ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ ជា​បច្ច័យ​ដែល​ធ្វើ​ឱ្យ​សិស្ស​ភាគច្រើន​បាន​និទ្ទេស A​

ទទួល​បាន​និទ្ទេស A​ គឺជា​មោទកភាព​ដ៏​ធំ​មួយ​សម្រាប់​សិស្សានុសិស្ស​ដែល​បាន​ខិតខំ​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​កម្រិតមធ្យម​សិក្សា​។ ហើយ​វា​ជា​ចំណុច​ដ៏​សំខាន់​ដែល​បង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​ដ៏​វិជ្ជមាន​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ជាមួយនឹង​ឱកាស​យ៉ាងច្រើន​សម្រាប់​អនាគត​។

ដើម្បី​ទទួល​បាន​និទ្ទេស A​ សិស្ស​ឆ្នើម​ជាច្រើន​បាន​បង្ហាញ​វិធី​សា​ស្ត្រប្លែ​កៗ​ពីគ្នា​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ​ ទេពកោសល្យ​ផ្ទាល់ខ្លួន​ និង​បរិស្ថាន​នៃ​ការអប់រំ​។ នៅក្នុងចំណោម​វិធីសាស្ត្រ​ល្អ​ៗជាច្រើន​ដែល​សិស្ស​និទ្ទេសA​ បាន​លើកឡើង​ មាន​ចំណុចរួម​មួយ​ដែល​ពួកគេ​សុទ្ធតែ​មាននៅ​ក្នុង​ខ្លួន​ គឺ​ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​។

យុវ​សិស្ស​ ហុង​ រស្មី​មរកត​ សិស្ស​ឆ្នើម​និទ្ទេស A​ ឆ្នាំ​សិក្សា​ 2018​-2019​ មក​ពីសា​លា​រៀ​នវេស្ទ​ឡា​ញន៍​ បាន​លើកឡើង​ថា​ ប្រសិនបើ​ចង់​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ទាំងអស់​ចាំបាច់​ត្រូវ​ដឹងខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ និទ្ទេស​អ្វី​ដែល​យើង​ចង់​ឃើញ​នៅក្នុង​ពេល​ប្រកាស​លទ្ធផល​។ គ្រាន់តែ​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ចូល​ថ្នាក់​ទី12​ ភ្លាម​ យើង​ត្រូវ​តាំងចិត្ត​ឱ្យ​បាន​មុតមាំ​ភ្លាម​ថា​ យើង​ត្រូវតែ​យក​និទ្ទេស​ល្អ​ឱ្យ​បាន​។ កន្លងមក​មាន​សិស្ស​ជាច្រើន​មិន​ហ៊ាន​ដាក់​គោលដៅ​យក​និទ្ទេស​ A នោះ​ទេ​ ព្រោះ​ពួកគេ​យល់ឃើញ​ថា​ វា​ជា​រឿង​ធំ​ខ្លាំងពេក​សម្រាប់​ទៅ​ឱ្យ​ដល់​ តែ​តាមពិត​ទៅ​ ប្រសិនបើ​យើង​ខិតខំ​ប្រឹងប្រែង​ពេញ​ 1ឆ្នាំ​ យើង​អាចយ​កបាន​…។

យុវតី​ ហុង​ រស្មី​មរកត​ បាន​និយាយ​ថា​៖ “ការ​តាំងចិត្ត​ជា​រឿង​សំខាន់​បំផុត​ដែល​យើង​ត្រូវ​មាននៅ​ក្នុង​ជីវិត​។ ប្រសិនបើ​ចង់បាន​និទ្ទេស A​ វា​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​នោះ​ទេ​ តែ​វា​ក៏​មិន​លំបាក​ខ្លាំង​រហូតដល់​យក​មិនបាន​ដែរ​ ឱ្យ​តែ​មានការ​តស៊ូ​ និង​មាន​វិន័យ​ច្បាស់លាស់​ នោះ​យើង​នឹងអាច​ជម្នះ​ឧបសគ្គ​នានា​ដើម្បី​សម្រេច​បាន​នូវ​និទ្ទេស​ដែល​យើង​ប្រាថ្នា​មិនខាន​”។

សិស្ស​ឆ្នើម​និទ្ទេស A​ ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ នៅពេល​ដែល​យើង​មានការ​តាំងចិត្ត​ខ្ពស់​ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធំ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​។

