មនុស្ស​ម្នា​ក់ៗ​គួរ​រក​ឱ្យ​ឃើញ​ភាព​ឆ្នើម​របស់​ខ្លួនឯង​ដើម្បី​អភិវឌ្ឍ​បាន​លឿន​

ក្នុង​ការរស់នៅ​ មនុស្ស​មួយចំនួន​តែងតែ​ប្រាថ្នា​ចង់​ក្លាយជា​មនុស្ស​ដែល​នាំមុខ​គេ​ ឬលេខមួយ​គ្រប់​កាលៈទេសៈ​ មិនថា​ការសិក្សា​ ការរស់នៅ​ ការ​ធ្វើការងារ​ ឬការ​ធ្វើអាជីវកម្ម​នោះ​ទេ​។ ពួកគេ​តែងតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ បើ​ទោះបីជា​ពេលខ្លះ​វិធីសាស្ត្រ​នោះ​ល្អ​ ឬមិន​ល្អ​ក្តី​។ ការ​ធ្វើបែប​នេះ​បាន​ធ្វើ​ឱ្យ​បុគ្គល​ខ្លះ​នឿយហត់​ខ្លាំង​ ហើយ​ធ្វើ​ឱ្យ​ជីវិត​បាត់បង់​លំនឹង​ ដោយសារតែ​រស់​ក្នុង​ការប្រកួត​ប្រជែង​ខ្លាំង​ជ្រុល​ ព្រោះ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ គឺជា​ការយល់​ច្រឡំ​ពី​ពាក្យ​ថា​ជា​ភាព​ឆ្នើម​។

លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​គ្រុប​ បាន​លើកឡើង​ថា​ ភាព​ឆ្នើម​សម្រាប់​មនុស្សម្នាក់​ មិនមែន​សំដៅលើ​ការ​ទទួល​បាន​លេខ​មួយ​ដាច់គេ​គ្រប់មុខ​នោះ​ទេ​ តែ​វា​អាស្រ័យ​លើ​ចំណុច​ពិសេស​ផ្ទាល់ខ្លួន​ប្លែក​គេ​របស់​មនុស្ស​ម្នា​ក់ៗ​ ដែល​ធ្វើ​ឱ្យ​គេ​ចងចាំ​ពី​យើង​។ មនុស្ស​ម្នា​ក់ៗ​ បើ​ទោះបីជា​ម្ចាស់​អាជីវកម្ម​ ឬជា​បុគ្គលិក​គេ​ក៏ដោយ​ គួរ​ចាំបាច់​មាន​ចំណុចខ្លាំង​ផ្ទាល់ខ្លួន​យ៉ាងហោចណាស់​ 1រឿង​ ដើម្បី​ឱ្យ​គេ​ទទួលស្គាល់​ និង​ពឹងពាក់​បាន​។ ជាឧទាហរណ៍​ មាន​បុគ្គលិក​ពូកែ​មួយចំនួន​គាត់​មិន​ខ្លាំង​ទាំងអស់​គ្រប់មុខ​នោះ​ទេ​ តែ​គាត់​ខំ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ ដែល​គ្រប់គ្នា​ចាប់តាំងពី​មុខតំណែង​តូច​រហូតដល់​អគ្គនាយក​ ពេល​ត្រូវការ​ជំនួយ​ផ្នែក​បច្ចេកវិទ្យា​ត្រូវតែ​នឹកឃើញ​ដល់​គាត់​។ ហេតុនេះ​ការ​ចាប់​យក​អត្តសញ្ញាណ​ ឬភាព​ខ្លាំង​ផ្ទាល់ខ្លួន​អាច​ធ្វើ​ឱ្យ​យើង​ក្លាយជា​មនុស្ស​ដែលគេ​ត្រូវការ​គ្រប់​កាលៈទេសៈ​ ហើយ​ថែមទាំង​អាច​ជា​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​ទៀតផង​។

លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “ប្រសិន​បើ​យើង​កំពុងធ្វើការ​ងារ​ក្នុង​ឋានៈ​តួនាទី​ណាមួយ​ដែល​មាន​គ្នា10នាក់​ យើង​គួរតែ​ដឹងខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ យើង​មាន​ចំណុច​ល្អ​ប្លែក​អ្វីខ្លះ​ខុសពី​អ្នកដទៃ​ដែល​កំពុងធ្វើការ​ងារ​ក្នុង​លំដាប់​ដូចគ្នា​នេះ​។ ហើយ​ប្រសិន​បើ​ ប្រធាន​ស្ថាប័ន​ចង់​ទាញ​យើង​ឡើង​ទៅកាន់​តំណែង​ប្រសើរ​ជាង​នេះ​ តើ​យើង​មាន​ចំណុច​ឆ្នើម​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​នឹកឃើញ​យើង​មិន​អាច​ខ្វះ​បាន​”។

