កម្ពុជា​កំពុង​រៀបចំផែនការ​បង្កើន​ធនធានមនុស្ស​ផ្នែក​ TVET​ ឱ្យ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំនេះ​

ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ជាផ្នែក​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ខ្លាំង​ ព្រោះ​ក្នុង​បរិបទ​ថ្មី​នេះ​ យើង​ត្រូវការ​ជាចាំបាច់​នូវ​អ្នកជំនាញ​ដើម្បី​បម្រើការ​ងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ សេវាកម្ម​ និង​ជំរុញ​ឱ្យ​មាន​អាជីវកម្ម​ខ្នាត​តូច​កាន់តែ​ច្រើន​។

នៅ​ឆ្នាំ​ថ្មីនេះ​ រដ្ឋមន្ត្រី​ក្រសួង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​ប្រកាស​ថា​នឹង​រៀបចំផែនការ​មេ​ (Master​ Plan​) ដើម្បី​រៀបចំ​គ្រឹះ​ ស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ក្នុង​គោលបំណង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ឱ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​ និង​មាន​ចំនួន​កាន់តែ​ច្រើនឡើង​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​បញ្ហា​កង្វះ​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ជា​ក្តី​បារម្ភ​មួយ​សម្រាប់​កម្ពុជា​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ក្រសួងការងារ​ និង​បណ្តុះ​ បណ្តាល​វិជ្ជាជីវៈ​ បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ឱ្យ​មាន​គ្រឹះស្ថាន​អប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នៅ​ទូទាំង​ប្រទេស​ ស្រប​ពេល​ដែល​ឯកឧត្តម​ផ្ទាល់​ក៏​កំពុង​ចុះ​ជាប់​ជាប្រចាំ​នៅ​តាម​គ្រឹះស្ថាន​ទាំងអស់​នោះ​ផង​ដែរ​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖“នៅ​ចុងឆ្នាំ2019​ នេះ​ ក្រសួងការងារ​នឹង​ព្យាយាម​បង្កើត​ផែនការមេ​ (Master​ Plan​) ឱ្យ​បាន​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ទាំងអស់​នៅ​ទូទាំង​ប្រទេស​ដោយ​គិតគូរ​ទៅលើ​អគារសិក្សា​ រោងជាង​ គ្រូ​បណ្តុះបណ្តាល​ ការ​បង្រៀន​ពី​បច្ចេកវិទ្យា​ថ្មី​សម្រាប់​បណ្តុះបណ្តាល​សិស្ស​ជាដើម​។ ការ​ខិតខំ​ប្រឹងប្រែង​នេះ​ គឺ​ក្នុង​គោលបំណង​សម្រេច​ឱ្យ​បាន​នូវ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​ទាំង​បរិមាណ​ និង​គុណភាព​”។

កន្លងមក​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ជា​វិស័យ​មួយ​ដែល​មិនទាន់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សិស្ស​ និស្សិត​នៅឡើយ​នោះ​ទេ​ បើ​ទោះបីជា​ផ្នែក​នេះ​ជាផ្នែក​ដែល​មាន​ទីផ្សារ​ការងារ​ទូលំទូលាយ​ និង​ទទួល​បាន​ប្រាក់ខែ​ច្រើន​ក៏ដោយ​។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ថា​ សិស្ស​ និស្សិត​ខ្មែរ​ ភាគច្រើន​ចូលចិត្ត​សិក្សា​ជំ​នាញ​ខ្ពស់​ៗផុត​ពី​កន្លែង​ដែលគេ​ត្រូវការ​។ ជាក់ស្តែង​យើង​មើលឃើញ​ថា​ និស្សិត​វិស្វករ​មាន​ច្រើន​ ខណៈ​សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​ជំនាញ​បច្ចេកទេស​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។ ឯកឧត្តម​បាន​ណែនាំ​ថា​ សិស្ស​-និស្សិត​គួរ​ចាប់អារម្មណ៍​លើ​ការ​អភិវឌ្ឍ​ជំនាញ​ដោយ​ចាប់ផ្តើម​ពីតូច​ទៅ​ធំ​ មានន័យថា​ ពួកគេ​គួរ​ចាប់ផ្តើម​សិក្សា​ពី​ជំនាញ​បច្ចេកទេស​បន្ទាប់​មក​ធ្វើការងារ​បណ្តើរ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ការងារ​ និង​ប្រាក់ចំណូល​បណ្តើរ​ ស្រប​ពេល​ដែល​ពួកគេ​អាច​ឈានជើង​ទៅ​ចាប់​អាជីព​ជា​វិស្វករ​ប្រកប​ដោយបទ​ពិសោធ​ និង​ចំណេះដឹង​ច្បាស់លាស់​។

តែ​ទោះជា​យ៉ាងនេះ​ក្តី​ តាមរយៈ​ការរៀបចំ​ឱ្យ​មាន​ផែនការមេ​នេះ​ ជា​ចំណុច​វិជ្ជមាន​មួយ​ក្នុង​ការជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល​កាន់តែ​ច្រើនជាង​មុន​ ដោយសារតែ​ស្ថាប័ន​បណ្តុះបណ្តាល​លើ​ជំនាញ​ទាំងអស់​នេះ​នឹង​ចាប់ផ្តើម​ពង្រឹងគុណភាព​ប្រកប​ដោយ​និរន្តរភាព​ ក្នុង​ការ​បណ្តុះបណ្តាល​ តាម​ផែនការ​ច្បាស់លាស់​មួយ​៕

Advertisement