វិធី​បង្ហាត់​កុមារ​ឱ្យ​រៀន​យល់ដឹងបាន​យ៉ាង​ចម្រើន និង​បណ្ដុះ​គំនិត​យ៉ាង​ត្រឹមត្រូវ ដែល​អាណាព្យាបាល​ចាំបាច់​ត្រូវតែ​ដឹង…

លោក​សាស្ត្រ​ចារ្យ​វេជ្ជបណ្ឌិត​ Filkenstein​​ និង​អ្នកស្រី​ Lisa​ Filkenstein​ ជា​អ្នកជំនាញ​ការ​ខាង​ការអប់រំ​កុមារ​មក​ពី​សហរដ្ឋអាមេរិក​ ទាំង​ 2នាក់​សុទ្ធតែ​ជា​អ្នក​ដែល​មាន​បទ​ពិសោធ​ក្នុង​ការរៀបចំ​កម្មវិធី​សិក្សា​រៀនសូត្រ​សម្រាប់​កុមារ​ជាង​ 30ឆ្នាំ​មក​ហើយ​នោះ​ បាន​ផ្តល់​នូវ​ផ្នត់គំនិត​ដល់​លោកគ្រូ​ អ្នកគ្រូ​ និង​អាណាព្យាបាល​ក្នុង​រឿង​ការ​វិវឌ្ឍ​របស់​កុមារ​ឆ្លាត​ ឬកុមារ​ពូកែ​ជាច្រើន​ចំណុច​ដូច​ខាងក្រោម​ ៖

អ្នកណា​គឺ​ មនុស្ស​ពូកែ​? អ្នកណា​គឺ​ ក្មេងឆ្លាត​?
យើង​គ្រប់គ្នា​ជា​មនុស្ស​ពូកែ​ ពូកែ​គ្រប់រូប​បែប​ អ្នកខ្លះ​ពូកែ​ច្រៀង​ អ្នកខ្លះ​ពូកែ​គូររូប​ ពូកែ​ប្រដាល់​ពូកែ​ទាត់បាល់​ ពូកែ​គិត​ ពូកែ​និយាយ​ ពូកែ​រាំ​ ជា​ដើម​-ល- អ្នកខ្លះ​ពូកែ​ច្រើនយ៉ាង​ អ្នកខ្លះ​ពូកែ​តែ​ម្យ៉ាង​។ កុមារ​ពូកែ​ ឬកុមារ​ឆ្លាត​ ភា​គច្រើន​ៗតែ​មាន​ភាព​ចង់​ដឹង​ ចង់​ឃើញ​ មានការ​ស្រមើស្រមៃ​ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ និង​ថែមទាំង​មាន​ចំណាប់​អារម្មណ៍​ធំ​ទូលាយ​ តែ​សាលារៀន​ជាច្រើន​មិនសូវ​ជួយ​ជំរុញ​កុមារ​ក្នុង​រឿង​នេះ​ឡើយ​។ អ្នកគ្រូ​ច្រើន​តែ​និយាយ​ថា​ “កុំ​សួរ​ច្រើន​ណា​ អង្គុយ​ឱ្យ​ស្ងៀម​”កុមារ​ទាំងនោះ​ក៏​អង្គុយ​សម្លឹង​ស្លឺ​ចេញទៅ​ក្រៅ​បង្អួច​ សម្លឹង​មើល​មេឃ​ មើល​ដើមឈើ​ អណ្តែត​អណ្តូង​។ ហើយ​អ្នកគ្រូ​នឹង​និយាយ​ថា​ “កុមារ​បែប​នេះ​មាន​បញ្ហា​ មិន​តាំងចិត្ត​រៀន​ អារម្មណ៍​រវើរវាយ​មិន​ស្តាប់​គ្រូបង្រៀន​”។ នៅពេល​គ្រូ​គិតថា​ មាន​បញ្ហា​ ក៏​ធ្វើ​ឱ្យ​មិន​អាច​សម្លឹងឃើញ​ពី​លក្ខណ:ផ្សេង​ទៀត​ច្រើនជាង​ “បញ្ហា​” ឡើយ​។ បើ​គ្រូ​គិតថា​ មាន​បញ្ហា​ ក៏​គួរតែ​រិះរក​វិធី​កែ​បញ្ហា​នេះ​យ៉ាង​រីកចម្រើន​យ៉ាង​បណ្តុះ​គំនិត​ ដែល​វា​ជា​រឿង​មួយ​ពិបាក​ណាស់​ តែ​ក៏​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សាកល្បង​ដែរ​ បើ​គ្រូ​ចង់​ជួ​យកុ​មារ​ៗទាំងនោះ​យ៉ាង​ពិត​ប្រា​កដ​មែន​នោះ​។

