ក្រោយ​សហការ​ជាមួយ​អូស្ត្រាលី​ និស្សិត​ខ្មែរ​ទៅរៀន​រយៈពេល​ខ្លី​ ក៏​ទទួល​បាន​បរិញ្ញាបត្រ​ពី​អូស្ត្រាលី​ដែរ​

ការសិក្សា​ និង​ការ​ទទួល​បាន​សញ្ញាបត្រ​ពីសា​កល​វិទ្យាល័យ​ល្បី​ៗនៅ​បរទេស​ គឺជា​ក្តី​បំណង​មួយ​ក្នុងចំណោម​ក្តី​បំណង​ធំៗ​ជាច្រើន​របស់​និស្សិត​កម្ពុជា​ ព្រោះ​វា​អាច​ជួយ​ឱ្យ​ពួកគេ​ទទួល​បាន​ឱកាស​ការងារ​ល្អ​ និង​ការ​ទទួលស្គាល់​កាន់តែ​ទូលំទូលាយ​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ប្រទេស​ ក៏ដូចជា​ក្នុង​តំបន់​។

នៅ​ពាក់កណ្តាល​ខែសីហា​នេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សាកល​វិទ្យាល័យ​ Curtin​ នៃ​ប្រទេស​អូស្ត្រាលី​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​កម្ពុជា​ទទួល​បាន​សញ្ញាបត្រ​ពី​អូស្ត្រាលី​ ដោយ​សិក្សា​នៅ​កម្ពុជា​ពាក់កណ្តាល​ និង​នៅ​អូស្ត្រាលី​ពាក់កណ្តាល​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ គោលបំណង​សំខាន់​នៃ​ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សាកល​វិទ្យាល័យ​ Curtin​ អាច​ផ្តល់​ការ​បណ្តុះបណ្តាល​ពី​កម្ម​វី​ធី​សិក្សា​មូលដ្ឋាន​នៅ​តាម​សាកល​វិទ្យាល័យ​នានា​នៅ​កម្ពុជា​។ ការ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​ឱ្យ​និស្សិត​កម្ពុជា​នូវ​ឱកាស​ផ្សារភ្ជាប់​ការសិក្សា​រវាង​សាកល​វិទ្យាល័យ​នៅ​កម្ពុជា​ និង​សាកល​វិទ្យាល័យ​នៅ​បរទេស​ដែល​ពួកគេ​បាន​ជ្រើសរើស​ក្នុង​ប្រទេស​ណាមួយ​ជា​ដៃគូ​របស់​សាកល​វិទ្យាល័យ​ Curtin​ ឬក្នុង​សាកល​វិទ្យាល័យ​ Curtin​ ផ្ទាល់​តែម្តង​ក៏បាន​។ ចំពោះ​រយៈពេល​នៃ​ការសិក្សា​វិញ​គឺ​ និស្សិត​អាច​សិក្សា​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រយៈពេល​ 2ឆ្នាំ​ ដោយ​សិក្សា​លើ​កម្មវិធី​សិក្សា​មូលដ្ឋាន​ និង​បន្ថែម​មុខវិជ្ជា​ធុរកិច្ច​ និង​សិល្បៈ​មួយចំនួន​ បន្ទាប់មក​បន្ត​ 2ឆ្នាំ​ទៀត​នៅ​សាខា​ណាមួយ​ក៏បាន​នៅ​ក្រៅប្រទេស​ដែល​ជា​សាខា​របស់​សាកល​វិទ្យាល័យ​ Curtin​ ដើម្បី​បញ្ចប់​ការសិក្សា​ មុននឹង​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​។

ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “ក្នុង​កិច្ចសហការ​នេះ​ផង​ដែរ​ យើង​ក៏​ពិនិត្យ​មើល​ពី​សក្តា​នុ​ពល​ក្នុង​ការបង្កើត​ឱកាស​ដើម្បី​បង្រៀន​បុគ្គលិក​នៅ​តាម​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ឱ្យ​បុគ្គលិក​ទាំងអស់​នោះ​អាច​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​អូស្ត្រាលី​”។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​បន្ថែម​ទៀត​ថា​ ការសិក្សា​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​សម្រាប់​បុគ្គលិក​នៅ​តាម​សាកល​វិទ្យាល័យ​នេះ​ គឺ​សិក្សា​រយៈពេល​ 1ឆ្នាំ​នៅ​ភ្នំពេញ​ និង​អាច​បន្ថែម​ 1ឆ្នាំ​ទៀត​នៅ​ទីក្រុង​ Perth​ នៃ​ប្រទេស​អូស្ត្រាលី​។ បន្ថែម​ពីលើ​នេះ​ សាកល​វិទ្យាល័យ​ Curtin​ និង​អគ្គនាយក​ដ្ឋាន​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏បាន​ព្រមព្រៀង​គ្នា​ផង​ដែរ​ក្នុង​ការ​សហការ​លើកកម្ពស់​ផ្នែក​សិក្សា​ស្រាវជ្រាវ​ និង​ឈ្វេងយល់​ពី​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​គម្រោង​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ កម្មវិធី​នេះ​អាច​នឹង​ជួយ​ឱ្យ​ស្ថាប័ន​អប់រំ​នៅក្នុង​ស្រុក​ បង្កើន​កិច្ចសហការ​ល្អ​ដើម្បី​បើក​កម្មវិធី​សិក្សា​មូលដ្ឋាន​ជា​ភាសាអង់គ្លេស​ ដើម្បី​បណ្តុះបណ្តាល​រួមគ្នា​ 2សាកល​វិទ្យាល័យ​ដែល​មួយ​នៅ​កម្ពុជា​ និង​មួយទៀត​នៅ​បរទេស​៕

Advertisement