វិធីសាស្ត្រសំខាន់ៗសម្រាប់​ត្រៀមខ្លួន​ប្រឡង​ក្នុង​រយៈពេល​ខ្លី…

July 31, 2019​ ម៉ោង 2:18 pm

ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិនឹង​ចូល​មកដល់​ក្នុងពេលឆាប់ៗខាងមុខនេះ ដែល​សិស្សានុសិស្ស​ជា​បេក្ខជន​ប្រឡង​ទាំងអស់​កំពុង​យកចិត្តទុកដាក់​ត្រៀមខ្លួន​យ៉ាង​ស្វិតស្វាញសម្រាប់​ដណ្តើមជោគជ័យ​លើ​ការប្រឡង​ដ៏​មាន​សារៈសំខាន់​នេះ។

នៅថ្ងៃនេះ កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសជាមួយ​លោកស្រី​សាស្ត្រាចារ្យ អុីន វីរ​លក្ខិណា នាយិកា​ការិយាល័យ កិច្ចការ​សិក្សា និងនិស្សិត​នៃសាកលវិទ្យល័យបៀលប្រាយដើម្បី​ចែករំលែកពី​គំនិត និង​បទពិសោធល្អៗសម្រាប់​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ។

1.តើ​មកដល់ពេលនេះ​សិស្សានុសិស្ស​ដែលជា​បេក្ខជន​ប្រឡង​គួរ​ត្រៀមខ្លួន​អ្វីខ្លះ​មុនពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខនេះ?
នៅសល់តែ ជាង20ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ចាប់ផ្តើម​ហើយ ហេតុនេះ​អ្វីដែល​បេក្ខជន​អាចធ្វើ​បាន​នៅពេលនេះ គឺ​តាមដាន​ព័ត៌មាន​អំពី​ការប្រឡង​ឱ្យបាន​ច្បាស់លាស់ ទាំង​ថ្ងៃ​ប្រឡង មណ្ឌល​ប្រឡង បទបញ្ជាផ្ទៃក្នុង​នៃ​ការប្រឡង និង​ត្រៀមខ្លួន​ឱ្យបាន​ល្អ​សម្រាប់​ការរក្សា​សុខភាព​ល្អ ដើម្បី​បង្ការ​ហានិភ័យ​សុខភាព​ដែលអាច​កើតមានឡើង​ក្នុង​ថ្ងៃ​សំខាន់​នេះ។

ក្រៅពី​ការតាមដាន​ព័ត៌មាន និង​រក្សា​សុខភាពបេក្ខជន​ប្រឡង​ក៏​គួរតែរៀបចំ​ពេលវេលា​ស​ម្រា​ប់​រំឭក​មេរៀន​ឱ្យ​បានល្អ​ផងដែរ ដោយ​ការចែក​កាលវិភាគ​ឱ្យបាន​ច្បាស់លាស់​ទៅតាម​មុខវិជ្ជា​អាទិភាព​របស់ខ្លួន (វិទ្យាសាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​ពិត)។

វិធីសាស្ត្រ​ត្រៀមខ្លួន​សម្រាប់​បេក្ខជន​ដែល​ជ្រើសរើសយក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​រៀបចំ​កម្មវិធី​រំឭក​មេរៀន​ដោយ​ការ​ទន្ទេញ និង​កំណត់ចំណាំ​មួយចំនួន។ ចំពោះមុខ​វិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា ឬ​ពលរដ្ឋវិទ្យា ជាដើមគួរ​ចំណាយពេល 2ម៉ោង​រៀងរាល់​ព្រឹក​ដើម្បី​ទន្ទេញ។ របៀប​នៃ​ការ​ទន្ទេញ​គួរ​សាកល្បង​ចំណាយពេល​កន្លះ​ម៉ោង​សម្រាប់ 1មុខវិជ្ជា ដោយ​ក្នុងនោះ​ត្រូវ​ចំណាយពេល 20នាទី​សម្រាប់​អានឱ្យឮៗនូវ​មេរៀន​ទាំងអស់នោះ ហើយ​ចំណាយពេល 10នាទី​ដើម្បី​ធ្វើការ​កត់ចំណាំ ឬ​កត់ត្រា​នូវ​ឆ្នាំ និង​ព្រឹត្តិការណ៍​ជាដើម​ដែលជា​ចំណុច​ស្នូល​នៃ​មុខវិជ្ជា​មេរៀន។ ការធ្វើ​បែបនេះ​អាចធ្វើឱ្យ​សិស្ស​ទទួលបាន​ផល​ល្អ ព្រោះ​កាលណា​យើង​អានឮៗ នោះ​មានន័យថា គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ​បាន​ដំណើរការ មាត់​អាន ត្រចៀក​ស្តាប់ ហើយ​ចុងក្រោយ​យើង​កត់ចំណាំ ដែល​ភ្ជាប់​ការចងចាំ​បាន​យ៉ាង​ល្អ។ ប្រសិនបើ​យើង​ទម្លាប់​ធ្វើ​វា​បានត្រឹមតែ​កន្លះ​ម៉ោង​ក្នុង 1មុខវិជ្ជា​បាន 1មេរៀន ហេតុនេះ​រយៈពេល 28ថ្ងៃ​យើង​នឹង​អាច​រំឭក​បាន​ដល់​ទៅ 28មេរៀន​ឯណោះ។

