ក្រោយ​ដឹង​លទ្ធផល​បាក់ឌុប​ សិស្ស​គួរ​ជ្រើសរើស​ផ្លូវ​ដើរ​បែប​ណា​?

ក្រោយពី​ទទួល​បាន​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ហើយ​ អ្វី​ដែល​សិស្ស​ត្រូវ​គិត​បន្ត​គឺ​ រៀបចំ​ផ្លូវ​ដើរ​សម្រាប់​ជីវិត​ក្រោយ​មធ្យមសិក្សា​ ដែល​ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ចាប់ផ្តើម​ដ៏​សំខាន់​សម្រាប់​រៀបចំ​ជីវិត​ទៅ​ថ្ងៃ​អនាគត​។ លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ទទួលលទ្ធផល​ទាំង​ជាប់​ និង​មិន​ទាន់​ជាប់​ គួរ​កុំ​គិតថា​ លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​នេះ​ជា​ការកំណត់​វាសនា​របស់​យើង​ឱ្យ​សោះ​ តែ​គួរ​គិតថា​ វា​គ្រាន់តែ​ជា​ដំណាក់កាល​នៃ​ការ​វាស់​ស្ទង់​សមត្ថភាព​មុននឹង​បន្តដំណើរ​ទៅមុខ​ទៀត​តែប៉ុណ្ណោះ​។

នៅក្នុង​ដំណាក់កាល​នេះ​ បេក្ខជន​ទាំងអស់​សុទ្ធតែ​ត្រូវ​បន្តដំណើរ​ទៅមុខ​ដូចគ្នា​ទាំងអស់​ គ្រាន់តែ​អ្នក​ជាប់​គេ​មានផ្លូវ​ផ្សេង​ដើម្បី​បន្តដំណើរ​ ហើយ​អ្នក​មិន​បាន​ជាប់​ត្រូវ​បន្តដំណើរ​ដោយ​វិធី​ផ្សេង​តែប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​មិន​មែន​មើលតែ​លទ្ធផល​ចំពោះមុខ​នោះ​ទេ​ អ្វី​ដែល​សិស្សានុសិស្ស​គួរ​គិត​ គឺ​លទ្ធផល​នៅ​ថ្ងៃ​អនាគត​ថា​ តើ​យើង​នឹងអាច​ក្លាយជា​មនុស្ស​បែប​ណា​? ហើយ​ធ្វើ​ការងារ​នៅ​ទីណា​នៅ​ថ្ងៃខាងមុខ​?។

លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “សម្រាប់​អ្នក​ដែល​បាន​ប្រឡងជាប់​ អាច​បន្ត​ការសិក្សា​ទៅ​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​ចាប់​យក​អាជីព​នានា​ទៅតាម​សមត្ថភាព​ តែ​អ្នក​មិនទាន់​ជាប់​ក៏​មិនមែន​អស់ផ្លូវ​នោះ​ដែរ​។ ប្អូន​ៗអាច​ត្រឡប់ទៅ​សិក្សា​សាជាថ្មី​ម្តង​ទៀត​ ព្រោះ​មាន​មនុស្ស​ច្រើនណាស់​ដែល​អាច​ត្រឡប់ទៅ​សិក្សា​សាជាថ្មី​ ហើយ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ ពួកគេ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ តែ​ប្រសិន​បើ​ប្អូន​ៗមិន​ចង់​ត្រឡប់ទៅ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ម្តង​ទៀត​នោះ​ ប្អូន​ៗក៏អាច​ចូល​ទៅ​ក្នុង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឬចូល​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ មុននឹង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ ឬបរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម​បាន​”។

លោក​ បូ​ឡែន​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ទន្ទឹម​នឹង​ប្អូន​ៗគិតគូរ​ពី​ផ្លូវ​ដែល​ត្រូវ​បន្តដំណើរ​នោះ​ ការ​ជ្រើសរើស​អាជីព​ការងារ​ក៏​ជាផ្នែក​មួយ​សំខាន់​ដែរ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ ព្រោះ​ការ​ចាប់ផ្តើម​ឈាន​ជើង​ចូលក្នុង​សាកល​វិទ្យាល័យ​ គឺជា​ការ​ចាប់ផ្តើម​ជ្រើសរើស​ផ្លូវ​ដើរ​ដ៏​វែងឆ្ងាយ​សម្រាប់​ជីវិត​។ ប្រសិន​បើ​ប្អូន​ចាប់ផ្តើម​ដើរ​លើ​ផ្លូវខុស​ នោះ​ប្អូន​ៗអាច​នឹង​ខាតពេល​វេលា​ ឬជួប​ឧបសគ្គ​ច្រើន​ដែល​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការរស់នៅ​ និង​ការ​អភិវឌ្ឍ​ ព្រោះ​ការសិក្សា​កម្រិត​ឧត្តម​សិក្សា​មិនមែន​រៀន​ដើម្បី​បាន​ឡើងថ្នាក់​នោះ​ទេ​ តែ​ជា​ការ​រៀន​ដើម្បី​ប្រកបរបរ​វិជ្ជាជីវៈ​ ឬរៀន​ដើម្បី​ក្លាយជា​អ្នកជំនាញ​ដែល​មាន​អាជីព​មួយ​ច្បាស់លាស់​។