ធ្វើ​យ៉ាងណា​ទើប​ក្លាយជា​ការ​កែ​បញ្ហា​យ៉ាង​ចម្រើន​ និង​បណ្តុះ​គំនិត​
ក្នុង​ការ​កែ​បញ្ហា​យ៉ាង​ចម្រើន​ និង​បណ្តុះ​គំនិត​នេះ​ លោកអ្នក​ត្រូវ​បង្ហាត់​ខួរក្បាល​របស់​លោកអ្នក​ឱ្យ​គិត​ហើយ​ក្នុង​ការ​គិត​កែ​បញ្ហា​យ៉ាង​ចម្រើន​ និង​បណ្តុះ​គំនិត​នោះ​ ចម្លើយ​ដែល​ត្រឹមត្រូវ​ គឺ​មាន​ច្រើន​លើស​ពី1​ ទៅទៀត​។ នៅពេល​ជួប​បញ្ហា​ជំហាន​ដំបូង​ យើង​ត្រូវ​ដឹង​ថា​ តើ​បញ្ហា​នោះ​គឺជា​អ្វី​ពិត​ប្រាកដ​?
ជំហាន​បន្ត​ទៅទៀត​គឺ​ ការស្វែងរក​ធាតុ​ពិត​។យើង​ត្រូវ​រកមើល​ថា​ តើ​យើង​ត្រូវ​ស្វែងរក​ព័ត៌មាន​ដោយ​វិធី​ណា​? ពី​នរណា​? ​ចម្លើយ​ដែល​អាច​ទៅ​រួច​គឺ​ ប្រភព​នៃ​ព័ត៌មាន​ផ្សេង​ៗដែល​អាច​រកបាន​ គឺ​នៅក្នុង​បណ្ណាល័យ​ សារព័ត៌មាន​ ទូរទស្សន៍​ អ្នក​ជំ​នា​ញការ​ ឬព័ត៌មាន​ពី​បរទេស​-ល- ដែល​វា​នឹង​ជួយ​ឱ្យ​យើង​ទទួល​បាន​នូវ​ផ្នត់​គំ​និ​តល្អ​ៗជា​ច្រើន​។ ជំហាន​បន្ត​ទៅទៀត​ក៏​គឺ​ ការ​ប្រមែប្រមូល​ព័ត៌មាន​ដែល​ទទួល​បាន​នោះ​… គឺជា​ការ​ប្រមូល​ផ្នត់​គំនិត​ទាំងអស់​មក​ដោយ​មិនទាន់​សម្រេចចិត្ត​។
ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សង្កេត​ថា​ នៅក្នុង​បន្ទប់​រៀន​ ពេល​មាន​កិច្ចការ​ខ្លះ​ដែល​ត្រូវ​ឱ្យ​កូន​សិស្ស​ឡើង​ឆ្លើយ​ គ្រូ​មួយចំនួន​ពេល​កូនសិស្ស​ឆ្លើយ​ហើយ​ ​គ្រូ​ប្រាប់​ថា​ ខុស​! សិស្ស​ឯទៀត​នឹង​សើច​ឡើង​តែម្ដង​។ ពេលនោះ​ ក្មេង​ម្នាក់​នោះ​នឹង​លែង​ហ៊ាន​ឆ្លើយ​ទៀត​ជាមិនខាន​។ ក្នុង​លក្ខណ​:បែបនេះ​មិនមែន​ជា​ការ​បណ្តុះ​គំនិត​របស់​កុមារ​បែប​ចម្រើន​ឡើយ​។
នៅពេល​ប្រមូល​ព័ត៌មាន​បាន​មក​ហើយ​ និង​បាន​យល់​ច្បាស់​ពី​បញ្ហា​ហើយ​ ​ជំហាន​បន្ទាប់​ទៅ​ទៀត​ គឺ​ការ​រិះរក​វិធី​ ឬគំ​និ​តល្អ​ៗ ចម្រើន​ៗក្នុង​ការ​កែ​បញ្ហា​ ដូចជា​ នៅពេល​យើង​រួបរួម​បញ្ហា​ ឬចំណុច​ខ្សោយ​នៅក្នុង​រឿង​ណាមួយ​មក​បាន​ហើយ​ ​តើ​យើង​នឹង​កែ​បញ្ហា​នេះ​របៀប​យ៉ាងម៉េច​?គ្រូ​អាច​បែងចែក​កូនសិស្ស​ជា​ក្រុម​ឱ្យ​ធ្ចើ​ការ​រួមគ្នា​ ដោយ​ប្រមូល​ផ្តុំ​គំនិត​ក្នុង​ការ​កែ​បញ្ហា​។ បន្ទាប់ពី​នោះ​ គឺ​ជា​ការ​ដំណើរការ​កែ​បញ្ហា​ និង​សិក្សា​ពី​លទ្ធផល​ ​រហូតដល់​កែសម្រួល​បាន​។