ចំណែកឯ​វិធីសាស្ត្រ​ក្នុង​ការត្រៀម​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​វិញ មានដូចជា​មុខវិជ្ជា​គណិតវិទ្យានិង​មុខវិជ្ជា​វិទ្យាសាស្ត្រ​មួយចំនួនទៀត យើង​គួរតែ​យក​ការអនុវត្ត​ជាសំខាន់ មានន័យថា យើង​គួរ​អនុវត្តតាម​សៀវភៅ​លំ​ហាត់​ដែល​ក្រសួង​បានចេញ​ឱ្យបាន​ច្រើន។ ចំពោះ​ពេលវេលា​ល្អ​វិញ អាចជា​ចន្លោះ​ពី​ម៉ោង 9 ទៅ​ម៉ោង 11ព្រឹក ឬ​ម៉ោង 1រសៀល​ជាដើមដើម្បី​សាកល្បង​អនុវត្ត​លំ​ហាត់។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​សាកល្បង​រយៈពេល 1ម៉ោង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​អនុវត្ត​លំ​ហាត់​ឱ្យ​ចប់​មួយ​មេរៀន ឬ​សាកល្បង​យក​វិញ្ញាសាលំបាកៗមក​ធ្វើតេស្ត​សមត្ថភាព​របស់​ខ្លួនឯង។ ប្រសិនបើ​យើង​អាចអនុវត្ត​បានល្អ នោះ​យើង​នឹង​ផ្សាំុខ្លួន​បានល្អ​ជាមួយនឹង​ការប្រឡង ហើយ​ពេល​ប្រឡង​ជាក់ស្តែង​យើង​អាច​នឹងធ្វើ​ដោយ​មិនសូវមាន​ភាព​ថ្លោះធ្លោយ ព្រោះ​យើង​អនុវត្តបាន​ច្រើន។ ជារួមរយៈពេល​ជាង 20ថ្ងៃ មិនយឺត​ពេល​ពេក​ទេ​សម្រាប់​ការ​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឱ្យតែ​យើង​តាំងចិត្ត និង​ដឹងខ្លួន​ថា ធ្វេសប្រហែស​ហើយ​ខិតខំ​អាច​នឹង​ធ្វើឱ្យ​យើង​ទទួលបាន​លទ្ធផល​វិជ្ជមាន ប្រសើរ​ជាង​មិនបាន​ធ្វើ​អ្វី​សោះ។

2. ដំណាក់កាល​នៃ​ការ​រឹតបន្តឹង​នេះ សិស្ស​ជាច្រើន​អាច​នឹងមាន​ការភ័យខ្លាច ឬ​ព្រួយបារម្ភ​ជាដើម។ តើ​លោកស្រី​សាស្ត្រាចារ្យ​មាន​វិធីសាស្រ្ត្រ​អ្វី​ដើម្បី​កាត់បន្ថយ​ភាពភ័យខ្លាច​របស់​សិស្ស?
សូមប្អូនៗចងចាំ​ថា ថ្ងៃទី19 ខែសីហា មិនមែនជា​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នោះទេ ហេតុនេះ​កុំ​ព្រួយបារម្ភ​ខ្លាំងពេក។ អ្វីដែល​គួរ​ធ្វើ គឺ​ដូច​បញ្ជាក់​ខាងលើ​ថាគួរ​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​ទម្រង់​ថា តើ​យើង​បានបញ្ចប់ ឬ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​សម្រាប់​ការប្រឡង។ ប្អូនៗត្រូវ​ចាំ​ថា អ្នក​ជាប់​ក៏ដោយ អ្នកធ្លាក់​ក៏ដោយ គឺ​ត្រូវ​បញ្ចប់​ដោយ​កម្រិត​ត្រឹមតែ 6អក្សរ​ពី A ដល់ F នេះ​ទេ ហើយ​ម្យ៉ាង​ការជាប់ ឬ​ធ្លាក់​ក៏​មិនមែន​កំណត់​វាសនា​ពេញ​មួយជីវិត​ដែរ ហេតុនេះ​កុំ​បារម្ភ​ហួសហេតុ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការបញ្ចេញ​សមត្ថភាព​របស់​យើង។