ឆន្ទៈ​ និង​ក្តី​ស្រមៃ​នេះ​ហើយដែល​ជំរុញ​ទឹកចិត្ត​យើង​ឱ្យ​ឈ្នះ​ការ​អូសទាញ​នៃ​ភាព​ខ្ជីខ្ជា​ និង​ភាព​ខ្ជិលច្រអូស​ ដែល​នេះ​ជា​បច្ច័យ​ដ៏​សំខាន់​នាំ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​។ យុវតី​ រស្មី​មរកត​ បាន​បន្ថែម​ទៀត​ថា​ ដើម្បី​រក្សា​ឱ្យ​គំនិត​ស្រឡះ​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ដោយ​ភាព​រីករាយ​ សិស្សានុសិស្ស​គួរ​កុំ​ដាក់​សម្ពាធ​ខ្លាំងពេក​ក្នុង​ការសិក្សា​។ សិស្ស​គួរ​កុំ​ផ្តោត​តែ​លើ​ការ​ប្រឡង​បាក់ឌុប​ ហើយ​គិតថា​ វា​លំបាក​ខ្លាំង​ និង​ងប់ងុល​ជាមួយនឹង​ការ​បង្ខំខ្លួន​ឯង​ឱ្យ​ខំរៀន​ជ្រុល​ហួសហេតុ​ពេក​។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​ព្យ​យាម​កាត់​បន្ថយ​ស្ត្រេស​ និង​តាមដាន​អារម្មណ៍​របស់​ខ្លួនឯង​ផង​ដែរ​។ នៅពេល​យើង​ធ្វើលំ​ហាត់​លំបាក​ខ្លាំង​ ឬនៅ​ពេល​ស្ត្រេស​ពេក​ យើង​មិន​គួរ​បង្ខំខ្លួន​ឯង​ឱ្យ​ខំ​ហួសពី​សមត្ថភាព​នោះ​ទេ​ អ្វី​ដែល​គួរ​ធ្វើ​ គឺ​កត់​លំហាត់​ដែល​ពិបាក​នោះ​ទុក​យក​ទៅ​សួរ​គ្រូ​ ឬស្រាវជ្រាវ​នៅពេល​ក្រោយ​ ហើយ​អាច​បង្វែរ​អារម្មណ៍​ទៅ​ធ្វើអ្វី​ផ្សេង​ដែល​ចិត្ត​យើង​ចង់​ធ្វើវិញ​ប្រសើរ​ជាង​។ ប្រសិនបើ​យើង​ចង់​មើលកុន​ ឬចង់​ចេញទៅ​ក្រៅ​ យើង​អាច​បណ្តោយ​ឱ្យ​អារម្មណ៍​រីករាយ​ខ្លះ​បាន​ ព្រោះ​ជោគជ័យ​ដែល​កើត​ចេញពី​សម្ពាធ​ខ្លាំងពេក​មិនល្អ​ប៉ុន្មាន​នោះ​ទេ​សម្រាប់​ជីវិត​ តែ​ត្រូវ​ចាំ​ផង​ដែរ​ថា​ យើង​ក៏​មិន​អាច​បណ្តែតបណ្តោយ​ខ្លាំងពេក​បាន​ដែរ​ ព្រោះ​បើ​យើង​ធូររលុង​ខ្លាំងពេក​ យើង​អាច​នឹង​បរាជ័យ​ក្នុង​ការសិក្សា​ក៏អាច​ថា​បាន​ដែរ​។

យុវជន​ តៅ​ វិល្លៀម​ សិស្ស​ពូកែ​និទ្ទេស​ A ក្នុង​ឆ្នាំ​សិក្សា​ដូចគ្នា​នេះ​ដែរ​បាន​លើកឡើង​ថា​ គាត់​ធ្លាប់​ជា​សិស្ស​ខ្ជិល​ ហើយ​ញៀន​ជាមួយ​ការ​លេង​ទូរស័ព្ទ​ និង​ហ្គេម​ម្នាក់​ មុននឹង​ក្លាយជា​សិស្ស​និទ្ទេស​ A។ ដោយសារតែ​ការ​តាំងចិត្ត​ និង​មហិច្ឆតា​ដែល​បាន​កំណត់​សម្រាប់​ខ្លួនឯង​ យុវ​សិស្ស​រូប​នេះ​អាច​អូសទាញ​ខ្លួន​ឯង​បន្តិច​ម្តង​ៗពី​ភាព​ញៀន​លេង​ទូរស័ព្ទ​ មកស​ម្រេច​ក្តី​ស្រមៃ​បាន​ ព្រោះ​ខ្លួន​បាន​ដាក់​គោលដៅ​ថា​ ចង់បាន​និទ្ទេសA​ ឬ B។ ដំបូង​ឡើយ​ ការកំណត់​គោលដៅ​យក​និទ្ទេសA​ នេះ​ បាន​បង្កើត​ជា​សម្ពាធ​ដ៏​ច្រើន​ ព្រោះ​គ្រប់​គ្នា​គិតថា​ វា​ជា​រឿង​ធំ​ពេក​ តែ​ទោះជាយ៉ាងណា​ក្តី​ សិស្ស​ឆ្នើម​រូប​នេះ​នៅតែ​គិតថា​ គាត់​អាច​ទៅរួច​!។

