ក្នុង​ពេល​រង់ចាំ​លទ្ធផល​ប្រឡង​ តើ​សិស្ស​ទើប​ប្រឡង​បាក់ឌុប​រួច​ គួរ​ធ្វើអ្វី​ខ្លះ​?

ក្រោយពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ហាក់បីដូចជា​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ដែល​រីករាយ​ផង​ និង​ព្រួយបារម្ភ​ផង​។ ពួកគេ​រីករាយ​ព្រោះ​ ពួកគេ​បាន​ឆ្លងផុត​ដំណាក់កាល​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ និង​នឿយហត់​ អស់​រយៈពេល12ឆ្នាំ​រួចមក​ហើយ​ តែ​ពួកគេ​នៅ​មាន​ចំណុច​ព្រួយបារម្ភ​ជាច្រើន​ទៀត​ ដូចជា​ព្រួយបារម្ភ​ពី​លទ្ធផល​នៃ​ការ​ប្រឡង​របស់​ខ្លួន​ និង​ព្រួយបារម្ភ​ពី​ជម្រើស​សម្រាប់​ពេល​អនាគត​ជាដើម​។

ជា​រៀងរាល់​ឆ្នាំ​ មាន​សិស្ស​មួយចំនួន​ចេះ​ប្រើប្រាស់​ពេលវេលា​ដែល​គ្រប់គ្នា​គ្មាន​អារម្មណ៍​ចង់​ធ្វើអ្វី​សោះ​នេះ​ ដើម្បី​ចាប់​យក​ឱកាស​សំ​ខាន់​ៗដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់​ក្រោយពេល​ដឹង​លទ្ធផល​ថា​ គេ​បាន​ប្រឡងជាប់​ជាស្ថាពរ​។

ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ Start​ Up​ Cambodia​ លោក​ គីម​ ដារ៉ា​ បាន​លើកឡើង​ថា​ ក្រោយ​ប្រឡង​ចប់​ និង​មិនទាន់​ចេញ​លទ្ធផល​ សិស្ស​មិន​គួរ​គ្រាន់តែ​អង្គុយ​រង់ចាំ​ដោយ​គ្មាន​ប្រយោជន៍​ ឬមិនបាន​ធ្វើអ្វី​សោះ​នោះ​ទេ​ តែ​ពួកគេ​គួរ​ប្រើប្រាស់​ពេលវេលា​រង់ចាំ​ជាង​ 20ថ្ងៃនេះ​ដើម្បី​ប្រើប្រាស់​វា​ឱ្យ​មានប្រយោជន៍​។ សិស្ស​ដែល​ទើបតែ​ប្រឡង​ចប់​គួរ​ចំណាយពេល​នេះ​ដើម្បី​ស្វែងយល់​ពី​ជម្រើស​ ឬស្វែងយល់​ពី​ជំនាញ​ដែល​ខ្លួន​ចង់​រៀន​ ព្រោះ​ទោះបី​ជា​លទ្ធផល​ចេញ​មក​ ជាប់​ ឬធ្លាក់​ក៏ដោយ​ បេក្ខជន​ម្នា​ក់ៗ​សុទ្ធតែ​ត្រូវ​ជ្រើសរើស​ផ្លូវ​មួយ​រៀង​ៗខ្លួន​។ ហេតុនេះ​ការ​ស្វែងយល់​ពី​ជំនាញ​ដែល​ខ្លួន​ចង់​រៀន​បន្ត​ ជា​វិធី​ល្អ​មួយ​ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​ពេល​កាន់តែ​ច្រើន​ក្នុង​ការពិចារណា​ ក៏ដូចជា​សម្រួច​គោលដៅ​ឱ្យ​កាន់តែ​ល្អ​មុន​ពេល​ចូល​ដល់​មហាវិទ្យាល័យ​។

