មូលហេតុ​សំ​ខាន់​ៗដែល​នាំ​ឱ្យ​ប្រទេស​ល្បីល្បាញ​ផ្នែក​អប់រំ​សម្រេច​បាន​ជោគជ័យ​

វិស័យ​អប់រំ​ ជាផ្នែក​ដ៏​សំខាន់​ដែល​សម្រេច​ពី​ជោគវាសនា​របស់​ប្រទេស​ ព្រោះ​បរិមាណ​នៃ​ប្រជាជន​មិន​អាច​ធ្វើ​ឱ្យ​សង្គម​អភិវឌ្ឍ​បាន​លឿន​នោះ​ទេ​ ប្រសិនបើ​ប្រជាជន​នៃ​ប្រទេស​នោះ​គ្មាន​ចំណេះដឹង​ដើម្បី​ធ្វើការងារ​ប្រកបដោយ​ភាព​ឆ្លាតវៃ​។

យោង​តាម​ការស្រាវជ្រាវ​ពី​អង្គការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ (OECD​-Organization​ for​ Economic​ Co​-operation​ and​ Development​) បាន​បង្ហាញថា​ ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​បញ្ចប់​ការសិក្សា​ ខ្ពស់​ជាងគេ​បំផុត​។ តាម​ទិន្នន័យ​បាន​បង្ហាញថា​ នៅ​កូរ៉េ​ខាងត្បូង​ មនុស្ស​វ័យ​ចន្លោះ​ពី​ 25ឆ្នាំ​ ដល់​ 34ឆ្នាំ​ បាន​បញ្ចប់​ការសិក្សា​កម្រិត​សាកល​វិទ្យាល័យ​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​។

មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​អប់រំ​នេះ​ ដោយ​សារ​តែ​គេ​បាន​វិនិយោគ​យ៉ាង​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​អប់រំ​ចាប់តាំងពី​កម្រិត​មត្តេយ្យ​ដល់​ថ្នាក់​ឧត្តម​សិក្សា​។ ការ​វិនិយោគ​ដែល​រដ្ឋ​ផ្តល់​ជូន​សម្រាប់​ប្រជាជន​ គឺ​រួម​ទាំង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អប់រំ​សិស្ស​តូច​ៗមុន​ពេល​ចូល​សាលារៀន​ (Pre​-School​) ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​គ្រប់គ្នា​មាន​សមត្ថភាព​បញ្ចូន​កូន​ទៅរៀន​ បើ​ទោះបីជា​គ្រួសារ​ពួកគេ​មិន​មាន​ចំណូល​ខ្ពស់​ក៏ដោយ​។

តាម​ទិន្នន័យ​របស់​ OECD​ នេះ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ប្រទេស​ដែល​ឈរ​នៅ​លំដាប់​លេខ2​ ដែល​មានការ​អប់រំ​ខ្ពស់​បំផុត​នោះ​ គឺ​ប្រទេស​កាណាដា​។ នៅ​ប្រទេស​កាណាដា​ មនុស្ស​មាន​អាយុ​ចាប់ពី​ 25​ឆ្នាំ​ ដល់34ឆ្នាំ​ ប្រមាណ​ 61​% មានកម្រិត​ចំណេះដឹង​ខ្ពស់​។ ក្រៅពី​នេះ​ បើ​មើល​ជា​រួម​ កម្រិត​អក្ខរ​ភាព​នៅ​ក្នុង​សង្គម​មានកម្រិត​ខ្ពស់​ ដោយសារតែ​គ្រប់​សាលារៀន​ និង​សាកល​វិទ្យាល័យ​សុទ្ធតែ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​ជាប់​ជាប្រចាំ​ និង​ជំរុញ​ឱ្យ​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន​ក្នុង​វិស័យ​អប់រំ​សម្រាប់​ពង្រឹង​សមត្ថភាព​វិស័យ​អប់រំ​នៅ​គ្រប់​កម្រិត​។

ចំពោះ​ប្រទេស​ដែល​ឈរ​លំដាប់​លេខ3​ គឺ​ប្រទេស​ជប៉ុន​ ដែល​ប្រទេស​នេះ​មាន​បុគ្គលិក​អប់រំ​ ក៏​ដូចជា​គ្រូបង្រៀន​ធ្វើការងារ​ច្រើន​ម៉ោងជាង​គេ​នៅ​លើ​ពិភពលោក​។ អ្វី​ដែល​ជប៉ុន​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​អប់រំ​ គឺ​ការ​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​សិស្ស​ដើម្បី​ផ្តល់​នូវ​ប្រភព​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​ ក៏​ដូចជា​ផ្តល់​នូវ​ដំណោះស្រាយ​សំ​ខាន់​ៗដែល​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​។ ក្រៅពី​នេះ​ ជប៉ុន​ក៏​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ផង​ដែរ​លើស​កម្ម​ភាព​សិក្សា​ និង​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព​ខ្ពស់​ក្នុង​ប្រព័ន្ធ​អប់រំ​។ នៅក្នុង​ការស្ទង់មតិ​របស់​ OECD​ ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ប្រទេស​ដែល​ស្ថិតនៅ​លំដាប់ថ្នាក់​លេខ4​ គឺ​ប្រទេស​ Lithuania​។ ភាព​ជោគជ័យ​ក្នុង​ប្រព័ន្ធ​អប់រំ​នៃ​ប្រទេស​ Lithuania​ នា​ពេល​បច្ចុប្បន្ន​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​បង្កើន​ចំណាយ​លើ​វិស័យ​អប់រំ​យ៉ាង​ខ្ពស់​ដើម្បី​ស្តារ​បញ្ហា​អក្ខរកម្ម​កាលពី​ជាង​ 15ឆ្នាំមុន​។ កុមារ​នៅក្នុង​ប្រទេស​នេះ​ ចាប់ផ្តើម​ចូល​សាលា​តាំងពី​តូច​ ដែល​តាម​ទិន្នន័យ​បង្ហាញថា​ ក្នុង​ឆ្នាំ​ 2017​ កុមារ​ច្រើនជាង​ពាក់កណ្តាល​ប្រទេស​បាន​ចូល​សាលារៀន​នៅ​វ័យ​ 2ឆ្នាំ​៕

Advertisement