ប្រឡង​បាក់ឌុប​ឆ្នាំនេះ​ ​គ្មាន​អ្នកសង្កេតការណ៍​ទេ​ ​តែ​ការ​រឹត​បន្តឹង​ច្បាប់​នៅតែ​តឹងតែង​

​នៅ​ឆ្នាំនេះ​ ​មិន​ខុសពី​ឆ្នាំ​មុន​ៗ​ទេ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​នៅតែ​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​កម្រិត​វិន័យ​សិស្ស​ឱ្យ​បាន​ល្អ​លើ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។​ ​ស្ទើរគ្រប់​នីតិវិធី​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​ ​គ្រាន់តែ​ឆ្នាំនេះ​ខុសពី​ឆ្នាំមុន​បន្តិច​ ​ត្រង់​គ្មាន​អ្នកសង្កេតការណ៍​ពី​ខាងក្រៅ​ប៉ុណ្ណោះ​។​ ​

​ឯកឧត្តម​ ​ហង់​ ​ជួន​ ​ណា​រ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​ថ្មីនេះ​នឹង​គ្មាន​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូច​ឆ្នាំ​មុន​ៗ​ទេ​ ​តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ក៏​ការ​ប្រឡង​នៅតែ​ប្រកាន់​ច្បាប់​តឹងរ៉ឹង​ដដែល​។​ ​

​ជំនួស​ឱ្យ​អ្នកសង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូច​ឆ្នាំ​មុន​ៗ​ ​នៅ​ឆ្នាំនេះ​ក្រសួង​អប់រំ​បាន​ដាក់​មន្ត្រី​អប់រំ​ជា​ជំនួយការ​អប្បមាទ​ ​និង​អប្បមាទ​បន្ថែម​ ​ដើម្បី​ឱ្យ​គាត់​ត្រួតពិនិត្យ​មើល​ ​និង​តាមដាន​លើ​ការគ្រប់គ្រង​របស់​មន្ត្រី​អនុរក្ស​នៅក្នុង​បន្ទប់​នី​មួយ​ៗ​។​ ​ចំពោះ​មន្ត្រី​ណា​ដែល​ត្រូវ​បាន​រក​ឃើញថា​មាន​ភាព​មិន​ប្រក្រតី​ ​នោះ​ក្រសួង​អប់រំ​នឹង​ធ្វើការ​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ ​ដើម្បី​ឱ្យ​ដំណើរ​នៃ​ការ​ប្រឡង​ប្រព្រឹត្តទៅ​យ៉ាង​មាន​តម្លាភាព​ ​យុត្តិធម៌​ ​និង​ស្របតាម​ច្បាប់​អាច​ទទួលយក​បាន​៕​ ​


Advertisement