ក្រៅពី​ពិចារណា​ពី​ជម្រើស​ដែល​ខ្លួន​ចង់​រៀន​ហើយ​ អ្វី​ដែល​ត្រូវ​គិត​បន្ត​ គឺ​សាលា​ដែល​ស័ក្តិសម​នឹង​ខ្លួន​ ព្រោះ​គ្រឹះស្ថាន​អប់រំ​នី​មួយ​ៗមានមុខ​ជំនាញ​ខ្លាំង​រៀង​ៗខ្លួន​។ ប្រសិនបើ​ពួកគេ​ចង់​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ ឬវិស្វករ​គេ​អាច​ស្វែងរក​សាលា​ណា​ដែល​ពូកែ​ ឬល្បីឈ្មោះ​ដើម្បី​ប្រឡង​ចូល​ ហើយ​ប្រសិនបើ​ពួកគេ​ចង់​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​វិញ​ ក៏​គួរតែ​ស្វែងយល់​ពីសា​លា​រៀន​ណា​ដែល​មាន​ចំណុចខ្លាំង​លើ​ជំនាញ​ដែល​យើង​ចង់​សិក្សា​ហ្នឹង​ដូចគ្នា​ដែរ​។ សម្រាប់​សិស្ស​នៅ​តាម​បណ្ដា​ខេត្ត​វិញ​ ក៏​គួរ​ពិចារណា​ដែរ​ពី​ជម្រើស​ក្នុង​ការសិក្សា​នៅ​ខេត្ត​ ឬនៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ត្រៀមខ្លួន​ចូលរៀន​។ ដើម្បី​ដឹងពី​ព័ត៌មាន​លម្អិត​ សិស្ស​អាច​សាកល្បង​ស្វែងរក​ប្រភព​ព័ត៌មាន​នានា​ជុំវិញ​គ្រឹះស្ថាន​នី​មួយ​ៗ ឬអាច​ទៅ​មើល​ដោយ​ផ្ទាល់​ដល់​គ្រឹះស្ថានសិក្សា​នោះ​តែម្តង​ ដើម្បី​ឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ វា​ជា​ជម្រើស​ល្អ​ ឬយ៉ាងណា​?។ លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “សម្រាប់​អ្នក​ចង់បាន​អាហារូបករណ៍​ ពួកគេ​ក៏អាច​ចំណាយពេល​វេលា​ប៉ុន្មាន​ថ្ងៃនេះ​ ដើម្បី​ស្វែងយល់​ពី​អាហារូបករណ៍​នានា​ ពិសេស​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ជាដើម​”។

អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដោយសារតែ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​មាន​ភាព​ទូលំទូលាយ​ សិស្សានុសិស្ស​អាច​ស្វែងរក​ព័ត៌មាន​បាន​យ៉ាង​ងាយ​ ដើម្បី​ដឹងពី​តម្រូវការ​ដែលគេ​ចង់បាន​ និង​លក្ខខណ្ឌ​នានា​ដែល​ត្រូវ​ត្រៀមខ្លួន​ ឬបំពេញ​សម្រាប់​ការប្រកួត​ប្រជែង​យក​អាហារូបករណ៍​។ ក្រៅពី​នេះ​ យើង​អាច​សាកសួរ​ព័ត៌មាន​ពី​បងៗ​ដែល​គាត់​ធ្លាប់​ប្រឡងជាប់​អាហារូបករណ៍​ទាំង​ថ្នាក់​ជាតិ​ និង​ទៅ​ក្រៅប្រទេស​ដើម្បី​ដឹងពី​ចំណុច​គន្លឹះ​សំ​ខាន់​ៗមួយ​ចំនួន​សម្រាប់​ការ​ត្រៀមខ្លួន​ប្រឡង​ឱ្យ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​។ លោក​ថា​ ក្រៅពី​នេះ​ សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ចូល​សិក្សា​មហាវិទ្យាល័យ​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យ​មានការ​ប្រឡង​ចូល​ ដូចជា​សាកល​វិទ្យាល័យ​ពេទ្យ​ ឬវិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ជាដើម​ គួរ​ចំណាយពេល​វេលា​នេះ​ដើម្បី​មក​រៀន​ត្រៀម​ឱ្យ​បាន​យូរ​ដើម្បី​ហ្វឹកហាត់​សមត្ថភាព​សម្រាប់​ប្រកួតប្រជែង​ជាមួយ​សិស្ស​ដទៃទៀត​ដែល​មានបំណង​ចង់​ចូល​សិក្សា​សាលា​ទាំងអស់​នោះ​ដូចគ្នា​ដែរ​។

បន្ថែម​ពីលើ​នេះ​ លោក​ដារ៉ា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​សិស្ស​មួយចំនួន​ដែល​មានបំណង​ចង់​អភិវឌ្ឍ​ទាំង​សមត្ថភាព​ការងារ​ និង​ការសិក្សា​នោះ​ អាច​ចំណាយពេល​វេលា​នេះ​ដើម្បី​ស្វែងរក​ការងារ​ដែល​ល្អ​ និង​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ច្រើន​ទៀត​។

ត្រង់នេះ​មានន័យថា​ យើង​គួរ​ស្វែងរក​ការងារ​ណា​ដែល​ត្រូវ​នឹង​ជំនាញ​របស់​យើង​ ហើយ​អាច​ឱ្យ​យើង​អភិវឌ្ឍ​ខ្លួន​ស្របគ្នា​ជាមួយនឹង​ជំនាញ​ដែល​យើង​រៀន​ បើ​ទោះបីជា​ការងារ​នោះ​មិន​ស្ថិត​ក្នុង​តំណែង​សំ​ខាន់​ភ្លាម​ៗក៏ដោយ​ តែ​វា​អាច​ជា​ច្រក​យ៉ាង​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​យើង​ឈានជើង​ទៅ​ចាប់អារម្មណ៍​អ្វី​ដែល​យើង​ស្រឡាញ់​ពេញចិត្ត​នៅ​ថ្ងៃ​អនាគត​។

