អតីត​សិស្ស​ពូកែ​ បង្កើត​កម្មវិធី​បច្ចេកវិទ្យា​ជួយ​សិស្ស​ឱ្យ​ស្រឡាញ់​វិទ្យាសាស្ត្រ​

August 6, 2019​ ម៉ោង 10:52 am

នៅ​កម្ពុជា​មាន​សិស្ស​ពូ​កែៗ​មិន​តិច​ទេ​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ផ្នែក​ចំណេះដឹង​ រួម​ទាំង​អាហារូបករណ៍​ ដោយ​ក្នុង​នោះ​យើង​ដណ្តើម​បាន​មេដាយ​ រួម​ទាំង​ពានរង្វាន់​ជាច្រើន​ជា​រៀងរាល់​ឆ្នាំ​។ ទោះជា​យ៉ាងនេះ​ក្តី​ ជាទូទៅ​គេ​ក៏​សង្កេតឃើញ​ផង​ដែរ​ថា​ សិស្ស​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​ ក៏​នៅ​មានក​ត្តា​ប្រឈម​ជាច្រើន​ផង​ដែរ​ ជាពិសេស​លើ​ផ្នែក​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​ដែល​ពួកគេ​មិនទាន់​សូវ​ចាប់អារម្មណ៍​ច្រើន​។

ហេតុនេះ​ហើយ​ទើប​អតីត​ជយលាភី​កម្មវិធី​ប្រកួតប្រជែង​អន្តរជាតិ​ រួម​ទាំង​អតីត​សិស្ស​អាហារូបករណ៍​មួយ​ក្រុម​ បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ (Apps​) ដែល​មានឈ្មោះ​ថា​ តេ​ស្ត12​ (TESDOPI​) ដើម្បី​ជួយ​ដល់​សិស្ស​កម្ពុជា​ឱ្យ​ស្រឡាញ់​ការសិក្សា​ផ្នែក​វិទ្យា​សស្រ្ត​ និង​គណិតវិទ្យា​។

លោក​ ផេង​ មាស​សម្បត្តិ​ ជា​សហ​ស្ថាបនិក​កម្មវិធី​តេ​ស្ត12​ និង​ជា​អតីត​និស្សិត​អាហារូបករណ៍​ Fulbright​ បាន​លើកឡើង​ថា​ កម្មវិធី​តេ​ស្ត12នេះ​ បង្កើត​ឡើង​ដើម្បី​ជួយ​សិស្ស​ឱ្យ​សិក្សា​ផ្នែក​គណិតវិទ្យា​ និង​វិទ្យាសាស្ត្រ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ឡើង​ និង​ធ្វើ​ឱ្យ​សិស្ស​មាន​អារម្មណ៍​ថា​ រីករាយ​ជាមួយនឹង​ការ​រៀន​មុខវិជ្ជា​ទាំងអស់​នេះ​។ លោក​ថា​ កម្មវិធី​នេះ​បែងចែក​ជា​ 3ផ្នែក​ធំៗ​ គឺទី1​ អនុញ្ញាត​ឱ្យ​សិស្ស​ធ្វើតេស្ត​តាម​បច្ចេកវិទ្យា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដោយមាន​លំហាត់​ចាប់ពី​ថ្នាក់​ទី7​ ដល់​ថ្នាក់​ទី12​។ សិស្ស​ដែល​ធ្វើការ​វាស់​ស្ទង់​សមត្ថភាព​តាមរយៈ​កម្មវិធី​តេ​ស្ត12​ អាច​ដឹង​ពី​លទ្ធផល​ និង​កម្រិត​ពិន្ទុ​របស់​ខ្លួ​នភ្លាមៗ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​អាច​ចំណេញពេលវេលា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​។ ផ្នែក​សំខាន់​ទី2​ គឺ​សិស្ស​អាច​រៀន​តាមរយៈ​វីដេអូ​មេរៀន​ដែល​បង្រៀន​ដោយ​អ្នកជំនាញ​ រួម​ទាំង​មាន​រូបភាព​ និង​ឯកសារយោង​ជាច្រើន​ដែល​ធ្វើ​ឱ្យ​សិស្ស​ងាយ​យល់​ និង​ចងចាំ​បាន​ល្អ​ផង​ដែរ​។ ចំណែក​ឯចំណុច​ទី3​ គឺ​បន្ទាប់ពី​បាន​មើល​មេរៀន​សំ​ខាន់​ៗទាំងអស់​នោះ​ហើយ​ សិស្ស​ក៏អាច​មាន​លំហាត់​អនុវត្ត​ជាក់ស្តែង​ផ្នែក​ STEM​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ងាយ​យល់​យ៉ាង​ស៊ីជម្រៅ​ទៀត​។

