រដ្ឋមន្ត្រី​ក្រសួងការងារ​ចង់ឱ្យ​ប្រជាជន​បន្ត​រៀន​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ការងារ​

នៅ​កម្ពុជា​ សម្បូរទៅដោយ​ធនធាន​យុវជន​ច្រើន​ ដែល​នេះ​ជា​សក្តា​នុ​ពល​ និង​ចំណុច​ទាក់ទាញ​ សម្រាប់​ការ​វិនិយោគ​ ក៏ដូចជា​សម្រាប់​ផ្នែកការ​ងារ​ជាដើម​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​គឺ​របាយ​ធនធានមនុស្ស​ទៅតាម​ជំនាញ​មិនទាន់​មាន​ភាព​ស៊ីគ្នា​ទាំងស្រុង​ជាមួយនឹង​ទីផ្សារ​ការងារ​នោះ​ទេ​។ មាន​ជំនាញ​ខ្លះ​មាន​ទីផ្សារ​ចង្អៀត​តែ​មាន​មនុស្ស​រៀន​ច្រើន​ ខណៈ​ជំនាញ​មួយ​ចំនួន​ទៀត​មាន​ទីផ្សារ​ខ្ពស់​តែ​បែរជា​មិនសូវ​សម្បូរ​អ្នកជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ជាដើម​។

ថ្មី​ៗនេះ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​អប់រំ​ បាន​ចាប់ផ្តើម​ជំរុញ​ និង​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​គ្រប់គ្នា​ ចាប់ផ្តើម​ចូល​សិក្សា​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ឡើងវិញ​ ដើម្បី​ចាប់​ជា​អា​ជី​ពី​ចិញ្ចឹម​ជីវិត​ និង​អភិវឌ្ឍ​អាជីព​ការងារ​ជាដើម​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ​ បាន​មានប្រសាសន៍​ថា​ តម្រូវការ​ធនធានមនុស្ស​ផ្នែក​បណ្តុះបណ្តាល​ និង​វិជ្ជាជីវៈ​មាន​តម្រូវការ​កាន់តែ​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ​ ហេតុនេះ​ក្រសួង​ ព្យាយាម​ក្នុង​ការ​ពង្រាយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​នៅ​តាម​រាជធានី​ខេត្ត​ ដែល​រហូតមកដល់​ពេលនេះ​មាន​ចំនួន​ 38គ្រឹះស្ថាន​ និង​ដៃគូ​ជាង​ 100​គ្រឹះស្ថាន​បន្ថែម​ទៀត​ដែល​អនុវត្ត​ផ្នែក​បណ្តុះបណ្តាល​ ទាំង​អង្គការ​ និង​ផ្នែកឯកជន​។ ហេតុនេះ​យុវជន​ ឬប្រជាជន​គួរ​ចាប់អារម្មណ៍​ក្នុង​ការ​បន្ត​អភិវឌ្ឍ​សមត្ថភាព​លើ​ជំនាញ​ទាំងអស់​នេះ​ដើម្បី​ចាប់​យក​ឱកាស​ការងារ​លើ​វិស័យ​សំ​ខាន់​ៗជាច្រើន​ដែល​កំពុង​មាន​តម្រូវការ​ ស្រប​ពេល​ដែល​ស្ថាប័ន​អប់រំ​កាន់តែ​ខិត​ទៅ​ជិត​កន្លែង​រស់នៅ​។

ក្រៅពី​ការ​បង្កើន​ការអប់រំ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ក្រសួងការងារ​ ក៏បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ ក្នុង​ការ​ផ្តល់​ជូន​នូវ​ការ​បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន​ដល់​ប្រជាជនទូទៅ​តាមរយៈ​បច្ចេកវិទ្យា​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដែល​បាន​បោះបង់​ការសិក្សា​បាន​ចូល​សិក្សា​ឡើងវិញ​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​។ ការ​សិក្សា​តាមកម្ម​វិធី​អប់រំ​កម្រិត​មូលដ្ឋាន​ (BEEP​) អាច​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​សិក្សា​បាន​យ៉ាង​ទូលំទូលាយ​ ព្រោះ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​នោះ​ទេ​ ហើយ​មនុស្ស​គ្រប់គ្នា​អាច​សិក្សា​បាន​តាមរយៈ​បច្ចេកវិទ្យា​គ្រប់​ទីកន្លែង​បាន​ ឬអាច​សិក្សា​នៅ​ទីតាំង​មជ្ឈមណ្ឌល​នៅ​តាម​ខេត្ត​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ទទួល​បាន​សញ្ញាបត្រ​សមមូល​ ឬស្មើ​នឹង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ ដែល​ជា​ច្រក​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​សិក្សា​ជំនាញ​សំ​ខាន់​ៗជាច្រើន​ផ្សេងទៀត​៕

Advertisement