សិស្ស​ឆ្នើម​ តៅ​ វិល្លៀម​ និយាយ​ថា​៖ “មនុស្ស​ខ្លះ​គិតថា​ និទ្ទេស A​ មិន​សំខាន់​ពេក​ទេ​សម្រាប់​ថ្នាក់​សាកល​វិទ្យាល័យ​ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មើលឃើញ​ថា​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​ចាត់ទុកថា​ វា​ជា​សមិទ្ធផល​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​តាំងពី​តូច​របស់ខ្ញុំ​ ហើយ​ការ​ទទួល​បាន​និទ្ទេស​ A ក៏​ជា​មោទកភាព​មួយ​ផង​ដែរ​ចំពោះខ្លួន​ខ្ញុំ​ផ្ទាល់​ គ្រួសារ​ សាលា​ និង​សង្គម​”។

សិស្ស​ឆ្នើម​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ក្រោយ​ពេលកំណត់​គោលដៅ​ច្បាស់លាស់​ហើយ​ រូបគេ​បាន​ប្រើប្រាស់​ឆន្ទៈ​នៃ​គោលដៅ​នោះ​ធ្វើជា​វិធី​ដើម្បី​ជម្នះ​ខ្លួនឯង​។ គាត់​ដឹង​ច្បាស់​ថា​ ប្រសិនបើ​នៅតែ​ជក់​ជាមួយនឹង​ទូរស័ព្ទ​ខ្លាំង​ទៀត​ ក្តី​ស្រមៃ​របស់​គេ​នឹង​មិន​អាច​ក្លាយជា​ការពិត​បាន​ឡើយ​ ហេតុនេះ​រូបគេ​ក៏​បង្កើត​វិន័យ​លើ​ខ្លួនឯង​ឡើង​ ដោយ​នឹង​មិន​ប៉ះ​ទូរស័ព្ទ​ឡើយ​ រហូត​ទាល់តែ​ធ្វើលំ​ហាត់​ ឬមើល​មេរៀន​ចប់​គ្រប់​ចំនួន​តាមដែល​ខ្លួន​គេ​បាន​កំណត់​។ ម្យ៉ាង​វិញទៀត​ នៅពេល​ខ្ជិល​ម្តង​ៗ យុវ​សិស្ស​ខាងលើ​បាន​ប្រើប្រាស់​អារម្មណ៍​នឹកដល់​ទឹកចិត្ត​គ្រូ​ដែល​ខំ​ចំណាយ​កម្លាំង​ងើប​មក​បង្រៀន​តាំងពី​ព្រលឹម​ ដើម្បី​ដុសខាត់​សមត្ថភាព​សិស្ស​មុន​ពេល​ប្រឡង​ ហេតុនេះ​ខ្លួន​គេ​ត្រូវតែ​ខំ​ដើម្បី​ឱ្យ​ស្មើនឹង​អ្វី​ដែល​ជា​តម្លៃ​នៃ​ការ​លះបង់​ និង​ខិតខំ​របស់​គ្រូ​របស់​ខ្លួន​ដែរ​។ បន្ថែម​ពី​លើ​នេះ​ យុវ​សិស្ស​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​អភិវឌ្ឍ​សមត្ថភាព​បាន​ហើយ​ អ្វី​ដែល​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ គឺ​កុំ​ក្អេងក្អាង​ និង​មើលងាយ​ស្ថានការណ៍​ឱ្យ​សោះ​។ ហើយ​អ្វី​ដែល​គួរ​ពិចារណា​ផង​ដែរ​នោះ​គឺ​ មុន​ប្រឡង1ថ្ងៃ​ ចូរ​កុំឱ្យ​មាន​អ្វី​ជ្រុះ​ កុំឱ្យ​មាន​អ្វី​បាក់​ ឬកុំឱ្យ​មាន​បែក​របស់របរ​អ្វី​ឱ្យ​សោះ​ ព្រោះ​ពេល​ខ្លះ​ជំនឿ​ក៏អាច​នាំ​ឱ្យ​យើង​មាន​ជំនឿ​ចិត្ត​ និង​សំណាង​ល្អ​បាន​ដូចគ្នា​ដែរ​៕

Advertisement