លោក​ ផេង​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ “កម្មវិធី​តេ​ស្ត12​ នេះ​បង្កើត​ឡើង​ដោយក្រុម​អតីត​សិស្ស​ពូកែ​ថ្នាក់​ជាតិ​ បេក្ខភាព​អូ​ឡាំ​ព្យ៉ា​ដក​ម្ពុ​ជា​ អ្នកជំនាញ​វិទ្យាសាស្ត្រ​ អ្នក​បច្ចេកវិទ្យា​កុំព្យូទ័រ​ និង​អតីត​និស្សិត​អាហារូបករណ៍Fulbright​។ ពួក​យើង​ទាំងអស់គ្នា​មាន​ក្តី​ស្រមៃ​រួម​មួយ​ គឺ​ចង់​ឃើញ​សិស្ស​ខ្មែរ​ចូលចិត្ត​រៀន​មុខវិជ្ជា​គណិត​ និង​វិទ្យាសាស្ត្រ​ ហើយ​កម្ពុជា​មាន​ធនធានមនុស្ស​ដ៏​រឹងមាំ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​”។

លោក​ សម្បត្តិ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ទោះបីជា​យើង​មានគ្នាច្រើន​ដើម្បី​បង្កើត​កម្មវិធី​នេះ​ក៏ដោយ​ តែ​យើង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ដូច​ជា​យើង​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ សម្ភាស​សិស្ស​ និង​លោកគ្រូ​-អ្នកគ្រូ​ ដើម្បី​យល់​ពីក​ត្តា​ប្រឈម​របស់​ពួកគាត់​។ បន្ទាប់មក​យើង​ធ្វើការ​បន្ត​ជាមួយ​អ្នកជំនាញ​ផ្នែក​អប់រំ​ដើម្បី​ធ្វើការ​រចនា​ជា​កម្មវិធី​អប់រំ​ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយតប​ជាមួយនឹង​អ្វី​ដែល​គ្រប់​ភាគី​ចង់បាន​។ តេ​ស្ត12​ មិន​ត្រឹមតែ​ជា​កម្មវិធី​ដែល​ប្រមូល​ផ្តុំ​សំណួរ​សម្រាប់​តេ​ស្ត​សាកល្បង​នោះ​ទេ​ តែ​វា​ជា​កម្មវិធី​ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយមាន​គរុកោសល្យ​ច្បាស់លាស់​ដើម្បី​ជួយ​សិស្ស​ឱ្យ​ពង្រឹង​សមត្ថភាព​កាន់តែ​ងាយស្រួល​ និង​ប្រសើរ​ឡើងលើ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) និង​ដឹងពី​មូលហេតុ​ ក៏ដូចជា​ឫសគល់​ច្បាស់លាស់​ដែល​ពួកគេ​គួរ​សិក្សា​មុខវិជ្ជា​ដ៏​មាន​សារៈសំខាន់​ទាំងអស់​នេះ​។ យើង​ផ្អែកលើ​គុណភាព​ជាចម្បង​ ដែល​ហេតុនេះ​ហើយ​ទើប​យើង​ព្យាយាម​អភិវឌ្ឍ​វា​ជាប្រចាំ​ និង​សិក្សា​បន្ថែម​ដើម្បី​អភិវឌ្ឍ​រាល់​ប្រធានបទ​ ក៏ដូចជា​ផ្នែក​សំ​ខាន់​ៗដើម្បី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ក្រៅពី​នេះ​បញ្ហា​ធនធានមនុស្ស​ក៏​ជាផ្នែក​ប្រឈម​ធំ​ផង​ដែរ​សម្រាប់​យើង​ យើង​នៅ​ខ្វះ​អ្នកជំនាញ​ទាំង​ផ្នែក​ STEM​ និង​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​វា​ឡើង​។

ស្ថាបនិក​កម្មវិធី​អប់រំ​រូប​នេះ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក​សង្ឃឹមថា​ សិស្ស​នឹង​បន្ត​ទាញ​យក​កម្មវិធី​នេះ​ទៅ​ប្រើប្រាស់​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ ដោយ​ឥតគិតថ្លៃ​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បាន​កាន់តែ​ប្រសើរ​លើ​ជំនាញ​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​។ មក​ដល់​បច្ចុប្បន្ន​នេះ​កម្មវិធី​តេ​ស្ត12​ មាន​ចំនួន​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ (download​) ច្រើនជាង​ 100​,000នាក់​ហើយ​ក្នុង​ 1ឆ្នាំ​ ហើយ​ចំនួន​សំណួរ​ និង​លំហាត់​ក៏​ត្រូវ​បាន​ដាក់បញ្ចូល​ច្រើនជាង​ 7,000លំហាត់​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ និង​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​។

បន្ថែម​ពីលើ​នេះ​ កម្មវិធី​តេ​ស្ត12​ មកដល់​បច្ចុប្បន្ន​នេះ​ ទទួល​បានការ​ទទួលស្គាល់​ និង​ពានរង្វាន់​មួយចំនួន​ដូចជា​ ទី1​ ទទួល​បាន​ពានរង្វាន់​ The​ Best​ Social​ Innovation​ Award​ 2019​ ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​-គមនាគមន៍​ ទី2​ គឺ​ «The​ Startup​ of​ the​ Year​ 2019​»ពី​ក្រុមហ៊ុន​តូ​តាល់​ និង​ទី3​ គឺ​ឈ្នះ​ពានរង្វាន់​ «The​ Top​ Female​ Entrepreneur​ Award​ 2019​» ពី​ក្រុមហ៊ុន​តូ​តាល់​ផង​ដែរ​៕