី​ និង​របៀប​ដោះស្រាយ​រាល់​បញ្ហា​នានា​ដែល​អ្នក​ធ្លាប់​ជួបប្រទះ​នៅពេល​នោះ​។ ប្រសិនបើ​កូន​របស់​អ្នក​ មាន​ភាព​ក្លាហាន​ហ៊ាន​និយាយប្រាប់​អ្នក​វិញ​ ពី​បញ្ហា​របស់​គេ​ដោយចំហ​នោះ​ អ្នក​អាច​នឹង​ជួយ​ពន្យល់​គេ​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ភាព​ក្លាហាន​ និង​សន្តិភាព​បាន​។

5 . ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​កូន​ : គំរូ​នៃ​ភាព​ក្លាហាន​ត្រូវ​ចាប់ផ្ដើម​ពី​ខ្លួន​អ្នកជា​មុន​។ ចំពោះ​រឿង​អ្វីមួយ​ដែល​អ្នក​គិតថា​ កូន​របស់​អ្នក​អាច​នឹង​ពិបាកធ្វើ​បាន​ ឧទាហរណ៍​ដូចជា​ ការ​រាំរែក​ ជាដើម​ លោកឪពុក​អ្នកម្តាយ​អាច​នឹង​ត្រូវ​ឡើង​រាំ​ ដើម្បី​ឱ្យ​កូន​បាន​មើលឃើញ​ពី​ភាព​ក្លាហាន​របស់​អ្នក​។ ក្រៅពី​នេះ​ លោកអ្នក​អាច​បង្ហាញ​ឱ្យ​កូន​បានឃើញ​តាមរយៈ​ទង្វើ​ និង​សកម្ម​ភា​ពល្អៗ​ប្រចាំថ្ងៃ​ទាំងឡាយ​ណា​ដែល​អ្នក​គិតថា​ ល្អ​ និង​ជា​គំរូ​ល្អ​ចំពោះ​កូន​៕

Advertisement