ម្យ៉ាងវិញទៀត មិន​ថា​លទ្ធផល​បែបណាក៏ដោយសូម​ត្រៀម​ចិត្ត​ទទួលយក កុំ​អស់សង្ឃឹម មិន​ថា​អ្នក​ជាប់ ឬ​អ្នកធ្លាក់​នោះទេ សុទ្ធ​តែមាន​ផ្លូវ​ទៅមុខ​ដូចគ្នា​សម្រាប់​ស្វែងរក​ភាពជោគជ័យ​ក្នុង​ជីវិត។ អ្នក​ជាប់​គាត់​ក៏ត្រូវ​បន្តដំណើរ​សម្រាប់​អភិវឌ្ឍន៍​អាជីព​ការងារ​របស់គាត់​បន្ត​ទៀត មិនមែន​បញ្ចប់​ត្រឹម​ចប់​ជាប់​បាក់ឌុប​នេះ​ទេ ហើយ​អ្នក​មិនទាន់​ចប់​ក៏​អាចមាន​ជម្រើស​ច្រើន​ដោយ​ការសិក្សា​ម្តងទៀត រៀន​ជំនាញ​វិជ្ជាជីវៈ ឬ​អាច​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​បាន។ ហេតុនេះ​គ្មាន​មូលហេតុ​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​ខ្លាំងពេក​នោះទេ សូម​ទុក​កម្លាំង​ដើម្បី​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេចការ​ប្រឡង​ដ៏​សំខាន់​នេះ កុំ​រវល់​តែ​ព្រួយបារម្ភ​ខ្លាំងពេក។

3.​ តើ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​ជួយ​អ្វីខ្លះ​ដល់​សិស្សានុសិស្ស​ក្នុងដំណាក់កាល​មុន​ប្រឡង និង​ដំណាក់កាល​ក្រោយ​ប្រឡង?
សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​យើង​ស្វាគមន៍​សម្រាប់​សិស្សានុសិស្ស​ដែលមាន​បំណង​ចង់​ស្វែងរក​ការប្រឹក្សា ឬ​ចង់​ស្វែងរក​កន្លែង​ដើម្បី​ជួបជុំ​សិក្សា។​ យើង​ផ្តល់ជូន​សិស្ស​នូវ​ទីកន្លែង​សម្រាប់​រៀន​មុនពេល​ប្រឡង ដូចជា​នៅក្នុង​បណ្ណាល័យ ឬ​បន្ទប់រៀន​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​សិស្សានុសិស្ស។ ក្រៅពីនេះ ក្រោយពេល​ប្រឡង​ចប់ គាត់​អាច​ស្វែងរក​ការប្រឹក្សា​ពី​អាជីព ឬ​ពី​ចំណុចសំខាន់ៗដែល​គាត់​គួរ​ត្រៀមខ្លួន​សម្រាប់​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ ឬ​សម្រាប់​អាជីព​ការងារ​សម្រាប់​ជិវិត​ក៏បាន។

4. តើ​លោកស្រី​សាស្ត្រាចារ្យ មានមតិ​យោបល់​យ៉ាងណា​ចំពោះ​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ?
ខ្ញុំ​គ្មាន​យោបល់​អ្វី​ច្រើន​ទេ មានតែ​ជូនពរ​ឱ្យប្អូនៗជោគជ័យ​ក្នុង​ការប្រឡង ហើយ​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​ល្អ​នៅ​រយៈពេល 2ថ្ងៃ​មុនពេល​ប្រឡង ព្រោះ​យើង​បាន​ខំ​ច្រើន​មកហើយ សូម​ទុក​ពេលនេះ​ដើម្បី​សម្រាក​ឱ្យបាន​ល្អ។ សូម​ថែរក្សា​សុខភាព និង​កុំ​ភ្លេច​ពី​លក្ខខណ្ឌ​ប្រឡង ក៏ដូចជា​សម្ភារ​ដែល​គេ​អនុញ្ញាត​សម្រាប់ការប្រឡង ឬ​សម្ភារ​ដែល​ចាំបាច់​សម្រាប់​ការប្រឡង៕