កម្ពុជា​នឹង​ប្រកាស​មុខ​របរ​ចំនួន​ 10មុខ​ ដែល​ជនបរទេស​មិន​អាច​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​បាន​

បច្ចុប្បន្ន​នេះ​ ដោយសារតែ​ចរន្ត​នៃ​ការប្រែប្រួល​ និង​ស្រប​ពេល​ដែល​កម្ពុជា​ស្ថិត​ជាស​មា​ជិ​កអាស៊ាន​រួម​ទាំង​ជាស​មា​ជិ​កស្ថាប័ន​អន្តរជាតិ​សំ​ខាន់​ៗមួយ​ចំនួន​ទៀត​ បាន​ធ្វើ​ឱ្យ​កម្ពុជា​បើកចំហ​ការ​វិនិយោគ​កាន់តែ​ទូលំទូលាយ​ដល់​ជនបរទេស​ដើម្បី​មក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​។

កំណើន​នៃ​ការ​វិនិយោគ​ និង​ចូល​មករ​កស៊ី​នៅ​កម្ពុជា​របស់​ជនបរទេស​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ពី​ផល​វិជ្ជមាន​ផង​ និង​អវិជ្ជមាន​ផង​។ ផល​វិជ្ជមាន​ គឺ​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​សំណង់​អគា​រថ្មីៗ​ ចង្វាក់​ផលិតកម្ម​ រួម​ទាំង​តំបន់​ទំនើប​ៗជាច្រើន​ដែល​កើត​ចេញពី​ការ​វិនិយោគ​ តែ​ទន្ទឹម​នឹង​នោះ​ ប្រជាជន​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ពី​បាត់បង់​ទីផ្សារ​ការងារ​ និង​មុខរបរ​មួយ​ចំនួន​ដែល​កើតឡើង​ដោយសារតែ​ចូល​មក​របស់​ជនបរទេស​មួយចំនួន​។

អ្នកនាំពាក្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ ហេង​ សួរ​ បាន​លើកឡើង​ថា​ ឆាប់​ៗខាងមុខនេះ​ក្រសួងការងារ​ នឹង​ដាក់ចេញ​នូវ​ប្រកាស​ដើម្បី​ទប់ស្កាត់​ជនបរទេស​មិន​ឱ្យ​មាន​សកម្មភាព​ស្វ័យ​និ​យោ​ជ ឬហៅ​សាមញ្ញ​ថា​ បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​លើ​ប្រភេទ​មុខរបរ​ និង​ការងារ​ចំនួន10​ ដូចជា​ មុខរបរ​បើក​យានយន្ត​ ដូចជា​ តាក់ស៊ី​ ម៉ូតូ​កង់3​ ម៉ូតូឌុប​ លក់ដូរ​តាម​ផ្លូវ​ ឬតាម​រទះ​រុញ​ កាត់សក់​ ចែកចាយ​ផលិតផល​ និង​ការ​ធ្វើអាជីវកម្ម​ខ្នាត​តូច​ ជាដើម​ ដែល​មុខរបរ​ទាំងអស់​នេះ​ភាគច្រើន​ជាសកម្ម​ភាព​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

ក្រៅពី​នេះ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏​នឹង​ហាមឃាត់​ផង​ដែរ​ចំពោះ​ជនបរទេស​មិន​ឱ្យ​កាន់​តួនាទី​ជា​ប្រធាន​ផ្នែក​ធនធានមនុស្ស​ ឬបុគ្គលិក​នៅក្នុង​សហគ្រាស​ ឬគ្រឹះស្ថាន​ឯកជន​ជាដើម​ទៀត​ផង​។ យោង​លើ​បទដ្ឋាន​សុវត្ថិភាព​ និង​សុខភាព​ការងារ​រួម​ទាំង​ការធានា​សេចក្តី​ថ្លៃថ្នូរ​ និង​គុណភាព​សេវាកម្ម​របស់​និយោជក​ អធិការ​ការងារ​របស់ក្រ​សួង​ការងារ​ នឹង​ចាប់ផ្តើម​ផាកពិន័យ​លើ​សហគ្រាស​ និង​គ្រឹះស្ថាន​ទាំងឡាយ​ណា​ដែល​មិន​មាន​បិទ​សញ្ញាការ​ ឬបញ្ជី​ផលិតផល​ ឬបញ្ជី​ម្ហូប​ ឬបញ្ជី​សេវាកម្ម​ជា​ភាសាខ្មែរ​ថែមទៀត​។

