លទ្ធផល​បាក់ឌុប​ជា​ចំណុច​ចាប់ផ្តើម​ មិន​មែន​ជា​ចំណុច​បញ្ចប់​នៃ​ដំណើរ​ជីវិត​ទេ​

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​ប្រកាស​ជា​ផ្លូវការ​ហើយដោយ​ក្នុង​នោះ​មាន​បេក្ខជន​ខ្លះ​ក៏​ជួប​រឿង​ពេញចិត្ត​ដោយសារតែ​លទ្ធផល​ប្រឡង​ចេញ​មក​វិជ្ជមាន​ ឬទទួល​បាន​លទ្ធផល​ល្អ​ដូច​ការ​រំពឹង​ទុក​ ខណៈ​សិស្ស​ខ្លះទៀត​ប្រហែលជា​នឹង​ជួប​រឿង​មិន​សប្បាយចិត្ត​ ព្រោះតែ​លទ្ធផល​មិន​ដូច​បំណង​ ជាដើម​។

ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​ លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ជីវិត​ប៉ុណ្ណោះ​ មិនមែន​ជា​ចំណុច​បញ្ចប់​ដែល​កំណត់​ពី​ភាព​ជោគជ័យ​ ឬបរាជ័យ​ក្នុង​ការរស់នៅ​នោះ​ទេ​។ ហេតុនេះ​ ប្រសិនបើ​វា​ជា​ចំណុច​ចាប់ផ្តើម​ យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​ផ្លូវ​ដើរ​រៀង​ៗខ្លួន​ ដោយ​អ្នក​ជាប់​អាច​បន្ត​ការសិក្សា​ទៅមុខ​ទៀត​ ឬចាប់​ផ្តើម​អាជីព​ការងារ​តាម​សមត្ថភាព​ដែលគេ​ជាប់​ ខណៈ​អ្នក​មិនទាន់​ជាប់​ក៏​មិនមែន​មានន័យថា​ មិន​អាច​ទៅមុខ​ទៀត​បាន​ដែរ​។ សម្រាប់​បេក្ខជន​ដែល​ប្រឡង​មិនទាន់​ជាប់​ អាច​សិក្សា​ម្តង​ទៀត​ ព្រោះ​វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន​នោះ​ទេ​។ ចំពោះ​អ្នក​ដែល​មានបំណង​ពិតប្រាកដ​ក្នុង​ការ​តស៊ូ​លើ​ជីវិត​ការសិក្សា​ ឬអាច​បន្ត​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ក៏ដូចជា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​បាន​។

អ្នក​ធ្លាក់​ក៏អាច​មាន​អាជីព​ល្អ​ ឬទទួល​បាន​លទ្ធផល​ល្អ​ដែរ​ប្រសិនបើ​មានការ​តស៊ូ​ពិតប្រាកដ​ក្នុង​ជីវិត​ការងារ​ ព្រោះ​កន្លងមក​ជា​បទ​ពិសោធ​មាន​អ្នករៀន​មិនបាន​ច្រើន​មិន​តិច​នាក់​ទេ​ដែល​តស៊ូ​ស្វះស្វែង​រៀន​ពី​ជីវិត​ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។

ព្រះ​តេជគុណ​ គូ​ សុភាព​ មាន​សង្ឃដីកា​ថា​៖“បច្ចុប្បន្ន​នេះ​មាន​អ្នកមាន​ អ្នកធំ​ច្រើនណាស់​ដែល​រៀន​មិន​ចប់​ទាំង​បរិញ្ញាបត្រ​ផង​ តែ​គេ​មានគំនិត​ មាន​ប្រាជ្ញា​ប្រឹងរក​ស៊ី​ ឬធ្វើ​រឿង​ប្លែក​ល្អ​ៗ រហូត​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ទទួលស្គាល់​។ និយាយ​នេះ​ មិនមែន​មានន័យថា​ មិន​ឱ្យ​រៀនសូត្រ​នោះ​ទេ​ តែ​គ្រាន់តែ​ចង់​បញ្ជាក់​ថា​ដំណាក់កាល​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​ ហើយ​មានរឿង​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ស្វែងរក​ការ​អភិវឌ្ឍ​ក្នុង​ជីវិត​”។

ព្រះ​តេជគុណ​បាន​បន្ថែម​ទៀត​ថា​ បេក្ខជន​ដែល​មិន​សមបំណង​សូមកុំ​យកជីវិត​ទៅ​កំណត់​ត្រឹម​សញ្ញាបត្រ​ ឬក្រដាស​មួយ​សន្លឹក​។ មានន័យថា​ កុំ​សម្លាប់​ខ្លួន​ដោយសារតែ​មិនទាន់​ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​ ព្រោះ​កាលណា​យើង​ចេះ​រក្សា​ឱកាស​ ជីវិត​យើង​នៅ​វែងឆ្ងាយ​បន្ត​ទៀត​ដែល​អាច​ឈាន​ចាប់​យក​អ្វី​ដែល​ល្អ​ និង​ខ្ពស់​ជាង​នេះ​ជាច្រើន​ផ្សេង​ទៀត​។ ចំពោះ​អ្នក​ប្រឡងជាប់​ហើយក៏​មិន​គួរ​ភ្លេច​ខ្លួន​ដែរ​ ព្រោះ​ផ្លូវ​ដើរ​នៅសល់​វែងឆ្ងាយ​ទៀត​ ហេតុនេះ​ប្រសិនបើ​រវល់​តែ​មោទនភាព​ជាមួយនឹង​ជោគជ័យ​ពេលនេះ​ជ្រុល​ ហើយ​ភ្លេចខ្លួន​ជ្រើសរើស​ជំនាញ​ ឬជ្រើសរើស​ផ្លូវ​ដើរ​មិនល្អ​ ក៏អាច​ប្រឈម​ជា​មួយ​នឹង​បញ្ហា​ច្រើន​ក្នុង​ដំណើរ​ជីវិត​បាន​ដែរ​។

ព្រះសង្ឃ​សាស្ត្រា​ចារ្យ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ហេតុនេះ​សម្រាប់​អ្នក​ជាប់​ទន្ទឹម​នឹង​រីករាយ​ជាមួយ​លទ្ធផល​ល្អ​ក៏​គួរ​ស្វែងរក​ពេលវេលា​ពិចារណា​ពី​ការ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដើម្បី​ឱ្យ​ច្បាស់​ថា​ យើង​ស្រឡាញ់​មុខវិជ្ជា​ណា​ឱ្យ​ពិតប្រាកដ​ កុំ​ឱ្យ​ចាំតែ​អាណាព្យាបាល​រើស​ឱ្យ​ បន្ទាប់មក​រៀន​មិន​កើត​ក៏​បោះបង់​វិញ​នោះ​។ ម្យ៉ាងវិញទៀត​ យុវជន​ក៏​មិន​គួរ​រេរា​តាម​គ្នា​ ឬតាម​មិត្តភក្តិ​ដែរ​ អ្វី​ដែល​ត្រូវ​មាន​ គឺ​ភាព​ច្បាស់លាស់​ក្នុងចិត្ត​ ប្រកបដោយ​ភាពរឹងមាំ​ដើម្បី​សម្រេចវាសនា​ខ្លួនឯង​សម្រាប់​ថ្ងៃ​អនាគត​៕

Advertisement