ដាំ​កូនឈើ​ ដើម្បីអនាគត​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​

បម្រែបម្រួល​អាកាសធាតុ​ គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ ទាំង​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​សាកលលោក​ទាំងមូល​នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ជា​ការពិត​ណាស់​ ព្រៃឈើ​ គឺជា​ចលករ​ទប់ស្កាត់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ និង​ថែរក្សា​ភពផែន​ដី​បាន​យ៉ាង​ល្អ​ប្រសើរ​ ព្រមទាំង​ផ្តល់​នូវ​ភាព​ស្រស់បំព្រង​ដល់​ជីវិត​ក្នុង​លោក​យើង​ទាំងអស់​ផង​ដែរ​។ ហេតុនេះ​ហើយ​ទើប​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ភី​អិ​លស៊ី​ (ធនាគារ​ CIMB​) បានសម្រេច​រួមចំណែក​ដល់​កម្មវិធី​ដាំ​កូន​ឈើ​ នៅ​វិទ្យាល័យ​ ឧដុង្គ​ ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ​ និង​បុគ្គលិក​ធនាគារ​ទាំងមូល​ កាលពី​ថ្ងៃទី20​ ខែកក្កដា​ ឆ្នាំ2019​ កន្លងទៅ​នេះ​។

ថ្លែង​ក្នុង​ឱកាស​ដាំ​កូនឈើ​នេះ​ លោ​កប៊ុ​ន យីន​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ CIMB​ បាន​មានប្រសាសន៍​ថា​៖ “កម្មវិធី​នៃ​ការទទួលខុសត្រូវ​ចំពោះ​សង្គម​ របស់​ធនាគារ​ CIMB​ រួមមាន​សកម្មភាព​ចូលរួម​ចំណែក​ការ​កសាង​ជាមួយ​មូលដ្ឋាន​នូវ​វិស័យ​នានា​ ដូចជា​ការសិក្សា​អប់រំ​ សុខុមាលភាព​ សង្គមកិច្ច​ និង​បរិស្ថាន​ ហើយ​ថ្ងៃនេះ​ ធនាគារ​យើងខ្ញុំ​បាន​ចូលរួម​ការងារ​បរិស្ថាន​ដោយ​ការ​ដាំ​កូនឈើ​។ យើង​ខ្ញុំ​ជ្រើស​យក​វិទ្យាល័យ​ ឧដុង្គ​ សម្រាប់​សកម្មភាព​ដាំ​កូនឈើ​នេះ​ ដោយ​យើង​ចង់បាន​កូនឈើ​ទាំងនេះ​នឹង​បានការ​បីបាច់​ថែរក្សា​ពី​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​ទាំងឡាយ​ ដើម្បី​ធានា​ឱ្យ​ដើមឈើ​ទាំងនេះ​នឹង​គង់វង្ស​ស្ថិតស្ថេរ​ចីរកាល​”។

ស្ថិត​ក្នុងទឹក​មុខរីក​រាយ​ស្រស់ស្រាយ​ លោក​ឡៃ​ គួង​ នាយក​វិទ្យាល័យ​ ឧដុង្គ​ បាន​មានប្រសាសន៍​ថា​៖ “សកម្ម​ភា​ពស​ប្បុ​រធម៌​របស់​ធនាគារ​ CIMB ​នា​ពេលនេះ​ ពិតជា​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សាលា​មួយ​កម្រិត​ទៀត​។ ដោយសារ​សាលា​របស់​ខ្ញុំ​ផ្តោត​លើ​ការ​ថែរក្សា​បរិស្ថាន​ ដូច្នេះ​សកម្មភាព​ដាំ​កូនឈើ​របស់​ធនាគារ​ CIMB​ បាន​ជួយ​ឱ្យ​សាលា​របស់​យើង​កាន់តែ​មាន​ភាព​ស្រស់បំព្រង​បន្ថែម​ទៀត​ និង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​របស់​យើង​បាន​ស្គាល់​ និង​យល់ដឹង​ពីដើម​ឈើ​ប្រណីត​ដែល​បាន​ដាំ​នា​ថ្ងៃនេះ​។ ហើយ​ការ​បរិច្ចាគ​សម្ភារ​កសិកម្ម​ទៀតសោត​ក៏បាន​ផ្តល់​នូវ​មធ្យោបាយ​កាន់តែ​ប្រសើរ​ ឱ្យ​ពួក​យើង​អាច​ប្រើប្រាស់​ ដែល​ជា​ប្រយោជន៍​នៅក្នុង​វិទ្យាល័យ​ ឧដុង្គ​ទាំងមូល​។ តាងនាម​ឱ្យ​លោកគ្រូ​-អ្នកគ្រូ​ និង​សិស្សានុសិស្ស​ទាំងអស់​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​របស់​ធនាគារ​ CIMB​ ដែល​បាន​ដំណើរ​មក​ដោយ​ផ្ទាល់​ និង​ឧបត្ថម្ភ​ ដល់​សាលា​យើងខ្ញុំ​”។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​ CIMB​ បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ2010​ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន13​ តាម​បណ្តា​រាជធានី​ និង​ខេត្ត​សំ​ខាន់​ៗនៅក្នុង​ប្រទេស​៕

Advertisement