ឯកឧត្តម​ ហេង​ សួរ​ បាន​ថ្លែង​ថា​៖ “ក្រៅពី​ការកំណត់​មុខរបរ​ និង​ការងារ​ដែល​ជនបរទេស​ធ្វើ​ស្វ័យ​និ​យោ​ជ កន្លងមក​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏បាន​កំណត់​នូវ​ច្បាប់​មួយចំនួន​ផង​ដែរ​លើ​ជនបរទេស​ដែល​មក​ស្នាក់នៅ​ និង​ធ្វើការងារ​នៅ​កម្ពុជា​”។ ឯកឧត្តម​ ហេង​ សួរ​ បាន​បន្ថែម​ទៀត​ថា​ តាម​ច្បាប់​ វិនិយោគិន​បរទេស​ដែល​មក​ស្នាក់​ជាប្រចាំ​ និង​ធ្វើការងារ​នៅ​កម្ពុជា​ ត្រូង​បង់ប្រាក់​ចូល​ថវិកាជាតិ​ប្រមាណ​ 360ដុល្លារ​ក្នុង​ 1ឆ្នាំ​ ដោយ​ក្នុង​នោះ​ពួកគាត់​ត្រូវ​បង់​អាករ​លើ​ទិដ្ឋាការ​ស្នាក់នៅ​បណ្តោះអាសន្ន​រយៈពេល​វែង​ចំនួន​ 180ដុល្លារ​ក្នុង​ 1ឆ្នាំ​ បង់​អាករ​ប័ណ្ណ​ ឬសៀវ​ភៅ​ការងារ​ប្រមាណ​ 130ដុល្លារ​ក្នុង​ 1ឆ្នាំ​ និង​បង់​អាករ​ស្នើសុំ​កូតា​ប្រើប្រាស់​ជនបរទេស​ចំនួន​ 50ដុល្លារ​បន្ថែម​ទៀត​។

ចំពោះ​សហគ្រាស​ និង​គ្រឹះស្ថាន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជនបរទេស​បាន​ លុះត្រាតែ​ស្ថាប័ន​នោះ​បាន​បង្ហាញ​ពី​ការ​ផ្តល់​អាទិភាព​ និង​ខិតខំ​ជ្រើសរើស​ជនជាតិ​ខ្មែរ​ជាមុន​សិន​ ឬមានការ​បញ្ចាក់​ថា​ ជនបរទេស​នោះ​មាន​ជំនាញ​ខ្ពស់​ដែល​នៅ​កម្ពុជា​មិនទាន់​មាន​។ ក្រៅពី​នេះ​អាជីវកម្ម​ដែល​អាច​អនុញ្ញាត​ផង​ដែរ​នោះ​ គឺ​ភាគច្រើន​ជា​អាជីព​ដែល​កម្ពុជា​មិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​សម្រាប់​អ្នក​វិនិយោគ​នោះ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចាប់ផ្តើម​ពី​ការ​ចេញ​វិធានការ​ទាំងអស់​នេះ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ និង​ធានា​នូវ​មុខរបរ​មួយចំនួន​ដូច​បាន​កំណត់​សម្រាប់​ប្រជាជន​ខ្មែរ​។ ក្រៅពី​នេះ​ វា​ក៏​ជា​ចំណុច​វិជ្ជមាន​មួយ​ផង​ដែរ​ ដើម្បី​កំណត់​ និង​ជំរុញ​ឱ្យ​ជនបរទេស​វិនិយោគ​លើ​ចំណុច​ទាំងឡាយ​ណា​ដែល​កម្ពុជា​មិន​ទាន់​មាន​ ឬធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​មិនទាន់​បាន​បំពេញ​ឱ្យ​គ្រប់ជ្រុងជ្រោយ​៕

Advertisement