វេស​ឡាញ​ យក​កម្មវិធី​សិក្សា​រដ្ឋ​ជាគោល​ បន្ថែម​កម្មវិធី​លំដាប់​ពិភពលោក​ដើម្បី​ជួយ​សិស្ស​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​

August 13, 2019​ ម៉ោង 3:11 pm

ការអប់រំ​ ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការកំណត់​ពី​វាសនា​អនាគត​របស់​មនុស្ស​ម្នា​ក់ៗ​ និង​សង្គម​ទាំងមូល​ ព្រោះ​ប្រសិនបើ​កុមារ​ និង​យុវជន​នា​ពេល​បច្ចុប្បន្ន​ទទួល​បានការ​អប់រំ​ល្អ​ នោះ​ប្រមាណ​ជាង​ 10ឆ្នាំ​ទៀត​ ពួកគេ​នឹង​ក្លាយជា​អ្នកជំនាញ​លើ​គ្រប់​វិស័យ​ដែល​អាច​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​ នៅ​ថ្ងៃក្រោយ​សង្គម​នឹង​សម្បូរទៅដោយ​ធនធានមនុស្ស​ប្រកបដោយ​សក្តា​នុ​ពល​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ ដើម្បី​ជំរុញ​ឱ្យ​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​របស់​យើង​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​ និង​ស្រប​ជាមួយនឹង​ទីផ្សារ​ការងារ​សម្រាប់​អនាគត​ យើង​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការអប់រំ​ ដោយ​ផ្តោត​លើ​កម្មវិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ជាគោល​ ហើយ​បន្ថែម​នូវ​កម្ម​វិ​ធី​ល្អ​ៗជាច្រើន​ផ្សេងទៀត​ដើម្បី​បំពេញបន្ថែម​។ កម្មវិធី​ដែល​យើង​បាន​ដាក់បញ្ចូល​ឱ្យ​សិស្សរបស់​យើង​សិក្សា​បន្ថែម​ ភាគច្រើន​ជា​កម្មវិធី​ដែល​ពិភពលោក​កំពុង​ត្រូវការ​ដូច​កម្មវិធី​វិទ្យាសាស្ត្រ​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​កម្មវិធី​អប់រំ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) រួម​ទាំង​ប្រភព​ចំណេះដឹង​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​អនុវត្ត​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​មានប្រសាសន៍​ថា​៖ “បច្ចុប្បន្ន​នេះ​ ពិភពលោក​កំពុង​ត្រូវការ​ជំនាញ​ STEM​ ហើយក៏​កំពុង​វិវឌ្ឍ​បន្ថែម​ទៀត​ទៅជា​ STEAM​ ព្រោះ​គេ​រក​ឃើញថា​ ក្រៅពី​ចំណេះ​ជំនាញ​ផ្នែក​រឹង​ហើយ​ មនុស្ស​ក៏​ត្រូវការ​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​ទន់​មួយទៀត​ដែរ​ ដើម្បី​ឱ្យ​ពួកគេ​មាន​ជំនាញ​ផ្នែក​នេះ​ច្រើន​ ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ពូកែ​ទាំង​ខាង​សមត្ថភាព​ការងារ​ និង​ការ​ចេះ​ដំណើរការ​ក្នុង​ជីវិត​ប្រកបដោយ​សេចក្តី​សុខ​ និង​រីកចម្រើន​ទៅជាមួយ​គ្នា​។ សម្រាប់​ វេស​ឡាញ​ យើង​បាន​បញ្ចូល​រួចជាស្រេច​នូវ​ជំនាញ​ទាំងអស់​នេះ​ ដែល​វា​ជា​ជំហាន​ដ៏​ល្អ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​សិស្ស​”។

