សារសំខាន់នៃការអប់រំផ្លូវចិត្តដែលគ្រប់គ្នាមើលរំលង

នៅពេលដែល​បុគ្គល​ម្នាក់​ចាប់​ផ្ដើមធ្វើ​កិច្ចការ​អ្វីមួយ​តែងតែ​រំពឹង​ទៅលើ​លទ្ធផល​បានល្អ ប៉ុន្ដែ​គេ​មិន ដឹងថា ដើម្បី​ធ្វើ​ការងារ​នោះ​បានល្អ​ក្រៅពី​មានចំណេះដឹង​ហើយ​បុគ្គល​ម្នាក់​នោះ​ត្រូវការ​កម្លាំង​ចិ​ត្ដ​និង​ការតាំងចិត្ដ​បែបណា​ឡើយ។ រហូត​មាន​អ្នកខ្លះ​រំពឹង​លើ​លទ្ធផល​វិជ្ជមាន​ពេក​ធ្វើឱ្យ​ខ្លួនឯង​លែង​ហ៊ាន​ទទួល​នូវ​ភាពបរាជ័យ។ ដូច្នេះហើយ​មនុស្ស​ម្នាក់​មុន​នឹងធ្វើ​អ្វីមួយ​គួរតែ​ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន។ដើម្បី​រួមចំណែក​បញ្ហា​ខាងលើនេះ​អ្នកសារព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក នឹម ឈុ​ន្នី ស្ថាបនិក​មជ្ឈមណ្ឌល​អ​នាគ​ត​អាស៊ី ដូចខាងក្រោម៖

តើ​ការលើក​ទឹក​ចិ​ត្ដមនុស្ស​មាន​អត្ថប្រយោជន៍ អ្វីខ្លះ?
ជាទូទៅ​ប្រសិនបើ​បុគ្គល​នោះ​ជា​អ្នក​បំពេញការងារ ការលើកទឹកចិត្ដដ​ល់​គាត់​ប្រៀបបាន​ដូច​ការជំរុញ​ទឹក​ចិ​ត្ដ​បុគ្គលិក​នោះ​ឱ្យធ្វើ​អ្វីមួយ​ដោយ​ទំនុក​ចិ​ត្ដ និង​មាន​សក្ដានុពល​ដែល​ធ្វើឱ្យ​ការងារ​គាត់​ចេញមក​ប្រកបដោយ​លទ្ធផល។ អ្វីដែល​សំខាន់​ដូចជា​បង្រៀន​ឱ្យ​គាត់​មាន​ទំនួល​ខុសត្រូវ​ជាមួយ​ការងារ និង​ឱ្យ​គាត់​គិតពី​ក្រុមហ៊ុន​ស្រឡាញ់​ការងារ​ក្រុមហ៊ុន ឬ​ស្ថាប័ន​នោះ​ដូចជា​កន្លែង​ការងា​របស់គាត់​ផ្ទាល់ខ្លួន។រហូត​គាត់​អាច​មើលឃើញថា ការងារ​របស់ គាត់​កំពុងតែ​ធ្វើ​សព្វថ្ងៃ​មិនមែន​ដើម្បី​តែ​ប្រាក់បៀវត្សរ៍​តែ1មុខ​ទេ។

ដើម្បីឱ្យ​ក្លាយជា​បុគ្គល​ម្នាក់​ដែលមាន​សក្ដានុពល​សម្រាប់​ក្រុមហ៊ុន ឬ​ស្ថាប័ន​តើ​យើង​គួរ​ធ្វើ​បែបណា?
ចំណុច​នេះ​វា​មានរឿង​វែងឆ្ងាយ​ដែល​ត្រូវ​ជជែក​គ្នា ប៉ុន្ដែ​ជា​ចំណុច​សំខាន់​បុគ្គល​ខ្លួនឯង​ត្រូវមាន​ក្ដីសង្ឃឹម​ពេលដែល​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ណាមួយ​នោះ។ ដោយ​ថា​ប្រសិនបើ​គាត់​មិនទាន់មាន​ក្ដី​សុបិន​ត្រូវ​ចេះ​សាង​ក្ដី​សុបិន​សម្រាប់​ខ្លួនឯង។ ពិសេស​ត្រូវ​យល់​ពី​មូល​ហេតុថា តើ​ហេតុអ្វី​បានជា​គាត់​ត្រូវ​ចំណាយ​ពេលវេលា​ដ៏​ច្រើន​មក​ធ្វើការ​ងារ​នៅ​កន្លែង​នោះ? គាត់​ចង់ឱ្យ​លទ្ធផល​អ្វី​ទៅឱ្យ​ម្ចាស់​ក្រុមហ៊ុន ឬ​សម្រាប់​ខ្លួនឯង?នៅពេលដែល​គាត់​យល់​ពី​បញ្ហា​ទាំងនេះ​ចេះ​កំណត់​គោលដៅ​ខ្លួនឯង និង​គោលដៅ​របស់​ក្រុមហ៊ុន​គាត់​នឹងមាន​ការប្រឹងប្រែង​ធ្វើ​ការងារ។ ជាធម្មតា​ការងារ​ដែល​ធ្វើ​ប្រកបដោយ​ភាពជឿជាក់​និង​កម្លាំង​ចិ​ត្ដ​ពិតជា​ល្អ​និង​មាន​ផល​វិជ្ជមាន​ច្រើន។

