រ៉ូបូ​តនឹង​ដណ្តើម​ការងារ​មនុស្ស​ប្រមាណ​ជា​ 20​លាន​កន្លែងនៅ​ឆ្នាំ2030​

August 9, 2019​ ម៉ោង 10:54 am

បច្ចុប្បន្ន​នេះ​ នៅក្នុង​ចង្វាក់​ផលិតកម្ម​សំ​ខាន់​ៗបាន​ចាប់ផ្តើម​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ឬrobot​ ជំនួស​មនុស្ស​ហើយ​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ ចំណាយ​តិច​ មិន​បារម្ភ​ពី​គ្រោះថ្នាក់​ មិន​ចេះ​រអ៊ូរទាំ​ និង​ធ្វើការងារ​បាន​ពេញ​ 24ម៉ោង​ រាល់ថ្ងៃ​ដោយ​គ្មាន​ការសម្រាក​។ បន្ថែម​ពីលើ​នេះ​ដោយសារតែ​វត្តមាន​នៃ​បញ្ញា​សិប្បនិម្មិត​ ឬAI​ បាន​ធ្វើ​ឱ្យ​គ្រឿងយន្ត​កាន់តែ​មាន​ភាព​ឆ្លាតវៃ​ ហើយ​មាន​សមត្ថភាព​អាច​ធ្វើការងារ​ជាច្រើន​ផ្សេងទៀត​ក្រៅពី​ការងារ​ប្រើប្រាស់​កម្លាំង​សុទ្ធសាធ​នៅក្នុង​ពិភពលោក​។

យោង​តាម​ការ​សិក្សា​ថ្មី​ៗនេះ​ដោយ​អ្នកសេដ្ឋកិច្ច​បាន​លើកឡើង​ថា​ នៅ​ឆ្នាំ2030​ គ្រឿងយន្ត​នឹង​ទាញ​យក​ការងារ​ក្នុង​ចង្វាក់​ផលិតកម្ម​ប្រមាណ​ជាង​ 20លាន​ការងារ​។ តាម​ការ​សិក្សា​ថ្មី​ៗនេះ​ពី​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ Oxford​ បានឱ្យ​ដឹង​ថា​ នៅ​រយៈពេល​ 11ឆ្នាំ​ទៀត​ គ្រាន់តែ​នៅ​ប្រទេស​ចិន​តែមួយ​ អាច​នឹង​ប្រើប្រាស់​ចំ​នួន​រ៉ូបូ​តដល់ទៅ​ជាង​14លាន​គ្រឿង​ ដើម្បី​ធ្វើការងារ​ក្នុង​ចង្វាក់​ផលិតកម្ម​នានា​។ ក្រុម​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ទាំងអស់​នោះ​បាន​បង្ហាញ​ពី​ចរន្ត​នៃ​ថ្ងៃ​អនាគត​ផង​ដែរ​ថា​ ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្មការ​ងារ​លើ​ពិភពលោក​នឹង​កើនឡើង​ 3ដង​ ហើយនឹង​បន្ត​កើនឡើង​បន្តបន្ទាប់​ទៀត​ដែល​វា​អាច​នឹង​ប៉ះពាល់​ដល់​ការងារ​របស់​មនុស្ស​។

ជា​លទ្ធផល​នៃ​ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ វា​នឹង​ធ្វើ​ឱ្យ​សក្តា​នុ​ពល​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ខ្លាំង​ ព្រោះ​ប្រសិទ្ធភាព​នៃ​ការផលិត​កើនឡើង​ តែ​ទន្ទឹម​នឹង​នេះ​ ប្រទេស​ក្រីក្រ​ដែល​មាន​ប្រជាជន​មាន​ចំណេះដឹង​ទាប​អាច​នឹង​ប៉ះពាល់​។ កម្មករ​ជំនាញ​តិច​នឹង​អស់​ការងារ​ ហើយ​ជំនួស​មកវិញ​នូវ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែល​ទាមទារ​ឱ្យ​មនុស្ស​ត្រូវ​បោះបង់​ការងារ​នោះ​ព្រោះ​អ្នក​វិនិយោគ​នឹង​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​ម៉ា​សុីន​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ចង្វាក់​ផលិតកម្ម​ដទៃ​បាន​លើ​ពិភពលោក​។ ការងារ​ដែល​ធ្វើ​ដដែល​ៗនឹង​ត្រូវ​បាត់បង់​ ព្រោះ​ការងារ​ទាំងអស់​នោះ​ត្រូវ​បាន​គេ​ចម្លង​ទៅជា​ប្រព័ន្ធ​មួយ​ដែល​ម៉ាស៊ីន​អាច​ធ្វើ​បាន​ដូចគ្នា​។

