ពិភពលោក​ចាប់ផ្តើម​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​សង្គ្រោះ​បរិស្ថាន​

August 17, 2019​ ម៉ោង 11:33 am

បច្ចុប្បន្ន​នេះ​ កំណើន​នៃ​ការ​អភិវឌ្ឍ​បាន​ធ្វើ​ឱ្យ​មាន​សញ្ញាណ​ព្រួយបារម្ភ​ជាច្រើន​ពី​បញ្ហា​បរិស្ថាន​ក្នុង​ពិភពលោក​។ អាកាសធាតុ​ចេះតែ​ឡើង​កម្តៅ​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ខណៈ​ដែល​បា​តុ​ភូ​តិ​ធម្មជាតិ​ដូចជា​ភ្លើង​ឆេះ​ព្រៃ​ជាដើម​បាន​បន្ត​កើតឡើង​ ហើយ​សកម្មភាព​មនុស្ស​ក្នុង​ការបំផ្លាញ​ព្រៃឈើ​ក៏បាន​កើតឡើង​ដំណាលគ្នា​ដែល​ធ្វើ​ឱ្យ​បញ្ហា​បរិស្ថាន​កើនឡើង​កាន់តែ​លឿន​។

នៅក្នុង​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធំៗ​ ផ្សែង​ពុល​ដែល​ភាយ​ចេញពី​រោងចក្រ​សហគ្រាស​ រួម​ទាំង​ផ្សែង​ក្តៅ​ពី​យានយន្ត​រាប់​លាន​គ្រឿងក្នុង​ 1ថ្ងៃ​ៗបាន​បង្កើត​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុខភាព​មនុស្ស​ និង​បរិស្ថាន​ ព្រោះ​ផ្សែង​ពុល​កាន់តែ​កើន​ តែព្រៃ​ឈើ​ដែល​ជា​អ្នក​ស្រូប​យក​ផ្សែង​ និង​ជាតិពុល​កាន់តែ​ថយ​ចុះ​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ប្រទេស​ធំៗ​នានា​ផ្នែក​ឧស្សាហកម្ម​ បាន​ចេញ​សកម្មភាព​ជាច្រើន​ដើម្បី​ទប់ស្កាត់​ តាមរយៈ​ការទិញ​យក​សារធាតុ​កាបូន​ពី​ការ​ស្រូប​របស់​ដើមឈើ​ពី​ប្រទេស​ដែល​មាន​ដើមឈើ​ច្រើន​ដើម្បី​លើកទឹកចិត្ត​ឱ្យ​រក្សា​ព្រៃ​ និង​ការ​លើកទឹកចិត្ត​ឱ្យ​ដាំ​ឡើងវិញ​។

នៅ​ប្រទេស​ធំៗ​មួយចំនួន​ដូចជា​អាមេរិក​ និង​អឺរ៉ុប​ជាដើម​ អ្នក​វិទ្យាសាស្ត្រ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ដើម្បី​បង្កើត​ដ្រូន​ (Drone​) ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន​ច្រើន​ និង​បង្កើន​ចំនួន​ដើមឈើ​ក្នុង​ទីក្រុង​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​។ នៅ​អៀ​កឡង់​ ថ្មី​ៗនេះ​បាន​ដាំ​ដើមឈើ​ឡើងវិញ​នៅក្នុង​តំបន់​កោះ​មួយ​ចំនួន​ ដែល​ជា​តំបន់​ធ្លាប់​រង​ការ​បំផ្លិច​បំផ្លាញ​ ដោយ​ចំណាយ​បាន​ថវិកា​យ៉ាងច្រើន​។ របាយការណ៍​ពី​ Icelandic​ Forest​ Service​ បាន​បញ្ជាក់​ថា​ ដំបូង​ឡើយ​តំបន់​កោះ​ទាំងអស់​នោះ​មាន​ព្រៃឈើ​គ្រប់​ដណ្តប់​ច្រើន​ដែល​យ៉ាងហោចណាស់​ក៏​ 1ភាគ​ 3ដែរ​ តែ​ក្រោយ​មក​ទៀត​ដោយសារតែ​កំណើនប្រជាជន​បាន​ធ្វើ​ឱ្យ​ពួកគេ​ត្រូវការ​កាប់​ឈើ​ច្រើន​ឡើង​ៗដើម្បី​ផលិត​ទូក​ លំនៅ​ដ្ឋាន​ និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត​។