នៅពេល​កើត​បញ្ហា​តើ​យើង​ត្រូវ​គ្រប់គ្រង​ផ្លូវ​ចិ​ត្ដ​បែបណា?
ទាក់ទង​នឹង​ការគ្រប់គ្រង​ផ្លូវ​ចិ​ត្ដមនុស្ស​គ្រប់រូប​គួរតែមាន មិនចាំបាច់​តែ CEO ,Manager ឬ​បុគ្គលិក​ធម្មតា​ទេ​គឺ​ត្រូវមាន​តួនាទី​ជា​មេដឹកនាំ​លើ​ខ្លួនឯង ត្រូវ​ចេះ​ធ្វើជា​ម្ចាស់​របស់​ខ្លួនឯង។ ដើម្បី​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន​បុគ្គល​នោះ​ត្រូវមាន​ទំនួល​ខុសត្រូវ ពេល​និយាយ​អ្វី​ចេញមក​ត្រូវធ្វើ​ឱ្យបាន​ដូច​ការនិយាយ​ដើម្បី​បង្ហាញ​ទៅ​មនុស្ស​ជុំវិញខ្លួន។ រឿង​ដែល​សំខាន់​ជាង​នេះ​ត្រូវ​រៀន​ពី​របៀប​គ្រប់គ្រង​លើ ខ្លួនឯង ឧទាហរណ៍​នៅពេលដែល​គាត់​កំពុងមាន​កំហឹង​ក្នុង​ខ្លួន ត្រូវតែ​មានការ​រំឭក​ខ្លួនឯង​ថា យើង កំពុង​តែមាន​អារម្មណ៍​មួម៉ៅ ដូច្នេះ​មិនអាច​ទៅ​និយាយ​ជាមួយ​មេដឹកនាំ ឬក៏​អ្នក​ដែល​នៅក្រោម​បង្គាប់ បានទេ ព្រោះ​ការធ្វើ​បែបនេះ​មិនបាន​ទទួលលទ្ធផល​ទេ។ ប្រសិនបើ​មនុស្ស​ម្នាក់​មិនអាច​គ្រប់គ្រង​លើ​ខ្លួនឯងបាន​គាត់​ក៏​មិនអាច​គ្រប់គ្រង​លើ​អ្នកដទៃ​បានដែរ ព្រោះ​វា​ជា​តម្រូវការ​ដ៏​សំខាន់​ក្នុងនាម​យើង​ជា​មេដឹកនាំ ឬ​ជា​អ្នក​ប្រតិ​ប​ត្ដិ​ការ​ការងារ។