ទោះជា​យ៉ាងនេះ​ក្តី​ ទន្ទឹម​នឹង​ក្តី​ព្រួយបារម្ភ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ដែល​អាច​នឹង​កើតមានឡើង​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​នេះ​ អ្នកជំនាញ​សំ​ខាន់​ៗក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ស្រប​ពេល​ដែល​អា​ជីព​ចាស់​ៗត្រូវ​បាត់បង់​អា​ជីព​ថ្មី​ៗក៏​នឹង​កើតឡើង​ដែរ​។ អ្វី​ដែល​រដ្ឋាភិបាល​ និង​ប្រជាជន​ត្រូវ​ធ្វើ​ គឺ​ផ្លាស់​ប្តូរ​ការអប់រំ​ បច្ចេកវិទ្យា​ និង​អភិវឌ្ឍន៍​សមត្ថភាព​ឱ្យ​ស្រប​ទៅ​នឹង​របត់​ទីផ្សារ​ជំនាន់​ថ្មី​។ទន្ទឹម​នឹង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ត្រូវ​បាន​គេ​អនុវត្ត​ ពិភពលោក​ក៏បាន​បង្កើត​ប្រព័ន្ធ​អប់រំ​ 4.0​ ដើម្បី​បណ្តុះបណ្តាល​មនុស្ស​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ដើម្បី​ត្រៀមខ្លួន​ទុកជាមុន​ផង​ដែរ​។

ប្រសិនបើ​ប្រទេស​ណា​អាច​បត់បែន​បាន​ជាមួយ​នឹង​ចរន្ត​ថ្មីនេះ​ នោះ​មានន័យថា​ គេ​នឹង​នៅតែ​មានឱកាស​ក្នុង​ការប្រកួត​ប្រជែង​កាន់តែ​ទូលំទូលាយ​ ហើយ​រក្សា​បាន​នូវ​លំនឹង​សម្រាប់​ទីផ្សារ​ការងារ​។ ស្ថានភាព​វិជ្ជមាន​នឹង​នៅតែ​កើតមានឡើង​ក្នុង​ទីផ្សារ​ការងារ​ គ្រាន់តែ​ទាមទារ​ឱ្យ​មនុស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ឱ្យ​បាន​កាន់តែ​ខ្លាំង​ឡើងលើ​ការ​អភិវឌ្ឍ​សមត្ថភាព​ ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ និង​ភាព​ជាក់លាក់​ខ្លាំង​ជាង​មុន​។ ប្រជាជន​គួរ​ចាប់​ផ្តើម​ផ្សាំុ​ខ្លួន​ និង​ចេះ​ទាញ​យក​ផលប្រយោជន៍​វិជ្ជមាន​ពី​បច្ចេកវិទ្យា​ដើម្បី​ទប់ស្កាត់​ជាមួយនឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​គ្រប់គ្រង​បាន​ ហើយ​អាច​គ្រប់គ្រង​បច្ចេកវិទ្យា​ដើម្បី​ជា​ប្រយោជន៍​។ អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​គិតពិចារណា​ ភាពជា​អ្នកដឹកនាំ​ ការបង្កើត​ថ្មី​ និង​ការដឹកនាំ​ការងារ​ជា​ក្រុម​ជាដើម​ ដើម្បី​ក្លាយជា​មនុស្ស​ដែល​ពិភពលោក​នៅតែ​ត្រូវការ​ ព្រោះ​ចំណេះដឹង​ទាំងអស់​នេះ​ម៉ាស៊ីន​មិន​អាច​ជំនួស​មនុស្ស​បាន​នោះ​ទេ​៕