ស្ថាបនិក​គ្រឹះស្ថានសិក្សា​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ដើម្បី​បណ្តុះបណ្តាល​សិស្សរបស់​យើង​នូវ​ជំនាញ​ផ្នែក​ទន់​សំ​ខាន់​ៗ យើង​បាន​ផ្តល់​ជូន​ពួកគេ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ​ Money​ Tree​ ដែល​ធ្វើ​ឱ្យ​សិស្ស​កាន់តែ​មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការគ្រប់គ្រង​លុយកាក់​នា​ថ្ងៃ​អនាគត​។ យើង​ក៏បាន​ទិញ​សិទ្ធិ​កម្មវិធី​ទម្លាប់​ល្អ​ទាំង​ 7យ៉ាង​សម្រាប់​បុគ្គល​មាន​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​សិស្សរបស់​យើង​អាច​រៀបចំ​ផ្នត់​គំនិត​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​ មាន​ភាព​ជា​ម្ចាស់ការ​ ចេះ​រៀបចំ​ ឬបែងចែក​ផែនការ​ការងារ​អាទិភាព​ និង​ចេះ​សហការ​គ្នា​ជា​ក្រុម​បាន​ល្អជា​ដើម​។ ការ​ដាក់បញ្ចូល​នូវ​កម្មវិធី​ទាំងអស់​នេះ​ នឹងអាច​ជួយ​ឱ្យ​ពួកគេ​ក្លាយជា​ធនធាន​ដែល​មាន​សមត្ថភាព​ខ្ពស់​ និង​កាន់តែ​មាន​សក្តា​នុ​ពល​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​នៅ​ថ្ងៃខាងមុខ​។ បន្ថែម​ពីលើ​នេះ​ យើង​ក៏​មើលឃើញ​ផង​ដែរ​ពី​ការប្រែប្រួល​នៃ​ពិភពលោក​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ ដែល​នឹង​ឈាន​មកដល់​នា​ពេល​ខាងមុខនេះ​ ហេតុនេះ​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ តាមរយៈ​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​សម្រាប់​ការអប់រំ​ ដោយ​បំពាក់​នូវ​កុំព្យូទ័រ​ទំនើប​ៗ រួម​ទាំង​បច្ចេកវិទ្យា​ VR​ (Virtual​ Reality​) និង​បច្ចេកវិទ្យា​ AR​ (Argument​ Reality​) ដើម្បី​ឱ្យ​សិស្ស​បាន​ផ្សាំុ​ខ្លួន​ និង​យល់​កាន់តែ​ច្បាស់​ពី​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់​ពិភពលោក​។

ចំពោះ​បញ្ហា​គុណភាព​គ្រូបង្រៀន​ លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​លើកឡើង​ថា​ វេស​ឡា​ញយ​កចិត្ត​ទុកដាក់​ខ្លាំង​លើ​គ្រូបង្រៀន​ ព្រោះ​លោក​យល់ឃើញ​ថា​ គ្រូ​ជា​អ្នក​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ ហេតុនេះ​ទន្ទឹម​នឹង​សិស្ស​ខិតខំ​រៀនសូត្រ​ហើយ​ គ្រូ​ក៏​ចាំបាច់​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ជាប្រចាំ​ផង​ដែរ​ ដើម្បី​ធានា​ថា​ ការអប់រំ​អាច​ឆ្លើយតប​ និង​ប្រើប្រាស់​បាន​ល្អ​សម្រាប់​អនាគត​របស់​សិស្ស​។ វេស​ឡាញ​ តែងតែ​រៀបចំ​នូវ​កម្មវិធី​វេទិកា​គ្រូ​បង្រៀន​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​លោកគ្រូ​ អ្នកគ្រូ​ ទទួល​បាន​គំ​និ​តថ្មី​ៗបន្ថែម​ពី​អ្នកជំនាញ​ និង​ធ្វើការ​ផ្លាស់​ប្តូរ​មតិ​គ្នា​ ក្នុង​គោលបំណង​ពង្រឹង​ចំណេះ​ដឹង​ថ្មី​ៗសម្រាប់​ចែករំលែក​ទៅកាន់​សិស្ស​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​។

សាលារៀន​ វេស​ឡាញ​ និង​ណត្ស​ឡា​ញន៍​ ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ និង​ភាសា​ចិន​ នៅ​ថ្ងៃ​ទី1​ ខែសីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ ចូល​រៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