អ្នកជំនាញ​អប់រំ​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ការ​ជ្រើសរើស​អាជីព​ការងារ​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​រើស​យក​ជំនាញ​ណា​ដែល​ត្រូវជា​មួយ​ចំណង់​ចំណូលចិត្ត​ និង​ទីផ្សារ​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ​។ ប្អូន​ៗគួរ​មើល​ពី​បរិបទ​សង្គម​ថា​ តើ​សង្គម​ត្រូវការ​អ្វី​? ហើយ​សង្គម​បត់​ទៅណា​ខ្លះ​? ទាំងអស់​នេះ​ គឺ​ដើម្បី​ធានា​ថា​ ក្រោយពេល​បញ្ចប់​ការសិក្សា​យើង​អាច​ទទួល​បានការ​ងារ​ដ៏​សមរម្យ​មួយ​សម្រាប់​ជីវិត​ខ្លួនឯង​ផង​ និង​ដើម្បី​ចូលរួម​ជា​ធនធាន​មនុស្ស​ប្រកប​ដោយសក្តានុពល​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​ផង​។ បច្ចុប្បន្ន​នេះ​ ជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ គឺ​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ហេតុនេះ​ប្រសិន​បើ​ប្អូន​ៗសិស្សានុសិស្ស​មាន​ទេពកោសល្យ​ ឬស្រឡាញ់​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ ប្អូន​ៗអាច​ជ្រើសរើស​អាជីព​ការងារ​ណា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជំនាញ​ទាំងអស់​នេះ​ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​វិនិយោគ​បរទេស​។

បច្ចុប្បន្ន​នេះ​ អ្នក​វិនិយោគ​ជាច្រើន​បាន​បណ្តាក់​ទុន​បើក​រោងចក្រ​សហគ្រាស​ និង​ចង្វាក់​ផលិតកម្ម​ជា​ច្រើន​នៅ​កម្ពុជា​ ហើយ​ចរន្ត​នេះ​ធ្វើ​ឱ្យ​យើង​ត្រូវការ​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ​ជាច្រើន​ដើម្បី​បំពេញ​តម្រូវការ​នៃ​ទីផ្សារ​ការងារ​។ ក្រៅពី​នេះ​ កម្ពុជា​ក៏​ជា​ប្រទេស​ដែល​កំពុង​មាន​តម្រូវការ​ផង​ដែរ​ផ្នែក​គីមី​ចំណីអាហារ​ និង​កសិកម្ម​ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​គ្រឹះ​សំខាន់​ផ្នែក​កសិកម្ម​ជា​យូរយារណាស់មកហើយ​។ រហូតមកដល់​ពេល​បច្ចុប្បន្ន​ ទន្ទឹម​នឹង​យើង​មាន​ដី​កសិកម្ម​ច្រើន​ យើង​ចង់​ឱ្យ​យុវជន​ជំនាន់​ថ្មី​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក​កសិកម្ម​ ដែល​អាច​ប្រើប្រាស់​បច្ចេក​ទេស​ថ្មី​ៗ ឬវិទ្យាសាស្ត្រ​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​ ដែល​អាច​ទាញ​ផលប្រយោជន៍​ពី​ធនធាន​ដែល​យើង​មានស្រាប់​បាន​កាន់តែ​ច្រើន​។

លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុង​ត្រូវការ​ផង​ដែរ​លើ​ជំនាញ​ហិរញ្ញវត្ថុ​ ហើយ​ជំនាញ​ហិរញ្ញវត្ថុ​ដែល​យើង​ត្រូវការ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​ពិតប្រាកដ​នោះ​គឺ​ជំនាញ​ជាក់លាក់​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​ធំ​ទូលាយ​នេះ​ ដូចជា​ជំនាញ​វិភាគ​ហិរញ្ញវត្ថុ​ ឬជំនាញ​ក្នុង​ការប្រើ​-ប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​វិនិយោគ​ដែល​មាន​ភាព​ចម្រុះ​ជាតិសាសន៍​ជាដើម​”។

សហ​ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិន​បើ​ប្អូន​ៗសិស្សានុសិស្ស​មាន​ទេពកោសល្យ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​វិញ​ ប្អូន​ៗអាច​ពិចារណា​លើ​ជំនាញ​មួយចំនួន​ដែល​កម្ពុជា​កំពុង​ត្រូវការ​ ដូចជា​ជំនាញ​ទេសចរណ៍​ ជាដើម​ ព្រោះ​កម្ពុជា​បច្ចុប្បន្ន​នេះ​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ខាង​ផ្នែក​ទេសចរណ៍​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​ កម្ពុជា​ជា​ប្រទេស​ដែល​អំណោយផល​ច្រើន​ផ្នែក​ទេសចរណ៍​ ទាំង​ទេសចរណ៍​វប្បធម៌​ និង​ទេសចរណ៍​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ចូល​មក​កម្ពុជា​។ ចរន្ត​នេះ​ធ្វើ​ឱ្យ​វិស័យ​នេះ​ត្រូវការ​កម្លាំង​ពលកម្ម​ជាច្រើន​ ដើម្បី​បំពេញ​ការងារ​ និង​ស្រូប​ទាញ​យក​ផលប្រយោជន៍​កាន់តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​៕

Advertisement