រូប​បែប​នៃ​ការ​រៀន​យល់ដឹង​
ជាទូទៅ​ មនុស្សយើង​មាន​វិធី​រៀន​យល់ដឹង​ច្រើនបែប​។ ការដែល​យើង​ត្រូវ​រៀន​យ៉ាងដូច​ម្តេច​នោះ​ វា​កើត​ចេញពី​ការដែល​យើង​យល់ដឹង​បែប​ណា​ ។ លោក​វេជ្ជបណ្ឌិត​ David​ Kolb​ បាន​ធ្វើការ​សិក្សា​ពី​ការ​រៀន​យល់ដឹង​របស់​ខ្លួន​ ដោយ​វាយ​តម្លៃ​ពី​មេរៀន​គ្រឹះ​ដែល​បាន​មក​ពី​ទ្រឹ​ស្តី​របស់​ John​Dewey​ , Kurt​ lewin​ និង​ Jean​ Piaget​ ហើយ​សរុប​បាន​រូប​បែប​របស់​អ្នករៀន​(សិស្ស​) ចេញ​ជា​ 4បែប​គឺ​ ៖
1. អ្នក​ដែល​ប្រើប្រាស់​អារម្មណ៍​ (Feeler​) បុគ្គល​ប្រភេទ​នេះ​នឹង​ទទួល​យល់ដឹង​តាម​រយ​:បទ​ពិសោធ​ដោយ​ត្រង់​ ដោយ​ប្រើស​តិ​សម្បជញ្ញៈ​និង​អារម្មណ៍​ដែល​បាន​មក​ពី​ការសង្កេត​។ កុមារ​ប្រភេទ​នេះ​នឹង​រៀនសូត្រ​បាន​ល្អជា​ទីបំផុត​ នៅ​ពេល​មានការ​បញ្ចេញមតិ​ ការ​តវ៉ា​ ការបាន​ស្តាប់​បានឮ​ និង​ការ​ផ្លាស់​ប្តូរ​គំនិត​យោបល់​គ្នា​។
2. អ្នក​គិត​វិភាគ​ (Thinker​) ជា​អ្នករៀន​យល់​ដឹង​តាម​រយ:ការប្រើ​គំនិត​ ត្រិះរិះ​ពិចារណា​ រួច​បង្កើត​គំនិត​រួម​បែ​បទ្រឹ​ស្តី​ និង​តាម​រយ:ការសង្កេត​។កុមារ​ប្រភេទ​នេះ​នឹង​រៀនសូត្រ​បាន​ល្អ​បំផុត​តាម​រយ:ការ​ស្តាប់​ការ​បរិយាយ​ និង​ការសាកល្បង​ព័ត៌មាន​ដោយខ្លួនឯង​។
3. អ្នក​សម្រេចចិត្ត​ (Dicider​) ជា​អ្នកទទួល​យល់ដឹង​ដោយ​អាស្រ័យ​លើ​ការ​គិត​ និង​ការ​សាក​ល្បង​ធ្វើអ្វី​មួយ​។ កុមារ​ប្រភេទ​នេះ​ នឹង​រៀនសូត្រ​បាន​ល្អ​ នៅពេល​ណា​ដែល​មានការ​ប្រតិបត្តិ​(អនុវត្ត​)។
4. អ្នក​គិត​ស្រាវជ្រាវ​ ច្នៃប្រឌិត​ (Imagi​nation​) ជា​អ្នក​ដែល​ទទួល​យល់ដឹង​តាម​រយ​:បទ​ពិសោធ​ពិត​ ដោយ​ប្រើស​តិ​សម្បជញ្ញៈ​ និង​អារម្មណ៍​ដែល​បាន​ទទួល​ពី​ការសាកល្បង​យ៉ាង​ពិតប្រាកដ​ ហើយនិង​ការបាន​ធ្វើ​ដោយ​ផ្ទាល់​។ កុមារ​ប្រភេទ​នេះ​នឹង​រៀន​យល់ដឹង​បាន​ល្អ​តាម​រយ:វិធី​បង្រៀន​បែប​សិក្សា​ដោយខ្លួនឯង​។
យ៉ាងណាក៏ដោយ​ វា​ជា​ការណ៍​មួយ​ដែល​លំ​បា​កនឹង​បែងចែក​ឱ្យ​ច្បាស់​យ៉ាង​ដាច់ខាត​ណាស់​ថា​ តើ​អ្នកណា​បែប​ណា​? កុមារ​ក្នុង​បែប​ទី1​ និង​ទី4​ មាន​លក្ខណ:ស្រដៀងគ្នា​។ ដូចគ្នានឹង​កុមារ​ប្រភេទ​ទី2​ និង​ទី3ដែរ​ ដូច្នេះ​ទើប​គ្រូ​ៗចាំបាច់​ត្រូវ​តែ​បង្រៀន​កុមារ​ដោយ​ប្រើ​វិធីការ​បង្រៀន​ក្នុង​រូប​បែប​ផ្សេង​ៗយ៉ាង​ស្មើភាគ​គ្នា​ ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​គ្រប់គ្នា​បាន​រៀន​យល់ដឹង​ និង​បញ្ចេញ​សមត្ថភាព​ទៅតាម​អ្វី​ដែលគេ​ថ្នឹក​ លើកលែងតែ​គ្រូ​បានដឹង​ថា​ “ក្មេង​” ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ជា​ក្មេង​បែប​ណា​ ទើបត្រូវ​បង្រៀន​ឱ្យ​ត្រូវ​នឹង​លក្ខណៈ​ការ​ទទួល​យល់ដឹង​របស់​ក្មេង​នោះ​ឱ្យ​បាន​ច្រើន​បំផុត​៕

Advertisement