កម្ពុជា​ត្រូវការ​សាលា​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​បន្ថែម​ដើម្បី​ឆ្លើយតប​របត់​ផ្លាស់​ប្តូរ​នៃ​ទីផ្សារ​ការងារ​…

August 13, 2019​ ម៉ោង 5:16 pm

បច្ចុប្បន្ន​នេះ​ កង្វះ​ពលកម្ម​ជំនាញ​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ មិនមែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​ ការ​វិនិយោគ​ និង​ការសាងសង់​ជាដើម​ បាន​ស្រូប​ទាញ​ធនធានមនុស្ស​កាន់តែ​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​ទាំងអស់​នោះ​។

នៅ​កម្ពុជា​ យើង​ឃើញ​ហើយ​ថា​ យើង​ស្ថិត​ក្នុង​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ជា​ពិសេស​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដល់​ការ​វិនិយោគ​ ដូចជា​សំណង់​អគារ​ រោងចក្រ​សហគ្រាស​ និង​វិស័យ​ផ្សេង​ៗជាច្រើន​ទៀត​។ ហើយ​ទន្ទឹម​ នឹង​នេះ​ ប្រជាជន​កម្ពុជា​មួយចំនួន​ក៏​មានការ​ចំណាកស្រុក​ដើម្បី​ធ្វើការងារ​ក្នុង​ទីផ្សារ​ពលកម្ម​ក្នុង​ប្រទេស​នានា​ ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក​មាន​បញ្ហា​កង្វះខាត​ ហេតុនេះ​ដើម្បី​ឆ្លើយតប​ជាមួយ​បញ្ហា​នេះ​យើង​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ជាច្រើន​ផ្សេងទៀត​ដើម្បី​បំពេញ​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ កម្ពុជា​បច្ចុប្បន្ន​កំ​ពុង​ជូ​បនូ​វក​ង្វះ​ខាត​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​បច្ចេកទេស​វិជ្ជា​ និង​វិជ្ជាជីវៈ​ ដោយសារតែ​ការ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​ និង​លំហូរ​នៃ​ការ​-វិនិយោគ​ពី​បរទេស​កាន់តែ​ច្រើន​។ ជា​ដំណោះស្រាយ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ការងារ​ កម្ពុជា​បាន​បង្កើត​គោលនយោបាយ​កម្មវិធី​អភិវឌ្ឍន៍​ និង​យន្តការ​ដោះស្រាយ​ បង្កើត​សាលា​បណ្តុះបណ្តាល​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជាច្រើន​ ដើម្បី​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​។ ហើយ​ដើម្បី​ឱ្យ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) កាន់តែ​ជោគជ័យ​ រាជរដ្ឋាភិបាល​ត្រូវការ​ការចូលរួម​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​ ដៃគូ​វិនិយោគ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ព្រមទាំង​ផ្នែក​ឯកជន​នានា​ចូលរួម​ដើម្បី​បង្កើត​សាលា​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឱ្យ​កាន់តែ​ច្រើន​។

ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា​ យើង​ត្រូវការ​ធនធាន​ និង​បច្ចេកទេស​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ និង​សក្តា​នុ​ពល​ទូលំទូលាយ​។ អ្វី​ដែល​យើង​ធ្វើ​គឺ​ទាក់ទាញ​ឱ្យ​ប្រជាជន​បាន​យល់​ពី​តម្លៃ​នៃ​ជំនាញ​ទាំងអស់​នេះ​ ដែល​អាច​ជា​ប្រភព​សំខាន់​ក្នុង​ការស្វែងរក​ចំណូល​ខ្ពស់​ រួម​ទាំង​អាច​ធ្វើ​ឱ្យ​ពួកគាត់​បំពេញ​បាន​នូវ​តម្រូវការ​នៅក្នុង​ស្រុក​ដែល​អ្នក​វិនិយោគ​កំពុង​ត្រូវការ​ថែមទៀត​ផង​។ ការងារ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ពេលខ្លះ​ទទួល​បាន​កម្រៃ​ខ្ពស់​ជាង​ការងារ​នានា​ព្រោះ​ជំនាញ​នេះ​កំពុង​មាន​តម្រូវការ​ខ្លាំង​ ហើយ​មាន​មនុស្ស​តិច​ដែល​ចាប់​ឱកាស​នេះ​បាន​។ ហេតុនេះ​ប្រសិនបើ​យើង​មាន​អ្នកជំនាញ​បច្ចេកទេស​ច្រើន​ នោះ​យើង​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ផង​ដែរ​។

ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​-រយៈ​កម្ម​វី​ធី​ថ្នាក់​ជាតិ​ជាច្រើន​ដើម្បី​ឱ្យ​ប្រជាជន​ចាប់​អារម្មណ៍​ និង​ងាក​មក​សិក្សា​ផ្នែក​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ តែ​ទន្ទឹម​នឹង​នេះ​យើង​ក៏​ត្រូវការ​បង្កើត​សាលា​បណ្តុះបណ្តាល​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀតផង​ដែរ​ដើម្បី​ងាយស្រួល​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ឱ្យ​បាន​កាន់តែ​ច្រើន​ និង​ទូលំទូលាយ​។

អ្នកជំនាញ​ខាង​ការងារ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​កម្មករ​ ឬប្រជាជន​មិន​មាន​ជំនាញ​ អាច​មាន​ស្ថាប័ន​បណ្តុះបណ្តាល​នៅ​ជិត​ ហើយ​ងាក​មក​ចាប់​ជំនាញ​បច្ចេកទេស​ នោះ​ពួកគាត់​នឹង​អាច​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ ដែល​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅក្នុង​សហគមន៍​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ​ បច្ចុប្បន្ន​ រោងចក្រ​សហគ្រាស​ និង​ការ​តភ្ជាប់​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ដល់ទី​ជនបទ​ ដែល​ធ្វើ​ឱ្យ​ចង្វាក់​ផលិតកម្ម​នានា​ក៏​ចាប់ផ្តើម​ទៅ​ដល់​ផង​ដែរ​ ហេតុនេះ​ប្រសិនបើ​ប្រជាជន​អាច​ចាប់​ឱកាស​នេះ​បាន​ នោះ​ពួកគាត់​នឹង​ទទួល​បាន​នូវ​ចំណូល​កាន់តែ​ច្រើន​៕