រយៈពេល​មិនយូរ​ប៉ុន្មាន​ដើមឈើ​នៅ​ក្នុង​តំន់​ទាំងអស់​នោះ​ត្រូវ​បាន​កាប់​អស់​ប្រមាណ​ 97​% ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​វាល​ដ៏​សោះកក្រោះ​។ ចូល​មកដល់​ពាក់កណ្តាល​សតវត្សរ៍​ទី20​ ប្រទេស​នេះ​នៅសល់​ព្រៃ​ត្រឹម​តែ​ 1% តែប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ជាពិសេស​បញ្ហា​ធម្មជាតិ​ចំពោះ​ប្រជាជន​។

ដោយ​ត្រូវ​ចំណាយ​ថវិកា​ និង​ឆ្លងកាត់​គ្រោះ​ធម្មជាតិ​ច្រើន​ នៅ​ទសវត្សរ៍​ឆ្នាំ1950​ រដ្ឋាភិបាល​អៀ​កឡើង​ បាន​ចាប់ផ្តើម​រៀបចំ​គោលនយោបាយ​ឱ្យ​មាន​ការ​ដាំ​ដើមឈើ​ឡើងវិញ​។ ដោយសារតែ​ប្រទេស​នេះ​ជា​ប្រទេស​ត្រជាក់​ និង​សម្បូរ​ថ្ម​ ដើមឈើ​ដុះ​លូតលាស់​យឺត​ៗប៉ុណ្ណោះ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ប្រទេស​នេះ​នៅ​តែ​តស៊ូ​ដាំ​ឡើងវិញ​ ដែល​ធ្វើ​ឱ្យ​អាកាសធាតុ​ប្រសើរ​ឡើង​ ហើយ​ជួយ​ឱ្យ​ដើមឈើ​លូត​ច្រើនឡើង​។ រហូត​មកដល់​បច្ចុប្បន្ន​នេះ​ ប្រទេស​អៀ​កឡង់​បាន​ដាក់​ក្តី​សង្ឃឹមថា​ ប្រទេស​នេះ​នឹង​មាន​ព្រៃ​ប្រមាណ​ 12​% លើ​ផ្ទៃ​ប្រទេស​នៅ​ឆ្នាំ2100​។ យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ទីភ្នាក់ងារព័ត៌មាន​បារាំង​ AFP​ បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ2015​ មក​ ដើមឈើ​ប្រមាណ​ 3 ទៅ4លាន​ដើម​ត្រូវ​បាន​ដាំ​ និង​ដុះ​លើ​ផ្ទៃដី​ដែល​ធ្លាប់តែ​រង​ការ​បំផ្លិច​បំផ្លាញ​នេះ​។

សកម្មភាព​ស្រ​ងៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​គេ​អនុវត្ត​ផង​ដែរ​នៅ​ប្រទេស​ចិន​ ដោយ​បាន​ដាក់​គម្រោង​ក្នុង​ការ​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​បញ្ហា​ក្នុង​ប្រទេស​ដែល​មាន​គ្រោះ​ធម្មជាតិ​ញឹកញាប់​មួយ​នេះ​។ ចិន​បាន​ជំរុញ​ទឹកចិត្ត​ប្រជាជន​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ​ តាមរយៈ​ការ​ផ្តល់​ថវិកា​ប្រចាំ​ឆ្នាំ​តាម​ចំនួន​ដើមឈើ​ដែល​ប្រជាជន​បាន​ដាំ​។ សកម្មភាព​ទាំងអស់​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ដោយ​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ឱ្យ​ការ​ដាំ​ដើមឈើ​ធ្វើឡើង​ទន្ទឹមគ្នា​នឹង​សកម្មភាព​នានា​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ ដូចជា​ការកាត់បន្ថយ​ថង់​ប្លាស្ទិក​ជាដើម​៕