លោក​ សោម​ ច័ន្ទ​សុធា​ សហ​គ្រូបង្វឹក​នៃ​កម្មវិធី​ The​ Perspectives​ Cambodia​ បាន​លើកឡើង​ថា​ ដំណាក់កាល​ដែល​មិនទាន់​ចេញ​លទ្ធផល​នេះ​ គឺ​ជា​រយៈពេល​មួយ​ដែល​បេក្ខជន​មានចិត្ត​រារែក​មិន​ចង់​ស្វែងរក​ប្រភព​ព័ត៌មាន​បន្ត​សម្រាប់​សិក្សា​នៅ​មហាវិទ្យាល័យ​ទេ​ ព្រោះ​ខ្លាចក្រែង​ដឹង​លទ្ធផល​ធ្លាក់​ទៅ​ នាំ​តែ​ខកចិត្ត​។ ទោះជា​យ៉ាងនេះ​ក្តី​ បេក្ខជន​ក៏​គួរតែ​ពិចារណា​ដោយ​ស្វែងយល់​ពី​ផ្លូវ​ដែល​អាច​ដើរ​បាន​នៅ​គ្រប់​ស្ថានភាព​ ដូចជា​ការពិចារណា​ថា​ តើ​ក្រោយពេល​ប្រឡងជាប់​ យើង​អាច​មានផ្លូវ​ណាខ្លះ​? ហើយ​ប្រសិន​បើ​មិន​ជាប់​ តើ​យើង​អាច​មាន​វិធី​អ្វីខ្លះ​ដើម្បី​ឱ្យ​ជីវិត​យើង​នៅតែ​អាច​អភិវឌ្ឍ​បាន​?។

លោក​ សោម​ ច័ន្ទ​សុធា​ និយាយ​ថា​៖ “ក្រៅពី​ការពិចារណា​ពី​ជម្រើស​ និង​ផ្លូវ​ដើរ​ហើយ​ បេក្ខជន​គួរ​ពិចារណា​ផង​ដែរ​ពី​លទ្ធភាព​សម្រាប់​ការ​បន្ត​ការសិក្សា​ ឬសម្រាប់​ដើរទៅ​មុខ​ទៀត​ ថា​តើ​យើង​គួរ​សិក្សា​នៅ​ខេត្ត​ ប្រឡង​យក​វិជ្ជាជីវៈ​ ឬត្រូវ​មក​សិក្សា​នៅ​ភ្នំពេញ​”។

លោក​សុធា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់ពី​បាន​ស្វែងរក​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ហើយ​ សិស្ស​គួរ​កុំអាល​ទាន់​សម្រេច​ចិ​ត្ត​ភ្លាម​ៗពេក​ ពួកគេ​គួរ​យក​បញ្ហា​ដែល​ជា​ឧបសគ្គ​ទាំងអស់​នោះ​មក​ពិចារណា​សិន​ថា​ តើមាន​វិធី​ណាខ្លះ​ដើម្បី​ដោះស្រាយ​ ហើយ​ខិតខំ​ដោះស្រាយ​ដើម្បី​សម្រេច​គោលដៅ​ឱ្យ​អស់ពី​សមត្ថភាព​?។ ជាក់ស្តែង​ ប្រសិនបើ​ពួកគេ​មាន​បងប្អូន​ ឬអាច​មានលទ្ធភាព​ត្រឹម​ស្នាក់នៅ​ តែ​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សាលា​ ពួកគេ​អាច​ស្វែងរក​អាហារូបករណ៍​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​សិក្សា​បន្ត​ តែ​ប្រសិន​បើ​មានលទ្ធភាព​ត្រឹម​បង់ថ្លៃ​សាលា​ ហើយ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​របស់​ខ្លួន​ ជាដើម​ ពួកគេ​អាច​សាកល្បង​ស្វែងរក​ការងារ​ធ្វើ​បណ្តើរ​ និង​រៀន​បណ្តើរ​ក៏​ជាការល្អ​ប្រសើរ​មួយ​ដែរ​។ ចុងក្រោយ​ ប្រសិនបើ​យើង​មិន​អាច​សម្រេច​បាន​តាមវិធី​សាស្ត្រ​ ឬគោលដៅ​ដែល​យើង​បាន​ត្រៀមខ្លួន​ដោះស្រាយ​ទេ​នោះ​ សឹម​យើង​បន្ធូរបន្ថយ​វា​បន្តិច​ម្តង​ៗឆ្ពោះទៅ​រក​គោលដៅ​បន្តបន្ទាប់​ទៀត​៕

Advertisement