វេស​ឡាញ​ ជំរុញ​ផ្នែក​វិទ្យាសាស្ត្រ​ដើម្បី​អភិវឌ្ឍ​យុវជន​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​ប្រកួត​ក្នុង​ទីផ្សារ​ការងារ​អនាគត​

បច្ចុប្បន្ន​នេះ​ សមិទ្ធផល​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ និង​លឿន​ជាងគេ​លើ​ពិភពលោក​ គឺ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ព្រោះ​ជា​រៀងរាល់ថ្ងៃ​អ្នក​វិទ្យាសាស្ត្រ​លើ​ពិភពលោក​កំពុង​ប្រកួតប្រជែង​គ្នា​ខ្លាំង​លើ​សមិទ្ធផល​វិទ្យា​សា​ស្ត្រថ្មីៗ​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ និង​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​របស់​មនុស្ស​។

លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ កម្ពុជា​កំពុង​ស្ថិត​ក្នុង​បដិវត្ត​ន៍​ឧស្ស​ហក​ម្ម​ 4.0​ ដែល​អ្វី​ៗគ្រប់​យ៉ាង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ ស្រប​ពេល​ដែល​សមិទ្ធផល​វិទ្យា​សា​ស្ត្រថ្មីៗ​ជាច្រើន​បាន​កើត​ឡើង​ដែល​ធ្វើ​ឱ្យ​ការ​ធ្វើអាជីវកម្ម​ និង​ការ​ធ្វើការងារ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​។ ទោះជា​យ៉ាងនេះ​ក្តី​ ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ​ ប្រភេទ​ការងារ​សំ​ខាន់​ៗ រួម​ទាំង​ចង្វាក់​ផលិតកម្ម​នានា​នឹង​ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ ហើយ​ឱកាស​ការងារ​មួយចំនួន​ធំ​នឹង​ត្រូវ​បាត់បង់​។ ការងារ​ដែល​នឹង​មាន​ច្រើន​នា​ពេល​អនាគត​ គឺ​ការងារ​ដែល​ម៉ាស៊ីន​ជំនួស​មិនបាន​ ឬជា​ការងារ​សម្រាប់​អ្នកជំនាញ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ដែល​ទៅ​គ្រប់គ្រង​ម៉ាស៊ីន​ទាំងអស់​នោះ​។ ចំណែក​ឯអ្នក​ដែល​មាន​ជំនាញ​តិច​ ឬអ្នក​បត់បែន​មិន​ទាន់​គេ​ នឹង​ប្រឈម​ជាមួយ​បញ្ហា​ខ្វះ​ការងារ​ធ្វើ​ ឬធ្វើ​ត្រឹមតែ​ការ​ងា​រតូចៗ​ប៉ុណ្ណោះ​។

លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “ដោយ​មើល​ឃើញថា​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ជា​ជំនាញ​សំខាន់​ សម្រាប់​ការងារ​នៅ​ថ្ងៃ​អនាគត​ ក្នុងនាម​ជា​ស្ថាប័ន​បណ្តុះបណ្តាល​ យើង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្តល់​នូវ​កម្មវិធី​ជាច្រើន​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សិស្សរបស់​យើង​ឱ្យ​មានគុណ​ភាព​កាន់តែ​ប្រសើរ​លើ​ផ្នែក​ដ៏​សំខាន់​នេះ​”។

ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សិស្សរបស់​យើង​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ផ្នែក​វិទ្យាសាស្ត្រ​ យើង​បាន​បណ្តុះបណ្តាល​សិស្ស​ដោយ​យកចិត្ត​ទុកដាក់​តាម​កម្មវិធី​សិក្សា​គោល​របស់ក្រ​សួង​អប់រំ​ ដោយ​បញ្ចូល​នូវ​ការ​ពិសោធ​ជាក់ស្តែង​ដើម្បី​ឱ្យ​សិស្ស​យល់​កាន់តែ​ច្បាស់​ពី​គោលបំណង​នៃ​មេរៀន​។ ក្រៅពី​នេះ​ យើង​បញ្ចូល​បន្ថែម​នូវ​កម្មវិធី​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ផ្តល់​ឱ្យ​ពួកគេ​នូវ​ជំនាញ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ចំណេះដឹង​លើ​ផ្នែក​ដែល​ពិភពលោក​កំពុង​ត្រូវការ​នៅពេល​បច្ចុប្បន្ន​ និង​អនាគត​។ បន្ថែម​ពីលើ​នេះ​ ថ្មី​ៗនេះ​ វេស​ឡាញ​ ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ KOOMPI​ បង្កើត​ជា​ក្លិប​អ្នក​វិទ្យ​សាស្ត្រ​វ័យក្មេង​ ដោយ​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​សហ​សិក្សា​ សម្រាប់​សិស្ស​សិក្សា​ផ្នែក​បច្ចេកវិទ្យា​តាមចំណង់​ចំណូលចិត្ត​ ជាមួយនឹង​អ្នកណែនាំ​ផ្ទាល់​ដើម្បី​បង្ហាញផ្លូវ​ឱ្យ​ពួកគេ​កាន់តែ​ខ្លាំង​។ យើង​រំពឹង​ថា​ ក្មេង​ៗជំនាន់​ថ្មី​របស់​កម្ពុជា​ នឹង​មាន​សមត្ថភាព​បង្កើត​ផលិតផល​វិទ្យា​សា​ស្ត្រថ្មីៗ​ ដែល​មានតម្លៃ​សម្រាប់​សង្គម​ និង​ពាណិជ្ជកម្ម​ដូ​ចក្មេងៗ​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ក្នុង​ពេល​ឆាប់​ៗនេះ​។ ហើយ​វេស​ឡាញ​ ក៏​ត្រៀមខ្លួន​ផង​ដែរ​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ទាំង​ការ​លើកទឹកចិត្ត​ជា​ស្មារតី​ និង​ថវិកា​សម្រាប់​ការ​វិនិយោគ​ជាដើម​។

លោក​បាន​បន្ថែម​ទៀត​ថា​ ក្រៅពី​ការ​ដាក់បញ្ចូល​នូវ​កម្មវិធី​សិក្សា​វេស​ឡាញ​ ក៏បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដល់​សិស្សានុសិស្ស​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​បទ​ពិ​សោ​ធថ្មី​ៗផ្នែក​បច្ចេកវិទ្យា​ ដូចជា​បច្ចេកវិទ្យា​ Argument​ Reality​ (AR​) និង​កម្មវិធី​ Virtual​ Reality​ (VR​) ជាដើម​។

សាលារៀន​ វេស​ឡាញ​ និង​ណត្ស​ឡា​ញន៍​ ចាប់​ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ និង​ភាសា​ចិន​ នៅ​ថ្ងៃទី​1 ខែសីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ចូល​រៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕

Advertisement