ហេតុអ្វី​បានជា​មនុស្ស​យើង​មានការ​បាក់ទឹកចិត្ដ?
ជាទូទៅ​មនុស្ស​ដែល​បាក់ទឹកចិត្ដ​កើតចេញពី​ការ​លែងឱ្យ​តម្លៃ​លើ​ខ្លួនឯង។ ពេលដែល​គាត់​លែងឱ្យ​តម្លៃ​ខ្លួនឯង​ហើយ​គាត់​ចាប់ផ្ដើម​ប្រៀបធៀប​ខ្លួនឯង​ខ្លួន​គាត់​ជាមួយ​អ្នកដទៃ គាត់​តែងតែ​មើល ឃើញ​អ្នកដទៃ​អស្ចារ្យ ស្អាត មានទ្រព្យ​សម្បត្ដិ និង ឆ្លាត​ជាង​គាត់​គ្រា​ដែល​គាត់​គ្មានអ្វី​ទាំងអស់។ ចិ​ត្ដ​ទាំងនេះហើយ​ដែលនាំឱ្យ​គាត់​ឈានទៅរក​ការ​បាក់ទឹកចិត្ដ។ ការប្រៀបធៀប​បែបនេះ យូរទៅៗជំងឺ​បាក់ទឹកចិត្ដ​កាន់តែ​ចូលមក​ធ្វើឱ្យ​គាត់​គ្មាន​កម្លាំង​ចិ​ត្ដ​នឹងធ្វើ​អ្វី​បន្ដទៀត​ទេ​អារម្មណ៍​គាត់​ពេលនោះ​ពោរពេញ​ដោយ​ភាពភ័យខ្លាច​លែងមាន​ភាពប្រក្រតី​ដូច​មនុស្ស​ធម្មតា។ មនុស្ស​ដែល​ជួប​ស្ថានភាព​បែប​ហ្នឹង​គួរតែរៀបចំ​គាត់​ឱ្យនៅ​ជិត​មនុស្ស​ដែល​ចេះ​ឱ្យ​តម្លៃ​លើក​ទឹក​ចិ​ត្ដ​គាត់។ យើង​ត្រូវឱ្យ​គាត់​ខ្លួនឯង​ស្វែងយល់​នៅក្នុង​ជីវិត​របស់គាត់​ថា​តើ​មាន​ចំណុច​អ្វីខ្លះ​ដែល​គាត់​ធ្លាប់​ទទួលបាន​មោទកភាព បន្ទាប់​មកឱ្យ​គាត់​សរសេរ​ឬ​គូរ​ជា​រូបភាព។ ធ្វើបែបនេះ​គាត់​នឹង​នឹក​ឃើញថា ទោះជា​គាត់​ដល់​ដំណាក់កាល​ហ្នឹង​មែន​ក៏​គាត់​ធ្លាប់​ទទួលបាន​ជោគជ័យ​ដែរ​ទាំងនេះហើយ​អាច​បណ្ដុះ​ទឹក​ចិ​ត្ដ​គាត់​ឡើងវិញ​អាច​នឹង​ចាប់ផ្ដើម​លុបបំបាត់​នូវ​អ្វីដែល​កំពុងតែ​ភ័យខ្លាច។

តើ​មាន​វិធី​អ្វី​ដើម្បី​ជំរុញ​ទឹក​ចិ​ត្ដ​ឱ្យ​អ្នក​ជួប​ភាពបរាជ័យ​ក្នុង​ការងារ​ឱ្យមាន​កម្លាំង​ចិ​ត្ដ​ឡើងវិញ?
នៅពេល​ដែលមាន​បញ្ហា​ដូច្នេះ រឿង​ដែល​ល្អ​គឺ​ព្យាយាម​ជួប​ជជែក​ជាមួយ​គាត់​សួរនាំ​ពី​បញ្ហា​ដែល​ធ្លាប់​កើតមាន​ចំពោះ​គាត់​ឱ្យបាន​ញឹកញាប់។ ពេលណា​ដែល​គាត់​ស្ដាប់ យើង​អាច​សួរ​ទៅ​គាត់​វិញ​ថា​តើ​ការទទួល​បរាជ័យ​រប​ស់​គាត់​មកពី​អ្វី? មកពី​គាត់​មិនបាន​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ការធ្វើការងារ​នេះ? ឬ​មិនបាន​ស្វែងយល់​ពី​វិធី​នៃ​ការធ្វើការងារ​នេះ​ឱ្យបាន​ច្បាស់លាស់? ឬ​គ្រាន់តែ​ស្រឡាញ់​ភ្លាម​ធ្វើ​ភ្លាម​លុះ​បរាជ័យ​ហើយក៏​បោះបង់? ដូច្នេះ​បុគ្គល​នោះ​គួរ​គិត​ឡើងវិញ​ថា លើក​ទី1 និង2 ដែល​យើង​ពុំ​ទទួលបាន​ជោគជ័យ​តើ​មកពី​អ្វី? មក ពី​គ្មាន​ចំណេះដឹង​គ្រប់គ្រាន់ ឬ​ពេលវេលា និង​ការ លើក​ទឹក​ចិ​ត្ដ​គ្រប់គ្រាន់? ភាគច្រើន​បញ្ហា​នេះ​កើត ឡើង​ចំពោះតែ​អ្នក​ដែល​ទើបតែ​ចាប់ផ្ដើម​មុខ​ជំនួញ ពេលខ្លះ​គាត់​គិត​អត់​ដល់​បែរជា​យល់ថា ការងារ នោះ​បរាជ័យ ប៉ុន្ដែ​ការពិត​មកពី​គាត់​ធ្វើ​មិនបាន ជោគជ័យ​ទេ គឺ​មិនទាន់​ធ្វើការ​ងារ​នោះ​ទៅដល់​ចំណុច​ជោគជ័យ​គាត់​ក៏​ឈប់ ដូច្នេះ​យើង​គួរតែ​ចេះ​ជួយ​លើក​ទឹក​ចិ​ត្ដ​គាត់​និង​ផ្ដល់​ចំណេះដឹង​ដែល​យើង​អាច​ស្វែងយល់បាន​ច្រើនជាង​គាត់​ផ្ដល់ទៅឱ្យ​គាត់។