លោក​បាន​បន្ថែម​ទៀត​ថា​ មនុស្ស​គ្រប់គ្នា​ មិនថា​កំពុងធ្វើការ​ងារ​ក្នុង​ស្ថាប័នរដ្ឋ​ ឬឯកជន​នោះ​ទេ​ គួរ​ចាប់ផ្តើម​ស្វែងរក​ចំណុច​ឆ្នើម​ ឬលក្ខណៈ​ពិសេស​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ជា​អត្តសញ្ញាណ​របស់​ខ្លួនឯង​ និង​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​យើង​អភិវឌ្ឍ​បាន​លឿន​នៅក្នុង​ស្ថាប័ន​។ នៅពេល​ដែល​យើង​ដឹងពី​ចំណុចខ្លាំង​បំផុត​របស់​យើង​មួយ​ច្បាស់​ហើយ​ នោះ​យើង​នឹង​ងាយស្រួល​ក្នុង​ការ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ពិសេស​នេះ​ ជាមួយ​នឹង​ចំណេះ​ ជំនាញ​ និង​បុគ្គលិក​លក្ខណៈ​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត​។ ការ​អភិវឌ្ឍ​ចំណុចខ្លាំង​នៃ​អត្តសញ្ញាណ​នេះ​ក៏​ចាំបាច់​ឱ្យ​ស្រប​នឹង​គោលដៅ​ជីវិត​របស់​យើង​ផង​ដែរ​ ទើប​អាច​ធានា​ថា​ ការ​រីកចម្រើន​នៃ​ជីវិត​របស់​យើង​នេះ​នឹង​កើតមាន​យូរអង្វែង​ប្រកបដោយ​និរន្តរភាព​ថែមទៀត​ផង​។ ការ​គិត​ពី​ចំណុច​នេះ​នឹង​ធ្វើ​ឱ្យ​យើង​មើលឃើញ​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ភាព​ថ្កុំថ្កើង​ដោយ​មិនបាច់​រវល់​គិត​ច្រើន​ពី​ការប្រកួត​ប្រជែង​ជាមួយ​អ្នកដទៃ​ទេ​ តែ​ត្រូវ​យក​ថាមពល​ទាំងអស់​នោះ​មក​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​ឱ្យ​បាន​ជាប់​ជាប្រចាំ​។

លោក​ ពេជ្រ​ ពិសាល​ សហ​ស្ថាបនិក​ Daily​ Plus​ បាន​លើកឡើង​ថា​ អត្តសញ្ញាណ​ផ្ទាល់ខ្លួន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ព្រោះ​ការ​ធ្វើការងារ​ក្នុង​ក្រុមការងារ​មួយ​ចាំបាច់​ត្រូវការ​អ្នក​ខ្លាំង​លើ​ផ្នែក​ផ្សេង​ៗគ្នា​ដើម្បី​បូក​បញ្ចូល​គ្នា​ឱ្យ​សម្រេច​ជោគជ័យ​។ ការ​យក​តែ​អ្នកណា​ម្នាក់​ដែល​ចេះសព្វ​គ្រប់​មក​ធ្វើការងារ​ទាំងអស់​តែម្នាក់ឯង​ មិន​ហៅថា​ក្រុមការងារ​នោះ​ទេ​ ហេតុនេះ​ប្រសិនបើ​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ យើង​មាន​ចំណុចខ្លាំង​ណា​ដែល​ជា​អត្តសញ្ញាណ​ហើយ​នោះ​ យើង​នឹង​ក្លាយជា​មនុស្ស​ដែល​មានតម្លៃ​គ្រប់ពេល​ បើ​ទោះបីជា​យើង​ស្ថិត​ក្នុង​តំណែង​ណាក៏ដោយ​ ព្រោះ​ភាព​ខ្លាំង​របស់​យើង​ជា​កម្លាំង​មួយ​ក្នុងចំណោម​ភាព​ខ្លាំង​របស់​សមាជិក​ដទៃ​ផ្សេងទៀត​ដែល​នាំ​ឱ្យ​ស្ថាប័ន​ទៅមុខ​បាន​ល្អ​។

លោក​ ពេជ្រ​ ពិសាល​ បាន​និយាយ​ថា​៖ “មនុស្ស​ម្នា​ក់ៗ​សុទ្ធតែ​កើតមក​ជាមួយនឹង​ភាព​ខ្លាំង​រៀង​ៗខ្លួន​ គ្រាន់តែ​មនុស្សជា​ច្រើន​មិនបាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​សម្រួច​ចំ​ណុច​សក្តា​នុ​ពល​នេះ​ ហើយ​បណ្តោយ​វា​ក្លាយជា​ចំ​ណុច​សាមញ្ញ​ៗ ឬចេះ​ស្ទើរ​ៗលើ​គ្រប់មុខ​”។

លោក​ ពិសាល​ បាន​បន្ថែម​ទៀត​ថា​ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​ព្យាយាម​ស្វែងយល់​បន្តិច​ម្តង​ៗនៅ​ពេល​ដែល​យើង​កំពុងធ្វើការ​ងារ​ថា​តើ​អ្វី​ជា​ចំណុច​ដែល​យើង​អាច​ផ្តោត​បាន​ ហើយ​ចំណុច​ណា​ជា​សក្តា​នុ​ពល​ពី​កំណើត​ដែល​យើង​មាន​ខុសពី​គេ​ ហើយ​គេ​អត់​យើង​មិនបាន​។ ខ្មែរយើង​តែង​និយាយ​ថា​ អ្នកចេះ​ដប់​មិន​ស្មើ​អ្នក​ប្រសប់​មួយ​ មានន័យថា​ ចំណេះ​ទូទៅ​ចេះ​មួយ​រយ​ជំពូក​ក៏​នៅតែ​អាច​ចាញ់​អ្នក​ច្បាស់លាស់​តែម្នាក់​ដែរ​ ប្រសិនបើ​អ្នក​ពូកែ​រឿង​ទូទៅ​នោះ​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​ដែល​អាចយ​កទៅ​ប្រើ​ការបាន​។ ការ​ផ្តោត​លើ​ចំណុចខ្លាំង​តែមួយ​នេះ​ អាច​ធ្វើ​ឱ្យ​យើង​ចំណេញ​ទាំង​ពេលវេលា​ និង​ថាមពល​ដើម្បី​ធ្វើការ​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​ និង​លឿន​៕

Advertisement