ធ្វើ​ដូចម្ដេច​ដើម្បី​ធ្វើ​ផែនការ​ការងារ​ឱ្យបាន​ល្អ?
ប្រសិនបើ​យើង​ចង់​ធ្វើ​ផែនការ​មួយ​បានល្អ និង​មិន​រង​ការរំខាន​ពីអ្វី​មួយ​យើង​គួរតែ​រក​កន្លែង​ស្ងប់ស្ងាត់​សម្រួល​អារម្មណ៍​ប្រហែលជា10នាទី​ហើយ​គិត​ផ្ដោតទៅលើ​ការងារ​ដែល​យើង​ត្រៀម​នឹងធ្វើ​នៅពេល​ខាងមុខ​ដោយ​សម្លឹង​ទៅលើ​ផល​វិជ្ជមាន​របស់​វា​និង​ត្រូវ​តាំងចិត្ដ​ថា​យើង​ស្រឡាញ់​ការងារ​ដែល​យើង​កំពុងតែ​រៀបចំ​ធ្វើ​នៅពេល​ដ៏​ខ្លី​ខាងមុខ។ ដូច្នេះ​ក្នុង រយៈពេល2ឬ3 ម៉ោង​ដែល​យើង​ត្រូវធ្វើ​ការងារ​នេះ​យើង​ត្រូវ​រក​វិធី​យ៉ាងណា​ផ្ដាច់ខ្លួន​ចេញពី​មជ្ឈដ្ឋាន​ខាងក្រៅ ដោយ​យើង​ចំណាយពេល​គិតតែ​រឿងនេះ តែមួយ​ប៉ុណ្ណោះ ដោយ​អាច​បិទ​ទូរស័ព្ទ ជាដើម។ ពោលគឺ​យើង​ឱ្យ​តម្លៃ​ខ្លួនឯង និង​អនុញ្ញាតិ​ឱ្យ​ខ្លួនឯង​មានលទ្ធភាព​គិត​នូវ​អ្វីដែល​យើង​ចង់​ធ្វើបាន​ដោយ​ល្អិតល្អន់​គ្មាន​ការរំខាន។

តើ​ធ្វើយ៉ាងណា​ដើម្បី​ប្រមូល​អារម្មណ៍ ឬ​សម្មាធិ​បានល្អ?
ក្នុងការ​ធ្មេចភ្នែក​ប្រមូល​អារម្មណ៍​ជា​រឿង​ពិបាក​ខ្លាំងណាស់ ព្រោះ​នៅពេលដែល​បិទ​ភ្នែក​ភ្លាម​នឹងមាន​រឿងរ៉ាវ​ជាច្រើន​ដែល​កើតឡើង​ពេញ​ខួរក្បាល​យើង​ពោរពេញ​ដោយ​ភាព​រញ៉េរញ៉ៃ។ ប្រសិនបើ​យើង​មិន​ធ្លាប់​អនុវត្ដ​ន៍​វិធី​នោះ​ពីមុនមក​ទេ យើង​គ្រាន់តែ​នៅ​អង្គុយ​ឱ្យ​ស្ងៀម​រយៈពេល5នាទី​ដោយ​ផ្ដោតទៅលើ​ការដក​ដង្ហើមចេញ ចូលចាប់​ផ្ដើម​តាំង ចិ​ត្ដ​ដោយ​គិតថា ដង្ហើម​របស់​យើង​ដក​ចេញចូល​ពោរពេញ​ដោយ​ភាព​រីករាយ និង​មានតម្លៃ​បំផុត។ ជាទូទៅ​យើង​អនុវត្ដ​ន៍​បែបនេះ​រយៈពេល1សប្ដាហ៍ វា​នឹង​អាចធ្វើឱ្យ​យើង​កើន​ថាមពល​ផ្លូវ​ចិ​ត្ដ ព្រោះ​ពេលណា​យើង​អាច​គ្រប់គ្រង​សមា​មា​ធិ​បាន​គ្រប់គ្រង ពេលវេលា​បាន យើង​នឹង​គ្រប់គ្រង​ខ្លួនឯងបាន​ការងារ​យើង​នឹង​ទទួលបាន​ជោគជ័យ៕

Advertisement